ក្រោយការអំពាវនាវរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ឲ្យអាជ្ញាធរកម្ពុជាដោះលែងអតីតអ្នកកាសែតពីរនាក់របស់វិទ្យុអាស៊ីសេរី (RFA)ឲ្យ មានសេរីភាពវិញដោយគ្មានលក្ខខណ្ឌនោះ មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានថ្លែងចំអកដល់ខ្លឹមសាររបស់សេចក្តីអំពាវនាវនៃអង្គការសិទ្ធិមនុស្សនេះថា គ្មានមូលដ្ឋានច្បាប់គ្រប់គ្រាន់និងគ្រាន់តែជាការវាយប្រហារលក្ខណៈគំនុំមកលើប្រព័ន្ធយុត្តិធម៌កម្ពុជាតែប៉ុណ្ណោះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក បានស្នើឲ្យអាជ្ញាធរកម្ពុជាផ្តល់សេរីភាពដល់អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី ចំនួនពីរនាក់ដែលត្រូវបានចាប់ដាក់ពន្ធនាគារ ក្រោមបទ«ចារកម្ម»។ នេះបើយោងតាមសេចក្តីប្រកាសរបស់អង្គការសិទ្ធិមនុស្សនេះ ដែល VOA ទទួលបាន។
ក៏ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌របស់រដ្ឋាភិបាលកម្ពុជា បានច្រានចោលការស្នើ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សនេះ ដោយបានថ្លែងចំអកដល់អង្គការសិទ្ធិមនុស្ស មួយនេះថា បានចេញសេចក្តីថ្លែងការណ៍នានា ដោយយោងទៅតាមតែគំនុំផ្ទាល់ខ្លួន និងគ្មានភ្ជាប់ការធានាអះអាងខាងច្បាប់នោះទេ។
យោងតាមសេចក្តីប្រកាសរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានបញ្ជាក់ឲ្យដឹងថា អាជ្ញាធរកម្ពុជាគួរតែទម្លាក់ចោលបទ ចារកម្មដែលត្រូវបានប្រឌិតឡើង ប្រឆាំងនឹងអតីតអ្នកកាសែតពីរនាក់ គឺលោក អ៊ួន ឈិន និងលោក យាង សុធារិនជាបន្ទាន់ ហើយត្រូវដោះលែងអ្នកទាំងពីរ ដោយគ្មានលក្ខខណ្ឌ។
លោក ប្រេដ អាដាមស៍ (Brad Adams) នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី ត្រូវបានស្រង់សម្តីតាមន័យដើមថា៖
«នៅមុនការបោះឆ្នោតជាតិខែកក្កដា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចាប់ខ្លួនអ្នកកាសែត សកម្មជននិងអ្នកនយោបាយជាច្រើននាក់ដាក់គុក»។
លោកប្រេដ អាដាមស៍ បានថ្លែងបន្ថែមថា៖«ជាការសងសឹងរបស់ខ្លួនប្រឆាំងនឹងវិទ្យុអាស៊ីសេរី (RFA) ចំពោះសេចក្តីរាយការណ៍ដែលមានលក្ខណៈទិតៀននោះ រដ្ឋាភិបាលបានប្រឌិតបទចារកម្មដែលមិនសមហេតុផល ប្រឆាំងនឹងអតីតអ្នកកាសែតគឺលោកអួន ឈិន និង លោកយាង សុធារិន ដែលគួរតែត្រូវបានដោះលែងឲ្យមានសេរីភាពវិញជាបន្ទាន់»។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានបញ្ជាក់ឲ្យដឹងបន្តតាមសេចក្តីប្រកាសរបស់ខ្លួនថា ការចាប់ខ្លួនអតីតអ្នកយកព័ត៌មានទាំងពីរនាក់នេះ កាលពីប្រាំមួយខែមុន គឺជាផ្នែកមួយនៃការបង្ក្រាបដែលអាជ្ញាធររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបន្តធ្វើ មកលើប្រព័ន្ធផ្សព្វផ្សាយ ក្រុមសង្គមស៊ីវិល និងក្រុមអ្នកនយោបាយជំទាស់ ដែលបានធ្វើឲ្យអតីតអ្នកកាសែតរបស់វិទ្យុអាស៊ីសេរី និងអ្នកកាសែតផ្សេងទៀត សកម្មជន និងសមាជិកគណបក្សប្រឆាំងជាច្រើនភៀសខ្លួនចេញពីប្រទេស។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ យល់ថា សេចក្តីប្រកាសរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស មិនអាចដាក់សម្ពាធមកលើប្រព័ន្ធយុត្តិធម៌របស់កម្ពុជាបានទេ។ លោកបញ្ជាក់ថា រាល់ការចេញសេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សនេះ គឺធ្វើឡើងដោយឈរការសងសឹកជាលក្ខណៈបុគ្គល និងមិនមែនផ្អែកលើទិដ្ឋភាពបច្ចេកទេសច្បាប់នោះទេ។ លោកថា មន្ត្រីអង្គការនេះ គួរបើកការសិក្សាទៅលើនិតីវិធីច្បាប់ ដើម្បីបានជាទុនមកជួយអតីតអ្នកសារព័ត៌មានពីរនាក់របស់វិទ្យុអាស៊ីសេរីនោះ។
«ជាជាងការចេញសេចក្តីថ្លែងការណ៍ ដោយគ្មានមូលដ្ឋានច្បាប់ ហើយជាកំហឹង ជាការចងគំនុំបែបនេះ គាត់គួរតែធ្វើការសិក្សា លើបច្ចេកទេសច្បាប់ ហើយចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការវិញ បានន័យថា ស្វែងរកភស្តុតាងឲ្យបានច្បាស់លាស់ សិក្សាលើទិដ្ឋភាពច្បាប់ឲ្យបានច្បាស់ អង្គហេតុ អង្គច្បាប់ ទល្ហីករណ៍ឲ្យបានរឹងម៉ាំ ហើយរកមេធាវីដែលពូកែចូលរួមក្នុងការតទល់ ដំណើរការរឿងក្តីនៅតុលាការជាការប្រសើរជាង»។
អង្គការឃ្លំាមើលសិទ្ធិមនុស្ស (Human Rights Watch) បានថ្លែងបញ្ជាក់បន្ថែមក្នុង សេចក្តីប្រកាសរបស់ខ្លួនចេញផ្សាយកាលពីថ្ងៃទី ១២ ខែឧសភាថា នៅក្នុងខែមីនា ឆ្នាំ២០១៨ ព្រះរាជអាជ្ញាបានបន្ថែមបទចោទដែលគ្មានមូលដ្ឋាន និងដោយគ្មានភស្តុតាងផ្សេងទៀត ប្រឆាំងនឹងលោកសុធារិន និងលោកឈិនថា អ្នកទាំងពីរបានផលិតរូបភាពអាសអាភាស។
បទចោទនេះ គឺបន្ថែមលើបទ «ចារកម្ម» ដែលពួកគេទាំងពីរនាក់ត្រូវបានចោទប្រកាន់ ដោយសារការបន្តផ្ញើរបាយការណ៍ព័ត៌មានទៅឱ្យវិទ្យុអាស៊ីសេរីដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
អង្គការឃ្លំាមើលសិទ្ធិមនុស្សបានថ្លែងប្រកាសរបស់ខ្លួនបន្តថា ទំនងជាមានការភ័យខ្លាចចំពោះបរាជ័យក្នុងការបោះឆ្នោត ដែលគ្រោងនឹងធ្វើឡើងនៅខែកក្កដានោះ រដ្ឋាភិបាលលោកហ៊ុន សែន បានចាត់វិធានការបង្ក្រាបយ៉ាងទូលំទូលាយ ដោយបានអះអាងទាំងគ្មានមូលដ្ឋានថា គណបក្សប្រឆាំងនិងអ្នករិះគន់ គឺជាផ្នែកមួយនៃ «បដិវត្តន៍ពណ៌» ដែលគាំទ្រដោយបរទេស ក្នុងបំណងផ្តួលរំលំរដ្ឋាភិបាល។ វិធានការរបស់រដ្ឋាភិបាលបានរំលោភបំពានសិទ្ធិនានា ទៅលើនីតិវិធីកាត់ក្តីត្រឹមត្រូវ សេរីភាពបញ្ចេញមតិនិងសេរីភាពសមាគម ស្ថិតក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍បន្ថែមថា អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) រមែងតែចេញសេចក្តីថ្លែងការណ៍គាំទ្រ ក្រុមដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល។ លោកមានប្រសាសន៍ថា៖
«ឲ្យតែការអនុវត្តច្បាប់ទៅលើក្រុមប្រឆាំង ឬក៏ក្រុមដែលមាននិន្នាការផ្ទុយទៅនឹងរដ្ឋាភិបាល ឬក្រុមសកម្មជនបក្សប្រឆាំង ក្រុមដែលគាំទ្របក្សប្រឆាំងហ្នឹង គាត់ចាត់ទុកថា អាហ្នឹងជារឿងនយោបាយ។ ក៏ប៉ុន្តែគាត់អត់បានវិភាគជាលម្អិត ទៅលើទិដ្ឋភាពច្បាប់ និងបច្ចេកទេសច្បាប់ ថាតើទង្វើនោះ វាមានធាតុផ្សំបង្កើតទៅជាបទល្មើសគ្រប់គ្រាន់ទៅតាមបញ្ញត្តិច្បាប់កម្ពុជាដែរក៏អត់។ យើងមើលសេចក្តីថ្លែងការណ៍ ការចោទប្រកាន់របស់គាត់ មិនដែលមានលើកណា ដែលផ្អែកលើទិដ្ឋភាពបច្ចេកទេសច្បាប់នោះទេ ក្រៅតែពីពាក្យថា ជារឿងនយោបាយដាក់សម្ពាធ ហើយយើងយល់ហើយក្នុងទស្សនរបស់គាត់ ឲ្យតែអនុវត្តន៍ច្បាប់ទៅលើគ្នាគាត់ ទៅក្រុមបក្ខពួករបស់គាត់ អាហ្នឹងគាត់ថា ជារឿងនយោបាយ»។
បន្ថែមលើសេចកី្តអធិប្បាយរបស់អង្គការឃ្លំាមើលសិទ្ធិមនុស្សចំពោះការចាប់ដាក់គុកអតីតអ្នកកាសែតវិទ្យុអាស៊ីសេរីពីរនាក់នោះ អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងកាលពីខែមេសាថា រដ្ឋាភិបាលកម្ពុជា គួរតែអនុញ្ញាតឲ្យសង្គមស៊ីវិលរួមទាំងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យផង អាចបំពេញការងាររបស់ពួកគេបាន ដែលការងារនេះ ត្រូវបានធានាការពារដោយរដ្ឋធម្មនុញ្ញ។
អ្នកស្រី Katina Adams អ្នកនាំពាក្យការិយាល័យកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វ្រិកនៃក្រសួងការបរទេសអាមេរិក បានមានប្រសាសន៍ថា ក្រសួងការបរទេស បានដឹងអំពីរបាយការណ៍ដែលថា រដ្ឋាភិបាលកម្ពុជា បានបន្ថែមបទចោទប្រកាន់ទៅលើអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូបគឺលោក អ៊ួន ឈិន និងលោក យាង សុធារិន។
អ្នកស្រី Katina Adams អ្នកនាំពាក្យការិយាល័យកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វ្រិកនៃក្រសួងការបរទេសអាមេរិក បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកស្រីថា៖
«ការចោទប្រកាន់ពីបទចារកម្ម ប្រឆាំងនឹងអតីតអ្នកកាសែតអាស៊ីសេរីទាំងពីរនាក់នេះ គឺជាការប៉ុនប៉ងខាងនយោបាយក្នុងការធ្វើឲ្យខ្សោយដល់សេរីភាពប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងធ្វើឲ្យអ្នកកាសែតផ្សេងទៀតខ្លាចរអារ មិនហ៊ានបំពេញកិច្ចការរបស់ខ្លួន»។
លោក កែវ វ៉ាន្នី មេធាវីការពារក្តីរបស់អតីតអ្នកកាសែតវិទ្យុអាស៊ីសេរីទាំងពីរនាក់ សុំ មិនធ្វើការអធិប្បាយទៅលើ ការអះអាងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សទាក់ទិនភាពស្អាតស្អំរបស់កូនក្តីលោក តែលោកថា តាមការតស៊ូខាងច្បាប់នៅតុលាការកន្លងមក លោកមើលមិនឃើញភស្តុតាងដែលអាចគាំទ្រដល់បទចោទនានាប្រឆាំងនឹងកូនក្តីលោកនោះទេ។
«សម្រាប់ខ្ញុំជាមេធាវី នៅក្នុងរឿងក្តីហ្នឹង ជាអ្នកបច្ចេកទេសខ្ញុំ ខ្ញុំពុំទាន់ឃើញមានភស្តុតាងដាក់បន្ទុក លើពួកគាត់ទាំងពីរនាក់ទេបាទ ពីខាងតុលាការទេបាទ»។
បច្ចុប្បន្ន ក្រៅពីអតីតអ្នកកាសែតអាស៊ីសេរីទាំងពីរនាក់ ក៏មានអ្នកថតភាពយន្តឯកសារជនជាតិអូស្ត្រាលីម្នាក់ទៀតកំពុងជាប់ឃុំបណ្តោះអាសន្នរង់ចាំការកាត់ទោស និងអតីតអ្នកកាសែត The Cambodia Daily ២នាក់ទៀត កំពុងរស់នៅភៀសខ្លួនក្រៅប្រទេស ដោយសារតែការចោទប្រកាន់ពីអាជ្ញាធរកម្ពុជាកាលពីចុងឆ្នាំ២០១៧មក៕