ក្រុមមន្ត្រីជាន់ខ្ពស់របស់អ៊ីស្រាអែលបានប្តេជ្ញាថានឹងដាក់ទោសទណ្ឌលើតំបន់ហ្គាហ្សា (Gaza ) បន្ទាប់ពីការវាយប្រហារឈ្លានពានដ៏ព្រៃផ្សៃនិងមិនធ្លាប់មានពីមុនលើអ៊ីស្រាអែលដោយក្រុមហាម៉ាស់ (Hamas)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
កាលពីថ្ងៃអាទិត្យ អ៊ីស្រាអែលបានប្រកាសធ្វើសង្គ្រាម ហើយបានផ្តល់ភ្លើងខៀវអនុញ្ញាតឱ្យមានការចាត់«វិធានការយោធាសំខាន់ៗ» ដើម្បីសងសឹកនឹងក្រុមហាម៉ាស់នៅក្នុងការវាយឆ្មក់កាលពីថ្ងៃសៅរ៍។ មកទល់នឹងពេលនេះ ការប្រយុទ្ធគ្នាទៅវិញទៅមករវាងក្រុមហាម៉ាស់និងកងកម្លាំងអ៊ីស្រាអែលបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់ចំនួន ៧០០នាក់ នៅអ៊ីស្រាអែល និង ៤៩៣នាក់ នៅតំបន់ហ្គាហ្សា នេះបើយោងតាមមន្ត្រីរបស់ភាគីទាំងសងខាង។
លោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល កាលពីថ្ងៃចន្ទ បានបញ្ជាឱ្យមាន«ការវាយដណ្តើមគ្រប់គ្រងទាំងស្រុង»លើតំបន់ហ្គាហ្សា ដោយលើកឡើងថា អាជ្ញាធរអាចនឹងកាត់ផ្តាច់ចរន្តអគ្គិសនី និងរាំងខ្ទប់ការនាំចូលម្ហូបអាហារនិងប្រេងសាំង។
ជាមួយគ្នានោះដែរ យោធាអ៊ីស្រាអែលបានប្រយុទ្ធខ្លាំងនៅតំបន់ភាគខាងត្បូងប្រទេសដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធនៅសេសសល់ ហើយបានវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សា។ ដោយឡែក រ៉ុក្កែតដែលបាញ់ចេញពីតំបន់ហ្គាហ្សា ដែលត្រូវបានគ្រប់គ្រងដោយក្រុមហាម៉ាស់ បានធ្វើឱ្យទីក្រុង Jerusalem និង Tel Aviv ឮពោរពេញទៅដោយសំឡេងស៊ីរ៉ែនដែលផ្សព្វផ្សាយអំពីការវាយប្រហារតាមអាកាស។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានថ្លែងទៅកាន់អាជ្ញាធរប្រចាំភាគខាងត្បូងប្រទេសថា៖ «ខ្ញុំស្នើឱ្យអ្នកប្រកាន់ជំហររឹងមាំ ពីព្រោះយើងនឹងផ្លាស់ប្តូរតំបន់មជ្ឈិមបូព៌ា។ ខ្ញុំដឹងថា អ្នកបានឆ្លងកាត់រឿងរ៉ាវដ៏អាក្រក់និងលំបាក។ អ្វីដែលក្រុមហាម៉ាស់នឹងឆ្លងកាត់ ក៏នឹងលំបាកនិងអាក្រក់ … យើងទើបតែចាប់ផ្តើមប៉ុណ្ណោះ»៕