ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ កម្ពុជា មិនមែនជាកន្លែងដែលមានសុវត្ថិភាពសម្រាប់គ្រួសារលោក កែម ឡីទេ


រូបឯកសារ៖ អ្នកស្រី ប៊ូ រចនា ភរិយា​សព​លោក​ កែម ឡី​ ​កាន់​ឱប​រូបថត​ស្វាមី​អ្នកស្រី​ ខណៈ​ពេល​អម​ដំណើរ​ដោយ​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូល​រួម​ជូន​ដំណើរ​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​នេះ។​ (ឡេង ឡែន/VOA)
រូបឯកសារ៖ អ្នកស្រី ប៊ូ រចនា ភរិយា​សព​លោក​ កែម ឡី​ ​កាន់​ឱប​រូបថត​ស្វាមី​អ្នកស្រី​ ខណៈ​ពេល​អម​ដំណើរ​ដោយ​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូល​រួម​ជូន​ដំណើរ​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​នេះ។​ (ឡេង ឡែន/VOA)

ការ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​យ៉ាង​ស្ងាត់​ស្ងៀម​របស់​លោក​ស្រី​​ ត្រូវ​ក្រុម​អ្នក​តាមដាន​ស្ថាន​ការណ៍​នយោបាយ​យល់​ថា​ ជា​ការ​​រង​សម្ពាធ​ដោយ​បញ្ហា​សន្តិសុខ​ផ្ទាល់​ខ្លួន​និង​ក្រុម​គ្រួសារ។

លោក​ស្រី​ ប៊ូ រចនា​ ភរិយា​របស់​លោក​ កែម​ ឡី​ អ្នកវិភាគ​នយោបាយ​ខ្មែរ​ដែល​បាន​បាត់​បង់​ជីវិត​កាល​ពី​ខែ​កក្កដាកន្លងទៅ​ បាន​ថ្លែង​ប្រាប់​ VOA​ តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​អំ​ពី​ការ​ងឿង​ឆ្ងល់​របស់​លោក​ស្រី​ ចំពោះ​ជំហរ​របស់​កងទ័ព​មួយ​ចំនួន​ដែល​ជំទាស់​នឹង​គម្រោង​តម្កល់​រូប​សំណាក​លោក​ ​កែម​ ឡី​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ ជា​ទី​សំដែង​សេរីភាព​ដ៏​ចម្រូងចម្រាស។​

នៅ​ថ្ងៃ​អាទិត្យ​ដដែល​នោះ​ ​លោក​ស្រី​ ត្រូវ​គេ​រាយការណ៍​ថាបាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ​ទៅ​កាន់​ទី​មួយ​ដែល​មាន​សុវត្ថិភាព​នៅ​ក្រៅ​ប្រទេស។​

លោក​ស្រី​ បាន​ចេញ​ពី​ប្រទេស​កម្ពុជា​ទាំង​មាន​កូន​ក្នុង​ផ្ទៃ​ ព្រម​ទាំង​កូន​ប្រុស​បួន​នាក់​ទៀត​របស់​លោកស្រី។

ការ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​យ៉ាង​ស្ងាត់​ស្ងៀម​របស់​លោក​ស្រី ត្រូវ​ក្រុម​អ្នក​តាមដាន​ស្ថាន​ការណ៍​នយោបាយ​យល់​ថា​ ជា​ការរង​សម្ពាធ​ដោយ​បញ្ហា​សន្តិសុខ​ផ្ទាល់​ខ្លួន​និង​ក្រុម​គ្រួសារ។

ការ​ចាក​ចេញពី​ប្រទេសកំណើត​របស់​ខ្លួន​នេះ​ ​បាន​កើត​ឡើង​ ខណៈ​ដែលដំណើរ​ការ​ស៊ើប​អង្កេត​រក​អ្នក​នៅ​ពីក្រោយ​ខ្នង​ការបាញ់​ប្រហារ​ស្វាមី​លោក​ស្រីត្រូវ​គេ​មើល​ឃើញ​ថា​មាន​ស​ភាព​យឺត​យ៉ាវ​ និង​ពិបាក​មើល​ឃើញ​ពន្លឺ​យុត្តិធម៌។​

លោក​ ​មាស​ នី​ ​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម បាន​ប្រាប់​ ​VOA​ ​កាល​ពី​ថ្ងៃ​អង្គារ​ថា ប្រព័ន្ធ​ការ​ពារ​សន្តិ​សុខ​ ដែល​មិនទាន់​មាន​ភាព​រឹងមាំ និង​ប្រព័ន្ធ​យុត្តិធម៌​ ដែល​មិនទាន់​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ធ្វើ​ឲ្យ​ លោក​ស្រី​ ប៊ូ​ រចនា​ខ្លាចរអា​ និង​ត្រូវ​បង្ខំ​ចិត្ត​ ​នាំ​កូនៗ​របស់​លោក​ស្រី ចាក​ចេញ​ពី​ប្រទេស។​

លោក​និយាយ​ថា​ គ្រួសារ​និង​កូនៗ​លោក​ស្រី​ បាន​ភៀស​ខ្លួន​ឯង​ទៅ​រស់​នៅ​ឯ​ជាយ​ក្រុង​សម្រាប់​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ ​ជា​ហេតុ​ធ្វើ​កូនៗ​លោកស្រី​ខកខាន​មិន​បាន​ទៅ​សាលារៀន​ ចាប់​ពី​តាំង​ពី​ស្លាប់​របស់​លោក​ ​កែម​ ឡី​នោះ​មក​ម្ល៉េះ។​

​«រឿង​ការ​ខាត​បង់​ទៅ​លើ​អនាគត​របស់​កូន​បាទ។​ ខ្ញុំ​បាន​ទៅ​ជួប​គ្រួសារ​គាត់​ផ្ទាល់​ ហើយ​ខ្ញុំ​បាន​ឃើញ​ស្ថានភាព​បែប​ហ្នឹង។​ អញ្ចឹង​ រឿង​ការ​ចេញ​ទៅ​ក្រៅ​ វា​សំខាន់​គឺ​បាន​ទៅ​សម្រាប់​អនាគត​របស់​កូន»។​

​លោក​មាស​ នី​ បាន​បន្ត​ថា​ ក្រុម​បញ្ញវន្ត​ខ្មែរ​ ឬ​ស្ថាប័ន​ផ្ដល់​ការ​អប់រំ​នានា​ អាច​ជួយ​កសាង​សមត្ថ​ភាព​លោក​ស្រី​ ប៊ូ​ ​រចនា​ ដើម្បី​អនុញ្ញាត​ឲ្យ​លោក​ស្រី​ បន្ត​យុទ្ធនាការ​រក​យុត្តិធម៌​ជូន​លោក​ កែម​ ឡី។

ប៉ុន្តែ លោក​បន្ថែម​ថា ​ដោយ​ក្នុង​ស្ថានភាព​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់លោក​ស្រី​ ប៊ូ​ រចនា​ក្នុង​ប្រទេស​កម្ពុជា​ ការ​កសាង​សមត្ថភាព​នេះ​ ត្រូវ​ទុក​មួយ​អន្លើ​សិន​ ហើយ​ការ​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​នេះ​ជា​ជម្រើស​ល្អ​បំផុត។

«នៅ​ពេល​ហ្នឹង គឺ​យើង​មិន​អាច​ទៅ​បង្ខំ​គាត់​ឲ្យ​ធ្វើ​អី​បាន​ទេ សំខាន់​គឺ​ធ្វើ​ម៉េច​ឲ្យ​គាត់​បាន​ទៅ​កន្លែង​ណា​មួយ​ដែល​វាមាន​សុវត្ថិភាព​សិន​ ហើយ​ខ្ញុំ​គិត​ថា​ ការ​វិល​ត្រឡប់​របស់​គាត់​មក​វិញ នៅ​ពេល​ដែល​កូន​បាន​មាន​កន្លែង​រៀន​សូត្រ​ស្រួល​បួល​ហើយ​ ហើយ​មក​ធ្វើ​កិច្ច​ការ​ដើម្បី​យុត្តិ​ធម៌​សម្រាប់​ប្ដី​គាត់​ ខ្ញុំ​គិត​ថា​ ជា​ជម្រើស​ល្អ​សម្រាប់​ថ្ងៃ​មុខ»។

អ្នក​សិក្សា​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ​ បន្ថែម​ថា​ ​ការ​ស៊ើប​អង្កេត​រក​យុត្តិធម៌​សម្រាប់​លោក​ កែម ឡី​ ផ្ដើម​មាន​ភាព​យឺតយ៉ាវ​ ដែល​នាំ​ឲ្យ​លោក​មិន​រំពឹង​ថា​ យុត្តិធម៌​នឹង​កើតឡើង​ ដើម្បី​ប្រឆាំង​នឹង​ការ​បាញ់​សម្លាប់​លោក​ ​កែម​ ឡី​នោះ​ឡើយ។

​ព្រះ​រាជអាជ្ញា​រង​ លី​ សុផាណា​ ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ​បាន​ប្រាប់​ VOA​ ​តាម​សារ​អេឡិចត្រូនិក​Telegramកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ចៅ​ក្រម​ស៊ើបសួរ ​បាន​និង​កំពុង​បន្ត​ចាត់​ការ​ស៊ើបសួរ​រឿង​ក្ដី​នេះ​តាម​នីតិវិធី។

ប៉ុន្តែ លោក មិនបាន​បញ្ជាក់​ច្បាស់​ពី​នីតិ​វិធី​នោះ​ថា​ នឹង​ផ្ដល់​តម្រុយ​នៃ​អ្នក​រៀបគម្រោង​វាយ​ប្រហារ​លើ​លោក​ កែម​ ឡី​បាន​ពេល​ណា​នោះ​ទេ។

​លោក​ កែម​ ឡី​ ​ដែល​រមែង​តែ​រិះគន់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែននិង​គណបក្ស​ជំទាស់​នោះ​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​នឹង​កន្លែង​ក្នុង​ហាង​លក់​ទំនិញ​មួយ ស្ថិត​ក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់តិច​ កាល​ពី​ថ្ងៃ​ទី​ ១០​ ខែ​កក្កដា​ កន្លងទៅ​ ​នៅ​គ្រា​លោក​ទៅ​ទទួលទាន​កាហ្វេ​នៅ​ទី​នោះ។​

ការ​បាញ់​សម្លាប់​លោក​ កែម​ ឡី កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​តែ​ប៉ុណ្ណោះ​ ​បន្ទាប់​ពី​លោកបាន​ផ្ដល់​ការ​អធិប្បាយជាមួយ​អ្នក​សារព័ត៌មាន​ អំពី​របាយ​ការណ៍​មួយ​របស់​អង្គការ​ Global Witness​ ដែល​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ទ្រព្យ​សម្បត្តិ​ និង​ការ​គ្រប់​គ្រង​ក្រុម​ហ៊ុន​របស់​សមាជិក​គ្រួសារ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដែល​មាន​ទឹក​ប្រាក់​២០០​លាន​ដុល្លារ។

របាយការណ៍​កម្រាស់​ជាង​ ៥០​ទំព័រ​ របស់​អង្គការ​ Global Witness ​និយាយ​ពី​ការ​កសាង​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​គ្រួសារ​សាច់​ញាតិ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សេន​ដដែល​នេះ​ បាន​ឲ្យដឹង​ថា​ លោក​ហ៊ុន សែន​ គឺ​ជា​នាយករដ្ឋមន្ត្រី​ កាន់​តំណែង​យូរ​ជាង​គេ​លំដាប់​ទី​ ៦ នៅ​ក្នុង​ពិភពលោក​ ពោល​គឺ​ក្ដាប់​អំណាច​រយៈ​ពេល​ជាង​៣០​ឆ្នាំ​ ដែល​មាន​ការ​បន្លំ​សន្លឹក​ឆ្នោត​ និង​ការ​ដាក់​គំនាប​យ៉ាង​ខ្លាំង​ក្លា​លើ​គណបក្ស​នយោបាយ​ប្រឆាំង​ តាមរយៈ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ និង​ការ​ចាប់​ដាក់​ពន្ធនាគារ​តាម​អំពើ​ចិត្ត។​

លោក​សន​ ជ័យ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ (ANSA)​ បាន​ប្រាប់​ VOA​ ថា​ ការ​សម្រេច​ចេញពី​ប្រទេស​ដ៏​ក្រីក្រ​ របស់​លោក​ស្រី​ ប៊ូ​ រចនា​ មិន​បាន​អាស្រ័យ​លើ​តែ​ការ​គិត​ពិចារណា​របស់​លោក​ស្រី​ផ្ទាល់​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​ចួលរួម​ផ្ដល់​គំនិត​យោបល់​មួយ​ភាគ​ធំ​ពី​មហាជន​ខ្មែរ​ ដែល​ផ្ដល់​តម្លៃ​ដល់​ការ​និយាយ​ការណ៍​ពិត​អំពី​បញ្ហា​សង្គម​របស់​លោក​ កែម​ ឡី។​

​ពាក់​ព័ន្ធ​នឹង​ការ​បន្ត​បេសកកម្ម​របស់​លោក​ ​កែម​ ​ឡី​ ​នាយក​ប្រតិបត្តិ​នៃ​អង្គ​ការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​រូប​នេះ​និយាយ​ថា​ ជា​ការពិបាក​នឹង​ប៉ាន់ស្មាន​ថា​ នរណា​មួយ​ក្នុង​ចំណោម​កូន​លោក​ កែម ឡី​អាច​បន្ត​វីរភាព​របស់​ឪពុកខ្លួន​បាន​ ​ខណៈ​ដែល​កូនៗ​លោក​ ​កែម​ ​ឡី​មាន​វ័យ​ក្មេង​នៅ​ឡើយ។

«ក៏ប៉ុន្តែ​ជា ជា​ធម្មជាតិ​ ​កូន​ក្នុង​ចំណោម​កូន​មួយ​ ឬ​ក៏​ពីរ​ ជៀស​មិន​រួច​នៅ​ក្នុង​ការ​ស្នង​ក្នុង​ការ​ប្រតិបត្តិ​តាម​អ្វី​ដែល​ជា​ចំណុច​សំខាន់​របស់​ឪពុក​ខ្លួន​ហើយ»។​

លោក ​កែម​ ឡី​ ដែល​បាន​រួម​ចំណែក​ក្នុង​ការ​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ​ត្រូវ​គេ​ដឹង​ថា​ បាន​ទទួល​ការ​គាំទ្រ​ និង​កោត​សរសើរ​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​អធិប្បាយ​វិភាគ​មិន​សំចៃ​មាត់​លើ​បញ្ហា​រសើប​នានា​ ​ទៅ​តាម​ចំណេះ​ដឹង​ និង​គំនិត​ជ្រៅ​ជ្រះ​របស់​លោក​ ​ដើម្បី​ធ្វើការ​វែកញែក​ចំណោទ​បញ្ហា​ក្នុង​សង្គម​ រួម​ទាំង​សកម្មភាព​ទាំង​ឡាយ​របស់​លោក​ក្នុង​ការ​ចូលរួម​រក​ដំណោះ​ស្រាយ​បញ្ហា​ទាំង​នោះ។​

បញ្ហា​ដែល​លោក​ច្រើន​លើក​ឡើង​តាម​ការ​សម្ភាសន៍​ជាមួយ​បណ្ដាញ​ព័ត៌មាន​មិន​លំអៀង​ទៅ​រដ្ឋាភិបាល ​រួម​មានវិបត្តិ​ដីធ្លី​ បំណុល​កសិករ​ ប្រព័ន្ធ​យុត្តិធម៌​មិន​ឯករាជ្យ​ ការ​ការពារ​បូរណភាព​ទឹកដី​ និង​ជំហរ​នយោបាយ​អន្តរជាតិ​កម្ពុជា​រវាង​ប្រទេស​កុម្មុយនិស្ត​ចិន ​និង​សហរដ្ឋ​អាមេរិក​ជាដើម។

លោក​ក៏​ធ្លាប់​ព្យាករណ៍​ថា​ បដិវត្តន៍​មិន​អាច​កើត​មាន​ទេ​ វា​លែង​តែ​វា​ជា​បដិវត្តន៍​ក្លែង​ក្លាយ។​

លោក​ អ៊ូ វីរៈ​ ​ប្រធាន​វេទិកា​អនាគត​ ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​ ថ្លែង​ថា​ ការរិះគន់​ទៅលើ​ជំហរ​ទន់ខ្សោយ​របស់​លោកស្រី​ ប៊ូ រចនា​ ដើម្បី​តតាំង​រក​យុត្តិធម៌​ជូន​ស្វាមី​លោក​ស្រី​នៅកម្ពុជា​ មិន​អាច​ធ្វើឡើង​បាន​នោះ​ទេ​ ដោយសារ លោក​ស្រី​ មាន​ក្តី​បារម្ភ​ពី​សុវត្ថិភាព​ក្រុម​គ្រួសារ​របស់​លោក​ស្រី​ ក្រោយពេល​ដែល​ជំហរ​ក្នុង​គ្រួសារ​គឺ​លោក កែម ឡី​ បាន​បាត់​បង់​ជីវិត។

លោក​និយាយ​ថា ក្តីបារម្ភ​បញ្ហា​សន្តិ​សុខ​ គឺ​ជា​កត្តា​ទី​មួយ​សម្រាប់​ការ​ចាកចេញ​ រីឯ​អនាគត​របស់​កូន​ គឺ​ជា​អ្វី​ដែល​លោក​ស្រី​មិន​អាច​ធ្វេសប្រហែស​បាន។​

«រឿង​ទី​ពីរ​គឺ​ដើម្បី​ជីវិត​គ្រួសារ​របស់​គាត់​ ព្រោះ​ម្ចាស់​អ្នក​ អ្នក​ដែល​រក​លុយ​គាត់​ស្លាប់​បាត់​ទៅ​ហើយ ដោយ​សារ​អញ្ចឹង​ហើយ​គឺ​ពួក​គាត់​ប្រឈម​ទៅ​អនាគត​ ទោះបី​ឥឡូវ​នេះ​ គឺ​មាន​ប្រជា​ពលរដ្ឋ​ឬ​មួយ​អ្នក​ដែល​គេ​ចូល​លុយ​ហ្នឹង​គឺ​មាន​ ប៉ុន្តែ​មិន​ស្ថិត​ស្ថេរ​ទេ​ ហើយ​មិន​ប្រយោជន៍​យូរអង្វែង​ទេ​ អញ្ចឹង​គាត់​គិត​ពី​អនាគត​កូន​ចៅ​របស់​គាត់​ ​ហ្នឹង​គឺជា​រឿង​មួយ​ត្រឹម​ត្រូវ»។​

ក្រុម​អ្នកសង្កេតការណ៍​សង្គម​កម្ពុជា មើល​ឃើញ​ ថា​ឃាតកម្ម​កើត​ឡើង​លើ​លោក​ កែម ឡី​ នឹង​រឹត​តែ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ប្រជារាស្ត្រ​ខ្មែរ​ កំពុង​រស់​នៅ​ក្នុង​សន្តិភាព​ តែ​ហ៊ុមព័ទ្ធ​ដោយ​ការ​ប្រឈម​នឹង​សេចក្ដី​គ្រោះ​ថ្នាក់​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត។​

លោក​ ​សុខ​ ឥសាន្ត​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និយាយ​ថា​ ប្រទេស​កម្ពុជា​ មាន​សន្តិសុខ​ពេញលេញ​ និង​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ មិន​ដូច​ការ​គិត​ពី​ក្រុម​អ្នករិះគន់​រដ្ឋាភិបាល​អំពី​បញ្ហា​សន្តិ​សុខ​នេះ​ទេ។

លោក​លើក​ឡើង​ថា​ ការ​ចាកចេញ​របស់​ភរិយា​លោក​ កែម ឡី​ គឺ​ធ្វើ​ឡើង​តែ​តាម​ចំណង់​ចិត្ត​របស់​គាត់​តែ​ប៉ុណ្ណោះ។​

«អញ្ចឹង​គាត់​ទៅ​នេះ​ អា​ហ្នឹង​ទៅ​តាម​ចិត្ត​ចង់​របស់​គាត់​ទេ​ ហើយ​ខ្ញុំ​ក៏​មាន​ការ​ឆ្ងល់​ដែរ។ ប្រពន្ធ​ដែល​ជា​ទី​ស្រលាញ់​របស់​ប្ដី ហើយ​ប្ដី​ស្លាប់​បាត់​បង់​ជីវិត​ទៅ​មិន​ទាន់​បាត់​ត្រជាក់​ផង​នៅ​ក្ដៅ​អ៊ុនៗ​ ឥឡូវ​ផ្ដាំ​ផ្ញើ​ឲ្យ​ ភិក្ខុ ប៊ុនតិញ​ ធ្វើ​បុណ្យ​១០០​ថ្ងៃ​ ជូន​ជ្រង​អ៊ីចឹង​ ខ្ញុំ​ពិបាក​យល់​ដែរ»។​

ទាក់​ទិន​ការ​ស៊ើប​អង្កេត​រក​យុត្តិធម៌ ដើម្បី​បំបាត់​ការ​កសាង​និទ្ទណ្ឌភាព​ លោក​ សុខ​ ឥសាន​ ថ្លែង​ថា​ អាជ្ញាធរ​មិន​ទាន់​បិទការ​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​ ដែល​កើត​ឡើង​ទាំង​កណ្ដាល​ក្នុង​រាជធានីភ្នំពេញ​នោះ​ទេ។​

​ឃាត​កម្ម​លើ​លោក​ កែម ឡី​ ត្រូវ​អ្នកវិភាគ​និយាយ​ថា​ ជា​ការ​ដាក់​សម្ពាធ​ធ្ងន់​មួយ​ទៀត​ទៅ​លើ​ក្រុម​ដែល​មិនពេញចិត្ត​របៀប​របប​គ្រប់​គ្រង​ប្រទេស​សព្វ​ថ្ងៃ​ ដែលធ្វើ​ឲ្យ​ក្រុម​អ្នក​មាន​កាន់​តែ​មាន​ទៅ​ រីឯ​អ្នក​ក្រ ​កាន់​តែ​ក្រ​ខ្លាំង​ ដូច​ការ​លើកឡើង​របស់​លោក​ កែម​ ឡី​ កាល​គ្រា​លោក​នៅ​មាន​ជីវិត​ផង​ដែរ។​

ក្ដី​សោក​សង្រេង​នៃ​ការ​ស្លាប់​លោក​ កែម​ ឡី​ មិន​បាន​ស្ថិត​តែ​ក្នុង​ចិត្ត​លោក​ ស្រី​ ប៊ូ​ រចនា​នោះ​ទេ​ តែ​មាន​ប្រជារាស្ត្រ​ខ្មែរ​យ៉ាងតិច​រាប់​សែន​នាក់​ ក៏​ចូលរួម​ចែករំលែក​ក្ដី​សោកសង្រេង​នេះ​ដែរ។​

ប្រជារាស្ត្រ​ខ្មែរ​ទាំង​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​ ក៏​បាន​សំដែង​ ក្តី​ខឹង​សម្បា​ចំពោះ​ការ​សម្លាប់​លោក​ ​កែម​ ឡី ដោយ​ពួក​គេ​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​បញ្ជាក់​ការណ៍​ពិត​នៃ​អ្នក​ដែល​ផ្ដាច់​ជីវិត លោក​ កែម​ ឡី​ ដែល​បាន​និយាយ​ថា៖«ជូត​ទឹក​ភ្នែក​របស់​អ្នក ​រួច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត»៕​

XS
SM
MD
LG