លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន នៅថ្ងៃចន្ទនេះ បានលើកឡើងថាការដែលមេធាវីរបស់គណបក្សកាន់អំណាចមានការព្រួយបារម្ភ រហូតដល់ស្នើឱ្យរឹបអូសទ្រព្យសម្បត្តិរបស់លោកជាបណ្តោះអាសន្ន គឺ«មិនសមហេតុសមផល» ខណៈសំណុំរឿងរបស់លោកមិនទាន់ឈានដល់ដីកាសម្រេចជាស្ថាពរនៅឡើយ។
លោក សុន ឆ័យ ប្រាប់វីអូអេថា បើសិនជាលោកពិតជាចង់ផ្លាស់ប្តូរកម្មសិទ្ធិផ្ទះ ឬក៏ដីទៅឱ្យអ្នកដទៃ ក៏ក្រសួងដែនដី និងនគរូបនីយកម្ម និងសំណង់មិនអនុញ្ញាតឱ្យរូបលោកធ្វើបែបនោះដែរ។ ដូច្នេះលោកថា មិនគួរមានការព្រួយបារម្ភ រហូតដល់តុលាការរឹបអូសទ្រព្យសម្បត្តិរបស់លោកបណ្តោះអាសន្នឡើយ។
លោកថ្លែងថា៖ «ខ្ញុំគ្មានអំណាចគ្មានអីទប់ស្កាត់ទេ។ បើមានការបណ្តេញខ្ញុំចេញមុនការសម្រេចរបស់តុលាការកំពូល អាហ្នឹងខ្ញុំគិតទៀត»។
អនុប្រធានគណបក្សភ្លើងទៀនរូបនេះបន្ថែមថាលោកមិនទាន់ដឹងថា ត្រូវធ្វើអ្វីបន្តទៀតឡើយ ខណៈលោកកំពុងរង់ចាំពិភាក្សាជាមួយមេធាវីរបស់លោក។
នៅក្នុងដីកាចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលវីអូអេទទួលបាន លោក អួង វុទ្ធា ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចរឹបអូសយកអចលវត្ថុរបស់លោក សុន ឆ័យ ជាបណ្តោះអាសន្ន ចំនួន២ទីតាំង ដែលមាននៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ការសម្រេចរបស់តុលាការក្រុងភ្នំពេញធ្វើឡើងទៅតាមសំណើរបស់មេធាវីគណបក្សប្រជាជនកម្ពុជា ក្រោមហេតុផលថាលោក សុន ឆ័យ មានចិត្តរឹងទទឹង មិនគោរពទៅតាមច្បាប់ និងគ្មានឆន្ទៈនៅក្នុងការបង់សងជំងឺចិត្តទៅតាមអ្វីដែលតុលាការបានសម្រេច។
ដីកាដដែលបញ្ជាក់ក្នុងន័យដើមថា៖ «ដូចនេះដើម្បីដាក់ឱ្យបុគ្គលមានការប្រព្រឹត្តល្មើសមានការទទួលខុសត្រូវតាមផ្លូវច្បាប់ និងដើម្បីធានាបាននូវការបង់សំណងតាមការសម្រេចរបស់តុលាការ នៅពេលសាលក្រម ឬសាលដីកា ចូលជាស្ថាពរ រូបខ្លួនជាតំណាងឱ្យម្ចាស់បំណុលសំណូមពរសុំឱ្យតុលាការមេត្តាចេញដីកាសម្រេចរក្សាការពាររឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិរបស់កូនបំណុលឈ្មោះសុន ឆ័យ»។
ដីកាដដែលបន្ថែមថា ដើម្បីទទួលបាននូវការលុបចោលនូវការរឹបអូសជាបណ្តោះអាសន្ននេះ លោក សុន ឆ័យ ត្រូវដាក់ប្រាក់តម្កល់ទៅតុលាការចំនួន៣ពាន់លានរៀល ឬប្រមាណ៧៥ម៉ឺនដុល្លារ ជាការរំដោះ។
កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឱ្យលោក សុន ឆ័យ ចាញ់ក្តីដើមបណ្តឹងដែលជាគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) ដោយតម្រូវឱ្យបង់សំណងជំងឺចិត្តដល់គណបក្សកាន់អំណាចជាទឹកប្រាក់រហូតដល់ប្រមាណ៧៥ម៉ឺនដុល្លារអាមេរិក។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក ប្លង់ សុផល និងលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបាននៅឡើយទេ។
លោក សុក សំអឿន ជាមេធាវីមួយរូប ប្រាប់វីអូអេថា តុលាការមានសិទ្ធិសម្រេចរឹបអូសយកទ្រព្យសម្បត្តិអ្នកចាញ់ក្តីជាបណ្តោះអាសន្ន កាលណាមានការស្នើសុំពីដើមបណ្តឹង។ លោកបន្តថា ការរឹបអូសយកជាបណ្តោះអាសន្ននេះមិនមែនតម្រូវឱ្យចាកចេញទេ គ្រាន់តែដកសិទ្ធិនៃការកាន់កាប់ប៉ុណ្ណោះ។
លោកថ្លែងថា៖ «គឺមិនមែនមានន័យថា ជារបស់អ្នកឈ្នះក្តីតែហ្មងទេ គ្រាន់តែបណ្តោះអាសន្នទេ គ្រាន់តែរក្សាទុកដោយតុលាការ... មិនអាចលក់ដូរបានអ៊ីចឹងទៅ។ បើផ្ទះ នៅបានតើ គ្រាន់តែលក់ដូរ បញ្ចាំ ផ្ទេរសិទ្ធិមិនបាន»។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ប្រាប់វីអូអេថា ចំណាត់ការរបស់តុលាការទៅលើលោក សុន ឆ័យ មានលក្ខណៈនយោបាយ ជាជាងឈរទៅលើគោលការណ៍យុត្តិធម៌ និងថានៅក្នុងសង្គមប្រជាធិបតេយ្យ អ្នកនយោបាយមានសិទ្ធិនៅក្នុងការបញ្ចេញមតិ។
លោកថ្លែងថា៖ «ដូច្នេះហើយ បើសិនជាអ្នកនយោបាយនៅក្នុងប៉ូលគណបក្សនយោបាយមិនមែនជាគណបក្សកាន់អំណាច មិនអាចនិយាយស្តី មិនអាចបង្ហាញការយល់ឃើញឬក៏ការកើតទុក្ខមិនសុខចិត្តរបស់ខ្លួន និងមានការទាញភ្ជាប់ការសម្តែងមតិបែបនោះទៅជារឿងបរិហារកេរ្តិ៍អីហ្នឹង អាហ្នឹងទៅជារឿងនយោបាយហើយ»។
បើតាម លោក ប៉ា ចន្ទរឿន នៅក្នុងសង្គមប្រជាធិបតេយ្យ ការបោះឆ្នោតត្រូវធ្វើឡើងដោយសេរីនិងយុត្តិធម៌តាមរយៈការបើកឱ្យមានការធ្វើសកម្មភាពដោយសេរី ខណៈថា ការបន្តធ្វើទុក្ខបុកម្នេញមកលើគណបក្សប្រឆាំងតាមរូបភាពផ្សេងៗ ទោះតិចឬច្រើននឹងជះឥទ្ធិពលដល់ការបោះឆ្នោតនាឆ្នាំ២០២៣ខាងមុខ។
លោកបន្ថែមថា៖«ហេតុនេះហើយការរឹតត្បិត និងការបន្តធ្វើទុក្ខបុកម្នេញទៅលើអ្នកនយោបាយមិនមែននៅក្នុងរដ្ឋាភិបាលក៏ដូចជាសកម្មជនរបស់បក្ស អាហ្នឹងតិចឬក៏ច្រើននឹងធ្វើឱ្យប៉ះពាល់ទៅដល់legitimacy(ភាពស្របច្បាប់)នៃការបោះឆ្នោតនាពេលខាងមុខនេះជាមិនខាន»។
សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរិះគន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ តាមពាក្យបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលទាមទារឱ្យមេដឹកនាំគណបក្សប្រឆាំងបង់សងជំងឺចិត្តចំនួន៤ពាន់លានរៀល គឺប្រមាណ១លានដុល្លារអាមេរិក និងស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប. ទាមទារឱ្យលោក សុន ឆ័យ សុំទោសជាសាធារណៈ។
សំណុំរឿងរបស់លោក សុន ឆ័យ ស្ថិតក្នុងដៃសាលាឧទ្ធរណ៍នៅឡើយ ខណៈលោកបានប្តឹងទាស់នឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចឲ្យលោកបង់សងជំងឺចិត្តទៅគណបក្សប្រជាជនកម្ពុជា៕