ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋបាលរាជធានីភ្នំពេញហាមឃាត់​បណ្តោះអាសន្ន​ការធ្វើដំណើរ​និង​ការលក់ដូរ ចន្លោះ​ម៉ោង​៩​យប់​ដល់​៣​ទៀបភ្លឺ ខណៈ​ព្រួយបារម្ភ​វីរុស​បំប្លែងថ្មី Delta


រូបឯកសារ៖ អាជ្ញាធររឹតបន្តឹងការធ្វើដំណើរ ក្នុងអំឡុងពេលដាក់បំរាមគោចរ ដើម្បីទប់ស្កាត់ការរីករាលដាល​នៃជំងឺ​កូវីដ១៩ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
រូបឯកសារ៖ អាជ្ញាធររឹតបន្តឹងការធ្វើដំណើរ ក្នុងអំឡុងពេលដាក់បំរាមគោចរ ដើម្បីទប់ស្កាត់ការរីករាលដាល​នៃជំងឺ​កូវីដ១៩ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ដាក់​បម្រាម​គោចរជា​ថ្មី​ទៀត ដោយ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​និង​លក់​ដូរក្នុង​ភូមិ​សាស្រ្ត​រាជ​ធានី​ភ្នំពេញ​ ចន្លោះ​ម៉ោង​៩​យប់​ដល់​ម៉ោង​៣​ទៀប​ភ្លឺ។ នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​នេះ។

បម្រាម​គោ​ចរ​នេះ​ មាន​រយៈ​ពេល​១៤​ថ្ងៃ ដោយ​រាប់​ចាប់​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២១។ រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា ​បម្រាម​គោចរ​នេះ ដើម្បី​ប្រយុទ្ធនិង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។ ការ​ដាក់​បម្រាម​គោចរ​នេះ កើត​ឡើង​ចំ​ពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​រាត​ត្បាត​វីរុស​បំប្លែង​ថ្មី​ដែល​តា​ (Delta) ដែល​ឆ្លង​ខ្លាំង​និង​រហ័ស និង​ការ​ចាប់​ផ្តើម​ដាក់​វិធាន​ការ​តឹង​រ៉ឹង​ក្នុង​ខេត្ត​មួយ​ចំនួន ដែល​ប្រឈម​នឹង​ការ​រាត​ត្បាត​ជំងឺ​នេះ។


បើ​តាម​សេចក្តី​សម្រេច​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​សកម្ម​ភាព​ការងារ​មុខរបរ​ ឬ​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង ផ្អាក​ការ​ជួប​ជុំ​ ឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែល​មាន​មនុស្ស​លើស​ពី​១០​នាក់ និង​ត្រូវ​អនុវត្ត​បម្រាម​គោ​ចរ​ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​រាល់​ការ​ធ្វើ​ចរាចរណ៍ និង​រាល់​សកម្មភាព​ការងារ​មុខរបរ​ ឬ​អាជីវ​កម្ម​ នៅ​ចន្លោះ​ម៉ោង​៩​យប់​ ដល់​ម៉ោង​៣​ទៀប​ភ្លឺ​ លើក​លែង​ការ​ធ្វើ​ដំណើរ​ដែល​មាន​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ។ អាជ្ញាធរ​ ក៏​ហាម​ឃាត់​ការ​ជួប​ជុំ ដើម្បី​សេព​គ្រឿង​ស្រវឹង​ផង​ដែរ។

កន្លង​ទៅ រដ្ឋបាល​រាជធានី​ភ្នំពេញ ​ធ្លាប់​បាន​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ​ទាំង​ស្រុង និង​ដាក់​បម្រាម​គោចរ​ផង​ដែរ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ក្នុង​សេចក្តី​សម្រេច​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ក្នុង​ករណី​រក​ឃើញ​ថា​ បុគ្គល​ទាំង​ឡាយ​ណាបំពាន​វិធាន​ការ​នេះ ត្រូវ​អនុវត្ត​ទណ្ឌកម្ម​រដ្ឋបាល និង​ទណ្ឌកម្ម​ច្បាប់ រួម​ទាំង​ការ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ចំពោះ​បុគ្គល​ល្មើស ស្រប​តាម​ច្បាប់​ស្តី​ពី​ជំងឺ​កូវីដ១៩ ដោយ​គ្មាន​ការ​លើក​លែង​ឡើយ។

គួរ​បញ្ជាក់​ថា ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា​ មាន​សញ្ញា​នៃ​ការ​ថម​ថុយ​ចុះ​នៃ​ការ​ឆ្ល​ង​ក្នុង​តំបន់​រោង​ចក្រ​នៅ​រាជធានី​ភ្នំពេញ ក្រោយ​បញ្ចប់​ការ​ចាក់​វ៉ាក់​សាំង​នៅ​ទីក្រុង​ភ្នំពេញ​បាន​ជាង​២លាន​នាក់។

ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​រាយ​ការណ៍​ករណី​ឆ្លង​ក្នុង​ស្រុក មិន​មែន​នាំចូល​ពី​ក្រៅ​ប្រទេស​ ប្រមាណ​៤៥០​ករណី ហើយ​ក្នុង​នោះ ​ក៏​មាន​ការ​ឆ្លង​នៅ​តាម​បណ្តា​ខេត្ត​នានា​ផង​ដែរ៕

XS
SM
MD
LG