ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​សង្គ្រោះជាតិ​អំពាវនាវ​រក​ជំនួយ​ពី​អន្តរជាតិ


អ្នក​គាំទ្រ​វ័យ​ក្មេង​របស់​គណបក្ស​សង្គ្រោះជាតិ​កាន់​ទង់ជាតិ​នៃ​បណ្តា​ប្រទេស​អ្នក​​ផ្តល់​ជំនួយ​សំខាន់ៗ​របស់​ប្រទេស​កម្ពុជា ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ចំពោះ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត។ (ឃួន ធារ៉ា/វីអូអេ)
អ្នក​គាំទ្រ​វ័យ​ក្មេង​របស់​គណបក្ស​សង្គ្រោះជាតិ​កាន់​ទង់ជាតិ​នៃ​បណ្តា​ប្រទេស​អ្នក​​ផ្តល់​ជំនួយ​សំខាន់ៗ​របស់​ប្រទេស​កម្ពុជា ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ចំពោះ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត។ (ឃួន ធារ៉ា/វីអូអេ)
ខណៈ​ដែល​ការ​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ នៅ​តែ​អូសបន្លាយ គណបក្ស​សង្គ្រោះជាតិ ​បាន​ងាក​ទៅ​រក​អង្គការ​សហ​ប្រជាជាតិ​និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​ឲ្យ​ជួយ​ស្វែង​រក​យុត្តិធម៌​ដល់​ម្ចាស់​ឆ្នោត​ ដោយ​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​និង​ប្រទេស​ទាំង​នោះ ​ជួយ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ជាតិ​ក្នុងអណត្តិ​ទី​៥​កាល​ពីខែ​កក្កដា​កន្លង​ទៅ។ ការ​ស្វែង​រក​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​នេះ ​បាន​ធ្វើឡើង​ចំ​ថ្ងៃ​រំលឹក​ខួប​លើក​ទី​២២​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃទី​២៣ ​ខែ​តុលា​តែ​ម្តង។

លោក កឹម សុខា ​អនុប្រធាន​នៃគណបក្ស​ប្រឆាំង​នេះ​ បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​របស់​ខ្លួន​រាប់​ម៉ឺន​នាក់ ​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៣​ ដែល​ជា​ថ្ងៃ​ទី​១​នៃ​ការ​ធ្វើ​មហា​បាតុកម្ម​រយៈ​ពេល​៣​ថ្ងៃ ​ជា​លើក​ទី​២​របស់​ខ្លួន​នៅទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ។

«សូម​អំពាវនាវ​ដល់​អង្គការ​សហប្រជាជាតិ ដល់​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀម​សន្តិភាព​ទីក្រុង​ប៉ារីស​ស្តី​ពី​កម្ពុជា​ទាំង​អស់​ឲ្យ​វិល​ត្រឡប់​មក​ជួយ​ប្រជារាស្ត្រ​ខ្មែរ​ឲ្យ​មាន​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ​ហើយ​ជា​ដំបូង​បំផុត ​សូម​មក​ជួយ​ជា​បន្ទាន់ ​ដើម្បី​រក​យុត្តិធម៌​ រក​ការណ៍​ពិត​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អណត្តិ​ទី​៥​នេះ​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​បាន»។

ប្រទេស​ចំនួន​១៨​ ដែល​រួម​មាន​សហរដ្ឋ​អាមេរិក​ ចិន​ អូស្ត្រាលី​ និង​ ជប៉ុន ​ជាដើម ​បាន​ចុះ​ហត្ថលេខា​លើកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​កាល​ពី​២២​ឆ្នាំ​មុន ​ដើម្បី​ជួយបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ដែល​បាន​អូសបន្លាយពេល​អស់​ជាង​២​ទសវត្សរ៍​ចាប់​តាំង​ពី​ទសវត្សរ៍១៩៧០​មក។

លោក កឹម សុខា ថ្លែង​ថា ​បណ្តា​ប្រទេស​ទាំង​នេះ ​នៅ​មាន​កាតព្វកិច្ច​ក្នុង​ការ​ធានា​ឲ្យ​មាន​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​ឲ្យ​បាន​ត្រឹមត្រូវ។

«ប្រទេស​ណា​ដែល​ចង់​ជួយ​គណបក្ស​ប្រជាជន​កម្ពុជា ​ឲ្យ​កាន់​អំណាច​ម្នាក់​ឯង​នេះ ​គឺ​មាន​ន័យ​ថា ​ប្រទេស​នោះ ​ដើរ​ជាន់​ឈ្លី​ ឆន្ទៈ​ប្រជា​រាស្ត្រ​ខ្មែរ​ដែល​ចង់​បាន​ពហុបក្ស​ហើយ»។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​បដិសេធ​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ហើយ​បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​កិច្ច​ប្រជុំ​សភា​ដំបូង​ ដោយ​លើក​ហេតុផល​ថា ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ម្ចាស់​ឆ្នោត​ភាគច្រើនដោយ​សារ​មានភាព​មិន​ប្រក្រតី​ជា​ច្រើន​នៅ​ក្នុង​ពេល​បោះឆ្នោត។

ថ្នាក់​ដឹកនាំ​គណបក្ស​នេះ ​ប្រកាស​ថា ​ទោះ​បី​ជា​មាន​ការ​រារាំង​ពី​អាជ្ញាធរ​ក៏​ដោយ​ក៏​ខ្លួន​ប្រមូល​បាន​ស្នាម​មេ​ដៃពីប្រជាពលរដ្ឋ​ជាង​២​លាន​នាក់​ហើយ​ ដែល​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​និង​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​នេះ។​

ញត្តិ​ដែល​មាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​នេះ ​ត្រូវ​បាន​ដង្ហែរ​ពី​ទីលាន​ប្រជាធិបតេយ្យ​ យក​ទៅប្រគល់​ជូន​តំណាង​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​តុលា​នេះ។

លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​បាន​ដឹកនាំ​ក្បួន​ដង្ហែរ​ញត្តិ​នេះ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ ក្រោយ​ពីចូលជួប​ជា​មួយ​តំណាង​ការិយាល័យ​អង្គការ​សហ​ប្រជា​ជាតិ​នេះ។​

«ខ្ញុំ​បាន​ជម្រាប​ជូន​គាត់ថា​ យើង​នឹង​ប្រមូលស្នាម​មេដៃ​ឲ្យ​បាន​១លាន​៣​សែន​ទៀត។ បូកសរុបទៅ​ឲ្យ​បាន​៣លាន៣សែន​ស្នាម​មេដៃ​ ដែល​បាន​បង្ហាញ​ឆន្ទៈ​ថា ​ប្រជាពលរដ្ឋ​ទាំង​នោះគឺ​ទាម​ទារ​ឲ្យ​មាន​ការ​ផ្តល់​យុត្តិធម៌​ជូន​ពួកគាត់​ ជូន​ម្ចាស់​ឆ្នោត ​ឲ្យ​មាន​ការ​ផ្ទៀង​ផ្ទាត់​ ឲ្យ​មាន​ការ​រាប់សន្លឹក​ឆ្នោត​ឡើងវិញ ​ឬ​មួយ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើងវិញ ​ដើម្បី​ធ្វើ​យ៉ាងម៉េច​ឲ្យ​ឆន្ទៈ​ប្រជារាស្ត្រ​ខ្មែរ​ត្រូវ​បាន​លាត​ត្រដាង​ ត្រូវ​បាន​គេ​ទទួលស្គាល់​និង​ត្រូវ​បាន​គេ​គោរព»។

លោក កឹម សុខា​បន្ថែម​ថា៖ «យើង​បាន​ជម្រាប​គាត់​ថា ធ្វើ​យ៉ាង​ម៉េច ​ឲ្យ​ញត្តិ​នេះ ​បាន​ដល់ដៃ​មេដឹកនាំ​អង្គការ​សហ​ប្រជាជាតិ ​ហើយ​ញត្តិ​នេះ ​បង្ហាញ​ពី​ឆន្ទៈ​ពិត​របស់​ប្រជា​ពលរដ្ឋ​ ដែល​ទាមទារ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ជួយ​រក​យុត្តិធម៌​ជុំវិញ​ការ​បោះឆ្នោត​ និង​ជួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទទួល​បាន​លទ្ធិ​ប្រជាធិបតេយ្យ​សេរីពហុបក្ស​ពិត​ប្រាកដ​ស្រប​តាម​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា​ដែល​អង្គការ​សហ​ប្រជាជាតិ​បាន​ចុះ​ហត្ថលេខា​ដែរ​នោះ»។

លោក ឌុច រ៉េន ​គឺ​ជាបាតុករ​ម្នាក់​ដែល​បានចូលរួមដើរ​ដង្ហែរ​ញត្តិ​មក​កាន់​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​នេះ​ដែរ។

«ខ្ញុំ​សង្ឃឹម​ថា ​អង្គការ​សហ​ប្រជាជាតិ​នឹង​ទទួល​ស្គាល់​ហើយ​នឹង​ទទួលយក​ញត្តិ​ដែល​ជា​ទឹកចិត្ត​ដ៏​មុះមុត​អង់អាច​របស់សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​គ្នា។ ខ្ញុំ​សង្ឃឹម​ថា​នឹង​ជួយ​និង​អាច​ធ្វើ​ឲ្យ​រឿងរ៉ាវ​ទាំង​អស់​នេះ ​ប្រសើរ​ឡើងនិង​ទទួល​បាន​លទ្ធផល​ល្អ»។

ដូច​បាតុករ​ជា​គ្រហស្ថ​ជាច្រើន​ទៀត​ដែរ ភិក្ខុ កែវ យឿន ​គង់​នៅ​ក្នុង​វត្ត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ ក៏​បាន​ចូលរួម​ហែរ​ញត្តិ​ជាមួយ​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែរ ទោះ​បី​ជា​មាន​ការ​ហាម​ប្រាម​ពី​គណៈ​សង្ឃ​ទាំង​ពីរ​និកាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដោយ។​

«ដោយ​សារ​តែ​មាន​ការរើ​បំរះ​ពី​ខ្មែរ​យើង​ដែល​ជា​អ្នក​ស្នេហា​ជាតិ​ជា​ច្រើន ​ឥឡូវ​នេះ ​ដល់​ជំនាន់​អាត្មា​ហើយ ​ហើយ​ជំនាន់​នេះ​ក៏​មាន​ការ​ចេះ​ដឹង​ពី​ប្រជាធិបតេយ្យ​ជា​ច្រើន​ អញ្ចឹង​ទៅ​ក៏​តេជគុណ​ម្ចាស់​ឬ​ក៏​អ្នក​ស្នេហា​ជាតិ​បាន​ក្រោក​ឈរ​ឡើង​ដើម្បី​នឹង​តវ៉ា​រក​យុត្តិធម៌​ជូន​ម្ចាស់​ទឹកដី​ក៏​ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទាំង​អស់​ដែល​ជា​អ្នក​ស្នេហាជាតិ​និង​ការពារ​សន្លឹក​ឆ្នោត​របស់​ខ្លួន»។

ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​ដើរ​ដង្ហែរ​ញតិ្ត​ដែល​មាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​នេះ​ទៅ​ប្រគល់​ជូន​ស្ថានទូត​បារាំង ​អង់គ្លេស ​និង​អាមេរិក​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​តុលា​នេះ​ទៀត៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG