ក្រុមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះ បានបង្គាប់ឲ្យធ្វើការស៊ើបអង្កេតសំណុំរឿងលោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន ឡើងវិញ និងបានពន្យារពេលប្រកាសសាលក្រមសារជាថ្មី។
នៅក្នុងបន្ទប់ដែលអតីតអ្នកកាសែតវិទ្យុអាស៊ីសេរីទាំងពីរអង្គុយរង់ចាំការប្រកាសសាលក្រមលើករណីរបស់ខ្លួននៅថ្ងៃនេះ ចៅក្រម អ៊ឹម វណ្ណៈ បានប្រកាសថាព័ត៌មានក្នុងរឿងក្តីនេះមិនទាន់គ្រប់គ្រាន់ ហើយត្រូវការពេលវេលាសម្រាប់ធ្វើការស៊ើបអង្កេតបន្ថែមទៀត។ ដូច្នេះការប្រកាសសាលក្រមនៅថ្ងៃនេះ ត្រូវលើកទៅពេលក្រោយវិញ។ ហើយចៅក្រម អ៊ឹម វណ្ណៈ ប្រកាសផ្ទេរករណីនេះទៅឲ្យចៅក្រមស៊ើបសួរបន្តដើម្បីស៊ើបអង្កេតបន្ថែមទៀត។
យោងតាមការប្រកាសរបស់ចៅក្រម អ៊ឹម វណ្ណៈ តុលាការនិងអ្នកជំនាញនឹងបន្តស៊ើបអង្កេតឧបករណ៍ គ្រឿងបរិក្ខារ របស់លោក អ៊ួន ឈិនថាបានប្រើប្រាស់សម្រាប់ផ្ទុកនិងបញ្ជូនព័ត៌មានទៅបរទេសឬទេ និងសិក្សាអត្ថបទសារព័ត៌មានដែលអ្នកទាំងពីរធ្លាប់សរសេរបន្ទាប់ពីវិទ្យុអាស៊ីសេរី បានបិទការិយាល័យនៅកម្ពុជាជាដើម ព្រមទាំងស៊ើបរកជនដែលជាប់ពាក់ព័ន្ធនឹងពួកគេ។
លោក យាង សុធារិន្ទ ហៅយាង សុជាមេត្តា ដែលជាអតីតការីនិពន្ធ និងជាអតីតអ្នកគ្រប់គ្រងការិយាល័យវិទ្យុអាស៊ីសេរីប្រចាំក្រុងភ្នំពេញ បានបង្ហាញការមិនពេញចិត្តចំពោះការសម្រេចនេះ។
«បញ្ហាត្រង់ថាពេលវេលានៃការស៊ើបអង្កេតវាយូរហើយ ហើយវាប៉ះពាល់សេរីភាពដល់យើងខ្ញុំទាំងពីរនាក់។ អ៊ីចឹងខ្ញុំជឿថាតុលាការគួរណាស់យកចិត្តទុកដាក់ពីប្រជាពលរដ្ឋរបស់ខ្លួន យកចិត្តទុកដាក់ពីសេរីភាពប្រជាពលរដ្ឋរបស់ខ្លួន»។
ចំណែកលោក អ៊ួន ឈិន អតីតអ្នកថតវីដេអូឲ្យវិទ្យុនេះ ក៏បានបង្ហាញការខកចិត្តដូចគ្នាដែរ។
«អ្វីដែលយើងរំពឹងទុកហ្នឹងណា ថាថ្ងៃនេះអ្វីៗនឹងជ្រះស្រឡះសខ្មៅ យើងឃើញច្បាស់ណាហើយថាតើយើងត្រូវដើរទៅមុខទៀតយ៉ាងណាៗ។ ហើយដល់ពេលមក នីតិវិធីត្រឡប់ត្រឡិនអ៊ីចឹង យើងវាអត់យល់ទេ»។
អ្នកឃ្លាំមើលសិទ្ធិមនុស្ស អ្នកសារព័ត៌មាន មន្ត្រីស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតស៊ុយអែតនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានចូលរួមស្ដាប់ការប្រកាសសាលក្រម នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ មុននឹងត្រូវលើកពេល។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក អ្នកស្រី Emily Zeeberg បដិសេធផ្ដល់ការអធិប្បាយនៅព្រឹកនេះបន្ទាប់ពីសាលក្រមបានបញ្ចប់។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ដែលបានចូលរួមក្នុងការប្រកាសសាលក្រមនេះដែរ អះអាងថាការពន្យារពេលប្រកាសសាលក្រមនេះ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់អតីតអ្នកកាសែតទាំងពីរ។
«ខ្ញុំយល់ថានីតិវិធីនេះបានពន្យារពេលច្រើន ហើយពួកគាត់បានរងការចោទប្រកាន់នេះជាយូរមកហើយ។ ហើយយើងមើលទៅ សិទ្ធិរបស់គាត់នៅក្នុងការទទួលបានសិទ្ធិក្នុងការជំនុំជម្រះដោយយុត្តិធម៌ត្រូវបានប៉ះពាល់»។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ អ្នកទាំងពីរត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងត្រូវបានចោទប្រកាន់ដូចគ្នាពីបទ«ផ្ដល់ព័ត៌មានដល់រដ្ឋបរទេសដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ» ឬស្មើនឹងបទធ្វើចារកម្មឲ្យបរទេស និងការចោទប្រកាន់អំពីបទផលិតវីដេអូ អាសអាភាស។ ប្រសិនបើតុលាការ រកឃើញថាមានទោស អតីតអ្នកកាសែតទាំងពីរប្រឈមនឹងទោសជាប់ពន្ធនាគារពី៧ ដល់ ១៥ ឆ្នាំ។
ទោះយ៉ាងណា លោកបានច្រានចោលបទចោទនេះដោយអះអាងថាខ្លួនមិនមានកំហុសអ្វីឡើយ។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Rights Watch) ប្រចាំតំបន់អាស៊ី បានប្រតិកម្ម ប៉ុន្មានម៉ោងក្រោយពីការប្រកាសសាលក្រមត្រូវលើកពេលថា«ការបន្តករណីនេះនឹងបង្កើនការបំភិតបំភ័យមកលើអ្នកសារព័ត៌មាននិងអ្នកនិពន្ធកាសែតក្នុងប្រទេសកម្ពុជាក៏ដូចជាបន្តដាក់ទោសវិទ្យុអាស៊ីសេរីសម្រាប់ការរាយការណ៍ព័ត៌មានឯករាជ្យអំពីអ្វីដែលកំពុងកើតមានក្នុងប្រទេសកម្ពុជា»។
យោងតាមរបាយការណ៍របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែនដែលមានមូលដ្ឋាននៅប្រទេសបារាំង ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាបានធ្លាក់ចុះប៉ុន្មានឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៧ មក៕