ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋបាល​រាជធានី​ភ្នំពេញ​អនុញ្ញាត​ទីតាំង​លក់​អាហារ​ទទួល​ភ្ញៀវ​បាន ប៉ុន្តែ​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​ដែល​មាន​ស្តង់ដា


រូបឯកសារ៖ បុគ្គលិកម្នាក់ស្ថិតក្នុងឯកសណ្ឋានការពារការឆ្លងមេរោគកំពុងបាញ់ថ្នាំសម្លាប់មេរោគនៅលើតុនិងកៅអី នៅក្នុងភោជនីយដ្ឋានមួយដែលបានបិទ នៅខេត្តកណ្តាល កាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២០។
រូបឯកសារ៖ បុគ្គលិកម្នាក់ស្ថិតក្នុងឯកសណ្ឋានការពារការឆ្លងមេរោគកំពុងបាញ់ថ្នាំសម្លាប់មេរោគនៅលើតុនិងកៅអី នៅក្នុងភោជនីយដ្ឋានមួយដែលបានបិទ នៅខេត្តកណ្តាល កាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២០។

រដ្ឋបាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​បាន​ចេញ​ផ្សាយ​សេចក្តី​សម្រេច​ថ្មី​មួយ​ដោយ​អនុញ្ញាត​ការ​ចូល​ទទួល​ទាន​អាហារបាន​ជា​ធម្មតា ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​ភោជនីយ​ដ្ឋាន និង​អាហារដ្ឋាន​ទាំង​នោះ មាន​ស្តង់ដាគោរព​តាម​វិធាន​សុខាភិបាល ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​វីរុស​បំប្លែង​ថ្មី​ដែលតា ​(Delta) ​ដែល​ត្រូវ​បាន​ក្រសួង​សុខាភិបាល​ប្រកាស​រក​ឃើញ​នៅ​រាជធានី​ភ្នំពេញ។

កាល​ពី​សប្តាហ៍​មុន រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​ចេញ​វិធានការ​រដ្ឋបាល​ក្នុង​ភូមិសាស្រ្ត​រាជ​ធានី​ភ្នំពេញ ដោយផ្អាក​ជា​បណ្តោះ​អាសន្ន​ចំពោះ​សកម្ម​ភាព​ការងារ​មុខរបរ​ឬអាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុង​រយៈ​ពេល​១៤​ថ្ងៃ គឺ​រហូត​ដល់​ថ្ងៃ​ទី​១២​ខែ​សីហា។ កាល​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ភោជនីយដ្ឋាន អាហារដ្ឋាន​ហាង​កាហ្វេ​ជា​ដើម​មិន​ត្រូវ​អនុញ្ញាតឲ្យ​អតិថិជន​ចូល​ទទួលទាន​បាននោះ​ទេ គឺ​បាន​ត្រឹម​តែវេច​ខ្ចប់​តែ​ប៉ុណ្ណោះ។

ប៉ុន្តែ​នៅ​ក្នុង​សេចក្តី​សម្រេច​ថ្មី​ចុះ​ថ្ងៃ​ទី​៣ ខែ​សីហា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​សម្រេច​អនុញ្ញាត​ឲ្យ​ភោជនីយដ្ឋាន​និង​អាហារដ្ឋាន ដែល​មាន​លក្ខណៈ​ស្តង់ដា និង​បាន​គោរព​តាម​វិធាន​សុខាភិបាល​អាច​ឲ្យ​អតិថិជន​ចូល​ទទួល​ទាន​បាន​ធម្មតា។ អាជ្ញាធរឲ្យ​ដឹង​ទៀត​ថា​ការ​អនុញ្ញាត​ឲ្យ​ភោជនីយដ្ឋាន និង​អាហាដ្ឋាន​មួយ​ចំនួន​បើក​ដំណើរ​ការ​នេះ គឺ​ដោយ​សារ​តែ​កន្លែង​ទាំង​នោះ​មាន​ស្តង់ដា​អនាម័យ ហើយ​បាន​ចូលរួម​អនុវត្ត​ការងារបាន​ល្អ​ប្រសើរ និង​ដើម្បី​ជា​ការ​ជំ​រុញ​ចរន្ត​សេដ្ឋកិច្ច​ក្នុង​អំឡុង​ពេល​នៃ​ការ​ដាក់​ចេញ​វិធានការ​រដ្ឋបាល​នេះ។

រូបឯកសារ៖ អតិថិជនអង្គុយដោយរក្សាគម្លាតពីគ្នានៅក្នុងអាហារដ្ឋានមួយ នៅរាជធានីភ្នំពេញកាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១។
រូបឯកសារ៖ អតិថិជនអង្គុយដោយរក្សាគម្លាតពីគ្នានៅក្នុងអាហារដ្ឋានមួយ នៅរាជធានីភ្នំពេញកាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១។

ក្នុង​សេច​ក្តី​ណែនាំ​មួយ​ចុះ​ថ្ងៃ​ទី​៣ ខែ​សីហា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​គោលការណ៍​អនុញ្ញាត​ចំពោះ​ភោជនីយដ្ឋាន​-អាហារដ្ឋាន មាន​ដូចជា​ធានា​បាន​នូវ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ជា​ពិសេស​ការ​រក្សា​បាន​នូវ​គម្លាត​សុវត្ថិភាព​បុគ្គល​និង​សង្គម ចាំបាច់​ត្រូវ​កំណត់​ចំនួន​អតិថិជន​សមាមាត្រនឹង​ទំហំ​ទីតាំង ដើម្បី​រក្សា​ឲ្យ​បាន​ជា​ដាច់​ខាត​នូវ​គម្លាត​មួយ​ម៉ែត្រ​កន្លះ និង​ដើម្បី​ធានា​ឲ្យ​មាន​ខ្យល់​ចេ​ញ​ចូល​គ្រប់គ្រាន់ ។

សេចក្តី​ណែនាំ​នេះ​បញ្ជាក់​ថា​ភោជនីយដ្ឋាន-អាហារដ្ឋាន​ដាច់​ខាត​មិន​ត្រូវ​លក់​គ្រឿង​ស្រវឹង​ឬ​អនុញ្ញាត​ឲ្យ​អតិថិ​ជន​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ក្នុង​បរិវេណ​អាជីវកម្ម​របស់​ខ្លួន​ឡើយ ជា​ពិសេស​ត្រូវ​អនុវត្ត​បម្រាម​គោចរ ដោយ​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​រាល់​សកម្ម​ភាព​អាជីវកម្ម​នៅ​ចន្លោះ​ម៉ោង​២១​យប់​ដល់​ម៉ោង​៣​ទៀប​ភ្លឺ។

ក្នុង​ករណី​បំពាន​វិធានការ​រដ្ឋបាល​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ព្រមាន​ថា​នឹងចាត់​វិធាន​ការ​រដ្ឋបាល និង​វិធាន​ការ​ច្បាប់ «ដោយ​គ្មាន​ការ​លើក​លែង»។

លោក មាន ចាន់យ៉ាដា អភិបាល​រង​រាជ​ធានី​ភ្នំពេញ បាន​ប្រាប់​ VOA​ យ៉ាង​ខ្លី​ថា​លោកសុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ហើយ​ឲ្យ​សួរ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​វិញ។

លោក​ថ្លែង​ថា៖ «សុំ​ទាក់​ទង​ទៅ​អ្នកនាំ​ពាក្យ​ខ្ញុំ​អត់ជា​អ្នក​នាំ​ពាក្យ​ទេ»។

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​លោក ​ម៉េត មាសភក្តី​ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ពុធ​នេះ។

រូបឯកសារ៖ ស្ត្រីម្នាក់កំពុងពិនិត្យសីតុណ្ហភាពនៅកន្លែងត្រួតពិនិត្យមួយកន្លែង មុននឹងចូលផ្សារកណ្តាលនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១។
រូបឯកសារ៖ ស្ត្រីម្នាក់កំពុងពិនិត្យសីតុណ្ហភាពនៅកន្លែងត្រួតពិនិត្យមួយកន្លែង មុននឹងចូលផ្សារកណ្តាលនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១។

លោក ​ម៉ុក ច័ន្ទករុណា​ អភិបាល​រង​ខណ្ឌ​ដូនពេញ​ប្រាប់​ VOA​ នៅ​ថ្ងៃ​ពុធ​នេះ​ថា​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​ចិត្តឲ្យ​បើក​ភោជនីយដ្ឋាន​ឡើង​វិញ​នេះ លោក​សុំ​មិន​បញ្ជាក់​លម្អិតនោះ​ទេ ពីព្រោះ​ជា​ការ​សម្រេច​របស់​ថ្នាក់​លើ។ ប៉ុន្តែលោក​បញ្ជាក់​ថា​ការ​អនុញ្ញាត​នោះ ដោយ​សារ​តែ​ហាង និង​កន្លែង​មួយ​ចំនួន​នោះ​បាន​អនុវត្ត​តាម​វិធាន​ការ​រដ្ឋបាល និង​វិធាន​ការ​សុខាភិបាល​បាន​ល្អ​ក្នុង​ការ​ចូល​រួម​ការពារ​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។

លោក​បាន​ថ្លែង​ថា៖ «ដោយ​សារ​បង​ប្អូន​ប្រជាពល​រដ្ឋ​ទីតាំង​ភោជនីយ​ដ្ឋាន អាហា​រដ្ឋាន​មួយ​ចំនួន គឺ​បំពេញ​លក្ខ​ខណ្ឌ ហើយ​បាន​រៀប​ចំ​ឡើង​វិញ កែ​លម្អ​ទីតាំង​គាត់​ឲ្យ​អាច​ទទួល​ភ្ញៀវ​បាន​ក្នុង​អំឡុង​បរិបទ​យើង​ឥ​ឡូវនេះ...។ អញ្ចឹង​ឃើញ​ថា​គាត់​រៀប​ចំ​បាន​ល្អ​ប្រសើរ ហើយ​ក្រុម​ការងារសង្កាត់ខណ្ឌ​លោក​ទៅ​មើលទៅ​ឃើញ​ថា​ទីតាំង​គាត់​អាចឲ្យ​ភ្ញៀវ​ចូល​អង្គុយ​បាន គឺ​រៀប​ចំ​តាម​ហ្នឹង»។

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា​សួន​សាធារណៈ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ក៏​ត្រូវ​បាន​ហាម​មិន​ឲ្យ​មាន​ការ​ជួប​ជុំ ការដើរ​ហាត់​ប្រាណ ឬ​ធ្វើ​សកម្ម​ភាព​កីឡា​ណា​មួយ​នោះ​ទេ។

លោក ម៉ុក ច័ន្ទ​ករុណា អភិបាលរង​ខណ្ឌ​ដូនពេញ បាន​ឲ្យ​ដឹង​ថា​សួន​កម្សាន្ត និង​កន្លែង​ដើរ​ហាត់​ប្រាណ​តាម​ទី​សាធារ​ណៈ មិន​ត្រូវ​បាន​អនុញ្ញាតឲ្យ​ប្រជាពល​រដ្ឋ​ជួប​ជុំ​នោះ ពីព្រោះ​ដើម្បី​រក្សា​សុវត្ថិភាព និងការពារ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​។

លោក​បន្ថែម​ថា៖ «ចំពោះ​ការ​ហាត់​ប្រាណ តាម​ទី​សាធារណៈ​ហ្នឹង គឺ​យើង​ក៏​បាន​កំណត់​ផង​ដែរ គឺ​អត់​មាន​ការ​ជួប​ជុំ​ប្រមូល​ម្តុំ​អី​ទេ ឲ្យ​គាត់​រក្សា​គម្លាត​ពាក់​ម៉ាស់ អត់​មាន​ការ​ហាត់​កីឡា​រួម​គ្នា សកម្ម​ភាព​រួម​គ្នា​អត់​មាន​ទេ។ ការងារ​របស់​ប្រជាពល​រដ្ឋ​យើង​យើង​ត្រូវ​តែ​ចូលរួម។ កន្លែងណា​ដែល​មាន​មនុស្ស​អ៊ូអរ មនុស្ស​ច្រើន​ទី​ប្រជុំ​ជនហ្នឹង​យើង​កាត់​បន្ថយ​ បើល្អ​នៅ​ផ្ទះ​»។

លោក សាយ ចន្ថា ចៅ​សង្កាត់​ចតុ​មុខ​ក្នុង​ខណ្ឌ​ដូន​ពេញ បាន​ប្រាប់​ VOA​ ថា ​អាជ្ញាធរ​ខណ្ឌ​បាន​ផ្សព្វ​ផ្សាយ​តាម​ឧគ្ឃោសនសព្ទ​នៅ​តាម​មាត់​ទន្លេ និង​នៅតាម​ទី​សាធារណៈ​អំពី​វិធានការ​របស់ក្រសួង​សុខាភិបាល​ដល់​ប្រជាពលរដ្ឋ និង​បាន​ចុះ​ណែនាំ​ដល់​ភោជនីយ​ដ្ឋាន​ជា​ប្រចាំ​ក្នុងការ​ចូល​រួម និង​ទប់​ស្កាត់ការ​ឆ្លង​នៃ​ជំងឺ​កូវីដ​១៩​នេះ។

លោក​ថ្លែង​ថា៖ «យើង​ចុះ​ណែនាំ​គាត់​[ភោជនីយ​ដ្ឋាន​]​ជា​ប្រចាំ​ហ្នឹង​មិន​ឲ្យ​គាត់​ខុស​ទេ»។

រូប​ឯកសារ៖ បុរសម្នាក់ដើរកាត់ខាងមុខផ្សារចាស់​ក្នុង​រាជធានី​ភ្នំពេញ ដែលត្រូវបិទដំណើរការលក់ដូរ ក្នុងអំឡុងពេលបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
រូប​ឯកសារ៖ បុរសម្នាក់ដើរកាត់ខាងមុខផ្សារចាស់​ក្នុង​រាជធានី​ភ្នំពេញ ដែលត្រូវបិទដំណើរការលក់ដូរ ក្នុងអំឡុងពេលបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ចំណែក​ចៅ​សង្កាត់​ផ្សា​រដើម​គរ លោក ទិត្យ​ សាមឿន ប្រាប់​ VOA​ នៅថ្ងៃ​ពុធ​នេះ​ថា​កាល​ពី​ថ្ងៃ​អង្គារ ប្រជា​ពល​រដ្ឋ និ​ង​អាជីវករ​នៅ​ផ្សារ​ដើមគរ​ប្រមាណ​៣០០​នាក់ បាន​ធ្វើ​តេស្ត​រក​កូវីដ​១៩ ក្រោយ​សង្ស័យ​ពាក់​ព័ន្ធ​នឹង​វីរុស​កូវីដ​១៩​ថ្មី ប្រភេទ​ដែលតា (Delta) ប៉ុន្តែ​មិន​មាន​អ្នក​ណា​ម្នាក់​មាន​វិជ្ជមាន​នោះ​ទេ។ ប៉ុន្តែ​អាជ្ញាធរ​បាន​ផ្អាក​ដំណើរការ​ផ្សារ​ដើមគរ រយៈ​ពេល​៣​ថ្ងៃ ដែល​រាប់​ចាប់​តាំង​ពី​ថ្ងៃ​ពុធ​នេះ​រហូត​ដល់​ថ្ងៃ​សុក្រ ដើម្បី​បាញ់​ថ្នាំ​សម្លាប់​មេរោគ។

លោក​បាន​ថ្លែង​ថា៖ «ម្សិលមិញ យើង​យក​សំណាក​អាជីវករ ហើយ​អ្នក​លក់ដូរ​នៅតំ​បន់​ជុំ​វិញ​ផ្សារ​ហ្នឹង​គឺ​៣៤០​នាក់ [ដែល]​លទ្ធ​ផល​អវិជ្ជ​មាន​ទាំង​អស់។ ប៉ុន្តែ​ការ​វាយ​តម្លៃ​របស់​ក្រសួង​សុខាភិបាល​គឺ​ផ្សារ​យើង គឺ​គាត់​ណែនាំ​ឲ្យ​ផ្អាក​ដំណើរ​ការ​៣​ថ្ងៃ ដើម្បី​រៀប​ចំ​សណ្តាប់​ធ្នាប់ ការ​បាញ់​ថ្នាំ​សម្លាប់​មេ​រោគ​និង​អនុវត្ត​វិធាន​សុខាភិបាល»។

លោក​បណ្ឌិត​ គី​ សេរី​វឌ្ឍ អ្នក​ស្រាវ​ជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ប្រាប់​VOA​ថា​ការ​អនុញ្ញាត​ឲ្យភោជនីយ​ដ្ឋាន​បើក​ដំណើរ​ការ​ទទួល​ភ្ញៀវ​ចូល​ទទួល​ទាន ជា​ការ​ល្អ​មួយ ពីព្រោះ​វា​អាច​ជួយ​ដល់​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ឲ្យមាន​ភាព​ប្រសើរ​ឡើង​វិញ។ ម្យ៉ាង​ទៀត​វា​ក៏​ជួយ​ដល់​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ដែល​បម្រើ​ការ​នៅ​ក្នុងវិស័យ​នេះ ដើម្បី​កុំ​ឲ្យបាត់​បង់​ចំណូល។

លោក​ថ្លែង​ថា៖ «ពាក់​ព័ន្ធ​ជា​មួយ​វិស័យ​នេះ កាល​ណា​យើង​បិទ​ខ្ទប់​ទាំង​អស់​ហ្នឹង​គឺស្ថានភាព​វា​ធ្លាក់​ចូល​ទៅ​ដល់បញ្ហាទៅ​ដល់​អ្នក​ដែល​មា​ន​ចំនួល​ទាប​ជា​ពិសេស​គឺ​ក្រុម​បំពេញ​ការងារ​តាម​ភោជនីយដ្ឋាន ម្ចាស់​ភោជនីយដ្ឋានដែល​គាត់​ត្រូវ​ជួ​ល​ផ្ទះ​គេ។ ដូច្នេះ​ការ​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​នៅ​ពេល​ដែល​ភោជនីយ​ដ្ឋាន​មិន​មែន​ជា​ភោជនីយដ្ឋាន​ដែល​ធ្វើ​ឲ្យ​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ធ្វើ​ឲ្យ​ឆ្លង​ទេ​នោះ​គឺ​ជា​ពេល​វេលា​មួយ​ដែល​យើង​ត្រូវ​ធ្វើ​ហើយ ពី​ព្រោះ​ខ្ញុំ​ជឿ​ថា​អ្វី​ដែល​ស្ថានភាព​សេដ្ឋ​កិច្ច​របស់​យើង​បច្ចុប្បន្ន​នេះ កំពុង​តែ​អាចនឹងឈាន​ទៅ​រក​ភាព​ទ្រុឌទ្រោម»។

គួរ​បញ្ជាក់​ថា​ក្រៅ​ពី​បម្រាម​គោចរ​ចាប់​ពី​ម៉ោង​៩​យប់​ដល់​ម៉ោង​៣ទៀប​ភ្លឺ ដែល​នឹង​មាន​សុពលភាព​រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏​បាន​ផ្អាក​ការ​ជួប​ជុំ ឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែល​មាន​មនុស្ស​លើស​ពី​១០​នាក់ និង​ហាម​ឃាត់​ការ​ជួប​ជុំ ដើម្បី​សេព​គ្រឿង​ស្រវឹង​ផង​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG