ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​ទូត​អាមេរិក៖ វ៉ាក់សាំង​មក​កម្ពុជា​​ ជា​អំណោយ​របស់​ពលរដ្ឋ​អាមេរិកាំង និង​មិន​មាន​លក្ខខណ្ឌ​នោះ​ទេ


វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Johnson & Johnson ៥០ម៉ឺនដូស ដែលជាជំនួយរបស់សហរដ្ឋអាមេរិក ក្រោមយន្តការកូវ៉ាក់ (COVAX) បានមកដល់កម្ពុជា នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Johnson & Johnson ៥០ម៉ឺនដូស ដែលជាជំនួយរបស់សហរដ្ឋអាមេរិក ក្រោមយន្តការកូវ៉ាក់ (COVAX) បានមកដល់កម្ពុជា នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

តំណាង​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ប្រភេទ ​Johnson &​ Johnson ​ដែល​ផ្តល់ដល់​កម្ពុជា មិន​មែន​ជា​ជំនួយ​មាន​លក្ខខណ្ឌ ឬ​ដើម្បី​ដោះ​ដូរ​យក​អ្វី​មួយ​នោះ​ទេ។

នេះ​ជា​ការ​ថ្លែងរបស់​លោក Benjamin Wohlauer ​ភារធារី​អាមេរិក​ដែល​មាន​វត្ត​មាន​នៅ​អាកាស​យាន​ដ្ឋានអន្តរ​ជាតិភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ក្នុង​ពិធី​ប្រគល់ ​និង​ទទួល​វ៉ាក់​សាំង​នេះ តំណាង​ឲ្យឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​លោក Patrick Murphy ​ដែល​កំពុង​បំពេញ​ការងារ​នៅ​ទីក្រុង​វ៉ាស៊ីន​តោន។ ពិធី​នេះ​ មិន​មាន​វត្តមាន​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដូច​ពិធី​ទទួល​វ៉ាក់សាំង​របស់​ប្រទេស​ចិន និង​ជប៉ុន កាល​ពី​កន្លង​ទៅ​នោះ​ទេ។ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ លោក ម៉ម ប៊ុន​ហេង បាន​ចូលរួម​ក្នុង​ពិធី​នោះ។

លោក Benjamin Wohlauer បាន​ថ្លែង​ថា​ វ៉ាក់​សាំង​ជើង​ដំបូង​ដែល​មាន​ប្រមាណ​៤៥​ម៉ឺន​ដូស​នេះ ជា«​អំណោយ​របស់​ពលរដ្ឋ​អាមេរិក» ដែល​អាច​ជួយ​បង្ការ​ជំងឺ​កូវីដ​១៩​ដល់​ពលរដ្ឋ​កម្ពុជា​ជាង​១​លាន​នាក់ ដោយ​សារ​វ៉ាក់សាំង​នេះ​ ចាក់​តែ​មួយ​ដូសប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា​ សហរដ្ឋ​អាមេរិក​មាន​«ការ​ប្តេជ្ញា​ចិត្ត​យូរ​អង្វែង» ​ចំពោះ​សុខភាព​សាធារណៈ​កម្ពុជា។

ទាញ​យក​ពី​តំណភ្ជាប់​ដើម


តំណាង​ទូត​អាមេរិក​រូប​នោះ ​ក៏​បាន​គូស​បញ្ជាក់​ថា ​អាមេរិក​មិន​មែន​ផ្តល់​វ៉ាក់​សាំង​ទាំង​នេះ ដើម្បី​ដាក់​លក្ខខណ្ឌ​អ្វី​មួយ​សម្រាប់​កម្ពុជា​នោះ​ទេ។

លោក​ថ្លែង​ជា​ភាសា​អង់គ្លេស និង​មាន​ការ​បក​ប្រែ​ថា​៖ «ខ្ញុំ​សូម​បញ្ជាក់​ថា ​យើង​មិន​មែន​ចែក​រំលែក​ដូស​ទាំង​នេះ ដើម្បី​ទទួល​បាន​ការ​អនុ​គ្រោះ​ ឬ​ស្វែង​រក​សម្បទាន​ទេ។ វ៉ាក់សាំង​របស់​យើង​មិន​មាន​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​ណាមួយ​ឡើយ។ យើង​ចែក​រំលែក​វ៉ាក់សាំង​ទាំង​នេះ ដើម្បី​ជួយ​ជីវិត និង​ដឹកនាំ​កិច្ច​ខិតខំ​ប្រឹង​ប្រែងជា​សាកល​ដើម្បី​បញ្ចប់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​រាត​ត្បាត»។

​វ៉ាក់​សាំង​ជើង​ទីពីរ​របស់​អាមេរិក នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា នៅ​ថ្ងៃ​ទី​២ ខែ​សីហា។

ទាក់​ទង​នឹង​ការ​មិនបាន​ចូលរួម​របស់​នាយក​រដ្ឋមន្រ្តី​ក្នុង​ពិធី​នោះ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​បាន​បញ្ជាក់​ការ​សម្រេច​ទៅ ឬ​មិន​ទៅ អាស្រ័យ​លើ​ពេល​វេលា​ទំនេររបស់​នាយក​រដ្ឋមន្រ្តី។

លោក​ប្រាប់​វីអូអេ​ថា​៖ «ហើយ​ការ​សម្រេច​ចិត្ត​ហ្នឹង​ជា​ការ​សម្រេច​ចិត្ត​របស់​នាយក​រដ្ឋមន្រ្តី​ដែល​គ្មាន​នរណា​ទៅ​បង្គាប់​លោក​បាន»។

ចំណែក​លោក សុខ ឥសាន អ្នកនាំពាក្យ​របស់​គណបក្ស​ពលរដ្ឋ​កម្ពុជា បាន​ថ្លែង​ថានាយក​រដ្ឋមន្រ្តី​មិន​ប្រកាន់​ថា​ វ៉ាក់​សាំង​ផ្តល់​ឲ្យរបស់​ប្រទេស​ណា​នោះ​ទេ ហើយ​នៅ​ពេល​លោក​ទំនេរ លោក​នឹង​ចូលរួម។

កាល​ពី​យប់ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ទៅ​ទទួល​វ៉ាក់សាំង​របស់​រដ្ឋាភិ​បាល​ជប៉ុន ដែល​ផ្តល់​ដល់កម្ពុជា​ក្រោម​យន្ត​ការ​កូវ៉ាក់​ដូចគ្នា​នឹង​វ៉ាក់សាំង​ដែល​ផ្តល់​ដោយ​អាមេរិក។

អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក​ Chad Roedemeier ​បាន​បដិសេធ​មិន​អត្ថា​ធិប្បា​យ​ជុំវិញ​អវត្ត​មាន​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។

បណ្ឌិត អៀ សុផល សាស្ត្រាចារ្យ​រង​ជំនាញ​ការ​ទូត​និង​កិច្ច​ការ​សកល​នៅ​មហា​វិទ្យាល័យ Occidental សហរដ្ឋ​អាមេរិក យល់​ថា ​នេះ​អាច​មើល​ឃើញ​ថា ​ជា«ការ​មើល​ងាយ​មួយ»។

លោក​បន្ថែម​ថា​ វា​ច្បាស់​ណាស់​ថា ​នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅ​ស្វាគមន៍​វ៉ាក់សាំង​ដែល​ជា​ជំនួយ​របស់ចិន​និង​ជប៉ុន ដែល​ជា​សញ្ញា​បង្ហាញ​ពី​ប្រទេស​ដែល​លោក «គោរព»។

លោក​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​៖ «ការ​ធ្វើ​ដូច​នេះ​ប្រហែល​ត្រូវ​បាន​មើល​ទៅ​ដូច​ជា​ការ​មិន​ដឹង​គុណ ដែល​នឹង​ធ្វើ​ឲ្យ​ប្រជា​ជន​កម្ពុជា​ចំណាយ​ប្រាក់ នៅ​ពេល​ដែលជំនួយ​នៃ​វ៉ាក់​សាំង​ដ៏​សំខាន់​មិន​មាន»។

លោក​បន្ថែម​ថា៖ «នៅ​ក្នុង​ករណី​ណា​ក៏​ដោយ ស្រប​ពេល​ដែល​ករណី​កើន​ឡើង​នៃ​ការ​ឆ្លង​ដោយ​សារ​វីរុស​បំប្លែង​ថ្មី​ដែលតា​ (Delta) វា​មិន​មែន​ជា​ស្ថាន​ភាព​ណា​មួយ​ដែល​អ្នក​ចង់​ខាំ​ដៃ​អ្នក​ដែល​បាន​ជួយ​អ្នក​នោះ​ទេ»។

នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្រ្តី មាន​ការ​បង្ហោះ​សារ​ថា៖ «អំណោយ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​ជា​បន្ត​បន្ទាប់​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ពលរដ្ឋ​កម្ពុជា និង​នៅ​ក្នុង​តំបន់​ ក្នុង​ពេល​កំពុង​តែ​ប្រឹង​ងើប​ចេញ​ពី​ជំងឺ​រាតត្បាត​យ៉ាង​ធ្ងន់ធ្ងរ​នេះ»។ សារ​ហ្វេសប៊ុក​នេះ​បញ្ជាក់​ទៀត​ថា​ មាន​ប្រទេស​ចំនួន​៤​ហើយ​ដែល​បាន​ផ្តល់ និង​ប្រកាស​ផ្តល់​ជំនួយ​វ៉ាក់សាំង​មក​កម្ពុជា រួម​មាន​ប្រទេស​ចិន​ដែល​បាន​ផ្តល់​វ៉ាក់សាំង​ជាង​២​លាន​ដូស ជប៉ុន១​លាន​ដូស អាមេរិក​១​លាន​ដូស និង​អង់គ្លេស​៤១​ម៉ឺន​៥​ពាន់​ដូស។

នៅ​ក្នុង​ការ​ថ្លែង​តាម​សុន្ទរកថា លោក ម៉ម ប៊ុន​ហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​កម្ពុជា មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាលកម្ពុជា​«ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​»ដល់​ពលរដ្ឋអាមេរិក​និង​រដ្ឋាភិ​បាល​អាមេរិក​ចំពោះ​ការ​ផ្តល់​វ៉ាក់សាំង​នេះ។

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​រំពឹង​ថា​ ទទួល​បាន​វ៉ាក់សាំង​ប្រមាណ​២០%​នៃ​ពលរដ្ឋ​កម្ពុជា គឺ​ប្រហែល​៧​លាន​ដូស​ពី​ប្រទេស​ផ្សេងៗ​តាម​រយៈ​យន្ត​ការ​កូវ៉ាក់។

គួរ​បញ្ជាក់​ថា​ កម្ពុជា​បាន​សម្រុក​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដល់​ពលរដ្ឋ​របស់​ខ្លួន ដែល​រហូត​មក​ដល់​ពេល​នេះ ​បាន​ជាង​៧​លាន​នាក់​ហើយ គឺ​ស្មើ​ជាង​៧០%​នៃ​គោល​ដៅ​ចាក់​ឲ្យ​បាន​យ៉ាង​តិច​១០​លាន​នាក់​នា​ត្រឹម​ខែ​តុលា​ខាង​មុខ​នេះ។ វ៉ាក់សាំង​ដែល​ចាក់​ដល់​ពលរដ្ឋ​យ៉ាង​ច្រើន​នេះ ភាគ​ច្រើន​ជា​វ៉ាក់​សាំង​ចិន​ស៊ីណូ​ហ្វាម​ (Sinopharm)​ និង​ស៊ីណូ​វ៉ាក់​(Sinovac) ដែល​កម្ពុជា​ទទួល​បាន​តាម​រយៈ​ជំនួយ​ឥត​សំណង និង​ការ​បញ្ជា​ទិញ​ពី​ប្រទេស​ចិន៕

XS
SM
MD
LG