តុលាការក្រុងភ្នំពេញគ្រោងនឹងចេញសេចក្ដីសម្រេចនៅថ្ងៃទី១៨ ឧសភា ថាតើអតីតអ្នកសារព័ត៌មានអាស៊ីសេរីទាំងពីរគឺលោក អួន ឈិន និងលោក យាង សុធារិន គួរតែត្រូវបានដោះលែង ឬឃុំខ្លួនបន្ត ឬយ៉ាងណាក្រោយពីតុលាការឃុំខ្លួនអ្នកទាំងពីររយៈពេលជាង៦ខែមកនោះ។ មន្ត្រីសិទ្ធិក្នុងស្រុកនិងអន្តរជាតិយល់ថា បើតុលាការគ្មានភស្តុតាងដាក់បន្ទុកទេនោះ អតីតអ្នកកាសែតអាស៊ីសេរីទាំងពីរនាក់នេះ គួរតែត្រូវបានដោះលែង។
ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ នឹងធ្វើការសម្រេចចុងក្រោយនៅថ្ងៃសុក្រទី១៨ ឧសភា លើការដោះលែងឬបន្តឃុំខ្លួនអតីតអ្នកកាសែតពីររូបរបស់វិទ្យុអាស៊ីសេរី គឺលោក អួន ឈិន និងលោក យាង សុធារិន ដែលកំពុងស្ថិតក្នុងពន្ធនាគារអស់រយៈពេលប្រាំមួយខែមកហើយ ក្រោមការចោទពីបទ «ចារកម្ម»។ នេះបើយោងតាមសេចក្ដីប្រកាសរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងស្រុកលីកាដូ ដែលបានចេញផ្សាយនៅថ្ងៃពុធនេះ។
សេចក្ដីប្រកាសរបស់អង្គការលីកាដូ បានបញ្ជាក់ឲ្យដឹងថា ការសម្រេចរបស់ចៅក្រម បានធ្វើឡើងក្រោយពីតុលាការ បានកោះហៅអតីតអ្នកសារព័ត៌មានដែលកំពុងជាប់ឃុំទាំងពីររូបនេះ មកសាកសួរបន្ថែមនៅសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃពុធ។
សេចក្ដីប្រកាសដដែលបន្តថា ក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជនសង្ស័យអាចត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន រង់ចាំសវនាការត្រឹមតែរយៈពេល៦ខែប៉ុណ្ណោះ លុះត្រាតែចៅក្រមរកឃើញថា ការបន្តឃុំខ្លួនជនសង្ស័យគឺមានភាពចាំបាច់ សម្រាប់ដំណើរការស៊ើបអង្កេត។ ប៉ុន្តែ មិនមានព័ស្តុតាងគួរឱ្យជឿទុកចិត្តណាមួយ ត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេមកដល់ពេលនេះ។ នេះបើតាមសេចក្ដីប្រកាសនេះ។
សេចក្ដីប្រកាសរបស់អង្គការលីកាដូដដែល បានបញ្ជាក់ថា អំឡុងពេលសវនាការក្នុងខែមីនា ប្រធានក្រុមប្រឹក្សាជំនុំជម្រះគឺលោកចៅក្រម ឃឹម ប៉ុន បានមានប្រសាសន៍ថា រឿងក្ដីនេះស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយ ហើយការដោះលែងអ្នកទាំងពីរ អាចនាំឱ្យមាន «គ្រោះថ្នាក់ធ្ងន់ធ្ងរ»។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូមានប្រសាសន៍ប្រាប់ VOA តាមប្រព័ន្ធទំនាក់ទំនងបណ្ដាញសង្គមក្នុងន័យដើមថា៖
«ករណីនេះដូចជាមិនមានភាពស្មុគស្មាញក្នុងការស៊ើបអង្កេតរបស់តុលាការទេ ដូច្នេះ បើតុលាការរកមិនឃើញភស្តុតាងអ្វីថ្មីទេ គួរតែដោះលែងអ្នកទាំងពីរឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ឬលើកលែងចោទប្រកាន់លើអ្នកទាំងពីរឲ្យមានសេរីភាពវិញ»។
លោកបានថ្លែងបន្ថែមក្នុងន័យដើមថា៖
«ការឃុំខ្លួនអ្នកទាំងពីរបន្ត វាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិអ្នកទាំងពីរ ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារអ្នកទាំងពីរ ព្រោះអ្នកទាំងពីរជាជំហរក្នុងការទ្រទ្រង់ជីវភាពគ្រួសារ ជាពិសេសការឃុំខ្លួនអ្នកទាំងពីរ ធ្វើឲ្យមានការរិះគន់ធ្ងន់ធ្ងរពីសហគមន៍ជាតិ និងអន្តរជាតិពីការរឹតត្បិតសេរីភាពសារព័ត៌មាន និងការគំរាមកំហែងអ្នកសារព័ត៌មាន»។
លោក រ៉ូហីត ម៉ាហាចាន (Rohit Mahajan) នាយកផ្នែកកិច្ចការសាធារណៈនៃវិទ្យុអាស៊ីសេរី មិនទាន់ឆ្លើយតបសំណួររបស់ VOA តាមសារអេឡិចត្រូនិកឬ Email នៅឡើយទេមកដល់ត្រឹមល្ងាចថ្ងៃពុធនេះ។ ប៉ុន្តែ លោកធ្លាប់ប្រាប់ភ្នាក់ងារព័ត៌មាន Reuters ថាការចោទប្រកាន់អតីតអ្នកកាសែតអាស៊ីសេរីពីបទចារកម្ម បានបើកឱកាសឲ្យអាជ្ញាធរកម្ពុជា បង្កើតបានទម្រង់គំរាមកំហែងធ្ងន់ធ្ងរ ដែលមានប្រយោជន៍សម្រាប់ជនផ្ដាច់ការ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watchដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក បានស្នើឲ្យអាជ្ញាធរកម្ពុជា ផ្ដល់សេរីភាពឡើងវិញជាបន្ទាន់ដល់អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី ទាំងពីរនាក់ដែលត្រូវបានចាប់ដាក់ពន្ធនាគារ ក្រោមបទចារកម្ម ដែលអង្គការនេះ និយាយថា ត្រូវបានប្រឌិតឡើង ប្រឆាំងនឹងអតីតអ្នកកាសែតទាំងពីរនាក់នោះ គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន ហើយត្រូវដោះលែងអ្នកទាំងពីរ ដោយគ្មានលក្ខខ័ណ្ឌ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សដដែល បានថ្លែងក្នុងសេចក្ដីប្រកាសរបស់ខ្លួនបន្តថា ទំនងជាមានការភ័យខ្លាចចំពោះបរាជ័យក្នុងការបោះឆ្នោត ដែលគ្រោងនឹងធ្វើឡើងនៅខែកក្កដានោះ រដ្ឋាភិបាលលោក ហ៊ុន សែន បានចាត់វិធានការបង្ក្រាបយ៉ាងទូលំទូលាយ ដោយបានអះអាងទាំងគ្មានមូលដ្ឋានថា គណបក្សប្រឆាំង និងអ្នករិះគន់ គឺជាផ្នែកមួយនៃ «បដិវត្តន៍ពណ៌» ដែលគាំទ្រដោយបរទេស ក្នុងបំណងផ្ដួលរំលំរដ្ឋាភិបាល។
អង្គការដដែល បានលើកឡើងថា វិធានការរបស់រដ្ឋាភិបាល បានរំលោភបំពានសិទ្ធិនានាទៅលើនីតិវិធីកាត់ក្ដីត្រឹមត្រូវ សេរីភាពបញ្ចេញមតិ និងសេរីភាពសមាគម ដែលត្រូវបានធានាក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
យ៉ាងណាក៏ដោយ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់ VOA កាលពីថ្ងៃអង្គារថា សេចក្ដីប្រកាសរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស មិនអាចដាក់សម្ពាធមកលើប្រព័ន្ធយុត្តិធម៌របស់កម្ពុជាបានទេ។
លោកមានប្រសាសន៍បន្តថា អង្គការនេះ គួរសិក្សាទៅលើនីតិវិធីច្បាប់ ដើម្បីបានជាទុនមកជួយអតីតអ្នកសារព័ត៌មានទាំងពីរនាក់របស់វិទ្យុអាស៊ីសេរីនេះ។
លោកបានសង្កត់ថា អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch តែងចេញសេចក្ដីថ្លែងការណ៍គាំទ្រក្រុមដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល៕