ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​អុីស្រាអែល​ស្តាប់​តាម​ការណែនាំ​របស់​រដ្ឋាភិបាល


រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន នៅមុន​កិច្ចប្រជុំកំពូល​អាស៊ាន នៅ​ទីក្រុង​ហ្សាការតា នៅ​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។
រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន នៅមុន​កិច្ចប្រជុំកំពូល​អាស៊ាន នៅ​ទីក្រុង​ហ្សាការតា នៅ​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។

នៅ​ក្នុង​សារ​ពិសេស​មួយ​ដែល​ចេញ​ផ្សាយនៅ​ថ្ងៃ​អង្គារ​ លោក​នាយករដ្ឋមន្រ្តី ហ៊ុន​ ម៉ាណែត ​បាន​អំពាវនាវ​ឱ្យ​ប្រជាពល​រដ្ឋ​និង​និស្សិត​ខ្មែរ​ទាំង​អស់​ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​អ៊ីស្រាអែល ​ស្តាប់​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​អ៊ីស្រា​អែល​ ខណៈ​លោក​រំពឹង​ថា​ ជម្លោះ​ប្រដាប់​អាវុធ​នេះ​នឹង​បញ្ចប់​ឆាប់ៗ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​សង្ឃឹម​ថា​កា​រប្រយុទ្ធ​គ្នា​នឹង​បញ្ចប់​នាពេល​ឆាប់ៗ​ខាងមុខ តាមរ​យៈ​ការ​រក​ដំណោះ​ស្រាយ​ចរចាគ្នា​ជាជាង​ការ​ប្រើប្រាស់​អាវុធ​ និងការ​ដោះលែង​ជន​ស៊ីវិល​ និង​អ្នក​ចំណាត់ខ្មាំង​ទាំង​អស់ដោយ​សុវត្ថិ​ភាព​»។

លោក​នា​យក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​ អះ​អាង​ថា ​ប្រ​ជា​ជន​ ក៏ដូច​ជា​និស្សិត​ខ្មែរ​ចំនួន​៣២៣​នាក់ក្នុង​ចំ​ណោម​៤៥៤​នាក់​នៅ​ប្រទេស​អ៊ីស្រាអែល​ត្រូវ​បាន​ជម្លៀស​មក​កាន់​កន្លែងមាន​សុវត្ថិ​ភាព។

បើ​តាម​លោក​ ហ៊ុន ម៉ាណែត​ រដ្ឋាភិបាល​កម្ពុជា​យក​ចិត្ត​ដាក់​ខ្ពស់​លើ​សុវត្ថិភាព​របស់​ប្រជាពល​រដ្ឋខ្មែរ​នៅ​ទីនោះ ខណៈ​រដ្ឋាភិបាល​កំពុង​តែ​ធ្វើការ​ដើម្បី​ជម្លៀស​ប្រជាពល​រដ្ឋ​ដែល​នៅ​សេសសល់។

នៅ​ថ្ងៃ​អង្គារ​នេះ​ផង​ដែរ លោក ហ៊ុន ម៉ាណែត ក៏​បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវការនៃ​យុទ្ធ​សាស្ត្រ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ថា​ សុវត្ថិ​ភាព​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​នៅ​ប្រទេស​អ៊ីស្រា​អែល​ គឺ​ជា​«អាទិភាព​ធំ​បំផុត​របស់​រាជរដ្ឋាភិបាល» ដែល​អាជ្ញាធរ​កម្ពុជា​បាន​ខិត​ខំ​បន្ត​ជាប់​ជា​ប្រចាំ​ទាំង​យប់​ទាំង​ថ្ងៃ​ ដើម្បី​ធានា និង​សហការ​ជាមួយ​អាជ្ញាធរ​អ៊ីស្រាអែល ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជា​ពលរដ្ឋ​ទទួល​បាន​ការ​ការ​ពារ​និងសុវត្ថិ​ភាព។

​កាល​ពីថ្ងៃ​សៅរ៍​ ទី៧ ខែ​តុលា ឆ្នាំ​២០២៣ ក្រុមជន​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ ​(Hamas) បាន​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​ ដែល​បាន​ប្រើ​កាំជ្រួច​ផ្លោង​ជាច្រើន​បាញ់​ទៅ​លើ​ទីក្រុង​នានា​ក្នុង​ប្រទេស​អ៊ីស្រាអែល ​ហើយ​បាន​សម្លាប់​ជនស៊ីវិល​ជា​ច្រើន​នាក់។ ​វា​ជា​ការ​វាយ​ឆ្មក់​ធំ​បំផុត​ក្នុង​ពេល​៥០ឆ្នាំ​លើ​ប្រទេស​អ៊ីស្រា​អែល។ គេ​មិន​ទាន់​ដឹង​នៅឡើយទេ​ថា​តើ​ការ​ផ្ទុះ​អាវុ​ធមួយ​នេះ​នឹង​បន្ត​អូស​បន្លាយ​ដល់​ពេលណា​ ខណៈ​រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ដាក់​ផែន​ការ​សងសឹក​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ហាម៉ាស់។

ការ​វាយ​ប្រហារ​នោះ​ក៏​បណ្តាល​ឱ្យ​និស្សិត​ខ្មែរ​ម្នាក់ លោក ចាន់ ឧត្តម អាយុ​២៤​ឆ្នាំ ដែលរៀន​ផ្នែក​វេជ្ជសាស្រ្ត​សត្វ និង​ទើប​ទៅ​សិក្សា​បាន​២​សប្តាហ៍ ស្លាប់ គ្រា​ដែល​ក្រុម​ប្រដាប់​អាវុធ​ហាម៉ាស់​ (Hamas)​ នៅ​ក្នុង​តំបន់​ Gaza បាន​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​មួយ​កាលពី​ថ្ងៃ​សៅរ៍​លើ​អ៊ីស្រាអែល។ នេះ​បើ​តាម​ក្រសួង​ការបរទេស​កម្ពុជា។

លោក​ ស៊ុំ​ ភិរុណ​ និស្សិត​ចុះកម្ម​សិក្សា​ផ្នែក​កសិកម្ម​នៅ​ប្រទេស​អ៊ីស្រាអែល បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​លោក​កាល​ពី​ថ្ងៃទី​៩ ខែតុលា​ ថា ​លោករស់​នៅតំបន់​ Karmia ដែល​មាន​ព្រំប្រទល់​ជាប់​តំបន់​ Gaza ទី​ដែល​មាន​ការ​ផ្ទុះ​អាវុធ​ ប៉ុន្តែ​នៅ​ពេល​នេះ​លោក​ត្រូវ​បាន​ជម្លៀស​មក​កាន់​កន្លែង​មាន​សុវត្ថិ​ភាព​ហើយ។​

លោក​ ស៊ុំ​ ភិរុណ ថ្លែង​ថា៖ «ខ្ញុំ​បាទ​និង​និស្សិត​ខ្មែរ​ដទៃទៀត​សូមស្នើទៅ​រាជ​រដ្ឋាភិ​បាល​ជា​ពិសេស​ សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយក​រដ្ឋមន្រ្តី​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ជួយ​សម្រួ​ល​ និង​បញ្ជូន​ពួក​ខ្ញុំ​ជា​និស្សិត​ខ្មែរ​ទាំង​អស់​ទៅ​កាន់​មាតុ​ប្រទេស​វិញផង​ ព្រោះ​ពួក​ខ្ញុំ​មាន​ភាព​ភ័យ​ខ្លាច​ និង​ធ្លាប់រ​ស់​នៅ​ក្នុង​ម្លប់​សន្តិភាព​ មិន​ធ្លាប់​មាន​សង្រ្គាម​ពី​មុន​មក»។

កាល​ពី​ថ្ងៃ​ចន្ទ នៅ​ក្នុង​ពិធី​មួយ លោក​ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រីកម្ពុជា​បាន​ថ្លែង​ថា ​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​បញ្ជូន​យន្ត​ហោះ​ទៅ​ដឹក​ប្រជាជន​កម្ពុជា​នៅ​ទីនោះ​ឡើយ​ ប្រសិន​បើ​មិន​មាន​ការ​អនុញ្ញាត​ ឬក៏​សំណូមពរ​ពី​រដ្ឋាភិបាល​អ៊ីស្រាអែល។

លោក​ថ្លែង​ថា៖ «ប្រសិន​បើ​រដ្ឋាភិបាល​អ៊ីស្រាអែល​មិន​តម្រូវ​ឱ្យ​យើង​ចាកចេញ​ទេ​ យើង​កុំ​ចាកចេញ​រត់ចោល​ប្រជាជន​អ៊ីស្រាអែល។ ប្រសិន​បើ​រត់​ចោល​ប្រជា​ជនអ៊ី​ស្រា​អែល​ក្នុង​ពេល​ដែល​ប្រជាជន​អ៊ីស្រាអែល​ជួប​ការ​លំបាក​ ថ្ងៃ​ក្រោយ​កុំចាំ​បាច់​សុំ​ទៅ​រៀន ​ឬសុំ​ទៅ​ធ្វើការ​នៅ​ប្រទេស​អ៊ីស្រាអែល​តទៅ​ទៀត​»។

យោង​តាម​ការ​ចុះផ្សាយ​របស់កាសែត​ Bangkok Post​ របស់​ថៃ កាល​ពី​ថ្ងៃទី​៩ ខែតុលា​ រដ្ឋា​ភិបា​ល​ថៃ​កំពុង​តែ​ធ្វើកា​រជាមួយ​ដៃគូ​ពាក់​ព័ន្ធ​ ដើម្បី​ជម្លៀស​ប្រជា​ជន​របស់​ខ្លួន​ចេញ​ពី​ប្រទេស​អ៊ីស្រាអែល​មក​កាន់​ប្រទេស​ថៃ​វិញ ខណៈ​មាន​សេចក្តី​រាយការណ៍​ថា ​ជនជាតិ​ថៃ​១៨​នាក់​បាន​ស្លាប់។

កាសែត Bangkok Post បាន​ស្រង់​សម្តី​របស់​លោក​ Jakkapong Sangmanee អនុរដ្ឋមន្ត្រី​ការបរទេស​ថៃក្នុង​ន័យដើម​ថា៖ «យើ​ង​កំពុង​តែ​សម្របសម្រួល​ជាមួយ​ប្រទេស​ទាំង​ឡាយ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ប្រទេស​អ៊ីស្រាអែល ដើម្បី​ចរចា​ជម្លៀស​ពួកគេ​»។

​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃរាជ​បណ្ឌិត​សភា​កម្ពុជា លោក គិន ភា ថ្លែង​ថា ​ការ​ជម្លៀស​ប្រជាជន​កម្ពុជា​ពី​តំបន់​គ្រោះថ្នាក់​ទៅកន្លែងមាន​សុវត្ថិភាព​ជា​ការចាំ​បាច់។ លោក​បន្ថែម​បើ​គ្មាន​ការរីក​រាល​ដាល​សង្គ្រាម​ទេ​ ការបញ្ជូន​យន្ត​ហោះ​ទៅដឹក​សិស្សនិស្សិត​ខ្មែរ​មក​កម្ពុជា​ពី​អ៊ីស្រាអែលវិញ​ ក៏​មិន​មាន​ភាព​ចាំបាច់​នោះ​ដែរ។

លោក​ប្រាប់​វីអូអេ​ថា៖ «យើង​មិន​មានភាព​ចាំបាច់ក្នុង​ការបញ្ជូន​និស្សិត​យើង​ត្រឡប់​មក​កម្ពុ​ជា​វិញ​ទេ​ ពីព្រោះ​ខ្ញុំ​ជឿ​ជាក់​ថា​ សង្គ្រាមនេះ​វាមិន​អាច​រីករាល​ដាល​ទូ​ទាំង​ប្រទេស​អ៊ីស្រា​អែល​ទេ​ គឺ​អាច​ថា​ជា​តំបន់​ព្រំ​ដែន​ដែល​ជា​តំប​ន់​ក្តៅហ្នឹង»។

លោក គិន ភា បញ្ជាក់​ថា​ជម្លោះ​រវាង​អ៊ីស្រាអែល​ និង​ក្រុម​ហាម៉ាស់​ជា​រឿង​ច្រំដែល ហើយ​ពិបាក​នឹង​រក​ច្រក​ចេញ​ ដោយ​សារ​តែ​វា​មាន​ការ​ពាក់​ព័ន្ធ​នឹង​ជំនឿ​សាសនា​ផង​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG