អាណាព្យាបាលរបស់កុមារ និងយុវជននៅរាជធានីភ្នំពេញបាននាំកូនៗរបស់ពួកគេដែលមានអាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលឈានចូលដល់ថ្ងៃទី៣ហើយ គិតចាប់ពីថ្ងៃអាទិត្យនៃការបើកយុទ្ធនាការ។
យុទ្ធនាការចាក់វ៉ាក់សាំងដល់ក្មេងៗនេះ ធ្វើឡើងខណៈមានការព្រួយបារម្ភអំពីការឆ្លងវីរុសបំប្លែងថ្មីដែលតា(Delta)ដែលចាប់ផ្តើមរកឃើញក្នុងរាជធានីភ្នំពេញ។
នៅឯមណ្ឌលផ្សារដើមថ្កូវ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ អាណាព្យាបាលរបស់កុមារបាននាំកូនៗរបស់ពួកគេទៅចាក់វ៉ាក់សាំងបង្ការកូវីដ១៩។
យុវជន គង់ អាយុវឌ្ឍនៈបណ្ឌិត អាយុ១៥ឆ្នាំ ដែលកំពុងអង្គុយចាំស្តាប់លេខរៀងក្នុងការចូលទៅចាក់វ៉ាក់សាំង បានប្រាប់អ្នកសារព័ត៌មានVOAនៅថ្ងៃអង្គារនេះថាគាត់ត្រូវបានម្តាយឪពុកណែនាំឲ្យមកចាក់វ៉ាក់សាំងបង្ការនេះ។ យុវជនរូបនេះយល់ថាការទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩សម្រាប់ខ្លួនឯង និងសម្រាប់កុមារដទៃទៀត ជារឿងល្អ ដោយសារវាអាចជួយការពារបានមួយកម្រិត។
យុវជនរូបនេះបន្ថែមថាខ្លួនត្រូវសុំលិខិត និងការអនុញ្ញាតពីភូមិឃុំ ដើម្បីឲ្យឪពុកម្តាយចុះហត្ថលេខា ឬផ្តិតមេដៃលើឯកសារជាមុនសិន ទើបអាចមកទទួលបានការចាក់វ៉ាក់សាំងបង្ការនេះ។ គាត់មកចាក់វ៉ាក់សាំងកាលពីព្រឹកថ្ងៃអង្គារ ជាមួយមិត្តភក្តិ ដោយមិនមានវត្តមានឳពុកម្តាយ ឬអាណាព្យាបាលនោះទេ។
លោកនិយាយថា៖ «ប្រធានភូមិគាត់មកប្រាប់យើងដល់ផ្ទះថាអ្នកនៅក្នុងផ្ទះហ្នឹងអាយុប៉ុន្មានៗ ឈ្មោះអីៗ ត្រូវទៅចាក់[ហើយ]គាត់ប្រាប់យើងតែប៉ុណ្ណឹងមក យើងទៅយកក្រដាសពីគាត់ហើយ ហើយយើងយកមកឲ្យម៉ែឪយើងគាត់ផ្តិតមេដៃអញ្ចឹងទៅ»។
យុវជន គង់ អាយុវឌ្ឍនៈបណ្ឌិត ជាយុវជនម្នាក់ក្នុងចំណោមក្រុមមនុស្សប្រមាណ២៨ម៉ឺននាក់នៅទីក្រុងភ្នំពេញ ដែលមានអាយុចន្លោះពី១២ទៅ១៧ឆ្នាំ ហើយជាក្រុមអាទិភាពសម្រាប់ការចាក់វ៉ាក់សាំង ដែលចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ទី១ ខែសីហា។ វ៉ាក់សាំងសម្រាប់ក្មេងចាក់បង្ការនេះ គឺវ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) របស់ក្រុមហ៊ុនចិនឈ្មោះ Sinovac Biotech នៅទីក្រុងប៉េកាំងប្រទេសចិន។
អ្នកស្រី សេង ចំរើន អាយុ៤១ឆ្នាំ កំពុងអង្គុយរង់ចាំកូនស្រី អាយុ១៤ឆ្នាំ ដែលមកទទួលការចាក់វ៉ាក់សាំងដូចគ្នា។ អ្នកស្រីនិយាយថាមុនពេលដែលកូនរបស់អ្នកស្រីមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ អ្នកស្រីព្រួយបារម្ភអំពីសុវត្ថិភាពរបស់កូនយ៉ាងខ្លាំង ដោយសារខ្លាចឆ្លងជំងឺនេះ។ ទោះបីជាបានទទួលការចាក់វ៉ាក់សាំងនេះហើយ អ្នកស្រីនៅតែការពារតាមវិធានសុខាភិបាល។
អ្នកស្រីថ្លែងថា៖«ខ្ញុំគិតថាពួកខ្ញុំបាន[ចាក់វ៉ាក់សាំង]អស់ហើយចាស់ៗ នៅតែក្មេងៗ[គឺ]នៅព្រួយបារម្ភ។ ប៉ុន្តែឥឡូវយើងបានចាក់វ៉ាក់សាំង អញ្ចឹងទៅដូចជាសុវត្ថិភាពក្នុងខ្លួន ដូចជាឃាំងការពារយើងល្អ»។
នៅមណ្ឌលចាក់វ៉ាក់សាំងផ្សារដើមថ្កូវដដែល អ្នកស្រី ងួន សុធា កំពុងឈរចាំកូនក្បែររបងមណ្ឌល បង្ហាញភាពសប្បាយចិត្ត នៅកូនរបស់គាត់២នាក់ អាយុ១៤ឆ្នាំ និង១៧ឆ្នាំ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ អ្នកស្រីបន្តថាបើទោះការចាក់វ៉ាក់សាំងនេះមិនមានប្រសិទ្ធភាពការពារបាន១០០% ប៉ុន្តែយ៉ាងហោចណាស់ វាអាចការពារបានមួយចំនួន។ អ្នកស្រីនៅតែមានការព្រួយបារម្ភអំពីការឆ្លងវីរុសបំប្លែងថ្មីដែលតា។
អ្នកស្រីថ្លែងថា៖ «និយាយទៅ បើមិនបានការពារច្រើន ក៏[ប៉ុន្តែ]បើឆ្លង ក៏វាទៅជាជំងឺស្រាលដែរ។ អញ្ចឹងទៅ ពីព្រោះអីយើងមើលមិនឃើញ អញ្ចឹងបានបងថាបានចាក់បងសប្បាយចិត្ត»។
ការចាក់វ៉ាក់សាំងនេះ តម្រូវឲ្យមានការឯកភាពពីអាណាព្យាបាលនិងការត្រួតពិនិត្យឯកសារពីអាជ្ញាធរភូមិឃុំសង្កាត់ ដើម្បីអាចបង្ហាញទៅអាជ្ញាធរសុខាភិបាល មុននឹងទទួលបានការឯកភាពចាក់។
លោក លុក ជ័យ ចៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រាប់VOA នៅថ្ងៃអង្គារនេះថាកុមារដែលមានអាយុគ្រប់ក្នុងការទទួលបានវ៉ាក់សាំងនេះ ពួកគេឬអាណាព្យាបាលត្រូវតែទាក់ទងមកមេភូមិ ឬអាជ្ញាធរភូមិ ដើម្បីទទួលបានលិខិតស្នាមយកទៅបំពេញ និងមានការធានាពីអាណាព្យាបាលជាមុនសិន។
លោកថ្លែងថា៖ «ក្មេងពីអាយុ១២ឆ្នាំដល់១៧ឆ្នាំហ្នឹង យើងឲ្យក្មេងហ្នឹងយកសំបុត្រកំណើតឬសៀវភៅស្នាក់នៅមក។ ហើយយកសៀវភៅស្នាក់នៅមក មេភូមិគេដើរចែកForm(លិខិតបំពេញ)ឲ្យឪពុកម្តាយផ្តិតមេដៃ...ហើយអមនឹងលិខិតអញ្ជើញមួយហ្នឹង និងForm(លិខិតបំពេញ)ផ្តិតមេដៃហ្នឹង ហើយ និងសំបុត្រកំណើត យកបញ្ជាក់ឲ្យគ្រូពេទ្យ»។
បើតាមលិខិតព្រមព្រៀងចាក់វ៉ាក់សាំងកូវីដ១៩ដល់ក្មេងៗ ករណីហាមចាក់វ៉ាក់សាំង ជាបុគ្គលដែលធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីជាមួយនឹងវ៉ាក់សាំងផ្សេងៗ បុគ្គលដែលមានឬសង្ស័យថាមានជំងឺកូវីដ១៩ កំពុងគ្រុនក្តៅ ៣៧.៥អង្សារសេ មានការប៉ះពាល់អ្នកជំងឺកូវីដ១៩ ឬកំពុងរង់ចាំលទ្ធផលតេស្តកូវីដ១៩ អ្នកមានជំងឺស្រួចស្រាល់ និងអ្នកមានជំងឺរុំារៃធ្ងន់ធ្ងរ ដែលកំពុងធ្វើទុក្ខ។ លិខិតព្រមព្រៀងឲ្យដឹងទៀតថាផលរំខានក្រោយពេលចាក់វ៉ាក់សាំងហើយ ដូចជាឈឺក្បាល ក្តៅខ្លួន ល្ហិតល្ហៃ និងឈឺចាប់កន្លែងចាក់ ដែលអាចនឹងបាត់ទៅវិញក្នុងរយៈពេល២ទៅ៣ថ្ងៃ និងក្នុងករណីកម្របំផុត អាចបណ្តាលឲ្យមានស្ហុកអាណាហ្វ៊ីឡាក់ទិច(Anaphylactic Shock) ឬអាចជាការភ័យខ្លាំងរហូតដល់សន្លប់។
ក្រោយបញ្ចប់ការចាក់វ៉ាក់សាំងដល់ក្មេង និងយុវជននៅទីក្រុងភ្នំពេញ អាជ្ញាធរសុខាភិបាលនឹងចាប់ផ្តើមពង្រីកការចាក់នេះដល់ក្មេងៗនៅទូទាំងប្រទេស ដែលមានការប៉ាន់ប្រមាណ២លាននាក់។
ក្នុងសន្និសីទសារព័ត៌មាននៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ដល់ក្មេង កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថាការចាក់វ៉ាក់សាំងនេះ ជារឿងសំខាន់ដែលត្រូវគិតគូរ ដើម្បីអាចឈានទៅដល់ការបើកសាលារៀន ក្នុងពេលឆាប់ៗ។
លោកថ្លែងថា៖ «យើងធ្លាប់និយាយជាហូរហែមក កុមារជាទំពាំងស្នងឫស្សី ប្រសិនបើកុមារខូចខាតសុខភាពចាប់ពីពេលនេះ យើងពុំមានឫស្សីដែលល្អនោះទេ។ មួយផ្នែកទៀតផលប៉ះពាល់ដែលបានកើតឡើងនៅក្នុងពេលវេលានៃកូវីដ១៩ គឺប៉ះពាល់យ៉ាងធ្ងន់ទៅលើបញ្ហា ការបណ្តុះបណ្តាលធនធានមនុស្សស្ទើរគ្រប់ប្រទេសទាំងអស់មានការបិទសាលារៀន។ ចំណុចនេះ គឺជាចំណុចដែលយើងកំពុងគិតគូររៀបចំធ្វើយ៉ាងណាឲ្យបានបើកសាលារៀនឡើងវិញ ហោចណាស់ចាប់ពីអនុវិទ្យាល័យឡើងទៅ»។
លោក អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា បានប្រាប់VOAនៅថ្ងៃអង្គារនេះថាការចាក់វ៉ាក់សាំងដល់កុមារ ជារឿងល្អ ដែលអាចឲ្យកុមារ ឬក្មេងៗអាចចូលរៀនបានជាធម្មតាវិញ។ ប៉ុន្តែលោកជំរុញឲ្យអាណាព្យាបាល និងក្រុមគ្រូពេទ្យជំនាញ ត្រូវយកចិត្តទុកដាក់លើអាការៈ ឬប្រភេទជំងឺរបស់ក្មេងម្នាក់ៗដែលធ្លាប់មានកាលពីមុន ក្នុងការយកមកពិភាក្សាគ្នា ដើម្បីកុំឲ្យបង្កជាផលប៉ះពាល់លើកុមារ។
លោកថ្លែងថា៖ «កន្លែងហ្នឹងហើយដែលខ្ញុំយល់ឃើញថាជារឿងមួយដែលអាចទប់ស្កាត់ ហើយឲ្យក្មេង កុមារឲ្យគាត់បានចូលសាលាជួបជុំគ្នា។ នេះជារឿងមួយដែលយើងមិនអាចជៀសផុតបាន រាល់គ្នាត្រូវទទួលវ៉ាក់សាំង ប៉ុន្តែសុំឲ្យអ្នកជំនាញៗហ្នឹងឲ្យចុះជួយដល់ការចាក់វ៉ាក់សាំង ដើម្បីមើលដល់ក្មេងទាំងអស់គ្នា។ ជួនកាលកុមារខ្លះមានអាលែកហ្ស៊ី មានជំងឺផ្សេងៗនៅក្នុងខ្លួន នៅពេលដែលចាក់ហ្នឹងយើងគួរតែសួរគាត់ តើគាត់មានបញ្ហាសុខភាពអីខ្លះពីមុន ពីព្រោះមនុស្សទទួលវ៉ាក់សាំងមានសភាពខុសៗគ្នា»។
គួរបញ្ជាក់ថារហូតមកដល់ពេលនេះ អង្គការសុខភាពពិភពលោក(WHO)មិនទាន់ដាក់ប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដែលចាក់សម្រាប់ក្មេងនេះ ចូលទៅក្នុងបញ្ជីទទួលស្គាល់សម្រាប់ចាក់ដល់កុមារនៅឡើយទេ។ ប៉ុន្តែក្រុមហ៊ុនស៊ីណូវ៉ាក់ធ្លាប់បានប្រកាសថាវ៉ាក់សាំងរបស់ខ្លួនត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលចិនសម្រាប់ចាក់ដល់ក្មេងអាយុចាប់ពី៣ឆ្នាំឡើងទៅ៕