ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ សុន ឆ័យ ​ការ​ពារ​ខ្លួន​​​ថា ​​លោក​មិន​បាន​បរិហារ​កេរ្តិ៍​គ.ជ.ប.​​ឡើយ


លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅទល់មុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅទល់មុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

នៅ​ក្នុង​សវនាការ​ជំនុំ​ជម្រះ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ ​លោក ​សុន ឆ័យ​ អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន​ បាន​ការ​ពារ​ខ្លួន​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថា​ លោក​មិន​បាន​បរិហារ​កេរ្តិ៍​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.) ​ដែល​បាន​ប្តឹង​រូប​លោក​កាល​ពី​ខែ​មិថុនា ​ឆ្នាំ​២០២២​នោះ​ទេ។​

ក្រោយ​ពី​បញ្ចប់​សវនាការជំនុំ​ជម្រះ​រយៈ​ពេល​ជាង​៣​ម៉ោង​លើ​សំណុំ​រឿង​បរិហារ​កេរ្តិ៍ ដែល​ប្តឹង​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​នោះ​ លោក​ សុន ឆ័យ ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ​លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ និងមិន​បាន​បរិហារ​កេរ្តិ៍ ឬ​ចោទ​ប្រកាន់​គ.ជ.ប.​ថា​ ​លួច ​និង​ទិញ​សន្លឹកឆ្នោត​ប្រជា​ពល​រដ្ឋ​ ពេល​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់នោះ​ទេ។​ លោក​ថា ​លោក​គ្រាន់​តែ​លើក​ឡើង​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ដើម្បី​ឱ្យគ.ជ.ប.​ពិនិត្យ​ និង​កែ​សម្រួល​ឱ្យ​ល្អ​តែ​ប៉ុណ្ណោះ។​

លោក​ថ្លែង​ថា៖ ​«គឺ​ជាក់​ស្តែង​យើង​អត់​មាន​កំហុស​អ្វី​ទាល់​តែ​សោះ ​អត់​មាន​ចំណុច​ណា​ដែល​ខ្ញុំ​និយាយ​បរិហារ​កេរ្តិ៍​គ.ជ.ប.​សោះ។​ ទោះ​បី​ជា​និយាយ​អំពី​ការ​លួច​សន្លឹក​ឆ្នោត ​ការ​បំភិត​បំភ័យ​ យើង​អត់​បាន​និយាយ​ពី​គ.ជ.ប.​ទៅ​បំភិត​បំភ័យ​អ្នក​ណា។​ យើង​អត់​បាន​និយាយ​គ.ជ.ប.​ទៅ​ទិញ​ដូរ​សន្លឹក​ឆ្នោ​ត​ទាល់​តែ​សោះ»។​

លោក ​សុន ឆ័យ ​អតីត​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ ​បាន​ឱ្យ​ដឹង​ថា​ ​នៅក្នុង​អង្គ​សវនាការ ភ័ស្តុតាង​ដែល​គ.ជ.ប.​សំអាង​ដើម្បី​ដាក់​បន្ទុក​លើ​រូប​លោក​គឺ​មិន​បាន​បង្ហាញ​អ្វី​ជាក់​លាក់​នោះ​ទេ​ ដោយ​យក​ត្រឹម​តែ​សេចក្តី​សំអាងរបស់​អយ្យការ​ក្នុង​ការ​ដាក់​បន្ទុក ​ដែល​លោក​ថា ​វាមិន​សម​ហេតុ​ផល​នោះ​ទេ។​ លោក​ថា ​ភ័ស្តុតាង​របស់​លោក​គឺ​សំអាង​តាម​ទិដ្ឋភាព​ជាក់​ស្តែង​នៃ​ភាព​មិន​ប្រក្រតី ដែល​រួម​មានគណ​បក្ស​យ៉ាង​តិច​៣ និង​អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​កត់​សម្គាល់​ពី​ភាព​មិន​ប្រក្រតី​នោះ​ដូចគ្នា។​

លោក​បន្ត​ថា៖ ​«គ.ជ.ប. ​គាត់​យក​សំអាង​ពី​អ្នក​សង្កេត​ការណ៍​អន្តរ​ជាតិ​អី​ជា​ដើម​ ​ប៉ុន្តែ​យើង​មិនឃើញ​របាយ​ការណ៍​គាត់​ទេ​ ឃើញ​តែ​ការ​សរុប​របស់​តំណាង​អយ្យការ។ ​ហើយ​ក្នុង​នោះ​មាន​និយាយ​ពី​[មន្រ្តី]​ទូត​អូស្ត្រាលី​៨​រូប​ ​ហើយ​ខ្ញុំ​បាន​ជួប​អគ្គ​រាជ​ទូត​អូស្ត្រាលី ​គាត់​បាន​បញ្ជាក់​ហើយ​អ្នក​៨​រូបគ្រាន់តែ​ទៅ​មើល​ជា​ទូទៅ​ទេ។​ គាត់​អត់​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​វាយ​តម្លៃ​អី​ទេ។​ ដូច្នេះ​ការ​យក​សំអាង​ដោយ​អយ្យ​ការ​មិន​សម​ហេតុ​ផល​ទេ។ ​អយ្យការ​បានយក​សំអាង​នេះ​សុទ្ធតែ​ជាសំអាង​មួយ​ដែល​គ្មាន​តម្លៃ​ពិត​ មិន​មាន​គុណភាព​ ​និយាយ​ឱ្យ​ចំ»។​

​លោក ​សុន ឆ័យ​ យល់​ថា ​ការ​ប្តឹង​រូប​លោក​មិន​គួរ​កើត​មាន​នោះ​ទេ ​ព្រោះ​ការរិះគន់​ពី​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ គឺ​គណ​បក្ស​ផ្សេង​ និង​អង្គការ​សង្គម​ស៊ីវិល​ក៏កត់​សម្គាល់ ​និង​រិះ​គន់​ស្រដៀង​គ្នា​នេះ​ផង​ដែរ។​

​លោក ​សុន ឆ័យ ​បន្ថែម​ទៀត​ថា​ ចៅក្រម​មិន​សូវ​បាន​ផ្តល់​ឱកាស​ឱ្យ​មេធាវី​របស់​លោកនិយាយ ​និង​បក​ស្រាយ​ទេ ខណៈ​ចៅ​ក្រម​ហៅ​តែ​មេធាវី​តំណាងគ.ជ.ប.​ឱ្យ​ឡើង​និយាយ​ច្រើន​ជាង។​

លោក ​សុន ឆ័យ ​ត្រូវ​បាន​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ចំពោះ​ការ​អត្ថាធិប្បាយ​ពី​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កន្លង​ទៅ​ ជាមួយ​កាសែត ឌឹ ខេមបូឌា ដេលី​ (The Cambodia Daily) ​កាល​ពី​កន្លង​ទៅ។​ ​គ.ជ.ប.​បាន​ស្នើ​សុំ​តុលាការ​ផ្តន្ទាទោស​លោក ​សុន ឆ័យ ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ​តាម​មាត្រា​៣០៥​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ​និង​ឱ្យ​លោក ​សុន ឆ័យ​ ធ្វើ​លិខិត​សុំ​ទោស ​គ.ជ.ប.​ជា​លាយ​លក្ខណ៍​អក្សរ ​និង​ផ្សព្វផ្សាយ​ជា​សាធារណៈ។ ​បើ​តាម​មាត្រា​៣០៥ ​នេះ​ ការ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​១០​ម៉ឺន​រៀល​ទៅ​១០​លាន​រៀល។

លោក ​ហង្ស ពុទ្ធា ​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ប្រាប់​វីអូអេ​ថា​ គ.ជ.ប.​មិន​អាច​បញ្ជាក់​អ្វី​ច្រើន​នោះ​ទេ ​ព្រោះ​សំណុំ​រឿង​នេះ​ស្ថិត​ក្នុង​ដៃ​របស់​តុលាការហើយ​។​ ដោយ​ឡែក​ទាក់​ទង​នឹង​ការ​លើក​ឡើង​ថា ​គ.ជ.ប.​ជា​អាជ្ញា​កណ្តាល​ បែរ​ទៅ​វាយ​អ្នក​ប្រកួត​ប្រជែង​ ​លោក​បាន​ប្រតិកម្ម​តប​ថា ​បើ​អាជ្ញា​កណ្តាល​ត្រូវ​គេ​វាយ តើ​គួរ​ប្តឹង​ ឬ​យ៉ាង​ណា?​
លោកចោទ​សួរ​ថា៖ ​«ខ្ញុំ​សូម​ដាក់​សំណួរវិញ​ថា ​នៅ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ ប្រសិន​ជា​ អាជ្ញា​កណ្តាល​ត្រូវ​គេ​វាយ​បែក​ក្បាល​ សួរ​ថា​ គួរ​តែ​ប្តឹង​ ឬ​មិន​ប្តឹង?»​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក ​ប្លង់ សុផល ​បាន​នៅ​ឡើយ​ទេ។​

លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅទល់មុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅទល់មុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក ​យី សុខសាន្ត ​ដែល​បាន​តាម​ដាន​សវនាការ​នេះ ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ​ការ​បញ្ចេញ​មតិ​ទាក់​ទងដំណើរការ​បោះ​ឆ្នោត​ត្រូវ​តែ​ដោះ​ស្រាយ​តាម​យន្តការ​របស់គ.ជ.ប.​ ដោយ​មិន​គួរ​ដោះ​ស្រាយ​ ឬ​ប្តឹង​ផ្តល់​នៅតុលាការ​នោះ​ទេ។​ ម្យ៉ាង​ទៀត​ លោក​ថា​ ​គ.ជ.ប.​ត្រូវ​តែ​ទទួល​យកការ​រិះគន់​ដើម្បី​ធ្វើ​ការកែ​លម្អ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​ទុក​ចិត្ត​បន្ថែម​ទៀត។​

លោក​បញ្ជាក់​ថា៖ ​«ហើយ​អ្វី​ដែល​គេ​ទិតៀន​ គ.ជ.ប.​គួរ​តែ​ទទួល​យក​នូវ​ការ​ទិតៀន​ទាំង​អស់​នោះ​ដើម្បី​យក​មក​កែ​ទម្រង់​ខ្លួន​ឯ​ង​ដើម្បី​ធ្វើ​ឱ្យ​ប្រជាជន​ទុកចិត្តថា​ គ.ជ.ប.​ជា​ស្ថាប័ន​មួយ​ដែល​ឯក​រាជ្យ។​ អា​នេះ​គឺ​ត្រឹម​ត្រូវ​វិញ​ បាទ»។​

បើ​តាម​លោក ​សុន ឆ័យ ​នៅ​ថ្ងៃ​ទី​៧ ​ខែតុលា ​ឆ្នាំ​២០២២ ​ តុលាការ​នឹង​ប្រកាស​សាល​ក្រម​ទាក់​ទង​សំណុំ​រឿង​បរិហារ​កេរ្តិ៍ ​ដែល​ប្តឹង​ដោយគ.ជ.ប.​ ហើយ​ក្នុង​ថ្ងៃ​ដដែល​នេះ​ តុលាការ​ក៏នឹង​បើក​សវនាការ​តតាំង​ក្តី​ពី​បទ​បរិហារ​កេរ្តិ៍​មួយ​ទៀត​តាមពាក្យ​បណ្តឹង​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ​ដែល​ប្តឹង​ទារ​សំណង​ពី​រូប​លោក​ប្រមាណ​១​លាន​ដុល្លារ​អាមេរិក។ ​ពាក្យ​បណ្តឹង​នោះ​គឺ​ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​របស់​លោក ​សុន ឆ័យ​ ភ្ជាប់​ជាមួយពាក្យ​ពេចន៍​មួយ​ចំនួន​ ដូច​ជា​ថា​ «លទ្ធ​ផល​នេះ​មិន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​ប្រជា​ពលរដ្ឋ។ ​វា​មាន​ការ​បំភ័យ​ វា​មាន​ការ​ទិញ វា​មាន​ការ​លួច​បាន​នៅ​សល់​ប៉ុណ្ណឹង»៕

XS
SM
MD
LG