ក្រោយនិយាយរិះគន់ពីលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ លោក សុន ឆ័យ អនុប្រធានម្នាក់នៃគណបក្សភ្លើងទៀនបានទទួលរងការប្តឹងផ្តល់នៅសាលាដំបូងរាជធានីភ្នំពេញ។ កាលពីថ្ងៃទី ៧ ខែតុលានេះ តុលាការក៏បានកាត់ក្តីឱ្យអ្នកនយោបាយជំទាស់រូបនោះចាញ់ភាគីដើមបណ្តឹងគឺគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ការសម្រេចសេចក្តីចុងក្រោយរបស់តុលាការរាជធានីភ្នំពេញមកលើលោក សុន ឆ័យ នាំឱ្យអ្នកវិភាគនៅក្នុងប្រទេសកម្ពុជាយល់ថា ការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការយ៉ាងដូច្នេះមកលើលោក សុន ឆ័យ ឬសកម្មជនគណបក្សប្រឆាំងឯទៀត នឹងធ្វើឱ្យមានភាពល្អក់កករនៅក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោតថ្នាក់ជាតិនាឆ្នាំ ២០២៣ ដោយសេរី និងត្រឹមត្រូវ។
អ្នកវិភាគនយោបាយលោក មាស នី ប្រាប់វីអូអេកាលថ្ងៃចន្ទថា ការប្តឹងផ្តល់របស់ស្ថាប័ន គ.ជ.ប. ប្រឆាំងនឹងលោក សុន ឆ័យ បានបង្កឱ្យមានរឿងចម្រូងចម្រាស ជុំវិញការប្រើប្រាស់ច្បាប់ និងការប្រើសិទ្ធិបញ្ចេញមតិ នៅពេលលោក សុន ឆ័យ ត្រូវបានចោទពីបទបរិហារកេរ្តិ៍ ទាំងភស្តុតាងមានភាពស្រពេចស្រពិល។
អ្នកវិភាគនយោបាយរូបនេះ បន្តថា តាំងពីដើមមក គ្មាននរណារំពឹងថា លោក សុន ឆ័យ នឹងឈ្នះក្តីនេះឡើយ ដោយហេតុថា អ្នកដែលប្តឹងគឺជាគណបក្សកំពុងកាន់អំណាច ស្របពេលដែលប្រព័ន្ធយុត្តិធម៌នៅកម្ពុជាត្រូវបានគេរិះគន់ថា មិនមានឯករាជ្យភាពពេញលេញ។
បើតាមលោក មាស នី គណបក្សភ្លើងទៀន នឹងប្រទះបញ្ហាប្រឈមជាច្រើនទៅថ្ងៃខាងមុខទៀត ដែលទាមទារឱ្យមានយុទ្ធសាស្ត្រនយោបាយថ្មីៗ ដើម្បីចៀសផុតពីហានិភ័យនៃការប្រឈមមុខនឹងការប្តឹងផ្តល់ជាថ្មីទៀត។
លោក មាស នី ថ្លែងថា៖ «បើសិនជាគណបក្សភ្លើងទៀនមិនមានយុទ្ធសាស្ត្រអីច្បាស់លាស់នៅក្នុងឆ្នាំ ២០២៣ ទេ វាអាចនឹងគណបក្សភ្លើងទៀនទទួលរងនូវវាសនាប្រហែលគ្នាជាមួយនឹងគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ [២០១៧] ដែរ»។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឱ្យ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ចាញ់ក្តីដើមបណ្តឹងដែលជាគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដោយតម្រូវឱ្យបង់សំណងជំងឺចិត្តដល់គណបក្សកាន់អំណាចជាទឹកប្រាក់រហូតដល់ប្រមាណ ៧៥ ម៉ឺនដុល្លារអាមេរិក។
សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរិះគន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ តាមពាក្យបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលទាមទារឱ្យមេដឹកនាំគណបក្សប្រឆាំងបង់សងជំងឺចិត្តចំនួន ៤ ពាន់លានរៀល គឺប្រមាណ ១ លានដុល្លារអាមេរិក និងស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប ទាមទារឱ្យលោក សុន ឆ័យ សុំទោសជាសាធារណៈ។
អ្នកវិភាគនយោបាយ លោក សេង សារី លើកឡើងថា ការធ្វើទុក្ខបុកម្នេញទៅលើមេដឹកនាំនិងសកម្មជនរបស់គណបក្សប្រឆាំងនៅមូលដ្ឋាន មិនមែនជារឿងថ្មីទេ នៅក្នុងនយោបាយកម្ពុជា។
បើតាមលោក សេង សារី ការបង្កបញ្ហាផ្លូវច្បាប់ផ្សេងៗដល់លោក សុន ឆ័យ នោះ ជាយុទ្ធសាស្ត្រនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីផាត់អ្នកនយោបាយជើងចាស់ដែលមាននិន្នាការជំទាស់ចេញពីសង្វៀន រួចបើកផ្លូវឱ្យអ្នកនយោបាយវ័យក្មេងពីគណបក្សកាន់អំណាច តួយ៉ាងលោក ហ៊ុន ម៉ាណែត មានឱកាសច្រើន ដើម្បីកសាងប្រជាប្រិយភាព និងសមត្ថភាពនយោបាយ។
លោក សេង សារី ថ្លែងថា៖ «កត្តាសំខាន់នោះគឺ លោក ហ៊ុន ម៉ាណែត ដែលត្រូវជាអ្នកបន្តវេនរបស់គណបក្សកាន់អំណាចនៅមានភាពវ័យ [ក្មេង] ខ្ចី នៅក្នុងកិច្ចការងារនយោបាយ និងកិច្ចការងារដឹកនាំរដ្ឋ ជាពិសេសកិច្ចការងារនយោបាយដែលប្រកួតប្រជែងជាមួយគណបក្សប្រឆាំងបច្ចុប្បន្ន ដែលមានអ្នកគាំទ្រជិតកន្លះប្រទេស។ អ៊ីចឹងខ្ញុំឃើញថា ករណីរបស់លោក សុន ឆ័យ ជាករណីដែលគណបក្សកាន់អំណាចមិនចង់ឱ្យមានវត្តមានរបស់របស់អ្នកនយោបាយជំនាន់មុន មានវត្តមានក្នុងសង្វៀននយោបាយរបស់មនុស្សជំនាន់ថ្មី»។
លោក កន សាវាង្ស មន្ត្រីសម្របសម្រួលនៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល ប្រាប់វីអូអេថា ការកាត់ក្តីរបស់តុលាការដែលតម្រូវឱ្យលោក សុន ឆ័យ សងជំងឺចិត្តដ៏ច្រើនបែបនេះទៅគណបក្សកាន់អំណាច ជាករណីកម្រកើតមានពីមុនមក ទាក់ទងនឹងការបញ្ចេញមតិជុំវិញការបោះឆ្នោត។
អ្នកឃ្លាំមើលរូបនេះអះអាងថា ការបន្តមានការចោទប្រកាន់ផ្សេងៗពីបទឧក្រិដ្ឋលើមេដឹកនាំគណបក្សប្រឆាំង ឬសកម្មជននោះ ប្រាកដណាស់ នឹងនាំឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតថ្នាក់ជាតិនាឆ្នាំខាងមុខ។
លោក កន សាវាង្ស ថ្លែងថា៖ «សម្រាប់ខ្ញុំនៅតែយល់ឃើញថា ការប្រើប្រាស់នូវការពិន័យនេះគឺធំៗមែនទែន ធំណាស់សម្រាប់កិច្ចការហ្នឹង។ ហើយរឿងថាប៉ះពាល់ ឬមិនប៉ះពាល់នោះ សម្រាប់ខ្ញុំយល់ឃើញថា ចង់មិនចង់ វាប៉ះពាល់ហើយ»។
ទោះជាយ៉ាងណា លោក កន សាវាង្ស យល់ថា ការប្តឹងផ្តល់ផ្សេងៗមិនមែនជម្រើសនៅក្នុងការដោះស្រាយបញ្ហាឡើយ ខណៈលោកជំរុញឱ្យមានការជជែកពិភាក្សាគ្នាឱ្យបានកាន់តែច្រើន ដែលជាវិថីនៃការដោះស្រាយបញ្ហា។
ក្រៅពីសំណុំរឿងលោក សុន ឆ័យ គិតត្រឹមដើមខែតុលា នៅក្នុងឆ្នាំ ២០២២ មានករណីចាប់ឃុំខ្លួន នឹងចោទប្រកាន់លើសកម្មជននិងថ្នាក់ដឹកនាំគណបក្សភ្លើងទៀនចំនួន ១២ ករណី ក្នុងនោះភាគច្រើនពាក់ព័ន្ធជាមួយបទញុះញង់ និងបរិហាកេរ្តិ៍ជាសាធារណៈ។ នេះបើតាមអង្គការការពារសិទ្ធិមនុស្សលីកាដូ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា ការចាញ់ក្តីរបស់លោក សុន ឆ័យ នៅតុលាការ នឹងមិនមានការប៉ះពាល់ដល់ដំណើរការបោះឆ្នោតថ្នាក់ជាតិនាឆ្នាំ ២០២៣ ខាងមុខឡើយ ដោយលើកហេតុផលថា ការសម្រេចរបស់តុលាការលើលោក សុន ឆ័យ ធ្វើឡើងតាមអង្គហេតុនិងច្បាប់ ។
លោក សុខ ឥសាន បានថ្លែងថា៖ «ហើយការដែលមានមតិថា វាប៉ះពាល់ដល់ការបោះឆ្នោតខាងមុខ។ អាហ្នឹងគណបក្សប្រជាជនមិនមែនជាអ្នកទទួលខុសត្រូវទេ។ អាហ្នឹងសាមីជនដែលជាអ្នកប្រព្រឹត្តល្មើសច្បាប់ ដែលរំលោភបំពានច្បាប់ ហើយនឹងប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា និង គ.ជ.ប. អាហ្នឹងជាអ្នកទទួលខុសត្រូវទេ»។
ចំណែក អ្នកនាំពាក្យគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត លោក សោម សូរីដា ប្រាប់វីអូអេថា បណ្តឹងរបស់ គ.ជ.ប. ទៅលើអនុប្រធានគណបក្សប្រឆាំងលោក សុន ឆ័យ នោះ ជាបណ្តឹងពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍ស្ថាប័ន ពោលគឺមិនមែនជាបណ្តឹងនយោបាយឡើយ។
អ្នកនាំពាក្យរូបនេះអះអាងថា ស្ថាប័ន គ.ជ.ប. បានរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដោយរលូននិងគោរពទៅតាមច្បាប់ ដែលមានជាធរមាន និងគោលការណ៍ដែលមានស្រាប់។
លោកនិយាយថា៖ «ចំណុចនេះ ប្រសិនបើ គ.ជ.ប. គ្មានប្រតិកម្ម និងគ្មានដំណោះស្រាយ ដើម្បីការពារខ្លួននោះទេ គឺវាធ្វើឱ្យការបោះឆ្នោតឆ្នាំ ២០២៣ វាកើតឡើងនូវភាពមិនប្រក្រតីទៅវិញទេ។ យើងអាចនិយាយថា ប្រជាពលរដ្ឋបាត់ទំនុកចិត្តទៅស្ថាប័នមួយនេះ ដែលត្រូវគេចោទប្រកាន់ថា លួចសន្លឹកឆ្នោត ហើយអត់មានប្រតិកម្មឆ្លើយតប នោះ គ.ជ.ប. ទទួលស្គាល់ថា ខ្លួនឯងលួចសន្លឹកឆ្នោតមែន»។
យ៉ាងណាក៏ដោយ អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ប្រាប់វីអូអេតាមរយៈប្រព័ន្ធតេឡេក្រាម កាលពីថ្ងៃចន្ទថា លោកនឹងប្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីជំទាស់នឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។ លោកក៏បញ្ជាក់ថា លោកនៅតែបន្តសកម្មភាពនយោបាយរបស់លោកដូចដើម និងមិនមានការរារែកនោះឡើយ៕