សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសបិទបញ្ចប់ការស៊ើបសួរករណីឃាតកម្មលើលោក កែម ឡី អ្នកវិភាគឯករាជ្យដ៏សំខាន់របស់កម្ពុជា។ នេះបើយោងទៅតាមការជូនដំណឹងរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
កាលពីថ្ងៃទី១០ ខែកក្កដា លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់ពីរគ្រាប់ដោយបណ្ដាលឲ្យស្លាប់ភា្លមៗទាំងកណ្ដាលថ្ងៃ នៅក្នុងហាងលក់ទំនិញរបស់ស្ថានីយប្រេងឥន្ធនៈកាលតិច (Caltex) នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
លិខិតជូនដំណឹងរបស់លោក សេង លាង ដែលជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១៦ បានឲ្យដឹងថា៖
«ក្រោយពីបានស៊ើបសួរ ប្រមូលភស្តុតាងដែលទាក់ទិនហើយ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ចប់បិទការស៊ើបសួរលើសំណុំរឿងនេះ»។
ការចេញលិខិតនេះ ត្រូវបានធ្វើឡើង ដើម្បីជូនដំណឹងដល់ អ្នកស្រី ប៊ូ រចនា អាយុ ៣៦ឆ្នាំ ដែលជាដើមបណ្ដឹងរដ្ឋប្បវេណី និងជាភរិយាលោក កែម ឡី។
លិខិតរបស់លោកចៅក្រម សេង លាង ក៏ត្រូវបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយរដ្ឋសភាបានបដិសេធ មិនកោះហៅលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មកបំភ្លឺពាក់ព័ន្ធនឹងការបាញ់សម្លាប់លោក កែម ឡី។
មន្ត្រីនាំពាក្យរដ្ឋសភា លោក ប៉េង ឡុង បានពន្យល់ក្នុងលិខិតរបស់លោក ថា ករណីនេះបានធ្លាក់ទៅក្នុងសមត្ថកិច្ចតុលាការតាំងពីដំណាក់កាលដំបូង ហើយរដ្ឋសភា និងរាជរដ្ឋាភិបាល ពុំមានសិទ្ធិជ្រៀតជ្រែកក្នុងកិច្ចការតុលាការបានទេ។
យ៉ាងណាក៏ដោយ លិខិតរបស់លោកចៅក្រម សេង លាង មិនបានពន្យល់លម្អិត អំពីភស្តុតាងដែលតុលាការប្រមូលបាន ហើយក៏មិនបានលើកឡើងអំពីវីដេអូកាមេរ៉ាសុវត្ថិភាព ដែលសាធារណជនទាមទារចង់ឃើញនោះដែរ។
អ្នកវិភាគនិយាយថា ការសម្រេចបិទការស៊ើបសួរសំណុំរឿងលោក កែម ឡី នេះ នឹងបង្ហាញឲ្យសាធារណជនខ្មែរដឹងថា អំពើនិទ្ទណ្ឌភាពនឹងបន្តកើតមាន ហើយយុត្តិធម៌នឹងពុំមាននោះឡើយ សម្រាប់អ្នកហ៊ាននិយាយរិះគន់រដ្ឋាភិបាល។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម ប្រាប់ VOA ថា ការបិទការស៊ើបសួរដោយស្ងៀមស្ងាត់នេះ ធ្វើឲ្យមានការសង្ស័យច្រើនថា ករណីឃាតកម្មលោក កែម ឡី អាចមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។
លោកថា ការសម្រេចបិទកិច្ចស៊ើបសួរ ដោយមិនស្របតាមនីតិវិធីត្រឹមត្រូវនេះ នឹងបញ្ជាក់ថា ទំនងជាគ្មានការកែទម្រង់នៅក្នុងប្រព័ន្ធតុលាការកម្ពុជានោះឡើយ។
«ការបិទករណីលោក កែម ឡី នេះ គឺបានបង្ហាញឲ្យឃើញកាន់តែច្បាស់ថា ការកំណែទម្រង់ផ្នែកប្រព័ន្ធយុត្តិធម៌ របស់រដ្ឋាភិបាលហ្នឹងគឺ ពិតជាអត់មានន័យអីទេមកដល់ពេលនេះបាទ»។
VOA មិនទាន់អាចទាក់ទង លោក អ៊ី រិន្ទ មន្ត្រីនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានទេ នៅ ថ្ងៃពុធនេះ។
ក្រោយការបាញ់សម្លាប់លោក កែម ឡី អាជ្ញាធរមានសមត្ថកិច្ច បានចាប់ជនសង្ស័យជាឃាតករម្នាក់ដែលបានអះអាងថាខ្លួនឈ្មោះ ជួប សម្លាប់។
ការបាញ់សម្លាប់លោក កែម ឡី កើតឡើងប៉ុន្មានថ្ងៃតែប៉ុណ្ណោះ បន្ទាប់ពីលោកបានផ្ដល់ការអធិប្បាយជាមួយអ្នកសារព័ត៌មានអំពីរបាយការណ៍មួយរបស់អង្គការ Global Witness ដែលបានទម្លាយឲ្យដឹងពីទ្រព្យសម្បត្តិ និងការគ្រប់គ្រងក្រុមហ៊ុនរបស់សមាជិកគ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលមានទឹកប្រាក់សរុបជាង២០០លានដុល្លារ។
ឃាតកម្មលើលោក កែម ឡី ត្រូវអ្នកវិភាគនិយាយថា ជាការដាក់សម្ពាធធ្ងន់មួយទៀតទៅលើក្រុមដែលមិនពេញចិត្តរបៀបរបបគ្រប់គ្រងប្រទេសសព្វថ្ងៃ។
នៅស្របពេលដែលសាលាដំបូងរាជធានីភ្នំពេញ បិទការស៊ើបសួរករណីឃាតកម្មលើលោក កែម ឡី អាជ្ញាធរមានសមត្ថកិច្ច ក៏នៅមិនទាន់អាចបង្ហាញភស្តុតាងផ្សេងទៀត ក្រៅពីការចាប់បានជនសង្ស័យជាឃាតករឈ្មោះ ជួប សម្លាប់ និងអាវុធប្រើប្រាស់សម្រាប់ផ្ដាច់ជីវិតលោក កែម ឡី នោះនៅឡើយទេ៕