ក្រុមសមាជិកសភាអាមេរិកាំង នឹងបើកសវនាការនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សា អំពីសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើរដ្ឋាភិបាល និងមន្ត្រីកម្ពុជាទាក់ទងនឹងការធ្វើឲ្យ ធ្លាក់ចុះដំណើរការប្រជាធិបតេយ្យ។
ក្រុមសមាជិកសភាអាមេរិកាំងក្នុងគណៈកម្មការការបរទេស នឹងបើកសវនាការមួយ ដើម្បីពិភាក្សាលើសេចក្តីស្នើច្បាប់លទ្ធិប្រជាធិបតេយ្យកម្ពុជា ឬ ហៅថា H.R. 5754, Cambodia Democracy Act រួមនឹងវិសោធនកម្មផងដែរនៅថ្ងៃព្រហស្បតិ៍នេះ ដោយ ផ្តោតទៅលើការដាក់ទណ្ឌកម្មនានាប្រឆាំងនឹងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងក្រុមមន្ត្រី ដែលមានជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ថា បានបំផ្លាញលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា។
សវនាការលើសេចក្តីស្នើច្បាប់ចម្រុះគណបក្សនេះធ្វើឡើង ក្នុងអគាររដ្ឋសភា ក្នុងរដ្ឋ ធានីវ៉ាស៊ីនតោន ក្រោយរយៈពេល៣ថ្ងៃ ដែលគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយ មិនមានឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខ។
ក្រុមមេដឹកនាំមិនត្រូវគេអនុញ្ញាតឲ្យមានសិទ្ធិចូលរួមក្នុងការបោះឆ្នោត តែបន្តនិរទេស ខ្លួននៅក្រៅប្រទេស ហើយមេដឹកនាំដែលរងការចោទប្រកាន់ពីបទក្បត់ជាតិគឺ លោក កឹម សុខា មិនត្រូវគេដោះលែង ខណៈក្រុមអង្គការសង្គមស៊ីវិល និង អ្នកសារព័ត៌មាន មិនត្រូវគេផ្តល់សិទ្ធិសេរីភាពឡើងវិញ មុនការបោះឆ្នោតទេ ក្រោយពីការបង្ក្រាប ដោយរដ្ឋាភិបាល។
សេចក្តីស្នើច្បាប់ Cambodia Democracy Act លេខ H.R. 5754 និងវិសោធនកម្ម បន្ថែមមួយទៀតកាលពីថ្ងៃទី១៤ ខែឧសភា ដែល VOA ទទួលបាននោះ បានរៀប រាប់លម្អិតពីការដាក់ទណ្ឌកម្មលើបុគ្គលជាយោធា មន្ត្រីសន្តិសុខ មន្ត្រីរដ្ឋាភិបាល ដែលមានការពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនិងបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ ទណ្ឌកម្មទាំងនោះមានដូចជាការបង្កកទ្រព្យសម្បតិ ការមិនផ្តល់ទិដ្ឋាការ ការដាក់ ពិន័យតាមច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចគ្រាមានអាសន្ន អន្តរជាតិឬ ហៅថា International Emergency Economic Powers Act ។
សេចក្តីស្នើច្បាប់នេះតាក់តែងដោយ លោក Ted Yoho សមាជិកសភាខាងគណបក្ស សាធារណរដ្ឋ មកពីរដ្ឋ Florida ជាប្រធានអនុគណៈកម្មាធិការ អាស៊ីប៉ាស៊ីហ្វិកនៃគណៈកម្មការការបរទេស។
លោក Ted Yoho បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានមួយថ្មីៗនេះថាសេចក្តីស្នើ ច្បាប់នេះនឹងជួយដល់ពលរដ្ឋកម្ពុជាទទួលបានលទ្ធិប្រជាធិបតេយ្យ ដោយទប់ស្កាត់ មិនអនុញ្ញាតឲ្យលោក ហ៊ុន សែនពង្រឹងអំណាចតទៅទៀត។ លោក មានប្រសាន៍ថា៖
«ពលរដ្ឋកម្ពុជាកំពុងស្រេកឃ្លានខ្លាំងនូវលទ្ធិប្រជាធិបតេយ្យ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាបុរសខ្លាំងកម្ពុជា បានក្តោបក្តាប់អំណាចជាច្រើនទសវត្សរ៍ ហើយគ្មាន បំណងបន្ថយការច្បាមអំណាចដោយកណ្តាប់ដៃដែករបស់គាត់ក្នុងប្រទេសកម្ពុជាទេ។ ដោយសារសំឡេងគាំទ្រចំពោះគណបក្សប្រឆាំងកាន់តែរឹងមាំឡើងក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ លោក ហ៊ុន សែន បានសម្រេចថាបើគាត់មិនកាន់អំណាចតទៅ ទៀតតាមរយៈប្រព័ន្ធបោះឆ្នោតក្លែងបន្លំទេ គាត់នឹងបន្តកាន់អំណាចតាមរយៈកម្លាំង»។
សេចក្តីប្រកាសព័ត៌មានដដែល បានបន្តចោទប្រកាន់លោក ហ៊ុន សែនថាបានប្រើ ប្រាស់អំពើហិង្សា ការគំរាមកំហែង ការចោទប្រកាន់បែបបំផ្លើស ដើម្បីវាយប្រហារលើ គណបក្សប្រឆាំងដែលប្រកាន់ជំហរអហិង្សានោះ ដោយលោកតំណាងរាស្ត្រ អាមេរិកាំង រូបនេះ បានលើកយកសភានិងតុលាការកំពូលគ្រប់គ្រងដោយគណបក្ស កាន់អំណាច មកបញ្ជាក់ថា គឺជាតួអង្គនៃការរំលាយគណបក្សសង្គ្រោះជាតិ រារាំង តំណាងរាស្ត្រជាប់ឆ្នោតមិនឲ្យបំពេញកិច្ចការ កម្ទេចគណបក្សប្រឆាំងដ៏សកម្មតែមួយរបស់ប្រទេស។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយផ្សេងទៀតរបស់សមាជិកសភា Alan Lowenthal មកពីគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋកាលីហ្វ័រញ៉ា ដែលបានបង្កើតគណៈកម្មាធិការសភាដើម្បីពិនិត្យតាមដានស្ថានការណ៍នៅកម្ពុជា (Congressional Cambodia Caucus) ក្នុងគោលបំណងប្រមូលសមាជិកសភាអាមេរិកាំងដ៏ទៃទៀតឲ្យចាប់ អារម្មណ៍អំពីនយោបាយកម្ពុជា លោកបានគាំទ្រដល់សេចក្តីច្បាប់នេះបន្ថែមលើទណ្ឌកម្មនានាដល់មេដឹកនាំរដ្ឋាភិបាល និងមន្ត្រីរដ្ឋាភិបាលកម្ពុជា។ លោកថ្លែងថា៖
«សហសេវិកខ្ញុំនិងខ្ញុំ បានព្រមានរដ្ឋាភិបាលលោក ហ៊ុន សែនម្តងហើយម្តងទៀតថា ត្រូវតែធ្វើតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដើម្បីរៀបចំការបោះឆ្នោតតាម បែបលទ្ធិប្រជាធិបតេយ្យ។ តែមកទល់ពេលនេះរបបគ្រប់គ្រងរបស់លោកនាយក រដ្ឋមន្ត្រីហ៊ុន សែនមិនទាន់បានធ្វើអ្វីសោះ ហើយធ្វើពុតថាខ្លួននឹងរៀបចំការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌ត្រឹមត្រូវ។ របបលោកហ៊ុន សែន បានគំរាម បានវាយប្រហារ បានចាប់ដាក់គុក ហើយនឹងរារាំងសិទ្ធិនយោបាយទាំងស្រុងចំពោះគណបក្សប្រឆាំង ដ៏ធំជាងគេរបស់ប្រទេសកម្ពុជា។ របបនេះ បានបំផ្លាញសារព័ត៌មានសេរីនិងឯករាជ្យ និងកម្ចាត់អង្គការជាតិនិងអន្តរជាតិ ហើយបំផ្លាញប្រព័ន្ធតុលាការប្រទេស ដើម្បីធ្វើ កិច្ចការស្មោកគ្រោក។ វាជាពេលវេលាដែលលោក ហ៊ុន សែនត្រូវបង់តម្លៃចំពោះកិច្ច ប្រឹងប្រែង របស់គាត់ក្នុងការបំផ្លាញពន្លកប្រជាធិបតេយ្យដែលបានចាប់ផ្តើមរីកដុះ ដាលក្នុងប្រទេសកម្ពុជានោះហើយ»។
លោក Alan Lowenthal បានឲ្យដឹងថាទណ្ឌកម្មទាំងនេះគឺអាស្រ័យទៅលើលោក ប្រធានាធិបតី ដែលត្រូវចុះហត្ថលេខាលើសេចក្តីស្នើច្បាប់នេះ នៅពេលដែលមាន ការអនុម័តចេញពីសភារួច។
សេតវិមានក្រោមរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានកាត់ជំនួយបោះ ឆ្នោតចាប់តាំងពីចុងឆ្នាំទៅម្ល៉េះ ដូចជាសហភាពអឺរ៉ុបដែរ។តែប្រទេសទាំងពីរ ដែលជាម្ចាស់ជំនួយដ៏ធំ និងផ្តល់ការអនុគ្រោះសម្រាប់ពាណិជ្ជកម្មដ៏ធំជាងគេបំផុតសម្រាប់ កម្ពុជាក្នុងការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជានោះ មិនទាន់បានដកការអនុគ្រោះពន្ធលើទំនិញ នាំចូលនៅឡើយទេ ទោះជាមានការអំពាវនាវយ៉ាងខ្លាំងពីក្រុមអង្គការសិទ្ធិមនុស្ស យ៉ាងណាក្តី។
ទោះជាយ៉ាងណាក្តី មន្ត្រីកម្ពុជារួមទាំងលោក នាយករដ្ឋមន្ត្រីហ៊ុន សែន មិនបាន បង្ហាញការញញើតនឹងទណ្ឌកម្មសូម្បីតែបន្តិចនោះទេ ប៉ុន្តែថែមទាំងពន្យុះបន្ថែម ទៀត។ ការណ៍នេះដោយសារតែអ្វីមួយដែលគេឃើញថា ចិនជាមហាអំណាចមួយ បានក្លាយជាខ្នងបង្អែករឹងមាំសម្រាប់កម្ពុជា ជាមួយនឹងការគាំទ្រថវិកា និង បង្កើន វិនិយោគយ៉ាងខ្លាំងនៅកម្ពុជា៕