ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និស្សិត​កម្ពុជា​ម្នាក់​ត្រូវបាន​សម្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​របស់​ក្រុម​ហាម៉ាស់​លើ​អ៊ីស្រាអែល


ទិដ្ឋភាពទីក្រុង Gaza ក្នុងអំឡុងពេលវាយប្រហារតាមអាកាសដោយអ៊ីស្រាអែល ថ្ងៃចន្ទ ទី ៩ ខែតុលា ឆ្នាំ ២០២៣។
ទិដ្ឋភាពទីក្រុង Gaza ក្នុងអំឡុងពេលវាយប្រហារតាមអាកាសដោយអ៊ីស្រាអែល ថ្ងៃចន្ទ ទី ៩ ខែតុលា ឆ្នាំ ២០២៣។

លោក ចាន់ ឧត្តម​ បាន​ស្លាប់​បាត់បង់​ជីវិត​ គ្រា​ដែល​ក្រុម​ប្រដាប់​អាវុធ​ហាម៉ាស់​ (Hamas) នៅ​ក្នុង​តំបន់​ Gaza បាន​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​មួយ​កាលពី​ថ្ងៃ​សៅរ៍​លើ​អ៊ីស្រាអែល។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ ចុះ​ផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ​ និង​ព័ត៌មាន​ដក​ស្រង់​ពី​បណ្តាញ​សង្គម​ហ្វេសប៊ុក។

និសិ្សត​រូប​នេះ​បាន​ស្ថិត​នៅ​តំបន់ Kibbutz ក្នុងប្រទេស​អ៊ីស្រាអែល ដែល​នៅ​ក្បែរ​តំបន់ Gaza ​ដើម្បីសិក្សា​ផ្នែកពេទ្យ​សត្វ។ លោក​ទើប​តែ​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​នោះរយៈពេល​ជាង​ពីរ​សប្តាហ៍​តែ​ប៉ុណ្ណោះ មុន​ពេល​ជីវិត​របស់​លោក​ត្រូវបាន​ឆក់​យក​ទៅ​ដោយសារ​ការ​វាយប្រហារ​របស់​ក្រុម​ប្រដាប់​អាវុធ Hamas។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Evan Penn

សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេសកម្ពុជា​បាន​ឱ្យ​ដឹង​ថា ពលរដ្ឋ​កម្ពុជា​ភាគច្រើន​ដែល​ជា​និស្សិត​ប្រមាណ​ ៤៥០ នាក់​ កំពុង​ស្នាក់​នៅ​និង​សិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល។ មក​ទល់​ពេល​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា​បានជម្លៀស​និស្សិត​កម្ពុជា ៣ នាក់​ពី​តំបន់​ដែល​កំពុង​មាន​ការ​ប្រយុទ្ធ​គ្នា​នោះ ហើយ​កំពុង​បន្ត​ប្រតិបត្តិការ​ជម្លៀស​ពលរដ្ឋ​កម្ពុជា​ដទៃទៀត​ផងដែរ។

កាលពី​ថ្ងៃ​អាទិត្យ រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ប្រកាស​សង្គ្រាម​ជា​ផ្លូវការ​ប្រឆាំង​នឹង​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ (Hamas) នៅ​ក្នុង​តំបន់ Gaza ដោយ​ជំរុញ​ឱ្យ​មាន​ការ​ឆ្លើយតប​បែប​យោធា​ដ៏​ខ្លាំងក្លា​ពី​អ៊ីស្រាអែល​ចំពោះ​ការ​វាយ​ប្រហារ​ដ៏​ភ្ញាក់ផ្អើល​របស់​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ឥស្លាម​នេះ​លើ​ប្រទេស​អ៊ីស្រាអែល។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​និយាយ​រួច​ហើយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ប្រទេស​របស់​លោក​កំពុង​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​ក្រុម​ហាម៉ាស់​នៅ​ពេល​ដែល​ការ​វាយ​ប្រហារ​របស់​ក្រុម​នេះ​បាន​រីក​រាលដាល។ ប៉ុន្តែ ការ​វាយ​តម្លៃ​របស់​លោក​នេះ​គឺ​គ្រាន់តែ​ជា​វោហារសាស្ត្រ​ប៉ុណ្ណោះ ដោយ​ការ​ប្រកាស​សង្គ្រាម​ផ្លូវការ​គឺ​ធ្វើ​ឡើង​ដោយ​ការ​សម្រេច​របស់​គណៈរដ្ឋមន្ត្រី​របស់​លោក។

រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា មនុស្ស​យ៉ាង​តិច​ណាស់​ចំនួន ៧០០ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ទាហាន ៤៤ នាក់​ផង​ដែរ ហើយ​មនុស្ស​ជាង ១.៥០០ នាក់​ទៀត​បាន​រង​របួស។ រី​ឯ​មន្ត្រី​នៅ​ក្នុង​តំបន់ Gaza វិញ​បាន​និយាយ​ថា មនុស្ស ជាង ៤០០ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​តំបន់​នេះ ហើយ​មនុស្ស​ជិត ២.០០០ នាក់​ទៀត​បាន​រង​របួស។

មន្ត្រី​អ៊ីស្រាអែល​ម្នាក់​បាន​និយាយ​ថា យោធា​បាន​សម្លាប់​ជន​សកម្ម​ប្រយុទ្ធ ៤០០ នាក់​និង​បាន​ចាប់​ខ្លួន​មនុស្ស​រាប់​សិប​នាក់​ទៀត។

ប៉ុន្តែ ក្រុម​ហាម៉ាស់​ក៏​បាន​ចាប់​ពង្រត់​ជនជាតិ​អ៊ីស្រាអែល​ក្នុង​ចំនួន​មួយ​ដែល​មិន​បញ្ជាក់​ឱ្យ​ដឹង​ផង​ដែរ ដែល​មាន​តាំង​ពី​ស្ត្រី កុមារ និង​មនុស្ស​វ័យ​ចំណាស់ ហើយ​នឹង​បង្ខាំង​ពួកគេ​សម្រាប់​ការ​ដោះដូរ​ដែល​អាច​ទៅ​រួច​ណា​មួយ​ជាមួយ​នឹង​អ្នក​ទោស​ហាម៉ាស់៕

XS
SM
MD
LG