ទីភ្នាក់ងារសារព័ត៌មាន AP បានឱ្យដឹងថា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានពិភាក្សាតាមទូរសព្ទជាមួយនឹងប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas និងប្រធានាធិបតីអ៊ីស្រាអែលលោក Isaac Herzog។ នេះបើយោងតាមការិយាល័យព័ត៌មានរបស់លោក។
លោក Erdogan និងលោក Abbas បានពិភាក្សាគ្នាអំពីជម្លោះដែលកំពុងបន្តកើតមានឡើងរវាងអ៊ីស្រាអែលនិងក្រុមយុទ្ធជនហាម៉ាស់។ សេចក្តីប្រកាសមួយដែលត្រូវបានចេញផ្សាយដោយការិយាល័យព័ត៌មានរបស់លោក បានឱ្យដឹងថា៖ «លោកប្រធានាធិបតី Erdogan បានថ្លែងថា ប្រទេសតួកគីកំពុងប្រឹងប្រែងបញ្ចប់ជម្លោះនៅក្នុងតំបន់ ហើយធានាភាពស្ងប់ចិត្តតាមតែអាចធ្វើទៅបាន»។
សេចក្តីប្រកាសដដែលនោះបានឱ្យដឹងទៀតថា នៅក្នុងការហៅទូរសព្ទរបស់លោកទៅកាន់លោកប្រធានាធិបតី Herzog «លោកប្រធានាធិបតី Erdogan បានសង្កត់ធ្ងន់ថា រាល់ជំហានទាំងឡាយណាដែលអាចធ្វើឱ្យពលរដ្ឋនៅតំបន់ហ្គាហ្សារងគ្រោះ ទាំងក្នុងរូបភាពសហមូហភាព និងទាំងអចេតនា នឹងបង្កើនឱ្យមានទុក្ខលំបាកវេទនានិងការរីករាលដាលនូវអំពើហិង្សាកាន់តែច្រើនឡើងនៅក្នុងតំបន់»។
លោក Erdogan ក៏បានប្រាប់សមភាគីអ៊ីស្រាអែលរបស់លោកថា៖ «ការធ្វើសកម្មភាពចាំបាច់របស់អ៊ីស្រាអែលដើម្បីប្រយោជន៍រួម ដោយបង្កើតឱ្យមានភាពស្ងប់ស្ងាត់នៅក្នុងតំបន់ឱ្យឆាប់តាមតែអាចធ្វើទៅបាន ពិតជាមានសារៈសំខាន់សម្រាប់សុខុមាលភាពរបស់តំបន់នេះទាំងមូល»៕