នៅក្រុងភ្នំពេញ ប្រមុខអ្នកនាំពាក្យកម្ពុជាមួយរូបបានស្រង់សំដីរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ថា «ភ្នាក់ងារ [ព័ត៌មាន] បរទេស» ត្រូវតែ ជួយលើកស្ទួយផលប្រយោជន៍ជាតិ បើមិនដូច្នេះទេសូមចាកចេញពីប្រទេសនេះ។ដូចគ្នាដែរ អ្នកនាំពាក្យមួយរូបរបស់ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានរិះគន់សារព័ត៌មានThe New York Times ថាជា «ព័ត៌មានក្លែងក្លាយ»។ អត្ថបទព័ត៌មានថ្មីមួយដែលផ្សាយក្នុងសារព័ត៌មានThe Intercept អំពីយោធាឥណ្ឌូនេស៊ី ត្រូវបានគេហៅភ្លាមៗថាជា «ការបោកបញ្ឆោត» មួយ។
ទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំនេះត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងទីក្រុងដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍ គឺទីក្រុងហ្សាការតា។ ព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់អង្គការUNESCOនេះ ធ្វើឡើងដើម្បីវាយតម្លៃកម្រិតសេរីភាពសារព័ត៌មាននៅទូទាំងពិភពលោកនិងដើម្បីគោរពដល់អ្នកសារព័ត៌មានដែលបានបាត់បង់ជីវិតក្នុងពេលបំពេញការងាររបស់ខ្លួន។ ក្នុងរបាយការណ៍មួយ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានកោតសរសើរដល់ការរីកឡើងនៃសារព័ត៌មានឥណ្ឌូនេស៊ី ក្រោយរបបផ្តាច់ការ Suharto ក៏ប៉ុន្តែបានធ្វើការថ្កោលទោសទៅលើពីការកើនឡើងតិចតួចនៃអំពើហិង្សាលើអ្នកយកព័ត៌មានផងដែរ។
ការរីករាលដាលលើសលុបនៃ«ព័ត៌មានមិនពិត»
ពាក្យថា«ព័ត៌មានក្លែងក្លាយ» បានផ្ទុះប្រជាប្រិយភាពឡើងកាលពីចុងខែវិច្ឆិកាកន្លងទៅ ក្រោយការបោះឆ្នោតនៅសហរដ្ឋអាមេរិក ឆ្នាំ២០១៦ គឺនៅពេលអ្នកធ្វើអត្ថាធិប្បាយនានាបានលើកឡើងថា ព័ត៌មានក្លែងក្លាយដែលត្រូវបានគេបង្កើតឡើងដើម្បីទាក់ទាញអ្នកចុចមើលនិងត្រូវបានចែករំលែកពាសពេញបណ្តាញសង្គមថាជាហេតុនិងជាភ័ស្តុតាងដែលនាំឲ្យមានការបែកបាក់ក្នុងប្រទេស។
ប៉ុន្តែដូចគ្នាទៅនឹងផ្នត់គំនិតដែលមានប្រយោជន៍ភាគច្រើនផ្សេងទៀតដែរ ពាក្យ«ព័ត៌មានក្លែងក្លាយ»នេះបានវិវត្តយ៉ាងឆាប់រហ័សហើយត្រូវបានគេយកទៅប្រើប្រាស់គ្រប់គោលបំណងទាំងអស់ដើម្បីបញ្ចេញកំហឹង ជាពិសេសសម្រាប់ក្រុមមេដឹកនាំដែលកំពុងកាន់អំណាច។ រដ្ឋាភិបាលរុស្សី ក្រុមបាល់ទាត់Arsenal របស់ចក្រភពអង់គ្លេសនិងលោក Donald Trump កាលពីប៉ុន្មានខែថ្មីៗនេះបានថ្កោលទោសព័ត៌មានទាំងឡាយណាដែលបង្ខូចឈ្មោះរបស់ពួកគេថាជា «ព័ត៌មានក្លែងក្លាយ»។
នៅតំបន់អាស៊ីអាគ្នេយ៍ ពាក្យនេះគឺរឹតតែមានឥទ្ធិពលថែមទៀតដោយសារតែប្រជាធិបតេយ្យក្នុងតំបន់នេះនៅក្មេងខ្ចី ហើយសារព័ត៌មានក្នុងតំបន់នេះមិនទាន់មានមូលដ្ឋានរឹងមាំនៅឡើយ។ សូម្បីតែប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសប្រជាធិបតេយ្យក្នុងតំបន់អាស៊ីអាគ្នេយ៍ធំជាងគេបង្អស់ក៏ដោយ ក៏ប្រទេសនេះនៅតែដិតជាប់ផ្នត់គំនិតផ្តាច់ការ នេះបើយោងតាមលោក Andreas Harsonoអតីតអ្នកសារព័ត៌មានដែលសព្វថ្ងៃជាអ្នកស្រាវជ្រាវនៅអង្គការឃ្លាំមើលសិទ្ធិមនុស្ស។
លោក Harsonoបានប្រាប់វីអូអេថា៖«នៅក្នុងអង្គភាពព័ត៌មានជាច្រើនមានបរិយាកាសភ័យខ្លាចនិងត្រូវដាក់កំហិតទៅលើខ្លួនឯង ដោយសារតែការបំពាននិងការគំរាមកំហែងដោយកងកម្លាំងសន្តិសុខនិងអាជ្ញាធរមូលដ្ឋានដែលមិនត្រូវបានដាក់ទោសទណ្ឌអ្វី ហើយដែលភាគច្រើនមិនទាំងស្ថិតក្រោមការស៊ើបអង្កេតដិតដល់ណាមួយផងដែរ»។
សកម្មភាពរបស់ឥណ្ឌូនេស៊ីដើម្បីរក្សាតុល្យភាព
អនុប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី លោក Yusuf Kalla បានថ្លែងនៅក្នុងពិធីដែលរៀបចំឡើងដោយអង្គការ UNESCO ក៏ប៉ុន្តែលោកបានបដិសេធមិនធ្វើការអត្ថាធិប្បាយជាពិសេសទៅលើស្ថានភាពប្រព័ន្ធផ្សព្វផ្សាយនៅក្នុងខេត្តPapua និងPapua ខាងលិច។ តំបន់នោះជាតំបន់សម្បូរទៅដោយការរំលោភសិទ្ធិមនុស្សជាច្រើនទសវត្សរ៍មកហើយ នេះបើយោងតាមក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្ស ប៉ុន្តែក្រុមអ្នកសារព័ត៌មានមិនអាចរាយការណ៍ពីបញ្ហានេះដោយសេរីពីទីនោះបាននោះទេ។
ប្រធានក្រុមប្រឹក្សាសារព័ត៌មានរបស់ឥណ្ឌូនេស៊ី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ស្ថានភាពនៅ Papua មិនត្រូវបានពិភាក្សានោះទេ ព្រោះថាវាជាបញ្ហាក្នុងស្រុក មិនមែនជាបញ្ហាអន្តរជាតិនោះឡើយ។
លោកថ្លែងថា៖«នេះគឺជាវេទិការអន្តរជាតិ។ អ្វីដែលយើងកំពុងតែលើកយកមកពិភាក្សានេះគឺទំនាក់ទំនងរវាងបញ្ហារបស់ឥណ្ឌូនេស៊ីនិងបញ្ហារបស់អន្តរជាតិ»។
សេរីភាពសារព័ត៌មានក្នុងតំបន់ Papuaត្រូវបានគេពិភាក្សារួចរាល់ហើយ។ ប៉ុន្តែរបាយការណ៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិដែលអង្កេតទៅលើស្ថានភាពសិទ្ធិមនុស្សបានដាក់ឥណ្ឌូនេស៊ីក្នុងចំណាត់ថ្នាក់ទី១២៤ ក្នុងចំណោម១៨០ប្រទេសនៅលើតារាងរបស់ក្រុមអ្នកសារព័ត៌មានឥតព្រំដែននៃសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក។
ផ្នែកដែលពិបាកយល់នៃទំនាក់ទំនងរវាងឥណ្ឌូនេស៊ីជាមួយនិង«ព័ត៌មានក្លែងក្លាយ» គឺថាព័ត៌មានទាំងនោះវាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងនយោបាយនាពេលថ្មីៗនេះ។ រឿងចចាមរ៉ាមនិងសេចក្តីរាយការណ៍ព័ត៌មានក្លែងក្លាយអំពីអតីតអភិបាលក្រុងJakarta ហៅលោក Ahok ដែលជនជាតិចិនកាន់សាសនាគ្រិស្ត បានធ្វើឲ្យក្រុមអ្នកបោះឆ្នោតមានការខឹងសម្បារនៅប៉ុន្មានខែចុងក្រោយនេះ ហើយបញ្ហានេះទំនងអាចជាមូលហេតុធ្វើឲ្យ លោកAhok ចាញ់បេក្ខជនកាន់សាសនាឥស្លាមដែលទទួលជ័យជំនះដោយសារតែភាពតានតឹងនេះ។ ព័ត៌មានក្លែងក្លាយជាច្រើនត្រូវបានចែកចាយតាមបណ្តាញសង្គម WhatsApp ដែលមានប្រជាប្រិយភាពនៅឥណ្ឌូនេស៊ី ហើយពិបាកក្នុងស្វែងរកការពិតដោយសារតែវាជាកម្មវិធីផ្ញើសារដ៏ឯករាជ្យមួយ។
«ប្រជាជនភាគច្រើននៅទីនេះ មិនអាចបែងចែកឱ្យដាច់រវាងព័ត៌មាននិងបណ្តាញសង្គមនោះទេ។ ពួកគេគិតថាអ្វីក៏ដោយដែលផ្សាយតាមបណ្តាញសង្គមគឺជាព័ត៌មាន»។ នេះបើតាមការលើកឡើងរបស់លោក Arfi Bambani អគ្គលេខាធិការនៃសម្ព័ន្ធអ្នកសារព័ត៌មានឯករាជ្យនៃប្រទេសឥណ្ឌូនេស៊ី។
យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញបានលើកឡើងថា ព័ត៌មានក្លែងក្លាយ មិនគួរយកមកប្រើប្រាស់ក្នុងគ្រប់គោលដៅដើម្បីបំបិទសេរីភាពសារព័ត៌មាននោះទេ។
«ក្រុមប៉ូលិសជាតិគួរតែធ្វើការស៊ើបអង្កេតទៅលើជនណាដែលចែកចាយពាក្យពេចន៍បង្កឲ្យមានការស្អប់ខ្ពើមនិងការបោកបញ្ឆោតនានានៅក្នុងប្រទេសឥណ្ឌូនេស៊ី គឺមិនមែនតម្រូវឲ្យប្រព័ន្ធផ្សព្វផ្សាយធ្វើការរឹតត្បិតព័ត៌មានខ្លួនឯងឡើយ»។
ជំហានឆ្ពោះទៅមុខ
ប្រសិនបើរដ្ឋាភិបាលនានាប្រើប្រាស់ព័ត៌មានក្លែងក្លាយជាអាវុធរបស់ខ្លួនបាន ដូចគ្នានេះដែររដ្ឋាភិបាលទាំងនោះ ក៏អាចប្រើប្រាស់អំណាចរបស់ខ្លួនដើម្បីប្រឆំាងនឹងព័ត៌មានក្លែងក្លាយផងដែរ។ មានការផ្តួចផ្តើមព្យាយាមជាច្រើនក្នុងការប្រឆំាងនឹងព័ត៌មានក្លែងក្លាយក្នុងចំណោមបណ្តាប្រទេសអាស៊ាន។ ប្រទេសសិង្ហបុរីនិងប្រទេសម៉ាឡេស៊ីបានបង្កើតគេហទំព័រដែលគ្រប់គ្រងដោយរដ្ឋដើម្បី «ផ្ទៀងផ្ទាត់ការពិត» ក្នុងនោះ គេហទំព័ររបស់ប្រទេសម៉ាឡេស៊ីមានឈ្មោះថា sebenarnya.my និងគេហទំព័ររបស់ប្រទេសសិង្ហបុរីដែលមានឈោ្មះថា Factually។
ប្រទេសទាំងពីរនេះ មិនមែនជាសសរស្តម្ភនៃសេរីភាពសារព័ត៌មាននោះទេ ហើយប្រទេសម៉ាឡេស៊ីកំពុងវាយប្រហារដោយប្រើប្រាស់ពាក្យពេចន៍ធ្ងន់ៗជាច្រើនតាមរយៈការព្រមានចាប់ដាក់គុកចំពោះជនណាដែលចែកចាយព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គម WhatsApp។
ប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសមានប្រជាធិបតេយ្យទូលំទូលាយនិងមានលំនឹងគួរសមនោះគឺជាប្រទេសដែលអាចដោះស្រាយបញ្ហាសេរីភាពសារព័ត៌មានបានល្អជាងប្រទេសជិតខាងក្នុងតំបន់។ កាលពីខែមករា រដ្ឋាភិបាលបានប្រកាសពីគម្រោងនានាសម្រាប់ទីភ្នាក់ងាររបស់ខ្លួនដើម្បីតបតទៅនឹងព័ត៌មានក្លែងក្លាយ។
«ខ្ញុំយល់ថា មន្រ្តីសាធារណៈដែលតវ៉ារឿងព័ត៌មានក្លែងក្លាយគឺខ្លួនពួកគេផ្ទាល់ក៏មិនដឹងថា ត្រូវធ្វើបែបណាដែរ ដូច្នេះហើយពួកគេបានងាកមកស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយដោះស្រាយបញ្ហានេះទៅវិញ»។នេះបើយោងតាមប្រសាសន៍របស់លោក Bambani។ លោកបានបន្តថា វិធីតែម្យ៉ាងគត់ដែលអ្នកសារព័ត៌មានអាចឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយនោះ គឺត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត៕
ប្រែសម្រួលដោយ នៅ វណ្ណារិន