លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន អះអាងថា លោកនឹងចូលរួមសវនាការជំនុំជម្រះ នាចុងខែកញ្ញានេះដើម្បីការពារអ្វីដែលលោកថា ភាពស្អាតស្អំរបស់លោកប្រឆាំងនឹងការចោទប្រកាន់របស់តុលាការតាមពាក្យបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ នឹងបើកសវនាការជំនុំជម្រះលើការចោទប្រកាន់លោក សុន ឆ័យ ទាក់ទងនឹងការអត្ថាធិប្បាយអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនា។ នេះបើតាមមេធាវីរបស់លោក សុន ឆ័យ គឺលោក ជូង ជូងី។
លោក សុន ឆ័យ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ការលើកឡើងអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតមិនមែនតែរូបលោកម្នាក់ទេគឺមានគណបក្ស និងអង្គការសង្គមស៊ីវិលមួយចំនួន។
លោកថ្លែងថា៖ «ដូច្នេះខ្ញុំថា មិនគួរនឹងកើតមានទេក្តីក្តាំ។ ប៉ុន្តែបើសិនណាមានហើយ ហើយតុលាការតម្រូវឱ្យខ្ញុំចូលខ្លួន ខ្ញុំនឹងចូលខ្លួនតាមកាលកំណត់»។
មេធាវីរបស់លោក សុន ឆ័យ គឺលោក ជូង ជូងី បញ្ជាក់ថា សំណុំរឿងទាំងពីរនឹងធ្វើឡើងមួយព្រឹកនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។
លោកបញ្ជាក់ថា ការចោទប្រកាន់លើកូនក្តីរបស់លោកជា«រឿងនយោបាយ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ប្លង់ សុផល អ្នកនាំពាក្យរបស់តុលាការ និងជាតំណាងអយ្យការដែលចោទប្រកាន់លោក សុន ឆ័យ បាននៅឡើយទេ។
លោក សុន ឆ័យ ត្រូវបានអយ្យការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈចំពោះការអត្ថាធិប្បាយពីភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោតឃុំសង្កាត់កន្លងទៅជាមួយកាសែតឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាលពីកន្លងទៅ។
គណបក្សប្រជាជនកម្ពុជាបានដាក់ពាក្យបណ្តឹងប្រឆាំងលោក សុន ឆ័យ ទាក់ទងនឹងការថ្លែងរបស់លោក កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២២ ជាមួយសារព័ត៌មានអនឡាញឌឹ ខេមបូឌា ដេលី។ ការថ្លែងរបស់លោក សុន ឆ័យ ដែលឈានទៅដល់ការប្តឹងផ្តល់នេះ គឺពាក់ព័ន្ធនឹងពាក្យពេចន៍មួយចំនួនដូចជាថា«លទ្ធផលនេះមិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋ។ វាមានការបំភ័យ វាមានការទិញ វាមានការលួចបាននៅសល់ប៉ុណ្ណឹង»។
នៅក្នុងនោះ គណបក្សប្រជាជនកម្ពុជាបានទាមទារសំណងជំងឺចិត្តចំនួន ៤.០០០លានរៀល ឬប្រហែល១លានដុល្លារអាមេរិកពីលោក សុន ឆ័យ។
លោក សុន ឆ័យ បញ្ជាក់នៅថ្ងៃអង្គារនេះថា លោកមិនមានថវិកាបង់សងឡើយ ប្រសិនបើតុលាការរកឃើញកំហុស ហើយតម្រូវឱ្យលោកបង់ប្រាក់។
លោក សុន ឆ័យ ក៏ប្រឈមនឹងពាក្យបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពាក់ព័ន្ធនឹងការថ្លែងអំពីភាពមិនប្រក្រតីនៃការបោះឆ្នោត។ ស្ថាប័ន គ.ជ.ប បានស្នើសុំតុលាការផ្តន្ទាទោសលោក សុន ឆ័យពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ និងឱ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោស គ.ជ.ប ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ។ បើតាមមាត្រា៣០៥ នេះ ការបរិហារកេរ្តិ៍ជាសាធារណៈត្រូវពិន័យជាប្រាក់ពី ១០ ម៉ឺនរៀលទៅ ១០ លានរៀល៕