មានមន្ទិលសង្ស័យកាន់តែខ្លាំងបានកើតឡើងទៅលើឯករាជ្យភាពរបស់កាសែតភ្នំពេញប៉ុស្តិ៍ បន្ទាប់ពីកាសែតនេះត្រូវបានលក់ ដោយគួរឲ្យសង្ស័យទៅឲ្យម្ចាស់ថ្មីដែលជាវិនិយោគិនសញ្ជាតិម៉ាឡេស៊ី និងជាអ្នកដែលធ្លាប់មានប្រវត្តិទាក់ទងជាមួយអាជ្ញាធរកម្ពុជា។ ការសែតភ្នំពេញប៉ុស្តិ៍ត្រូវបានលក់ នៅពេលកាសែតនេះបានប្រឈមនឹងការតម្រូវឲ្យបង់ពន្ធ ដោយរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំមុន ក្នុងចំនួនលុយប្រមាណ៣,៩លានដុល្លារអាមេរិក។ នេះបើតាមការអះអាងរបស់ក្រុមសង្គមស៊ីវិលជាច្រើនដែលបានបំពេញការងារនៅក្នុងប្រទេសកម្ពុជា។ តែបើតាមសារព័ត៌មានបរទេស កាសែតនេះ ត្រូវបង់ពន្ធប្រមាណ៥លានដុល្លារអាមេរិក។
ក្រុមអង្គការសង្គមស៊ីវិល សហគមន៍ និងសមាគមសំខាន់ៗក្នុងប្រទេសកម្ពុជា ជិត៨០ បានអំពាវនាវឲ្យមានការគោរពវិជ្ជាជីវៈសារព័ត៌មាន បន្ទាប់ពីចាងហ្វាងថ្មីនៃកាសែតភ្នំពេញប៉ុស្តិ៍ បានបណ្ដេញនិពន្ធនាយក របស់កាសែតដែលមានអាយុ២៦ឆ្នាំនេះ កាលពីថ្ងៃចន្ទ ហើយបុគ្គលិកជាង១០នាក់ទៀតបានសុំលាឈប់ពីការងារ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួមមួយចេញផ្សាយដោយអង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងស្រុកលីកាដូនៅរសៀលថ្ងៃពុធនេះ។
ការបណ្ដេញនិពន្ធនាយកចេញពីការងារ និងការលាឈប់របស់អ្នកកាសែតជាង១០នាក់នៃកាសែតផ្សាយជាពីរភាសាដែលគេជឿថា ជាកាសែតឯករាជ្យចុងក្រោយគេនេះ កើតមានឡើងក្រោយកាសែតនេះបានចេញអត្ថបទទំព័រមុខមួយអំពីការលក់កាសែត ដោយរៀបរាប់ពីប្រវត្តិនៃទំនាក់ទំនងរបស់ម្ចាស់ថ្មីនៃកាសែតនេះ ជាមួយនឹងរដ្ឋាភិបាលកម្ពុជា។
សេចក្ដីថ្លែងការណ៍រួមរបស់ក្រុមសង្គមស៊ីវិលទាំងនេះ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ បានបញ្ជាក់ពីការសោកស្ដាយយ៉ាងខ្លាំងចំពោះការវិវត្តន៍ចុងក្រោយនេះ ទៅលើសេរីភាពសារព័ត៌មាន ពាក់ព័ន្ធនឹងភាពមិនច្បាស់លាស់ នៃការលក់ស្ថាប័នកាសែតភ្នំពេញប៉ុស្តិ៍ និងការបញ្ជាភ្លាមៗរបស់ម្ចាស់ថ្មីនៃកាសែតនេះ ឲ្យលុបចោលអត្ថបទព័ត៌មាន ដែលបានចេញផ្សាយរួច។ ទង្វើនេះ បាននាំឲ្យអ្នករាយការណ៍ព័ត៌មាន និងបុគ្គលិកជាន់ខ្ពស់ចំនួន១៣នាក់ សម្រេចចិត្តលាឈប់ពីការងារ។
សេចក្ដីថ្លែងការណ៍ ត្រូវបានសរសេរក្នុងន័យដើមថា៖
«នេះគឺជាករណីចុងក្រោយមួយក្នុងចំណោមការធ្វើទុក្ខបុកម្នេញជាច្រើនបន្តបន្ទាប់ទៀត ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លំហសារព័ត៌មានចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៧មក។ ភ្នំពេញប៉ុស្តិ៍ គឺជាការសែតចុះផ្សាយជាភាសាខ្មែរនិងអង់គ្លេសដែលត្រូវបានចាត់ទុកថា ជាកាសែតឯករាជ្យចុងក្រោយមួយនៅកម្ពុជា ហើយការផ្លាស់ប្ដូរថ្មីនៃកាសែតនេះ បាននាំឲ្យមានមន្ទិលសង្ស័យជាច្រើនចំពោះឯករាជ្យភាពរបស់កាសែត នៅពេលខាងមុខ»។
លោក Sivakumar S. Ganapathy គឺជាវិនិយោគិនសញ្ជាតិម៉ាឡេស៊ី និងជាអ្នកគ្រប់គ្រងក្រុមហ៊ុន Asia PR ដែលមានទីស្នាក់ការនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី បានទិញយកកាសែតនេះភ្នំពេញប៉ុស្តិ៍ពីលោក Bill Clough វិនិយោគិនសញ្ជាតិអូស្ត្រាលី។ វិនិយោគិនទាំងពីរនេះ មិនបានបញ្ជាក់ចំនួនលុយនៃការទិញដូរកាសែតដែលត្រូវបានបង្កើតឡើងកាលពី១៩៩២មកនោះទេ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់លោក Bill Clough អតីតប្រធាននិងចាងហ្វាងក្រុមហ៊ុន Post Media ដែលធ្វើឡើងកាលពីថ្ងៃទី៥ ខែឧសភា។
សេចក្ដីថ្លែងការណ៍រួមរបស់ក្រុមសង្គមស៊ីវិលចំនួន៧៩ បានបញ្ជាក់ឲ្យដឹងទៀតថា បន្ទាប់ពីចូលកាន់តំណែងកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ពោលគឺត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ អ្នកតំណាងម្ចាស់ថ្មីនៃកាសែតភ្នំពេញប៉ុស្តិ៍ បានបញ្ជាឲ្យលុបចោលនូវអត្ថបទព័ត៌មានមួយ ដែលពណ៌នាអំពីជីវប្រវត្តិ និងមុខជំនួញរបស់លោកSivakumar S. Ganapathy ជាមួយអាជ្ញាធរកម្ពុជាកាលពីអតីតកាល។ បុគ្គលិកកាសែតនេះ អះអាងថា ការបញ្ជាឱ្យដកអត្ថបទនោះចេញពីគេហទំព័ររបស់កាសែតនេះ មិនបានបញ្ជាក់ពីភាពខុសឆ្គង ឬហេតុផល នៅពីក្រោយការបញ្ជានោះទេ ខណៈដែលបុគ្គលិកជាន់ខ្ពស់៤នាក់ បានបដិសេធក្នុងការលុបចោលអត្ថបទនោះ និងបានសម្រេចចិត្តលាឈប់ភ្លាមៗ។
និពន្ធនាយកកាសែតនេះ ក៏ត្រូវបានបណ្ដេញចេញ ដោយហេតុថា លោកបានអនុញ្ញាតឲ្យចេញផ្សាយអត្ថបទមួយនេះ។
ក្រុមសង្គមស៊ីវិល បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់ពួកគេបន្តថា ខណៈដែលកាសែតភ្នំពេញប៉ុស្តិ៍ បានរងការចោទប្រកាន់ថា មានជាប់ជំពាក់ប្រាក់ពន្ធដ៏ចម្រូងចម្រាសជាង៣,៩ លានដុល្លារ ភាពមិនច្បាស់លាស់នៃការលក់ស្ថាប័ននេះ បាននាំឲ្យមានមន្ទិលសង្ស័យជាច្រើនថាហេតុអ្វីបានជាបញ្ហាជាប់ជំពាក់ពន្ធ ត្រូវបានដោះស្រាយក្នុងពេលជាមួយគ្នានៃការលក់ស្ថាប័នកាសែតដែលមានអាយុកាល២៦ឆ្នាំមួយនេះ។
ដូចគ្នានឹងកាសែតភ្នំពេញប៉ុស្តិ៍ដែរ កាសែត ខេមបូឌា ដេលី ដែលតែងចុះផ្សាយ អត្ថបទរិះគន់ ឥតលម្អៀង និងរបាយការណ៍បែបស៊ើបអង្កេត ត្រូវបានបង្ខំចិត្តបញ្ឈប់ដំណើរការ កាលពីខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីរងការចោទប្រកាន់ថា មានជាប់ជំពាក់ប្រាក់ពន្ធប្រមាណជាង ៦,៣លានដុល្លារ។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ ថ្លែងថា ផ្អែកលើភាពស្រពិចស្រពិលនៃការដោះស្រាយប្រាក់ជាប់ពន្ធរបស់កាសែតភ្នំពេញប៉ុស្តិ៍ ការបណ្ដេញចេញនិពន្ធនាយក និងការចាកចេញជាបន្តបន្ទាប់របស់បុគ្គលិកនៃកាសែតនេះ ធ្វើឲ្យក្រុមសង្គមស៊ីវិលមានការពិបាកនឹងព្យាករណ៍ទៅលើសេរីភាពរបស់កាសែតនេះក្នុងការផ្ដល់ព័ត៌មានដោយឥតលម្អៀងដល់សាធារណៈជនខ្មែរ។
«យើងមកទល់ពេលនេះ យើងនៅតែមានមន្ទិល ដូចសេចក្ដីថ្លែងការណ៍លើកឡើងមានមន្ទិល សង្ស័យជាច្រើន ហើយមិនដឹងច្បាស់អំពីវាសនានៃកាសែតភ្នំពេញប៉ុស្តិ៍ ដែលផ្លាស់ប្ដូរថៅកែថ្មីនេះ ទៅថ្ងៃខាងមុខហ្នឹង ធានាបានឯករាជ្យភាពដូចមុន ឬមួយយ៉ាងម៉េចបាទ»។
លោកបានថ្លែងបន្ថែមថា៖
«ហើយបើសិនជាថ្ងៃក្រោយទៅ បើសិនជាភ្នំពេញប៉ុស្តិ៍នេះ មានការផ្លាស់ប្ដូរ មិនរក្សាជំហរដូចបច្ចុប្បន្នទេ យើងនឹងសោកស្ដាយ ហើយធ្វើឲ្យប្រជាពលរដ្ឋដែលធ្លាប់តែមានជំនឿទុកចិត្តហ្នឹង គាត់អាចនឹងអស់សង្ឃឹមទៅលើកាសែត ស្វែងរកកាសែត ជាពិសេសគឺកាសែតបរទេស ដែលធ្វើការចេញផ្សាយដោយឯករាជ្យនោះបាទ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បានសម្ដែងការបារម្ភផងដែរថា ប្រសិនបើការធ្វើទុក្ខបុកម្នេញលើសេរីភាពសារព័ត៌មាននេះ មិនត្រូវបានបញ្ឈប់នោះទេ នោះពលរដ្ឋកម្ពុជានឹងបាត់បង់ប្រភពព័ត៌មានឯករាជ្យ។
លោកនិយាយថា មកដល់ពេលនេះ សាធារណជនខ្មែរ បានបង់ប្រភពព័ត៌មានសំខាន់ៗមួយចំនួនដូចជាកាសែត The Cambodia Dailyដែលបានដំណើរការតាំងពីឆ្នាំ១៩៩៣មក។
VOA ព្យាយាមទាក់ទងទៅលោក Sivakumar ម្ចាស់ថ្មីនៃកាសែតភ្នំពេញប៉ុស្តិ៍នៅថ្ងៃពុធនេះ តែមិនទាន់អាចទាក់បាននៅឡើយទេ។
យ៉ាងណាក៏ដោយ ការផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទ បានឲ្យដឹងថា លោក Sivakumar បានចេញសេចក្ដីប្រកាសមួយកាលពីថ្ងៃអាទិត្យដោយបានបញ្ជាក់ភាពជាម្ចាស់ថ្មីរបស់កាសែតភ្នំពេញប៉ុស្តិ៍ នឹងតម្កល់ទុកកេរដំណែលរយៈពេល២៦ឆ្នាំរបស់កាសែតនេះ និងគោរពគោលការណ៍និពន្ធ ក៏ដូចជាឯករាជ្យភាពដោយគ្មានការបំពានច្បាប់និងបទបញ្ញត្តិទាំងឡាយរបស់កម្ពុជា។
ប៉ុន្តែ អតីតបុគ្គលិករបស់កាសែតភ្នំពេញប៉ុស្តិ៍ មិនជឿការអះអាងរបស់ Sivakumarនោះទេ។
កញ្ញា Erin Handly អតីតអ្នកសារព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ ប្រាប់ VOA តាមបណ្ដាញទំនាក់ទំនងសង្គមថា និពន្ធនាយកថ្មីដែលត្រូវបានដាក់ឲ្យជំនួសលោក កៃ គឹមសុង បានលើកឡើងថា លោកជាអ្នកដែលមិនគាំទ្រ និងក៏មិនប្រឆាំងរដ្ឋាភិបាលដែរ ហើយចង់បានការធ្វើសេចក្ដីរាយការណ៍មិនលម្អៀង ដោយមានតុល្យភាពនៃប្រភព និងមិនចង់បានការបញ្ចេញបញ្ចូលមតិនោះឡើយ។
កញ្ញា Erin និយាយទៀតថា ម្ចាស់កាសែតថ្មី ក៏អះអាងដែរថា លោកមិនប៉ះពាល់លើឯករាជ្យនៃក្រុមនិពន្ធព័ត៌មាននោះទេ តែការចាត់វិធានរបស់លោកវាខ្លាំងជាងអ្វីដែលលោកនិយាយ។
ចំពោះអនាគតកាសែតភ្នំពេញប៉ុស្តិ៍ កញ្ញាបាននិយាយក្នុងន័យដើមថា៖
«ខ្ញុំនៅមន្ទិលថា តើកាសែតភ្នំពេញប៉ុស្តិ៍ នឹងអាចបន្តធ្វើជាសារព័ត៌មានដែលអាចឯករាជ្យ និងមិនចេះភ័យខ្លាច ដូចដែលខ្លួនធ្លាប់បានធ្វើកន្លងមក២៦ឆ្នាំនោះទេ ហើយដំណើរនេះពិតជាស្រពេចស្រពិលណាស់ ហើយខ្ញុំមិនអាចនិយាយបានទេ ថាតើវានឹងក្លាយទៅអាយ៉ងរដ្ឋាភិបាល ឬក៏អត់នោះទេ ពិសេសនៅខណៈដែលអ្នកកាសែត ដែលមានការប្ដេជ្ញាខ្ពស់ ហើយធ្វើការងារល្អៗនោះ គេនៅធ្វើការនៅទីនោះដដែល។ ខ្ញុំយល់ថាពេលវេលានឹងប្រាប់យើងអំពីរឿងនេះ»។
ទាក់ទិនបញ្ហាប្រាក់ពន្ធដែលកាសែតភ្នំពេញប៉ុស្តិ៍ជំពាក់រដ្ឋនោះ VOA ព្យាយាមស្នើសុំការអធិប្បាយពីអគ្គនាយកដ្ឋានពន្ធដារតាមសារអេឡិចត្រូនិក ឬ Email តែគ្មានការឆ្លើយតប គិតមកត្រឹមថ្ងៃពុធនេះ។
តែទោះជាយ៉ាងណាក៏ដោយ លោក Bill Clough ម្ចាស់មុនរបស់កាសែតភ្នំពេញប៉ុស្តិ៍បានថ្លែងបញ្ជាក់ក្នុងសេចក្ដីប្រកាសរបស់លោកថា ក្រុមហ៊ុនរបស់លោកបានដោះស្រាយបញ្ហាពន្ធដារប្រកបដោយការរាក់ទាក់ ជាមួយអគ្គនាយកដ្ឋានពន្ធដាររួចទៅហើយ។
បើទោះបីជាមានការអះអាងយ៉ាងណាក៏ដោយចុះ សម្រាប់ក្រុមសង្គមស៊ីវិលនៅកម្ពុជា ពួកគេបានសំណូមពរ ដោយទទូចឲ្យមានការគោរពប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សេរីភាពនៃការបញ្ចេញមតិ និងសូមឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ ទៅលើសកម្មជន ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មាននៅកម្ពុជា៕