នៅក្នុងប្រទេសតួកគី ការប្រមូលក្តោបយកអំណាច បានកើតឡើងដោយមានការគ្រប់គ្រងក្នុងលក្ខណៈបង្ខំឲ្យការផ្សព្វផ្សាយតាមអ៊ីនធឺណិត ការបង្ហាញបណ្តាញផ្សព្វផ្សាយព័ត៌មានឯករាជ្យដែលទើបតែបង្កើតឡើង និងក្រុមហ៊ុនផ្តល់សេវាកម្មទូរទស្សន៍ តាមអ៊ីនធឺណិត ដូចជា Netflix ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់រដ្ឋាភិបាល។
នៅក្រោមច្បាប់ថ្មី ដែលចូលជាធរមាននៅសប្តាហ៍ទីមួយនៃខែកញ្ញា ឆ្នាំ ២០១៩ នេះ បណ្តាញផ្សព្វផ្សាយព័ត៌មានតាមអ៊ីនធឺណិត នឹងត្រូវបានរឹតបន្តឹងដោយក្រុមឃ្លាំមើលការផ្សព្វផ្សាយរបស់រដ្ឋ ហៅកាត់ថា RTUK ដែលត្រូវបានត្រួតត្រាដោយសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតីអភិរក្សនិយមលោក Recep Tayyip Erdogan។
ក្រុមអ្នករិះគន់ បានទស្សន៍ទាយថា ការត្រួតពិនិត្យពីសំណាក់រដ្ឋាភិបាលនឹងមានបន្ថែមទៀតនៅក្រោមច្បាប់ថ្មីនេះ ដើម្បីតាមឲ្យទាន់ការកើនឡើងនៃចំនួនបណ្តាញផ្សព្វផ្សាយព័ត៌មានដែលប្តូរទិសដៅប្រត្តិបត្តិការទៅផ្សព្វផ្សាយតាមអ៊ីនធឺណិត។
លោកសាស្រ្តាចារ្យ Yaman Akdeniz នៃសាកលវិទ្យាល័យBilgi ក្នុងទីក្រុងអ៊ីស្តង់ប៊ុលបានថ្លែងថា៖
«ពួកគេដាក់គោលដៅទៅលើការផ្សព្វផ្សាយតាមវិទ្យុនិងទូរទស្សន៍តាមអ៊ីនធឺណិត និងសេវាកម្មវីដេអូដែលអាចមើលពេលណាក៏បាន ដោយឲ្យពួកគេសុំអាជ្ញាប័ណ្ណដែលគួរឲ្យសង្ស័យពីរបបនេះ ដែលនៅក្នុងស្ថានភាពជាក់ស្តែង វានឹងក្លាយទៅជាឧបករណ៍ត្រួតពិនិត្យរបស់រដ្ឋាភិបាល»។
ក្រុមឃ្លាំមើលបណ្តាញព័ត៌មានអន្តរជាតិថ្លែងថា លោកErdogan បានប្រើកណ្តាប់ដៃដែកទៅលើការផ្សព្វផ្សាយតាមរលកធាតុអាកាសរួចទៅហើយ។ ជាការឆ្លើយតប ការផ្សព្វផ្សាយព័ត៌មានឯករាជ្យតាមអ៊ីនធឺណិតនៅប្រទេសតួកគី ក៏បានចាប់ផ្តើមកើនឡើង ដោយអ្នកយកព័ត៌មានជនជាតិតួកគីជាច្រើន បានចាកចេញពីបណ្តាញទូរទស្សន៍ និងកាសែតធំៗ ទៅចូលរួមបណ្តាញព័ត៌មានតាមអ៊ីនធឺណិត។
លោក Atilla Yesilada ជាអ្នកវិភាគនៅក្រុមហ៊ុនពិគ្រោះយោបល់ Global Source Partners ថ្លែងថា៖
«លោក Erdogan បានដឹងថា បណ្តាញព័ត៌មានដែលលោកត្រួតត្រា លែងមានគេមើល ឬ អានទៀតហើយនៅក្នុងប្រទេសតួកគី។ នៅតាមផ្ទះនៅក្នុងប្រទេសតួកគី ប្រមាណជា ៨០ភាគរយ មានភ្ជាប់អ៊ីនធឺណិត ហើយ៧០ភាគរយទៀតនៃយុវជន ទទួលព័ត៌មានទាំងស្រុងពីបណ្តាញសង្គម និងតាមអ៊ីនធឺណិត»។
ការគ្រប់គ្រងលើខ្លឹមសារ
ឥឡូវនេះ បណ្តាញផ្សព្វផ្សាយតាមអ៊ីនធឺណិតត្រូវសុំអាជ្ញាប័ណ្ណពីក្រុមឃ្លាំមើលការផ្សព្វផ្សាយរបស់រដ្ឋតួកគី RTUK ដែលតម្លៃប្រចាំឆ្នាំសម្រាប់ការផ្សាយវិទ្យុគឺ ១០.០០០ លៀរ៉ាតួកគី ដែលគិតជាប្រាក់អាមេរិកប្រមាណជា ២ពាន់ដុល្លារ និងសម្រាប់ទូរទស្សន៍ គឺ១សែនលៀរ៉ា ដែលគិតជាប្រាក់អាមេរិកប្រមាណជា ២ម៉ឺនដុល្លារ។
អ្នកផ្សព្វផ្សាយ ក៏ស្ថិតនៅក្រោមការត្រួតត្រាខ្លឹមសារយ៉ាងតឹងរឹងផងដែរ ដែលធ្វើឲ្យការរិះគន់រដ្ឋាភិបាល មានលក្ខណៈពិបាក ឬ មិនអាចធ្វើបាន។
បរាជ័យក្នុងការអនុវត្តតាមគោលការណ៍របស់ក្រុមឃ្លាំមើលការផ្សព្វផ្សាយរបស់រដ្ឋតួកគី RTUK ការផ្សព្វផ្សាយនឹងត្រូវបានរាំងខ្ទប់។ ដោយអាជ្ញាធរតួកគី បានរាំងខ្ទប់គេហទំព័រប្រមាណជា ២សែនហើយនោះ ប្រទេសនេះ បានចាត់ចូលចំណាត់ថ្នាក់ដូចប្រទេសចិន និងអ៊ីរ៉ង់ដែរ ក្នុងការត្រួតពិនិត្យយ៉ាងខ្លាំងក្លាទៅលើការប្រើប្រាស់អ៊ីនធឺណិត។
មានមនុស្សខ្លះចោទសួរថា តើវិធានការថ្មីនេះ នឹងមានប្រសិទ្ធភាពដែរ ឬយ៉ាងណា។
លោក Yesilada បានថ្លែងថា៖
«តាមលក្ខណៈបច្ចេកទេស វាមិនអាចទៅរួចទេ។ វាមិនអាចទៅរួចទេ ក្នុងការបិទប្រភពព័ត៌មានទាំងនេះ។ គេមិនអាចបិទគេហទំព័រ ឬ ទំព័រ YouTube ដែលមាននិន្នាការប្រឆាំងឲ្យបានអស់នោះទេ។ អ្នកទាំងនោះ នឹងទៅបើកគេហទំព័រ ឬ ទំព័រ YouTube»ថ្មី ឬ គេនឹងសរសេរប្រកាសនៅលើ Twitter។ រដ្ឋាភិបាលត្រូវបិទបណ្តាញសង្គមទាំងមូលចោលតែម្តង ហើយការធ្វើដូចនេះ គឺមិនអាចទទួលយកបានទេ ដោយរួបបញ្ចូលទាំងអ្នកគាំទ្រគណបក្សកាន់អំណាចរបស់តួកគីផងដែរ»។
អ្នកប្រើប្រាស់អ៊ីនធឺណិតនៅប្រទេសតួកគី មានកេរ្តិ៍ឈ្មោះថា ជាអ្នកពូកែខាងបច្ចេកវិទ្យា និងពូកែរកវិធីដើម្បីចូលទៅគេហទំព័រដែលត្រូវបានគេហាមប្រាមបាន។
គេហទំព័រអន្តរជាតិ
វាមិនមានភាពច្បាស់លាស់ទេថា ការរឹតបន្តឹងថ្មីនេះ នឹងប៉ះពាល់ដល់គេហទំព័រព័ត៌មានអន្តរជាតិ ដែលផ្សព្វផ្សាយតាមអ៊ីនធឺណិតនៅក្នុងប្រទេសតួកគី ឬ យ៉ាងណានោះ។
ទីភ្នាក់ងារព័ត៌មាន ដូចជា BBC របស់ប្រទេសអង់គ្លេស Deutsche Welleរបស់ប្រទេសអាល្លឺម៉ង់ France24 និងសំឡេងសហរដ្ឋអាមេរិក បានបន្ថែមការផ្សាយរបស់ខ្លួន ដើម្បីជាការឆ្លើយតបទៅនឹងការកើនឡើងនូវតម្រូវការព័ត៌មាននៅក្នុងតំបន់នោះ។ កាលពីខែមេសា ទីភ្នាក់ងារព័ត៌មានទាំងបួនខាងលើនេះ បានបង្កើតទំព័រ YouTube រួមគ្នាមួយ ដើម្បីផ្តល់ព័ត៌មាន និងនយោបាយសង្គម ដែលមិនត្រូវបានត្រួតពិនិត្យដោយរដ្ឋាភិបាល។
លោកសាស្រ្តាចារ្យ Yaman Akdeniz ដែលបានដាក់ពាក្យប្តឹងប្រឆាំងនឹងការត្រួតត្រាលើការប្រើប្រាស់អ៊ីនធឺណិតជាច្រើនករណីទៅតុលាការអន្តរជាតិនោះ បានថ្លែងថា៖
«វាមិនមានភាពច្បាស់លាស់ទេ ពីការរឹតបន្តឹងនេះ ថាតើរដ្ឋាភិបាលនឹងប្រើអំណាចថ្មីនេះដោយរបៀបណា។ ដូច្នេះ ទីភ្នាក់ងារព័ត៌មានអន្តរជាតិ នឹងអាចត្រូវប៉ះពាល់ ក៏ប៉ុន្តែ យើងនឹងចាំមើល នៅពេលដែលវាកើតឡើង»។
ការរឹតបន្តឹងនេះ ក៏មានទៅលើក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តតាមអ៊ីនធឺណិតដែរ។
ប្រធានក្រុមឃ្លាំមើលការផ្សព្វផ្សាយរបស់រដ្ឋតួកគី RTUK លោក Ebubekir Sahin បានសរសេរនៅលើ Twitterកាលពីថ្ងៃអង្គារទី ៣ ខែកញ្ញាកន្លងទៅនេះថា ក្រុមហ៊ុន Netflix និងស្ថាប័ន ៦០០ ទៀតដែលរួមមានក្រុមហ៊ុនផ្តល់សេវកម្មតាមអ៊ីនធឺណិតបានដាក់ពាក្យសុំអាជ្ញាប័ណ្ណផ្សព្វផ្សាយ។
ប្រទេសតួកគី ស្ថិតក្នុងចំណោមប្រទេសដែលទីផ្សាររបស់ក្រុមហ៊ុន Netflix រីកលូតលាស់លឿនបំផុត។ នៅក្នុងរយៈពេល៣ ឆ្នាំ ក្រុមហ៊ុនNetflixបានទទួលអ្នកចុះឈ្មោះប្រើប្រាស់ចំនួន ១លាន ៥សែននាក់ ឬ ស្មើនឹងចំនួន ១០ ភាគរយ នៃចំនួនគ្រួសារនៅក្នុងប្រទេសនេះ ដែលនេះ មួយផ្នែកដោយសារតែក្រុមហ៊ុននេះ បានគេចផុតពីការត្រួតពិនិត្យខ្លឹមសារ ដែលគេអនុវត្តទៅលើបណ្តាញព័ត៌មានធំៗ។
ការត្រួតពិនិត្យទៅលើភាពមិនសមរម្យ
អ្នកគាំទ្រលោក Erdoganជាប្រចាំ គឺក្រុមអ្នកអភិរក្សសាសនា ហើយអ្នកវិភាគ លោក Yesilada បានថ្លែងថា ឥឡូវនេះ រដ្ឋាភិបាល ចង់ពង្រីកនិន្នាការអភិរក្សនិយមរបស់ខ្លួនតាមអ៊ីនធឺណិត។
លោក Yesilada បានថ្លែងទៀតថា៖
«ខ្ញុំបានសន្ទនាជាមួយអ្នកដែលធ្វើការនៅក្នុងវិស័យកម្សាន្តនេះ។ ហើយអ្នកដែលនាំឲ្យមានការធ្វើកំណែទម្រង់នេះ គឺក្រុមអ្នកដែលរស់នៅរបៀបសេរីនិយម។ យើងត្រូវចាំថា យើងនិយាយអំពីក្រុមដែលត្រួតពិនិត្យតាមដាន ដែលបើសិនជាពួកគេរកឃើញថា មានភាពមិនសមរម្យនៅក្នុងតន្ត្រីវីដេអូតែបន្តិចនោះ ពួកគេ នឹងហាមមិនឲ្យចាក់បញ្ចាំងតន្ត្រីវីដេអូនោះទេ»។
នៅដើមឆ្នាំនេះ ក្រុមឃ្លាំមើលការផ្សព្វផ្សាយរបស់រដ្ឋតួកគី RTUK បានធ្វើឲ្យមានការងើបឡើងប្រឆាំង នៅពេលដែលខ្លួនទាមទារឲ្យដកចេញឈុតឆាកមួយទាំងស្រុងនៅក្នុងភាពយន្តរឿង La La Land ដែលបានទទួលពានរង្វាន់អូស្ការ ដោយសារតែឈុតឆាកនោះត្រូវបានថតនៅក្នុងបារ។ ក្រុមឃ្លាំមើលការផ្សព្វផ្សាយរបស់រដ្ឋតួកគី RTUK នេះ មិនទាន់ចេញគោលការណ៍ណែនាំសម្រាប់វិស័យកម្សាន្តតាមអ៊ីនធឺណិតនៅឡើយទេ។
លោក Akdeniz បាននិយាយថា ការត្រួតត្រានេះ សំដៅទៅលើក្រុមហ៊ុនផ្តល់សេវាកម្មតាមអ៊ីនធឺណិតដូចជា Netflix ជាដើម។
លោក Akdeniz បានថ្លែងទៀតថា៖
«បើសិនជា ក្រុមហ៊ុនត្រូវអនុវត្តតាមអាជ្ញាប័ណ្ណដែលត្រួតត្រាដោយរបបនេះ ហើយត្រូវធ្វើរូបភាពឲ្យព្រិលដូចជា ឈុតឆាកជក់បារី ផឹកគ្រឿងស្រវឹង និងការថើបគ្នានោះ នោះវាមិនមែនជា មូលដ្ឋានគ្រឹះរបស់ក្រុមហ៊ុន Netflix ទេ។ ខ្ញុំគិតថា គ្មានក្រុមហ៊ុនណា ប្រើវីដេអូបែបនោះទេ»។
ក្រុមហ៊ុន Netflix បានបញ្ជាក់ថា ខ្លួនកំពុងតែចរចាជាមួយក្រុមឃ្លាំមើលការផ្សព្វផ្សាយរបស់រដ្ឋតួកគី RTUK ចំពោះការត្រួតពិនិត្យមើលពីសំណាក់ឪពុកម្តាយជាមុនសិន មុននឹងអនុញ្ញាតិឲ្យកូនៗរបស់ខ្លួនមើលភាពយន្តណាមួយ។ ក៏ប៉ុន្តែ ដោយសារតែការផ្សព្វផ្សាយតាមទូរទស្សន៍ លែងសូវមានអ្នកមើលច្រើន ដូច Netflix នោះ ពួកគេទំនងជានឹងទាមទារឲ្យមានការរឹតបន្តឹងទៅលើខ្លឹមសាររបស់ក្រុមហ៊ុនផ្តល់សេវាកម្មតាមអ៊ីនធឺណិតផងដែរ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់