លោក Hassan Diab នាយករដ្ឋមន្ត្រីនៃប្រទេសលីបង់បានប្រកាសនៅថ្ងៃពុធនេះជាថ្ងៃកាន់ទុក្ខរយៈពេលមួយថ្ងៃនៅក្នុងប្រទេសលីបង់ បន្ទាប់ពីការផ្ទុះដ៏ខ្លាំងមួយដែលបានបំផ្លាញកំពង់ផែក្នុងរដ្ឋធានីបេរូត។ កាកបាទក្រហមលីបង់បាននិយាយក្នុងសេចក្តីថ្លែងការណ៍នៅព្រឹកនេះថា មនុស្សជាង១រយនាក់បានស្លាប់ហើយយ៉ាងហោចណាស់ក៏ជាង៤ពាន់នាក់ដែរបានរងរបួស។
មន្ត្រីបាននិយាយថា ពួកគេរំពឹងថា ចំនួនជនរងគ្រោះនឹងកើនឡើង នៅពេលដែលក្រុមជួយសង្គ្រោះបានស្វែងរកមនុស្សក្នុងកម្ទេចបាក់បែកនៃអាគាររងការខូចខាតនិងមនុស្សស្វែងរកក្រុមគ្រួសារនិងមិត្តភក្តិដែលបាត់ខ្លួន។
មូលហេតុពិតប្រាកដនៃការផ្ទុះកាលពីថ្ងៃអង្គារមិនទាន់ដឹងច្បាស់នៅឡើយទេ ក៏ប៉ុន្តែពួកមន្រ្តីលីបង់បានផ្តោតទៅលើអ្វីដែលពួកគេបាននិយាយថា ជាសារធាតុអាម៉ូនីញ៉ូមនីត្រាត ដែលត្រូវបានគេស្តុកទុកនៅក្នុងឃ្លាំងនៅកំពង់ផែ៦ឆ្នាំមកហើយ។
ការផ្ទុះនោះបានកើតមានឡើងកាលពីល្ងាចថ្ងៃអង្គារបានធ្វើឲ្យមានផ្សែងខ្មួលខ្មាញ់យ៉ាងធំហើរចូលក្នុងមេឃហើយកម្លាំងរំជួយនោះបានធ្វើឲ្យបែកបាក់បង្អួចនិងទ្វារផ្ទះដែលស្ថិតនៅឆ្ងាយពីកំពង់ផែ រថយន្តក្រឡាប់និងខូចខាតអាគារមួយចំនួន។
បន្ទាប់មក មន្ទីរពេទ្យបានផ្ទុកទៅដោយមនុស្សដែលស្វះស្វែងរកការព្យាបាល។ ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងបេរូតបានជំរុញឲ្យមនុស្សស្ថិតនៅក្នុងផ្ទះបណ្តាលមកពីសេចក្តីរាយការណ៍ថា មានឧស្ម័នជាតិពុលចេញពីការផ្ទុះនោះ។
មេដឹកនាំក្នុងមូលដ្ឋានបានអំពាវនាវឲ្យមានការស៊ើបអង្កេតដ៏ឆាប់រហ័សដោយបានសន្យាថា អ្នកទទួលខុសត្រូវទាំងនោះនឹងត្រូវទទួលខុសត្រូវ។
លោក Michel Aoun ប្រធានាធិបតីនៃប្រទេសលីបង់ដែលបានកោះប្រជុំគណៈរដ្ឋមន្រ្តីក្នុងគ្រាអាសន្ននៅថ្ងៃពុធនេះបាននិយាយថា អ្នកទទួលខុសត្រូវនឹងប្រឈមការដាក់ទោសដ៏ខ្លាំងបំផុត។
សហគមន៍អន្តរជាតិបានធ្វើការឆ្លើយតបដោយការចូលរួមរំលែកទុក្ខចំពោះអ្នកដែលស្លាប់និងស្នើផ្តល់ការជួយដល់ពលរដ្ឋក្នុងរដ្ឋធានីបេរូតដោយការជួយស្តារទីក្រុងនេះឡើងវិញ៕