ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រឆាំង​នៅ​ប្រកាន់​ជំហរ​រឹង​បើ​ទោះ​បី​ជា​បក្ស​កាន់​អំណាច​បន្ទន់​ជំហរ


លោក កឹម សុខា និង​លោក សម រង្ស៊ី ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ចុង​ខែ​កក្កដា។
លោក កឹម សុខា និង​លោក សម រង្ស៊ី ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ចុង​ខែ​កក្កដា។
ទោះ​បី​ជា​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ការ​បន្ទន់​ទៅ​រក​ការ​ចរចា​ដោយ​សន្យា​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ក៏​ដោយ ​ក៏​គណបក្ស​ទាំង​ពីរ​នៅ​តែ​មិន​មាន​សញ្ញា​វិជ្ជមាន​ណា​មួយ​ក្នុង​ការ​វិល​ទៅ​រក​តុ​ចរចា​ជា​ថ្មី​នៅ​ឡើយ​ទេ។

លោក កឹម សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឱ្យ​ដឹង​ថា​ពុំ​មាន​គម្រោង​ជួប​ចរចា​ជា​ថ្មី​នៅ​ឡើយ​ទេ​ មូលហេតុ​ដោយ​សារ​នៅ​មាន​ការខ្វែង​យោបល់​គ្នា​ច្រើន​ទៅ​លើ​របៀបវារៈ​នៃ​ការ​ចរចា។

លោក​បាន​បន្ថែម​ថា៖ «ការ​ចរចា​ទាល់​តែ​ចរចា​លើ​មូលដ្ឋាន​អ្វី​មួយ​ ប៉ុន្តែ​វា​នៅ​ខុស​គ្នា។ គណបក្ស​ប្រជាជន​ គេ​ចង់​ចរចា​ពី​រឿង​បែងចែក​អំណាច​ទទួល​ស្គាល់​ថា ​គាត់​ឈ្នះ ​ប៉ុន្តែ​យើង​អត់​ទទួល​ស្គាល់។ របៀប​វារៈ​យើង​ចង់​រក​យុត្តិធម៌​រក​ការណ៍​ពិត​ជូន​ប្រជាពលរដ្ឋ​សិន»។

ចំណុច​សំខាន់ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ក្នុង​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នា​ពេល​កន្លង​មក​រួមមាន​តុល្យភាព​អំណាច​ក្នុង​រដ្ឋសភា ​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក្នុង​ថ្ងៃ​បោះឆ្នោត ​និង​កំណែ​ទម្រង់​នៃ​ការ​បោះឆ្នោត។ ដោយ​ឡែក ​នៅ​ថ្ងៃ​ទី​១៤​ខែ​តុលា​កន្លង​ទៅ​នេះ ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បន្ទន់​ជំហរ​របស់​ខ្លួន​បន្ថែម​ទៀត ​ដោយ​ការ​សន្យា​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ​នៃ​ការ​បោះឆ្នោត។

ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ទាមទារ​ឱ្យ​មាន​គណៈកម្មាធិការ​ឯករាជ្យ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត ​មុន​ខ្លួនព្រមព្រៀង​ឈាន​ចូល​តុ​ចរចា​ជាថ្មី​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​កំពុង​កាន់​អំណាច។

ប៉ុន្តែ​លោក ឈាង វុន ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា​ លក្ខខណ្ឌ​នេះ​គឺ​មិន​អាច​ទៅ​រួច​ទេ​នៅ​ពេល​នេះ។

លោក​ឈាង វុន ​បន្ថែម​ថា​គណបក្ស​លោក​នៅ​តែ​ទទូច​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលប្រជុំ​សភា​ដើម្បី​ពិភាក្សា​លម្អិត​ពី​កំណែ​ទម្រង់​ទាំង​នេះ។

«យើង​បាន​អំពាវនាវ​ថា​ដើម្បី​ធ្វើ​កិច្ចការ​ហ្នឹង ខាង​នីតិប្រតិបត្តិ​ខាង​នីតិ​ប្បញ្ញត្តិត្រូវ​តែ​រួម​គ្នា​ធ្វើ មក​អង្គុយ​ជុំ​គ្នា​ធ្វើ ហើយ​បើ​គាត់​ចង់​ចូលរួម​ចំណែក ទាល់​តែ​គាត់​ចូលរួម​ប្រជុំ​សភា»។​

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ធ្វើ​ពហិកា​មិន​ព្រម​ចូលរួម​ប្រជុំ​សភា ​ដោយ​អះអាង​ថា​ជា​ការ​ទាមទារ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​មាន​គណបក្ស​តែ​មួយ​ប៉ុណ្ណោះ​ក្នុង​រដ្ឋ​សភា ​ជា​លើក​ដំបូងក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួនតាំង​ពី​កាល​បោះឆ្នោត​លើក​ដំបូង​នៅ​ឆ្នាំ​១៩៩៣​មក ​និង​ជា​ហេតុ​ធ្វើ​ឱ្យប្រទេស​ផ្តល់​ជំនួយ​សំខាន់ៗ​ដូចជា​សហរដ្ឋ​អាមេរិក​និង​សហគមន៍​អឺរ៉ុប​ដែល​មាន​សមាជិក​២៨​ប្រទេស​លើក​លែង​តែ​បារាំង​ចេញ​មិន​ទាន់​ទទួល​ស្គាល់​នៅ​ឡើយ។

លោក នី ចរិយា ​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​និងច្បាប់​នៅ​អង្គការ​អាដហុក ​យល់​ឃើញ​ថា​ការ​ប្រកាស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​គឺ​មាន​គោល​បំណង​នយោបាយច្រើន​ជាង ​ដោយចង់​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ប្រជុំ​សភា​ដើម្បី​ឱ្យ​អន្តរជាតិ​ទទួល​ស្គាល់​រដ្ឋាភិបាល​បង្កើត​ថ្មី​នេះ។

លោក នី ចរិយា ​បន្ថែម​ថា​កំណែ​ទម្រង់​ការ​បោះឆ្នោត​មាន​ប្រសិទ្ធភាព​លុះ​ត្រា​តែ​គណបក្ស​ទាំង​ពីរ​មាន​តុល្យភាព​អំណាច​និង​ពិភាក្សា​គ្នា​ឱ្យ​បាន​ច្បាស់​លាស់។

«កាល​ណា​យើង​ចង់​កែ​ទម្រង់​អ្វី​មួយ​យើង​ត្រូវ​មាន​កម្មវិធី​ច្បាស់​លាស់ ​កម្មវិធី​នយោបាយ​លម្អិត ​និង​ភាគី​ពាក់​ព័ន្ធ​ក្នុង​ការ​កែ​ទម្រង់​នេះ​ឯង​ និង​អំពី​កាល​វិភាគ​ច្បាស់​លាស់​ថា​តើ​ពេល​ណា ​ថា​ពេល​ណា​ត្រូវ​ធ្វើ​អ្វី​ៗ។ បើ​មិន​មាន​ការ​បែកចែក​អំណាច​ឱ្យ​បាន​ច្បាស់​លាស់​ក្នុង​អង្គការ​នីតិ​ប្បញ្ញតិ្ត​និង​នីតិ​ប្រតិបត្តិ​ទេ​ គ្មាន​កំណែ​ទម្រង់​ណា​មួយ​អាច​ទៅ​រួច​ទេ»។

ទោះ​បីជា​យ៉ាង​ណា​លោក នី ចរិយា ​នៅ​តែ​ទទូច​ឱ្យ​ភាគី​គណបក្ស​ទាំង​ពីរ​ត្រឡប់​ទៅ​រក​តុ​ចរចា​ជា​ថ្មី​នៅ​ពេល​ខាង​មុខ៕
XS
SM
MD
LG