សារធាតុអាម៉ូនីញ៉ូមនីត្រាត ដែលអាជ្ញាធរលីបង់បានអះអាងថា គឺជាមូលហេតុដែលបង្កឲ្យមានការផ្ទុះដ៏ធំមួយនៅក្នុងរដ្ឋធានីបេរូត កាលពីថ្ងៃអង្គារ គឺជាសារធាតុដែលគ្មានក្លិន ដែលគេច្រើនប្រើសម្រាប់ធ្វើជាជីសម្រាប់ដំណាំ។ សារធាតុនេះបានបង្កឲ្យមានការផ្ទុះជាច្រើនដងមកហើយក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។
សារធាតុនេះក៏បានបង្កឲ្យរោងចក្រផលិតជីមួយក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ផ្ទុះ ដែលបានបង្កឲ្យមនុស្សចំនួន ១៥ នាក់ស្លាប់។ ហេតុការណ៍ផ្ទុះមួយទៀតបានកើតឡើងនៅផ្លូវរថភ្លើងកូរ៉េខាងជើង ដែលបានធ្វើឲ្យមនុស្សចំនួន ១៦១ នាក់ស្លាប់កាលពីឆ្នាំ ២០០៤។
នៅពេលលាយជាមួយនឹងប្រេងឥន្ធនៈ សារធាតុអាម៉ូនីញ៉ូមនីត្រាតនេះបង្កើតបានជាសារធាតុផ្ទុះ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យសំណង់ ហើយក៏ត្រូវបានប្រើប្រាស់ដោយក្រុមឧទ្ទាម ដូចជាក្រុមតាលីបង់ សម្រាប់ផលិតជាឧបករណ៍ផ្ទុះផងដែរ។
នាយករដ្ឋមន្ត្រីលីបង់ លោក Hassan Diab បាននិយាយថា សារធាតុអាម៉ូនីញ៉ូមនីត្រាតចំនួន ២.៧៥០ តោនដែលបានស្ដុកក្នុងឃ្លាំងកំពង់ផែមួយនៅរដ្ឋធានីបេរូត បានផ្ទុះ។ កាកបាទក្រហមលីបង់បានឲ្យដឹងកាលពីព្រឹកថ្ងៃពុធថា ការផ្ទុះនេះបានបង្កឲ្យមនុស្សចំនួនជាង ១០០ នាក់ស្លាប់ ហើយមនុស្សយ៉ាងហោចណាស់ចំនួន ៤ ពាន់នាក់ទៀតបានរងរបួស។ ប្រតិបត្តិការជួយសង្គ្រោះកំពុងតែប្រព្រឹត្តទៅយ៉ាងសស្រាក់សស្រាំក្នុងរដ្ឋធានីបេរូត៕