រហូតមកដល់ថ្ងៃទី២១ ខែកញ្ញានេះ លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់អស់រយៈពេលជាង២ខែហើយ។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បញ្ជាក់ថាមិនមានតម្រុយអ្វីថ្មីដែលសមត្ថកិច្ចរកឃើញឡើយ ក្រៅពីភស្តុតាងដាក់បន្ទុកថា បុរសដែលអះអាងថាខ្លួនឈ្មោះ ជួប សម្លាប់ ជាឃាតករនោះ។
ក៏ប៉ុន្តែ អ្នកវិភាគ និងអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា យល់ថាអាជ្ញាធរមិនទាន់ខិតខំអស់ពីលទ្ធភាពក្នុងការស៊ើបអង្កេតករណីលោក កែម ឡីនោះទេ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបញ្ជាក់ប្រាប់ VOAថា ឯកសារ និងភស្តុតាងនៃសំណុំរឿងឃាតកម្មរបស់លោក កែម ឡី កំពុងស្ថិតក្រោមសមត្ថកិច្ចរបស់តុលាការ។
លោកថា សមត្ថកិច្ច អាចនឹងបន្តការស៊ើបអង្កេតតទៅទៀត លុះត្រាតែមានតម្រុយថ្មីប៉ុណ្ណោះ។
«ដូចជាគ្មានអីថ្មីជូនទេ មានតែអ្វីដដែលហ្នឹង ហើយបានបញ្ជូនទៅតុលាការអស់ហើយ សំណុំរឿងហ្នឹង ស្ថិតនៅក្នុងសមត្ថកិច្ចរបស់តុលាការទាំងអស់ហ្នឹង។ និយាយរួម បើសិនជាមានអីទៀត យើងបន្តទៀត តែដូចជាអត់មានអីរកឃើញទៀត ក្រៅពីអ្វីដែលយើងបាន ចាប់ខ្លួនជនដៃដល់ហ្នឹងហើយ»។
លោក ខៀវ សុភ័គ សម្ដែងការខកចិត្ត ចំពោះការចាកចេញពីប្រទេសកម្ពុជារបស់ក្រុមគ្រួសារលោក កែម ឡី ដោយលោកអះអាងថា ពួកគេពុំបានចូលរួមក្នុងដំណើរការស៊ើបអង្កេត និងទុកឲ្យអាជ្ញាធរធ្វើការតែឯង។
«សំណុំរឿងហ្នឹង យើងឃើញស្រាប់ហើយថាជាសំណុំរឿងរសើបណាស់។ សោកស្តាយណាស់ដែរ មែនទែនទៅគ្រួសារជនរងគ្រោះ ក៏មិនបានផ្ដល់ព័ត៌មានអីច្បាស់លាស់អីឲ្យយើងទៀត។ គាត់ទុកឲ្យយើង ចាត់ការតែម្នាក់ឯង។ ធម្មតាសមត្ថកិច្ច ត្រូវការព័ត៌មានច្រើនណាស់ តាំងពីជីវិតរស់នៅលោក កែម ឡី កាលនៅរស់ គាត់មានទំនាក់ទំនងអ្វីខ្លះដែលយើងមិនដឹង»។
យ៉ាងណាក៏ដោយ អ្នកវិភាគ និងអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា គិតថាក្នុងអំឡុងពេលជាង៨០ថ្ងៃ ក្រោយការស្លាប់របស់លោក កែម ឡីនេះ អាជ្ញាធរមានសមត្ថកិច្ច មិនបានបង្ហាញឲ្យឃើញពីការខំប្រឹងប្រែងស៊ើបអង្កេតឲ្យអស់លទ្ធភាពរបស់ខ្លួននោះទេ។
លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ប្រាប់VOA ថា ការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលនេះ មិនខុសពីករណីលោក ឈុត វុទ្ធី និងលោក ជា វិជ្ជា ទេ ដោយអាជ្ញាធរ មានចេតនាបណ្ដោយឲ្យករណីនេះស្ងប់ស្ងាត់ទៅវិញដោយខ្លួនឯង។
លោកថា ស្ថាប័នជំនាញពាក់ព័ន្ធមិនបានបង្ហាញភស្តុតាងពាក់ព័ន្ធដូចជារូបភាពក្នុងកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុជាដើម ឲ្យសាធារណជនឃើញនោះទេ ហើយលោកថា ក៏មិនឃើញមានការស៊ើបសួរអ្នកពាក់ព័ន្ធឲ្យបានគ្រប់ជ្រុងជ្រោយដែរ។
«តាមពិតគ្រួសារលោក កែម ឡី នៅក្នុងប្រទេស ចូលជិត២ខែ ក៏មិនដែលឃើញមានអ្នកណាទៅសួរគាត់ដែរ។ បើសិនក្រសួងមហាផ្ទៃពិតជាមានបំណងចង់សហការពីគ្រួសារលោក កែម ឡី មែន គឺនៅពេលចប់បុណ្យហើយភ្លាម គឺអាចមានអ្នកទៅសួរនាំហើយ មន្ត្រីពាក់ព័ន្ធ តុលាការអីអាចទៅសួរនាំហើយ តែវាអត់មាន។ ដល់ពេលមនុស្សចេញបាត់ហើយ ទើបឆ្លើយថាមិនសហការ។អាហ្នឹងដូចជាដាក់កំហុស ទៅឲ្យគ្រួសារជនរងគ្រោះ ថាមិនសហការ»។
លោក មាស នី បន្តទៀតថាការបន្ទោសទៅក្រុមគ្រួសាររបស់លោក កែម ឡី ចំពោះការចាកចេញពីប្រទេសនេះ ជាការរុញច្រានចោលនូវការទទួលខុសត្រូវរបស់អាជ្ញាធរប៉ុណ្ណោះ។
លោកបន្តទៀតថា បើរដ្ឋាភិបាលមិនបានធ្វើការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ និងរកឲ្យឃើញមូលហេតុពិតប្រាកដពីក្រោយឃាតកម្មនេះទេ រដ្ឋាភិបាល អាចនឹងបាត់បង់ទំនុកចិត្តពីសាធារណជន។
«បើសិនជាជួបសម្លាប់ ជាអ្នកសម្លាប់មែន ក៏ត្រូវមានអ្នកនៅពីក្រោយខ្នង។ មិនអាចរដ្ឋាភិបាលមកឆ្លើយថា ថា ជួប សម្លាប់ ជាឃាតករពិតប្រាកដ ហើយកាមេរ៉ាសុវត្ថិភាពក៏មិនបានបង្ហាញ។ គិតថាអ្វីដែលរដ្ឋាភិបាលបាន បង្ហាញ គ្រាន់ជាការឆ្លើយ ដើម្បីបោះសំណុំរឿងឲ្យផុតពីកន្លែងនេះទៅ ដើម្បីទុកឲ្យកន្លែងមួយទៀត ទទួលខុសត្រូវ។ តុលាការ អាចនឹងនិយាយបានថា អ្នកពាក់ព័ន្ធមានតែជួបសម្លាប់មួយហ្នឹងទេ គឺអ្នកសម្លាប់ ប៉ុន្តែអ្នកនៅពីក្រោយ មានរឿងអីទៀត ក៏អត់ច្បាស់លាស់»។
លោក កែម ឡី ដែលជាអ្នកវិភាគ និងអ្នកស្រាវជ្រាវសង្គម ដែលហ៊ានរិះគន់រដ្ឋាភិបាល និងគណបក្សជំទាស់ចំៗ ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់នៅហ្នឹងកន្លែងក្នុងស្ថានីយប្រេងឥន្ធនៈ Caltex ចំកណ្ដាលក្រុងភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី១០ ខែកក្កដាកន្លងទៅ។
ការស្លាប់របស់លោក កែម ឡីនេះ ទទួលរងការរិះគន់ធ្ងន់ៗពីសហគមន៍អន្តរជាតិក្នុងនោះមានមន្ត្រីនៃអង្គការសហប្រជាជាតិ ដែលបានស្នើឲ្យមានការស៊ើបអង្កេតឲ្យបានម៉ត់ចត់។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិលីកាដូ (LICADHO) ដែលតាមដានដំណើររឿងនេះ លើកឡើងថា ដើម្បីចៀសវាងការរិះគន់ពីសាធារណជន រដ្ឋាភិបាល ត្រូវមានការប្រឹងប្រែង និងបង្ហាញអំពីលទ្ធផលវិវត្តន៍នៃការស៊ើបអង្កេតនេះ។
លោកបន្ថែមថា បើមិនដូច្នេះទេ អាជ្ញាធរបានត្រឹមតែផ្ដល់នូវភាពអស់សង្ឃឹមសម្រាប់ការស្វែងរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី ប៉ុណ្ណោះ។
«បើសិនជាគ្មានអ្វីដែលជាអាថ៌កំបាំង និងគ្មានអ្វីនៅពីក្រោយខ្នងទេ ករណីទាំងនេះជាការងាយទេ។ អាជ្ញាធរកម្ពុជាមិនមែនអត់សមត្ថភាពទេ ដូចករណីលោកឧកញ៉ា អ៊ឹង ម៉េងជឺ ករណីបាញ់ប្អូនតារាចម្រៀងមួយថ្មីៗនេះ មានការបញ្ចាំងនូវវីដេអូកាមេរ៉ា ហើយជនពាក់ព័ន្ធត្រូវបានចាប់ទាំងអស់។ បើធ្វើបានដូចគ្នានេះ ជាការល្អដែលបំបាត់មន្ទិលសង្ស័យ។ ហើយបើនៅតែមិនបង្ហាញភាពច្បាស់លាស់ទេ គេគិតថា ការស្លាប់របស់លោក កែម ឡី ពិតជាមានអាថ៌កំបាំងនៅពីក្រោយខ្នង»។
ក្រោយការបាញ់សម្លាប់លោក កែម ឡី សមត្ថកិច្ច បានចាប់ខ្លួនខ្មាន់កាំភ្លើងម្នាក់ដែលអះអាងថាឈ្មោះ «ជួប សម្លាប់»។
ជននេះ អះអាងថា ខ្លួនបាញ់សម្លាប់លោក កែម ឡី ព្រោះរឿងបំណុល ប៉ុន្តែ ការអះអាងនេះ ត្រូវបានទាត់ចោលដោយក្រុមអ្នកវិភាគនិងគ្រួសារលោក កែម ឡី ថាជាការប្រឌិតតែប៉ុណ្ណោះ។
ជននេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញឃុំខ្លួន ដើម្បីស៊ើបអង្កេត តាមបទចោទ ឃាតកម្មគិតទុកជាមុន និងប្រើប្រាស់អាវុធខុសច្បាប់។
កាលពីសប្ដាហ៍មុន សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ សួរចម្លើយបន្ថែម ជនត្រូវចោទឈ្មោះ ជួប សម្លាប់ ទាក់ទងភស្តុតាង និងឯកសារមួយចំនួននៃសំណុំរឿងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។
ក៏ប៉ុន្តែការបើកសវនាការនេះ មិនបានផ្ដល់ជាលទ្ធផលអ្វីនោះទេ។
ព្រះរាជអាជ្ញារង លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ VOA តាមសារអេឡិចត្រូនិកTelegramនៅថ្ងៃពុធនេះថា សំណុំរឿងនេះ កំពុងស្ថិតក្រោមការស៊ើបសួរ ក៏ប៉ុន្តែលោក មិនបានបញ្ជាក់ច្បាស់លាស់ពីនីតិវិធីនោះទេ ដោយសំអាងថាអាចប៉ះពាល់ដល់ការស៊ើបសួរ និងការសម្រេចសេចក្ដីរបស់តុលាការ។
នាពេលកន្លងមក អាជ្ញាធរមានសមត្ថកិច្ច ធ្លាប់ប្រកាសជាសាធារណជនថា តុលាការអាចនឹងបង្ហាញជាសាធារណៈ នូវភស្តុតាងទាំងអស់ដែលប្រមូលបានទាក់ទងនឹងករណីឃាតកម្មលោក កែម ឡី នេះ។
ក៏ប៉ុន្តែមកទល់ពេលនេះ គេមិនទាន់ឃើញមានការបង្ហាញជាសាធារណៈណាមួយនោះទេ៕