សាលាដំបូងរាជធានីភ្នំពេញ នឹងត្រូវប្រកាសសាលក្រមរបស់លោក យៀង សុធារិន្ទ និងលោក អ៊ួន ឈិន នៅថ្ងៃព្រហស្បតិ៍ទី៣ ខែតុលាស្អែកនេះ។
អតីតអ្នករាយការណ៍ព័ត៌មានឲ្យវិទ្យុអាស៊ីសេរីទាំងពីររូប ត្រូវចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ និងត្រូវចោទប្រកាន់ពីបទផ្ដល់ព័ត៌មានឲ្យរដ្ឋបរទេស ឬស្មើនឹងបទចោទអំពីការធ្វើចារកម្ម និងបទចោទមួយទៀតអំពីការផលិតភាពយន្តអាសអាភាស។
ការចោទប្រកាន់ទៅលើពួកគេដោយយោងតាមមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ។ មាត្រានេះ ចែងពីកម្រិតទោសជាប់ពន្ធនាគារចន្លោះពី៧ទៅ១៥ឆ្នាំ។
ទោះជាយ៉ាងណាអ្នកកាសែតទាំងពីររូប បានច្រានចោលការចោទប្រកាន់ទៅលើពួកគេ ហើយបានទាមទារឲ្យមានការលើកលែងការចោទប្រកាន់ទាំងនេះដើម្បីពួកគេអាចមានសិទ្ធិសេរីភាពប្រកបរបរចិញ្ចឹមជីវិត។
សហគមន៍អន្តរជាតិ រួមទាំងស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញផង ធ្លាប់បានប្រតិកម្មចំពោះការចាប់ខ្លួននិងចោទប្រកាន់លើលោក អ៊ួន ឈិន និងលោក យៀង សុធារិន្ទ ហៅយៀង សុជាមេត្តា និងបានទទូចឲ្យមានការដោះលែងនិងទម្លាក់ចោលការចោទប្រកាន់ទៅលើពួកគេ។
អង្គការការពារសេរីភាពអ្នកកាសែត Reporter Without Borders ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង បានដាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់ប្រទេសកម្ពុជានៅលេខរៀងទី១៤២ ក្នុងចំណោមប្រទេសសរុបចំនួន១៨០ កាលពីឆ្នាំ២០១៨។ ពោលគឺចំណាត់ថ្នាក់នេះ បានធ្លាក់ចុះចំនួនដប់លេខ បើធៀបទៅនឹងការវាយតម្លៃកាលពីឆ្នាំ២០១៧។
អង្គការឃ្លាំមើលសេរីភាពសារព័ត៌មានដដែលបាននិយាយយោងទៅដល់ការបង្ក្រាបសារព័ត៌មានឯករាជ្យនៅមុនការបោះឆ្នោតសកលកាលពីឆ្នាំ ២០១៨៕