សាលាដំបូងរាជធានីភ្នំពេញកោះហៅភរិយា លោក កែម ឡី គឺអ្នកស្រី ប៊ូ រចនា ឲ្យចូលតុលាការដើម្បីសាកសួរនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ក្នុងនាមជាដើមបណ្តឹង ស្របពេលអ្នកស្រីលាក់ខ្លួនសម្រាលកូននៅប្រទេសទី២។
បើតាមដីកាកោះចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង បានកោះហៅអ្នកស្រី ប៊ូ រចនា ជាលើកទី២ ឲ្យចូលតុលាការនៅវេលាម៉ោង២ និង ៣០នាទីរសៀល ដើម្បីសាកសួរពីដំណើររឿងឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ក្នុងករណីឃាតកម្មលើលោក កែម ឡី។
បើតាមព័ត៌មានក្នុងស្រុក អ្នកស្រី ប៊ូ រចនា នៅពេលនេះកំពុងសម្រាកសម្រាលកូនប្រុសទី៥នៅក្រៅប្រទេសបន្ទាប់ពីអ្នកស្រីបានផ្តល់កំណើតកាលពីថ្ងៃទី២ ខែតុលានេះ និងកំពុងរៀបចំសុំសិទ្ធិជ្រកកោននៅប្រទេសទី៣។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីអ្នកស្រី ប៊ូ រចនា បានទេ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិចតេឡេក្រាមថា ចៅក្រមស៊ើបសួរនឹងពិនិត្យសម្រេចអំពីការស្តាប់ចម្លើយរបស់ដើមបណ្តឹងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ជាមុនដើម្បីបន្តអនុវត្តនីតិវិធីបន្ទាប់ទៀត។
លោកបន្ថែមតាមសម្រង់សម្តីដើមថា៖ «យើងត្រូវរង់ចាំដល់កាលបរិច្ឆេទនៃការស្តាប់ចម្លើយសិន ទើបដឹងថាចៅក្រមស៊ើបសួរនឹងមានចំណាត់ការអ្វីទៀតចំពោះករណីនេះ»។
ពាក់ព័ន្ធនឹងការកោះហៅអ្នកស្រី ប៊ូ រចនា ឲ្យចូលបំភ្លឺនេះ លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រាប់ VOA ថា ចំណាត់ការរបស់តុលាការហាក់មានភាពយឺតយ៉ាវខ្លាំងពេកក្នុងការកោះហៅដើមបណ្តឹងមកសាកសួរក្នុងពេលនេះ។
លោកបញ្ជាក់ថា៖ «គឺគ្រាន់តែជាការបង្រ្គប់នីតិវិធីនូវដំណើរការនៃចៅក្រមស៊ើបសួរនៅក្នុងតុលាការ ដើម្បីឈានទៅដល់ការបិទការស៊ើបសួរ ហើយបញ្ជូនទៅធ្វើការជំនុំជម្រះតែប៉ុណ្ណឹងទេ។ វាមានរយៈពេលថាក្បែរនឹងបីខែទៅហើយ វាជារឿងយឺតពេលបន្តិច ពីព្រោះតាមពិតទៅដើមបណ្តឹងរដ្ឋប្បវេណីគួរតែកោះហៅភ្លាមៗដែរ បន្ទាប់ពីកើតហេតុរឿងដែលបានកើតឡើងនោះបាទ»។
លោកបន្ថែមថា តុលាការនៅតែត្រូវរកយុត្តិធម៌សម្រាប់ជនរងគ្រោះ បើទោះជាអ្នកស្រី ប៊ូ រចនា ដែលជាដើមបណ្តឹងមិនបានចូលបំភ្លឺតាមការកោះហៅក៏ដោយ។
អ្នកវិភាគបញ្ហាសង្គមដ៏មានប្រជាប្រិយភាពលោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណជា៩ព្រឹក ក្នុងហាងស្តារម៉ាតលក់ទំនិញមួយកន្លែងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ខែកក្កដាកន្លងទៅ។ ការបាញ់សម្លាប់លោក កែម ឡី កើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីលោកផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងរបាយការណ៍មួយរបស់អង្គការ Global Witness ដែលបានបង្ហាញពីទ្រព្យសម្បត្តិរបស់គ្រួសារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានទឹកប្រាក់២០០លានដុលា្លរ។
រយៈពេលជិត៣ខែក្រោយការបាញ់សម្លាប់រហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់បង្ហាញពីតម្រុយអ្វីថ្មីពាក់ព័ន្ធនឹងឃាតកម្មនេះនៅឡើយទេ។ តែគេឃើញពីភស្តុតាងដាក់បន្ទុកបុរសម្នាក់ដែលបានអះអាងថាខ្លួនឈ្មោះ ជួប សំលាប់ និងបានបញ្ជាក់ថាការសម្លាប់នេះដោយសារលោក កែម ឡី ជំពាក់លុយខ្លួនចំនួន៣ពាន់ដុល្លារអាមេរិក។ ភរិយារបស់លោក កែម ឡី បានច្រានចោលរឿងជំពាក់លុយ និងចាត់ទុកករណីនេះថាជារឿងនយោបាយ។
ចំណែកវីដេអូកាមេរ៉ាសុវត្ថិភាពក្នុងហាងស្តារម៉ាត ដែលអាជ្ញាធរបានដកយកក្រោយពីហេតុការណ៍បាញ់សម្លាប់នោះ នៅមិនទាន់ត្រូវបានបង្ហាញជូនសាធារណជននៅឡើយទេ៕