តុលាការរាជធានីភ្នំពេញថ្ងៃសុក្រនេះបានសម្រេចបន្តឃុំខ្លួនអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីចំនួនពីររូប ដោយមិនបញ្ជាក់ពីមូលហេតុ។ មកទល់នឹងពេលនេះអ្នកទាំងពីរជាប់ឃុំខ្លួនអស់រយៈពេល៦ខែហើយ ក្នុងបទចោទប្រកាន់ថាបានផ្តល់ព័ត៌មានឲ្យរដ្ឋបរទេស ។ អ្នកការពារសិទ្ធិមនុស្សលើកឡើងថាការបន្តឃុំខ្លួនជនជាប់ចោទដោយមិនអាចរកភស្តុតាងថ្មីបាន គឺធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិរបស់ពួកគេ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃសុក្រនេះ បានសម្រេចបន្តឃុំខ្លួនអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីចំនួន២រូប ដែលជាប់ចោទពាក់ព័ន្ធនឹងបទចារកម្ម ក្រោយអ្នកទាំងពីរត្រូវបានឃុំខ្លួនរយៈពេល៦ខែរួចមក។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់តុលាការភ្នំពេញ។
លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា ចៅក្រមបានសម្រេចបន្តឃុំខ្លួនលោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅយាង សុជាមេត្តា អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូបឲ្យនៅក្នុងឃុំដដែល។ យ៉ាងណាក៏ដោយលោក អ៊ី រិន្ទ មិនបានបញ្ជាក់ពីមូលហេតុនៃការបន្តឃុំខ្លួន និងរយៈពេលនៃការឃុំខ្លួនអ្នកទាំងពីរបន្តទៀតនោះទេ។
មុនបិទទូរសព្ទ លោក អ៊ី រិន្ទ មានប្រសាសន៍ថា៖
«ត្រូវបានចៅក្រមស៊ើបសួរសម្រេចពន្យារការឃុំខ្លួន។ គេមិនបានបញ្ជាក់ទេ តាមនីតិវិធីគេ ព្រោះនៅដំណាក់កាលស៊ើបយើងពិបាកនឹងបរិយាយប្រាប់»។
លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី ត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ពីបទប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទ៍ ដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ តាមមាត្រា៤៤៥នៃក្រមព្រហ្មទណ្ឌកម្ពុជា។
ពួកគេត្រូវបានចោទថា បានបន្តលួចផ្តល់ព័ត៌មានដល់វិទ្យុអាស៊ីសេរី ក្រោយពីវិទ្យុនេះបានប្រកាសបិទការិយាល័យរបស់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីដើមខែកញ្ញា ឆ្នាំមុន ដោយវិទ្យុនេះបញ្ជាក់ថា ការសម្រេចបិទការិយាល័យរបស់ខ្លួនទាំងបង្ខំនាពេលនោះ គឺដោយសាររងគំនាបពីរដ្ឋាភិបាលកម្ពុជា។ អ្នកទាំងពីរអាចប្រឈមមុខជាប់ពន្ធនាគារពី៧ ដល់១៥ឆ្នាំ ប្រសិនបើតុលាការរកឃើញថា មានទោស។
VOA មិនអាចទាក់លោក កែវ វន្នី មេធាវីការពារក្តីឲ្យអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីអ្នកទាំងពីរ ដើម្បីធ្វើអធិប្បាយបាននៅឡើយ។
ក្នុងសវនាការនាពេលកន្លងទៅ លោក យាង សុធារិន និងលោក អ៊ួន ឈិន បានលើកឡើងថា ពួកគេមិនបានប្រព្រឹត្តបទល្មើស និងមិនបានបង្កព្យសនកម្មណាមួយនោះទេ។ ពួកគេថា ការចោទប្រកាន់ ឃុំខ្លួន និងមិនអនុញ្ញាតឲ្យអ្នកទាំងពីរបាននៅក្រៅឃុំ គឺមានភាពអយុត្តិធម៌ និងថា ការសម្រេចរបស់តុលាការគឺជាការសងសឹកអតីតអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរីប៉ុណ្ណោះ។
លោក រ៉ូហ៊ីត ម៉ាហាចាន (Rohit Mahajan) នាយកផ្នែកកិច្ចការសាធារណៈនៃវិទ្យុអាស៊ីសេរីក្នុងរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក ក៏មិនទាន់ឆ្លើយតបនិងសំនួររបស់ VOA ដែរ រហូតដល់ល្ងាចថ្ងៃសុក្រនេះ។ យ៉ាងណាក៏ដោយ លោកធ្លាប់ប្រាប់ភ្នាក់ងារព័ត៌មាន Reuters ថាការចោទប្រកាន់អតីតអ្នកកាសែតអាស៊ីសេរីពីបទចារកម្ម បានបើកឱកាសឲ្យអាជ្ញាធរកម្ពុជា បង្កើតបានទម្រង់គំរាមកំហែងធ្ងន់ធ្ងរ ដែលមានប្រយោជន៍សម្រាប់ជនផ្ដាច់ការ។
រហូតមកដល់ពេលនេះ លោក អ៊ួន ឈិន និងលោក យាង សុធារិន កំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជាង៦ខែមកហើយ។
លោកស្រី ឡាំ ចន្ថា ភរិយារបស់លោក យាង សុធារិន ហៅ យាង សុជាមេត្តា ដែលបានចូលសួរសុខទុក្ខស្វាមីក្នុងពន្ធនាគារព្រៃស នៅព្រឹកថ្ងៃសុក្រនេះ បដិសេធមិនធ្វើអត្ថាធិប្បាយដោយអះអាងថា លោកស្រីបាម្ភពីស្ថានភាពស្វាមីដែលកំពុងស្ថិតក្នុងពន្ធនាគារ។
ក្រោយការចាប់ឃុំខ្លួន និងចោទប្រកាន់ លោក អ៊ួន ឈិន និងលោក យាង សុធារិន បានដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ដើម្បីសុំនៅក្រៅឃុំ ប៉ុន្តែសំណើរបស់ពួកគេត្រូវបានតុលាការគ្រប់ជាន់ថ្នាក់ច្រានចោល។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូដែលតែងឃ្លាំមើលសវនាការលើអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូប លើកឡើងថា ការបន្តឃុំខ្លួនជនជាប់ចោទណាម្នាក់ លុះត្រាតែមានភស្តុតាងថ្មីក្នុងការបន្តការស៊ើបអង្កេត។ លោកបន្ថែមថា ការបន្តឃុំខ្លួននេះ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិអ្នកទាំងពីរ និងធ្វើឲ្យមានផលវិបាកដល់ក្រុមគ្រួសារ ព្រមទាំងធ្វើឲ្យរដ្ឋាភិបាលរងការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិមួយចំនួនផងដែរ។
លោក អំ សំអាត មានប្រសាសន៍ថា៖
«បើសិនជាមានការដោះលែងគាត់ឲ្យនៅក្រៅឃុំខ្ញុំគិតថា វាជាផលល្អមានពីរ ទី១ គាត់អាចមានសេរីភាពទៅជួយគ្រួសាររបស់គាត់ឲ្យមានភាពជីវភាពធូរធារ ហើយគាត់នៅតែផ្តល់កិច្ចសហការជាមួយតុលាការដដែល។ ទី២ វាធ្វើឲ្យមតិជាតិ និងអន្តរជាតិដែលតែងតែរិះគន់ហ្នឹងបាត់ទៅវិញ ហើយវាធ្វើឲ្យរដ្ឋាភិបាលយើងហ្នឹងលែងរងនូវគំនាបនៃការរិះគន់នេះជាបន្តទៀតផងដែរ»។
ក្រោយការចាប់ឃុំខ្លួន និងចោទប្រកាន់អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីរ គេឃើញក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលកំពុងធ្វើការក្នុងប្រទេសកម្ពុជាប្រមាណជា៥០នាក់ បានផ្ដិតមេដៃលើញត្តិទាមទារឲ្យមានការទម្លាក់ចោលបទចោទលើអ្នកទាំងពីរ។ ចំណែកបណ្ដុំអង្គការការពារអ្នកកាសែតទាំងជាតិ និងអន្តរជាតិមួយចំនួន បានហៅការឃុំខ្លួនអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូបថា ជាទង្វើ «ដ៏ឃោរឃៅ និងមិនសមហេតុផល» ផ្ទុយពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការធានាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
កាលពីដើមខែមេសានេះ ក្រសួងការបរទេសអាមេរិក បានចេញសេចក្ដីថ្លែងការណ៍មួយដោយចាត់ទុកការចោទប្រកាន់អតីតអ្នកយកព័ត៌មានអាស៊ីសេរី ថាជាការបំបាក់ស្មារតីអ្នកកាសែតផ្សេងទៀត និងថា ជាការប៉ុនប៉ងខាងនយោបាយក្នុងការធ្វើឲ្យខ្សោយដល់សេរីភាពប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។
នៅពាក់កណ្តាលខែឧសភានេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក បានស្នើឲ្យអាជ្ញាធរកម្ពុជាផ្តល់សេរីភាពដល់អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី ទាំងពីរនាក់ដែលត្រូវបានចាប់ដាក់ពន្ធនាគារ ក្រោមបទ«ចារកម្ម»។
លោក ប្រេដ អាដាមស៍ ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះ លើកឡើងថា ការចាប់ខ្លួនអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីរនាក់ គឺជាការប្រឌិតដោយមិនសមហេតុផលរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីសងសឹកវិទ្យុដែលទទួលបានការឧបត្ថម្ភពីសហរដ្ឋអាមេរិកមួយនេះ ចំពោះសេចក្តីរាយការណ៍ដែលមានលក្ខណៈទិតៀនរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក។
យ៉ាងណាក៏ដោយ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានច្រានចោលការលើកឡើងទាំងនោះ ព្រមទាំងបានថ្លែងចំអកដល់អង្គការសិទ្ធិមនុស្សអន្តរជាតិមួយនេះថា បានចេញសេចក្តីថ្លែងការណ៍ដោយយោងទៅតាមគំនុំផ្ទាល់ខ្លួន និងគ្មានភ្ជាប់ការធានាអះអាងខាងច្បាប់៕