ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នកឃ្លាំមើល​ព្រមាន​ពី​វប្បធម៌​និទ្ទណ្ឌភាព​នៅ​លីបង់


ប្រជាជន និង​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ​នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ដោយ​ការបំផ្ទុះ​នៅ កំពង់ផែ​បេរូត កាន់រូបភាព​របស់​របស់ជនរងគ្រោះ​ក្នុងអំឡុងពេល​ដើរដង្ហែ ខណៈ​ដែល​ប្រទេសលីបង់​ធ្វើការ​រំឭកខួបបីឆ្នាំ​នៃ​ការ​ផ្ទុះ​កំពង់ផែ​បេរូត នៅ​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣។
ប្រជាជន និង​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ​នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ដោយ​ការបំផ្ទុះ​នៅ កំពង់ផែ​បេរូត កាន់រូបភាព​របស់​របស់ជនរងគ្រោះ​ក្នុងអំឡុងពេល​ដើរដង្ហែ ខណៈ​ដែល​ប្រទេសលីបង់​ធ្វើការ​រំឭកខួបបីឆ្នាំ​នៃ​ការ​ផ្ទុះ​កំពង់ផែ​បេរូត នៅ​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣។

សារធាតុ​អាម៉ូញ៉ូម​នីត្រាត​ ដែល​រក្សា​ទុក​មិន​បាន​ត្រឹមត្រូវ​នៅ​កំពង់ផែ​បេរូត បាន​ផ្ទុះ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២០ ដោយ​បាន​សម្លាប់​មនុស្ស២១៥​នាក់ និង​របួស​ប្រមាណ​៧​ពាន់​នាក់ ព្រម​ទាំង​បាន​បំផ្លិច​បំផ្លាញ​ផ្នែក​ជាច្រើន​នៃ​រដ្ឋធានី​ប្រទេស​លីបង់។ វា​ជា​ការ​ផ្ទុះ​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​មិន​ពាក់​ព័ន្ធ​នឹង​នុយក្លេអ៊ែរ ប៉ុន្តែ​រហូត​មក​ទល់ពេល​នេះ គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​បាន​នាំ​យក​មក​ទទួល​ខុស​ត្រូវ​នោះ​ទេ ស្រប​ពេល​ដែល​អ្នក​នយោបាយ​បាន​ដាក់​សម្ពាធ​ទៅ​លើ​ប្រព័ន្ធ​តុលាការ​ឲ្យ​ផ្អាក​ការ​ស៊ើបអង្កេត​ទៅ​លើ​ករណី​នេះ។

ការ​ផ្ទុះ​នោះ​កើតឡើង​ស្រប​ពេល​ដែល​មាន​ការ​ដួល​រលំនៃ​សេដ្ឋកិច្ច​ដ៏​ដុនដាប​របស់​ប្រទេស​លីបង់ ដែល​ធនាគារ​ពិភពលោក​បាន​ចាត់​ទុក​ថា ជា​ការ​ដូល​រលំ​ធ្ងន់ធ្ងរ​បំផុត​មួយ​មិន​ធ្លាប់​មាន ដោយ​រូបិយប័ណ្ណ​ប្រទេស​នេះ​បាន​ធ្លាក់​តម្លៃ​រហូត​ដល់​ទៅ​៩៨ ភាគរយ បើ​ធៀប​នឹង​ប្រាក់​ដុល្លារ។ ពលរដ្ឋ​លីបង់​ចោទវរជន​គ្រប់គ្រង​អំណាច និង​ទេសាភិបាល​ធនាគារ​កណ្ដាល​ដែល​បាន​កាន់​តួនាទី​នេះ​អស់​៣​ទសវត្សរ៍​មក​ហើយ​ថា ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ និងដឹកនាំ​មិន​ត្រឹមត្រូវ។

នៅ​ដើម​ខែ​សីហា​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch អង្គការ​លើក​លែង​ទោស​អន្តរជាតិ Amnesty International និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ប្រមាណ ​៣០០ ផ្សេង​ទៀត ក៏ដូចជា​បុគ្គល​ជាច្រើន បាន​ជំរុញ​ម្ដង​ទៀត​ឲ្យ​អង្គការ​សហប្រជាជាតិ​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​ការ​ផ្ទុះ​នោះ ប៉ុន្តែថ្នាក់ដឹកនាំ​នយោបាយ​បាន​ច្រាន​ចោល​សំណើរ​បែប​នេះ​ម្ដង​ហើយ​ម្ដង​ទៀត។

​កន្លែង​ផ្ទុក​គ្រាប់ធញ្ញជាតិ​មួយ​ផ្នែកនៅក្នុងទីក្រុងបេរ៉ូត ប្រទេស​លីបង់រង​ការខូចខាត​នៅក្នុង​ការផ្ទុះ​កំពង់ផែ​បេរ៉ូត កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។ រូបនេះ ថតនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៣។
​កន្លែង​ផ្ទុក​គ្រាប់ធញ្ញជាតិ​មួយ​ផ្នែកនៅក្នុងទីក្រុងបេរ៉ូត ប្រទេស​លីបង់រង​ការខូចខាត​នៅក្នុង​ការផ្ទុះ​កំពង់ផែ​បេរ៉ូត កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។ រូបនេះ ថតនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៣។

លោក Ramzi Kaiss អ្នកស្រាវជ្រាវ​អំពី​ប្រទេស​លីបង់​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា៖ «វិធានការ​អន្តរជាតិ គឺ​ជា​រឿង​ចាំបាច់​ដើម្បី​បំបែក​វប្បធម៌​និទ្ទណ្ឌភាព​នៅ​ក្នុង​ប្រទេស​លីបង់»។

អ្នកស្រី Randa Slim នៃ​វិទ្យាស្ថាន​មជ្ឈិមបូព៌ា​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​យល់​ស្រប​ថា មាន​ការប្រែ​ប្រួល​បន្តិច​បន្តួច​ប៉ុណ្ណោះ​នៅក្នុង​ចំណោម​វរជន​នយោបាយ រួមមាន​ទាំង​ក្រុម​ Hezbollah ដ៏​មាន​អំណាច​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ មិន​ថា​សម្រាប់​ករណី​ផ្ទុះ​ដ៏​គួរ​ឲ្យ​រន្ធត់​នោះ ឬករណី​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​នោះ​ទេ។ អ្នកស្រី​ថ្លែង​ដូច្នេះ ​តាម​វេទិកា​អនឡាញ​ទៅ​កាន់​អ្នក​ចូលរួម​នៅ​ឯ​មជ្ឈមណ្ឌល Wilson ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

អ្នកស្រី​បន្ត​ថា៖ «ការ​ដាក់​ទណ្ឌកម្ម​មិន​មាន​ប្រសិទ្ធភាព​ទេ​នៅ​លីបង់។ ទណ្ឌកម្ម​ទាំង​នោះ​មិន​បាន​ធ្វើ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​កែប្រែ​ឥរិយាបទ​របស់​ពួក​គេ​ទេ រួមទាំង​ក្រុម Hezbollah ផងដែរ។ វិធី​សាស្ត្រ​ម្យ៉ាង​ទៀត​គឺ​តាមរយៈ​ការ​ដាក់​សម្ពាធ​ពី​សាធារណជន។ ប៉ុន្តែ សម្ពាធ​ពី​សាធារណជន​ទៀត​សោត បច្ចុប្បន្ន​នេះ​ក៏​កំពុង​សាប​រលាប​ទៅ ឬ​បាន​ថមថយ​យ៉ាង​ខ្លាំង។ ខ្ញុំ​បាន​គិត​ថា វិបត្តិ​សេដ្ឋកិច្ច​នោះ​នឹង​ក្លាយ​ទៅ​ជា​ការ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ។ ប៉ុន្តែ ជាក់ស្ដែង យើង​បាន​ធ្វើ​ឲ្យ​វិបត្តិ​នោះ​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ»។

អ្នកស្រី Slim យល់​ឃើញ​ថា មាន​តែ​អន្តរាគមន៍​ពី​សហគមន៍​នៅ​ក្នុង​តំបន់ និង​សហគមន៍​អន្តរជាតិ​ទេ ​ដែល​ជា​វិធី​តែ​មួយ​គត់​ដើម្បី​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​លើក​ទឹក​ចិត្ត​នៃ​ក្រុម​អ្នក​កាន់​អំណាច​លីបង់។

អ្នកស្រី Mona Yacoubian នៃ​វិទ្យាស្ថាន​សហរដ្ឋ​អាមេរិក​ដើម្បី​សន្តិភាព បាន​ជំរុញ​ឲ្យ​មាន «ការ​ចូលរួម​ដែល​មាន​លក្ខណៈ​កាន់​តែ​ជាប់​លាប់ ​និងមាន​កម្រិត​ខ្ពស់​ទៅ​លើ​ប្រទេស​លីបង់»។

អ្នកស្រី Yacoubian ថ្លែង​ដូច្នេះ​ថា៖ «យើង​ត្រូវការ​សហរដ្ឋ​អាមេរិក បារាំង និងប្រទេស​នៅឈូង​សមុទ្រ​អារ៉ាប់ រួម​គ្នា​ក្នុង​ការ​បង្កក​ទ្រព្យសម្បត្តិ​បុគ្គល​ជាក់លាក់​ ហាម​ឃាត់​ការ​ធ្វើដំណើរ​របស់​ក្រុម​មនុស្ស​ដែល​រារាំងដំណើរការ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ដែល​មាន​ឆន្ទៈ​ បម្រើ​ផលប្រយោជន៍​ប្រទេស​លីបង់ និងមាន​ឆន្ទៈ​ចាប់​ផ្ដើម​ដឹកនាំ​ប្រទេស​ត្រឡប់​ទៅ​រក​ស្ថិរភាព​ឡើង​វិញ»។

ប្រទេស​លីបង់ ស្ថិត​ក្នុង​ស្ថានភាព​គ្មាន​ប្រធានាធិបតី​អស់​រយៈ​ពេល ៩​ខែ មក​ហើយ ដែល​ធ្វើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ចាំ​ផ្ទះ និង​គណៈរដ្ឋមន្ត្រី មិន​អាច​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​ខ្លួន​ ឬ​បំពេញ​តួនាទី​ដឹកនាំ​ផ្នែក​សន្តិសុខ​ដែល​កំពុង​នៅ​ទំនេរ​បាន៕

ប្រែសម្រួល​ដោយ​លោក នៀម ឆេង

អត្ថបទ​ទាក់ទង

XS
SM
MD
LG