ដើម្បីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកនៅថ្ងៃព្រហស្បតិ៍នេះ ក្រុមអង្គការសេរីភាពសារព័ត៌មានមួយក្រុមកំពុងអំពាវនាវឲ្យសាធារណជនមានការចាប់អារម្មណ៍លើបញ្ហានានាដែលអ្នកសារព័ត៌មានប្រឈមនៅក្នុងសហរដ្ឋអាមេរិក។
របាយការណ៍របស់ក្រុមអង្គការនេះបានលើកឡើងពីការគំរាមកំហែងមួយចំនួនចំពោះការងាររបស់អ្នកសារព័ត៌មាន ដែលក្នុងនោះមានដូចជាការកើនឡើងនូវការកាត់ទោសចំពោះអ្នកលួចផ្ដល់ព័ត៌មាន ការដាក់កំហិតរបស់រដ្ឋាភិបាលលើព័ត៌មានសាធារណៈ ការចោទប្រកាន់ដោយអ្នកនយោបាយ ការវាយប្រហារលើរាងកាយ និងការចាប់ខ្លួនដោយខុសច្បាប់ជាដើម។
លោក Thomas Hughes នាយកប្រតិបត្តិនៃអង្គការ Article 19 បាននិយាយថា៖ «ការកើនឡើងដ៏គួរឲ្យភ័យខ្លាចនូវការគំរាមកំហែងនានាចំពោះសេរីភាពសារព័ត៌មាននៅក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ត្រូវតែដោះស្រាយចេញ។ ការគំរាមកំហែងទាំងនេះមិនត្រឹមតែប៉ះពាល់ដល់សេរីភាពបញ្ចេញមតិនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជះលទ្ធផលមិនល្អនៅជុំវិញពិភពលោកទៀតផង»។
អង្គការ Article 19 បានចូលរួមជាមួយនឹងអង្គការ Committee to Protect Journalists អង្គការ International Freedom of Expression Exchange អង្គការ International Press Institute អង្គការ Index on Censorship និងអង្គការ Reporters Without Border ដើម្បីសម្ភាសន៍អ្នកសារព័ត៌មានអាមេរិកាំងមួយចំនួន។
របាយការណ៍របស់អង្គការនេះបានបញ្ជាក់ថា ទោះបីជាមានការគំរាមកំហែងនាពេលបច្ចុប្បន្ននេះក៏ដោយ ការការពារដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកបានធ្វើឲ្យសហរដ្ឋអាមេរិកស្ថិតក្នុងចំណោមប្រទេសដែលមានសេរីភាពសារព័ត៌មានបំផុតនៅលើពិភពលោក៕