ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃសុក្រនេះ បានសម្រេចឱ្យលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ចាញ់ក្តីដើមបណ្តឹងដែលជាគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដោយតម្រូវឱ្យបង់សំណងជំងឺចិត្តគណបក្សកាន់អំណាច រហូតដល់ប្រមាណ ៧៥ម៉ឺនដុល្លារអាមេរិក។
សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរិះគន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ តាមពាក្យបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលទាមទារឱ្យមេដឹកនាំគណបក្សប្រឆាំងបង់សងជំងឺចិត្តចំនួន ៤ពាន់លានរៀល គឺប្រមាណ១លានដុល្លារអាមេរិក និងស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប ទាមទារឱ្យលោក សុន ឆ័យ សុំទោសជាសាធារណៈ។
នៅរសៀលថ្ងៃសុក្រនេះ ចៅក្រម លោក ហម ម៉េងសែ បានប្រកាសសាលក្រមលើពាក្យបណ្តឹងទាំងពីរ ដោយឱ្យលោក សុន ឆ័យ បង់សងជំងឺចិត្តចំនួន ៣ពាន់លានរៀល គឺប្រមាណ ៧៥ម៉ឺនដុល្លារអាមេរិក ទៅគណបក្សកាន់អំណាច និងបង់ចូលរដ្ឋចំនួន ១៧លានរៀល ដែលក្នុងនោះមាន ៩លានរៀលតាមពាក្យបណ្តឹងគ.ជ.ប និង ៨លានរៀល តាមពាក្យបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា។
លោក សុន ឆ័យ បានបដិសេធមិនអត្ថាធិប្បាយ នៅពេលវីអូអេទាក់ទងតាមទូរសព្ទ ក្រោយតុលាការប្រកាសសាលក្រម។ លោកបានបង្វែរសំណួរទៅមេធាវីរបស់លោកវិញ។ ប៉ុន្តែកាលពីកន្លងទៅ លោកធ្លាប់អះអាងថាលោកមិនមានប្រាក់បង់សងតាមការទាមទារឡើយ។
លោក ជួង ជូងី មេធាវីរបស់លោក សុន ឆ័យ ប្រាប់អ្នកសារព័ត៌មាននៅក្រៅរបងតុលាការថា ការសម្រេចរបស់តុលាការអយុត្តិធម៌សម្រាប់កូនក្តីរបស់លោក ហើយលោកនឹងពិភាក្សាជាមួយកូនក្តីអំពីការប្តឹងទាស់នឹងសេចក្តីសម្រេចនេះ។
នៅក្នុងអង្គសវនាការនាព្រឹកថ្ងៃសុក្រនេះ លោក សុន ឆ័យ បានអះអាងប្រាប់តុលាការថា លោកមិនបានបរិហារកេរ្តិ៏ និងមិនមានចេតនាបរិហារកេរ្តិ៏ទៅលើគណបក្សប្រជាជនកម្ពុជា តាមរយៈការផ្តល់បទសម្ភាសន៍ជាមួយកាសែតឌឹខេមបូឌាដេលី កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ នោះទេ។
ប៉ុន្តែមេធាវីតំណាងរបស់គណបក្សប្រជាជនកម្ពុជា លោក គី តិច ចាត់ទុកថា ការបរិហាកេរ្តិ៍ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ថ្នាក់ដឹកនាំគណបក្ស ធ្វើឱ្យថ្នាក់ដឹកនាំគណបក្សឈឺចិត្ត ជាពិសេសអាចធ្វើឱ្យម្ចាស់ឆ្នោតបាត់បង់ទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជា ហើយឈប់បោះឆ្នោតគាំទ្រដែលនេះនឹងធ្វើឱ្យបាត់បង់សំឡេងគាំទ្រក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ ខាងមុខ។
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ថ្លែងថា លោកមិនចង់ឱ្យមានការធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត ទើបធ្វើការតស៊ូមតិបែបនេះ ដើម្បីធ្វើឱ្យប្រព័ន្ធបោះឆ្នោតនៅកម្ពុជា មានភាពល្អប្រសើរ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ដែលបានតាមដានសវនាការនេះ បានថ្លែងថា ការពិន័យជាទឹកប្រាក់របស់តុលាការ«ធ្ងន់ធ្ងរ»សម្រាប់លោក សុន ឆ័យ។
លោកថ្លែងថា៖ «ជាពិសេសគ.ជ.ប ប្តឹងសង [និង]ពិន័យចំនួន ៩លានរៀលចូលរដ្ឋនេះ គឺថាវាធ្ងន់ធ្ងរពេក ដោយសារគ.ជ.ប ជាអាប៊ិត ជាអាជ្ញាកណ្តាល ហើយបក្សនយោបាយគេប្តឹងទៅគ.ជ.ប ដើម្បីឱ្យរកយុត្តិធម៌ គេប្តឹងឱ្យគ.ជ.ប ដោះស្រាយបំភ្លឺ ប៉ុន្តែបែរជាគ.ជ.ប មិនបានដោះស្រាយបំភ្លឺ បែរជាប្តឹងមកតុលាការ នេះជាការកត់សម្គាល់មួយដែលផ្ទុយនឹងអ្វីដែលគ.ជ.ប មានតួនាទី ក្នុងការដោះស្រាយទៅលើអ្នកនយោបាយដែលប្រកួតប្រជែង»។
គួរបញ្ជាក់ថា លោក សុន ឆ័យ ត្រូវបានអយ្យការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ដែលចែងថាការបរិហាកេរ្តិ៏ជាសាធារណៈត្រូវពិន័យជាប្រាក់ពី ១០ម៉ឺនរៀលទៅ ១០លានរៀល។ ការចោទប្រកាន់នេះពាក់ព័ន្ធនឹងការថ្លែងរបស់លោក ដោយមានប្រើពាក្យពេចន៍មួយចំនួន ដូចជាថា«លទ្ធផលនេះមិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋ។ វាមានការបំភ័យ វាមានការទិញ វាមានការលួចបាននៅសល់ប៉ុណ្ណឹង»៕