ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​គណបក្ស​សង្គ្រោះជាតិ៖ ចៀសវាង​អំពើ​ហិង្សា​កុំ​ឲ្យ​បាតុករ​រងគ្រោះ


លោក​​សម រង្ស៊ី​ជួបជាមួយ​​អ្នក​កាសែត​​ក្រោយ​ពិធី​បង្សុកូលសព​កម្មករ​​​​នៅ​​ការិយាល័យ​​​គណបក្ស​​សង្គ្រោះ​ជាតិ។​
លោក​​សម រង្ស៊ី​ជួបជាមួយ​​អ្នក​កាសែត​​ក្រោយ​ពិធី​បង្សុកូលសព​កម្មករ​​​​នៅ​​ការិយាល័យ​​​គណបក្ស​​សង្គ្រោះ​ជាតិ។​
លោកប្រធាន​សម រង្ស៊ី និង​លោកកឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​បង្ហាញ​មុខ​ជា​សារធារណៈ​ក្នុង​ខណៈ​ពេល​ដែល​គណបក្ស​បាន​ធ្វើ​ពិធី​គោរព​វិញ្ញាណ​ក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​កម្លាំងសមត្ថកិច្ច​របស់​រដ្ឋាភិបាល​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​សុក្រ។​

យ៉ាង​តិច​មាន​ក្រុម​បាតុករ​ប្រមាណ​៤​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ និង​៤០​នាក់​បាន​រង​របួស​ ព្រមទាំង​ចាប់​ខ្លួន​ចំនួន​១៦​នាក់​ ក្នុង​ខណៈ​ពេល​ដែល​កង​កម្លាំងសមត្ថកិច្ច​របស់​រដ្ឋាភិបាល​បាន​បាញ់​គ្រាប់​កាំភ្លើង​ពិត​ដោយ​កាំភ្លើង AK​៤៧​ទៅ​កាន់​ហ្វូង​បាតករ​នៅ​សួន​ឧស្សាហកម្ម​កាណាឌី​យ៉ា។​

គណបក្ស​សង្គ្រោះជាតិ​ នៅ​ថ្ងៃ​អាទិត្យ​នេះ ​បាន​ធ្វើ​ពិធី​គោរព​វិញ្ញាណ​ក្ខន្ធ​តាម​បែប​ព្រះ​ពុទ្ធ​សាសនា​ដល់​អ្នក​ស្លាប់​បាត់បង់​ជីវិត ​ដោយ​មាន​មនុស្ស ​និង​ព្រះសង្ឃ​ចូល​រួម​ជាច្រើន​នាក់។​

គណបក្ស​សង្គ្រោះជាតិ​គ្រោង​នឹង​ធ្វើ​ពិធីនេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ តែ​ត្រូវ​បាន​អាក់​ខាន​វិញ​ ហើយ​មក​ធ្វើ​នៅ​ទី​ស្នាក់​ការ​របស់​ខ្លួន​វិញ​ ដោយ​សារ​តែ​ទីលាន​ប្រជាធិបតេយ្យ​ត្រូវ​បាន​កង​កម្លាំងសមត្ថកិច្ច​វាយ​បង្ក្រាបដោយ​អំពើ​ហិង្សា ​ដែល​បាន​បណ្តាលឲ្យព្រះ​សង្ឃ​ និង​ក្រុម​បាតុករ​រត់​ភ័យ​ស្លន់​ស្លោ​គេច​ចេញ​ពី​ការ​ដេញ​វាញ​របស់​ក្រុម​សមត្ថកិច្ច។​

លោកសម រង្ស៊ី​ និង​លោកកឹម សុខា​បាន​បញ្ជាក់​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ថា ​គណបក្ស​សង្គ្រោះជាតិ​នឹង​មិន​បោះ​បង់​ចោល​នូវ​ការ​ទាមទារ​របស់​ខ្លួន​ទេ​ ហើយ​ការ​ដក​ថយ​ពេល​នេះ​គឺ​ដើម្បី​ស្វែង​រក​យុទ្ធ​សាស្ត្រ​ថ្មី​សម្រាប់​ធ្វើ​មហា​បាតុកម្ម​ដោយ​អហិង្សា​នៅ​ពេល​ក្រោយ​ទៀត។​

លោកកឹម សុខា​និយាយថា៖ «យើង​ខ្ញុំ​សូម​បញ្ជាក់​ជូន​បង​ប្អូន​ជន​រួម​ជាតិ​ថា​ គោល​ជំហរ​របស់​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដូច​គណបក្ស​សង្គ្រោះជាតិ​គឺ​អត់​ថយ​ក្រោយ​ទេ»។​

គណបក្ស​សង្គ្រោះជាតិ​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​មហា​បាតុកម្ម​ដោយ​អហិង្សា​នៅ​ទី​លាន​ប្រជាធិបតេយ្យ​អស់​រយៈ​ពេល​ជាង​បី​សប្តាហ៍​មកហើយ​ ​ដើម្បី​ទាម​ទារឲ្យបោះ​ឆ្នោត​ឡើង​វិញ​និង​ទាម​ទារ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ចុះ​ចេញ​ពី​មុខ​តំណែង​ តែ​ការ​ទាមទារ​នេះ​មិន​ទាន់​ដល់​គោល​ដៅ​ផង កង​កម្លាំងសមត្ថកិច្ច​របស់​រដ្ឋាភិបាល​បាន​មក​វាយ​បង្ក្រាប​យ៉ាង​ចាស់​ដៃ។

ស្រ្តី​ចំណាស់​មួយ​រូប​ ដែល​រស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ​បាន​យំ ខ្សឹកខ្សួល​យ៉ាង​ខ្លាំង​ ក្នុង​ខណៈ​ពេល​លោក​ស្រី​បាន​មក​ចូល​បុណ្យ​គោរព​វិញ្ញាណ​ក្ខន្ធ។ ​អ្នក​ស្រី​បាន​សម្តែងការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ដែល​កង​កម្លាំងមាន​សមត្ថកិច្ច​បាន​វាយ​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ។​

អ្នក​ស្រី​និយាយថា៖​«អាណិត​កូន​ខ្មែរ​ គេធ្វើ​បាប​ហើយ​ភ័យ...ដល់​សង្គ្រោះជាតិ​ខ្លាច ​លោក​មិន​បាន​ជ័យ​ជំនះ។​ កូន​ខ្មែរ​ងាប់​អស់​ហើយ»។​

ក្រោយ​ពី​ការ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​បាន​សម្រេច​ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​កោះហៅមេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​ឲ្យចូល​បំភ្លឺ​ក្នុង​តុលាការ​នៅ​ថ្ងៃ​ទី​១៤​ខែ​មករា​ខាង​មុខ​នេះ​ពីបទ​«ការ​ញុះ​ញង់​ឲ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ ឬ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យមាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម»។​

លោកសម រង្ស៊ី​ ប្រធាន​ និង​លោក​លោកកឹម សុខា​ អនុប្រធាន​គណបក្ស​ បាន​អះអាង​ថា ​លោក​ទាំង​ពីរ​នឹង​ចូល​ខ្លួន​បំភ្លឺ​ក្នុង​តុលាការ​តាម​ការ​កំណត់​ ដោយ​សារ​តែ​លោក​មិន​បាន​ធ្វើ​អ្វី​ខុសច្បាប់ទេ។​

មេដឹក​នាំ​ទាំង​ពីរ​ក៏​បាន​ប្រកាស​ថា​ នឹង​មិន​រត់​គេច​ចេញ​ពី​ប្រទេស​កម្ពុជា​ទេ​ ក្រោយ​ពី​ដីកា​កោះ​របស់​តុលាការ។​

លោកកឹម សុខា​និយាយថា៖ «ខ្ញុំ​សូម​បញ្ជាក់​ថា​ សម្រាប់​ខ្ញុំ​ជាមួយ​លោកសម រង្ស៊ី​ មិន​មែន​ជា​រឿង​ថ្មី​ រឿង​អ្វី​ភ្ញាក់​ផ្អើល​ទេ។​ មិន​ដឹង​ប៉ុន្មាន​សិប​ដីកានៅ​គរ​នៅ​តុលាការ​ហ្នឹង។​ ដូច្នេះ​យើង​នឹង​ចូល​ ​ហើយ​យើង​គ្មាន​ផែន​ការ​ចាក​ចេញ​ក្រៅ​ប្រទេស​ក្នុង​ពេល​ឥឡូវ​នេះ​ទេ»។​

លោកគង់ ម៉ៅ​ អាយុ​៤៦​ឆ្នាំ​មក​ពី​ស្រុក​កង​មាស​ ខេត្ត​កំពង់​ចាម​មិន​គាំទ្រការ​ចេញ​ដីកា​កោះ​ហៅ​មេដឹក​នាំ​របស់​មេដឹក​គណបក្ស​សង្គ្រោះជាតិ​ទេ។ លោក​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ តុលាការ​គួរ​តែ​កោះ​ហៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ទៅ​កាត់​ទោស ​ពី​ព្រោះ​លោក​ជាអ្នក​បញ្ជា​ឲ្យកង​កម្លាំងសមត្ថកិច្ច​បាញ់​សម្លាប់ក្រុម​បាតុករ។​

លោក​និយាយ​ថា៖ ​«សូមឲ្យកោះហៅ​លោក​ហ៊ុន សែន​មក​កាត់​ទោស​ជាបន្ទាន់​ មក​រក​ការ​ខុស​ត្រូវឲ្យប្រជារាស្ត្រ​ ព្រោះ​គាត់​ជា​រាជរដ្ឋាភិបាល​ដែល​គោរព​ប្រជារាស្ត្រ​ តែ​គាត់​មិន​គោរព​ប្រជារាស្ត្រ​ទេ។​ គាត់​បែរ​ទៅ​សម្លាប់​ប្រជារាស្ត្រ​ជា​ម្ចាស់ឆ្នោត»។​

គណបក្ស​សង្គ្រោះ​ជាតិ​ក៏មាន​គម្រោងចលនា​ប្រជាពល​រដ្ឋឲ្យដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ក្រោយ​ពី​កម្លាំងសមត្ថកិច្ច​បាន​ប្រើ​ប្រាស់​ការ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ និង​ក្រុម​បាតុករ​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​បណ្តាល​ឲ្យមាន​មនុស្ស​ស្លាប់​និង​រង​របួស​ជាង​៤០​នាក់។​

ក្រោយ​ពី​ការ​បង្ក្រាប​របស់​កម្លាំងសមត្ថកិច្ច​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ​ នៅ​ថ្ងៃ​អាទិត្យ​នេះ​កង​កម្លាំងប្រដាប់​អាវុធ​ជាច្រើន​រាប់​ពាន់នាក់​បាន​ដាក់​ពង្រាយ​នៅ​ជុំ​វិញ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​និង​ចល័ត​តាម​រថយន្ត​តាម​ដង​វិថី​សំខាន់ៗ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។

ចររាចរណ៍​តាម​ផ្លូវ​មិន​សូវ​មមាញឹក​ដូច​សព្វ​មួយ​ដង​ទេ។​ ​ផ្លូវ​ជាច្រើន​មាន​សភាព​ស្ងប់​ស្ងាត់​នៅ​ពេល​ព្រឹក​និង​ពេល​រសៀល ​ចំណែក​ឯ​ផ្ទះ​លក់​ទំនិញ​មួយ​ចំនួន​បាន​បិទ​ទ្វារ​របស់​ខ្លួន​នៅ​ឡើយ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG