ក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យមានការព្យាបាលជំងឺកូវីដ១៩កម្រិតស្រាលនៅតាមផ្ទះ នៅតាមបណ្តាខេត្តទាំងអស់ទូទាំងប្រទេស ស្របពេលវីរុសជំងឺកូវីដ១៩បំប្លែងថ្មីដែលតា (Delta) កំពុងឆ្លងក្នុងសហគមន៍។
កន្លងទៅ ក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យអ្នកជំងឺកូវីដ១៩ កម្រិតសម្រាល ឬគ្មានរោគសញ្ញាអាចសម្រាកព្យាបាលនៅផ្ទះបានក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តបន្ទាយមានជ័យ ដែលមានកម្រិតឆ្លងខ្លាំង។
នៅក្នុងសេចក្តីសម្រេចចុះថ្ងៃទី២៩ ខែកក្កដា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអនុញ្ញាតឱ្យអាជ្ញាធរនៅតាមបណ្តាខេត្តនានាផ្សេងទៀតអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩នៅតាមផ្ទះ។
សេចក្តីសម្រេចឱ្យដឹងថា៖ «អភិបាលនៃគណៈអភិបាលខេត្ត ត្រូវពិនិត្យ និងរៀបចំលក្ខណៈសម្បត្តិ និងពេលវេលាសមស្រប ដើម្បីដាក់ឱ្យដំណើរការព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅផ្ទះក្នុងភូមិសាស្រ្តខេត្តនីមួយៗ»។
កាលពីថ្ងៃពុធ រដ្ឋាភិបាលបានដាក់ចេញវិធានការបិទខ្ទប់ខេត្តចំនួន៨ ដែលភាគច្រើននៅជាប់ព្រំដែនប្រទេសថៃ រយៈពេល២សប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសដែលតា ដែលឆ្លងខ្លាំងនិងរហ័សជាងមុន។ អាជ្ញាធរខេត្តទាំងនោះបានសម្រេចបិទការធ្វើដំណើរឆ្លងពីភូមិសាស្រ្តខេត្តមួយទៅខេត្តមួយ។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតចាប់តាំងពីថ្ងៃទី៣១ ខែមីនាដល់ថ្ងៃទី២៥ ខែកក្កដា កម្ពុជាបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ប្រភេទដែលតា សរុបចំនួន១១៤នាក់។
អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានប្រាប់ទូរទស្សន៍ជាតិកម្ពុជា(ទទក)នៅថ្ងៃសុក្រនេះថាករណីឆ្លងវីរុសថ្មីនេះអាចមានច្រើនជាងនេះ ខណៈវីរុសនេះត្រូវបានរកឃើញឆ្លងក្នុងសហគមន៍នៃខេត្តឧត្តរមានជ័យ កំពង់ធំ បាត់ដំបង បន្ទាយមានជ័យ និងព្រះវិហារជាដើម។
គួរបញ្ជាក់ថាក្រសួងសុខាភិបាលឲ្យដឹងថានៅថ្ងៃសុក្រនេះមានករណីឆ្លងចំនួន៦៦៨នាក់ដែលក្នុងនោះករណីឆ្លងក្នុងប្រទេសមានប្រមាណ៤០០នាក់។ ករណីស្លាប់ថ្មីមានចំនួន២៥នាក់ ដែលនាំឲ្យករណីស្លាប់សរុបកើនឡើងដល់១.៣៧៥នាក់៕