ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់​មតិ​ថ្មី៖ ​​ចិន​នាំមុខ​អាមេរិក​ ​បើ​បង្ខំ​ឱ្យ​​អាស៊ាន​​រើស​យក​មហា​អំណាច​ណា​មួយ


រូបឯកសារ៖ លោក ប្រធានាធិបតីចិនលោក Xi Jinping គ្រវីដៃពេលលោកធ្វើជាប្រធានកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន ពីទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។ (Huang Jingwen/Xinhua via AP)
រូបឯកសារ៖ លោក ប្រធានាធិបតីចិនលោក Xi Jinping គ្រវីដៃពេលលោកធ្វើជាប្រធានកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន ពីទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។ (Huang Jingwen/Xinhua via AP)

ការ​សិក្សា​ស្រាវ​ជ្រាវថ្មី​មួយ​ដែល​ស្ទង់​មតិ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ជា​សមា​ជិក​អាស៊ាន​ ដែល​មាន​កម្ពុជា​ផង​នោះ​ បានបង្ហាញ​ថា​ ប្រសិន​បើ​សមាគម​អាស៊ាន​ត្រូវ​បាន​បង្ខំ​ឱ្យជ្រើស​រើស​រវាង​មហា​អំណាច​ចិន ​និង​អាមេរិក ​ពួក​គេភាគច្រើន​ថា​នឹងជ្រើស​រើស​យក​ប្រទេសចិន​។

​ការ​ស្ទង់​មតិនេះ​ធ្វើ​ឡើង​ដោយវិទ្យាស្ថាន​សិក្សា​អាស៊ី​អាគ្នេយ៍​ Yusof Ishak ​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​សិង្ហបុរី ​ក្នុង​អំឡុង​ខែ​មករា​ ​ឆ្នាំ​២០២៤​ដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៤ ហើយ​របាយការណ៍​ដែល​បាន​មក​ពីការស្ទង់មតិនោះ​ត្រូវបាន​ចេញ​ផ្សាយ​ជា​សាធារ​ណៈ​កាលពី​ថ្ងៃ​អង្គារ​។

របាយ​ការណ៍​ដែល​សិក្សា​ក្នុង​ចំណោម​មនុស្ស​ប្រមាណ​១៩៩៤នាក់​ ដែល​ជា​ប្រជាជន​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​បង្ហាញ​ថាជម្រើស​សម្រាប់​ចិន​បាន​កើនឡើង​ពី​៣៨.៩% ដល់​៥០.៥% ក្នុង​ឆ្នាំ​២០២៤​នេះ​ បើ​ធៀប​នឹង​ឆ្នាំ​២០២៣។ ការ​សិក្សា​បញ្ជា​ក់​ថា ជម្រើស​សម្រាប់អាមេរិក​បាន​ធ្លាក់​ចុះ​ពី​៦១.១%​មក​នៅ​៤៩.៥% ​នៅ​ឆ្នាំនេះ​ បើ​ប្រៀប​ធៀប​នឹង​ការ​សិក្សា​កាល​ពី​ឆ្នាំមុន​។​

ពាក់ព័ន្ធ​នឹង​ចំណុច​នេះ​ អ្នក​ចូល​រួម​ការ​ស្ទង់មតិ​នៅ​កម្ពុជា​ បាន​ជ្រើសយក​អាមេរិក​ ដែល​មាន​រហូតដល់​ ៥៥% ហើយ​ចិន​តែ​៤៥% ប៉ុណ្ណោះ​ ប្រសិន​បើ​មានការ​បង្ខំ​ឱ្យ​ជ្រើស​រើស​រវាង​មហា​អំណាច​ទាំង​ពីរ។​

សហរដ្ឋ​អាមេរិក​គឺជា​មហាអំណាច​ដែល​ត្រូវ​បាន​ពេញចិត្ត​សម្រាប់អាស៊ាន​ក្នុង​ការ​ធ្វើ​ជា​ដៃគូចាប់​តាំង​ពី​ការ​ស្ទង់​មតិ​នៅ​អាស៊ីអាគ្នេយ៍​ឆ្នាំ ២០២០។ ប៉ុន្តែនៅឆ្នាំនេះ អ្នកឆ្លើយ​តប​កាន់​តែ​ច្រើន​កំពុង​ងាក​ទៅ​រក​ប្រទេ​សចិន ជាង​សហរដ្ឋអាមេរិក ខណៈមាន​ការ​បារម្ភ​ចំពោះ​ឥទ្ធិពល​របស់​ប្រទេស​ចិនដែល​ចេះតែ​រីកធំក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។

អ្នក​វិភាគ​នយោបាយ​អន្តរ​ជាតិ​លោក ​សេង វណ្ណលី​ ប្រាប់​វីអូអេ​ថា​ ការស្ទង់​មតិ​ចុង​ក្រោយ​ដែល​បង្ហាញ​ថា​ ​ទំនាក់ទំនង​របស់​អាស៊ាន​ជាមួយ​ចិន​មានការ​កើនឡើង​ដោយសារ​តែ​អ្នក​ចូល​រួម​ការ​ស្ទង់មតិ​ទាំង​នោះ​មើល​ឃើញ​ពីភាព​មិនប្រាកដ​ប្រជា​នៅអំឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត​នៅ​អាមេរិកទី​ដែល​អតីត​ប្រធានាធិបតី​លោក ដូណាល់ត្រាំ​ ត្រូវ​គេ​រំពឹង​ថា​ នឹង​អាច​វិល​ត្រឡប់​មក​កាន់​តំណែង​ជា​ប្រធានាធិបតី​។​ ការណ៍​នេះ​អាច​ធ្វើឱ្យ​មាន​ការ​ប្រែប្រួល​ក្នុង​ទំនាក់ទំនង​អាស៊ាន​និង​អាមេរិក​។

បើ​តាម​អ្នកវិភាគ​រូប​នេះ​កំណើន​នៃ​ការ​ជឿ​ជាក់​នៅ​ក្នុង​ការ​ធ្វើ​ទំនាក់​ទំនង​ជាមួយ​ចិន​គឺ​ដោយ​សារ​តែ​ចិន​មាន​ឥទ្ធិពល​ផ្នែក​សេដ្ឋកិច្ច​និងការ​វិនិយោគ​ច្រើន​នៅ​ក្នុង​តំបន់​បើ​ប្រៀប​ជាមួយ​អាមេរិក​។

លោក​ថ្លែង​ថា​៖«បើ​យើង​ប្រៀប​ធៀបអំពីអំណាច​សេដ្ឋកិច្ច​របស់ចិន​ជាមួយនឹងអាមេរិក​ទៅ លើ​អា​ស៊ាន​គឺចិន​គាត់មាន​ច្រើន​ជាង​៦០%នៃទំនាក់ទំន​សេដ្ឋកិច្ច​របស់អាស៊ាន​គឺ ផ្តោត​សំខាន់​ទៅលើ​ចិន ចំណែក​អាមេរិក​គឺ​នៅមាន​កម្រិត​ទាប​ដូច​ទាប​ជាង​២០%​ បើ ប្រៀប​ធៀប​ជាមួយ​ចិន​»។

លោក​បន្ថែម​ថា​ អំណាច​សេដ្ឋកិច្ច​ខ្លាំងក្លា​របស់​ចិន​បាននាំ​ឱ្យប្រជាពលរដ្ឋ​អាស៊ាន​ ក៏​ដូច​ជាអ្នក​ដែល​មាន​សិទ្ធិក្នុងការ​សម្រេច​គោល​នយោបាយ​របស់​អាស៊ាន​យល់ថា​ចិន​គឺ​ជា​ប្រទេស​ដែល​មាន​សក្តានុពល​ ហើយ​អាច​នឹង​មាន​ទំនាក់ទំ​នងល្អ​ជាមួយ​អាស៊ាន​។

ប្រទេស​ចិន​គឺ​ជា​ដៃគូ​ពាណិជកម្ម​ដ៏សំខាន់​មួយក្នុងចំណោម​ដៃ​គូ​ពាណិជ្ជកម្ម​ជាច្រើន​ទៀត​របស់​កម្ពុជាដែល​មាន​ដូច​ជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប​ ជប៉ុន​ និង​កូរ៉េខាងត្បូង​ជា​ដើម​។ ប៉ុន្តែ​បើ​តាម​ការ​ស្ទង់​មតិ​ ពលរដ្ឋ​កម្ពុជា​បាន​ឆ្លើយ​ថា​ ​ពួក​គេ​ជ្រើស​យក​សហ​រដ្ឋ​អាមេរិក​ បើ​ត្រូវ​បង្ខំ​ឱ្យ​សម្រេច​ចិត្ត​ថា​យក​មហា​អំណាច​ណា​មួយ។

​លោក​សេង វណ្ណលី​ អ្នក​វិភាគ​នយោបាយ​អន្តរ​ជាតិ​ផ្តល់​សេចក្តី​ពន្យល់ថា​ទំនាក់​ទំនាក់​កម្ពុជា​ជាមួយចិន​ នៅ​មានភាព​មិន​ប្រាកដ​ប្រជា​នៅឡើយ ក្រោម​ហេតុផល​ថា​សេដ្ឋ​កិច្ច​បន្ត​មាន​កំណើន​យឺត ហើយ​មាន​បញ្ហា​ជាច្រើន​ទៀត​កំពុង​កើត​ឡើង​ក្នុង​សង្គម​ចិន​។ បញ្ហា​ទាំងនោះ​ នឹង​បង្ក​ផល​ប៉ះពាល់​លើសេដ្ឋកិច្ចកម្ពុជា​ ជាពិសេស​ការនាំ​ចូលរបស់​ចិន​មក​កម្ពុជា​ច្រើន​ជាង​កម្ពុជា​នាំ​ទៅ​ចិន។

របាយការណ៍​ស្ទង់​មតិរបស់វិទ្យាស្ថាន​សិក្សា​អាស៊ី​អាគ្នេយ៍​ ​Yusof Ishak បាន​ឱ្យ​ដឹង​ទៀត​ថា ​ ប្រទេស​ចិន​បន្តត្រូវ​បានគេ​មើលឃើញ ថា​ជាប្រទេស​មាន​ឥទ្ធិពល​បំផុត ក្នុងតំបន់​ខាងផ្នែកអំណា​ច​សេដ្ឋកិច្ច ដែល​មាន​ចំនួន​៥៩,៥% និង​យុទ្ធសាស្ត្រ​ នយោ​បាយចំនួន​៤៣,៩% ដោយបានវ៉ាដាច់សហរដ្ឋអា​មេរិកចំពោះ​ផ្នែក​ទាំង​ពីរនេះ​។ ក្នុង​ចំណោម​ដៃគូសន្ទនា​ទាំង​១១​របស់​អាស៊ាន ប្រទេស​ចិនទទួលបានពិន្ទុ ៨.៩៨%​ លើ​ពិន្ទុ​សរុប​១១.0% ​ឈរនៅ​កំពូល​តារាង​ក្នុង​លក្ខខណ្ឌ​ពាក់ព័ន្ធ​យុទ្ធ​សាស្ត្រ​ជា​មួយ​អាស៊ាន​(Strategic relevance) ខណៈ​សហរដ្ឋអា​មេរិក​ ទទួល​បានតែ​៨.៧៩%​ និង​ជប៉ុន​ទទួល​បា​ន​៧.៤៨%​។

បើ​តាម​របាយការណ៍ដដែល​ នៅពេលសួរ​ពាក់ព័ន្ធនឹងទំនុក​ចិត្ត​ទៅ​លើប្រទេស​មហា​អំណាច​ ប្រទេស​ជប៉ុន​ឈរ​នៅលំដាប់លេខ​១សម្រាប់​ប្រទេស​ក្នុង​តំបន់អាស៊ាន​មាន​ប្រមាណ​៥៨.៩% ​អាមេរិក​ស្ថិត​នៅលំដាប់​លេខ​២ មាន​៤២.៤%​ សហភាព​អឺរ៉ុប ​៤១.៥% ខណៈ​អ្នក​ចូលរួមការ​ស្ទង់មតិពាក់កណ្តាល​(៥០.១%) ​បានប​ង្ហាញ​ការ​មិន​ទុក​ចិត្ត​ទៅ​លើ​ប្រទេស​ចិនដែលមាន​៤៥.៥%​ ព្រោះ​គេ​ភ័យ​ខ្លាច​ថាចិន​អាច​ប្រើ​អំណាច​សេដ្ឋកិច្ច​ និង​យោធា​របស់​ខ្លួនគំរាម​កំហែងដល់​ផល​ប្រយោជន៍ និង​អធិប​តេយ្យ​ភាព​របស់​ប្រទេស​ពួក​គេ​។

នៅ​ពេល​សួរថា​តើអ្នក​មាន​ទំនុក​ចិត្តប៉ុណ្ណា​ពីសហរដ្ឋ​អាមេរិក​ក្នុងនាមជា​ដៃគូ​យុទ្ធ​សាស្រ្ត ​និង​អ្នកផ្តល់​សេវា​សន្តិ​សុខ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ អ្នក​ចូល​រួម​ស្ទង់មតិ​៤០.១%​ មាន​អារម្មណ៍​ថាអាមេរិក​មិន​គួរ​ឱ្យ​ជឿទុកចិត្តទេ​ ខណៈ​៣៤.៩% នៃ​អ្នកឆ្លើយ​តប​ក្នុង​តំបន់​មើល​យល់​ឃើញ​ថាសហរដ្ឋ​អាមេរិកជា​ដៃ​គូសន្តិ​សុខ​ល្អ ដែល​ភាគរយ​នេះ មាន​ការថយចុះ ១២.៣ ភាគរយ​នៅឆ្នាំនេះ​ ​បើ​ធៀបនឹង​ឆ្នាំមុន។

បើ​និយាយ​ពី​ចិន​វិញ​ ជាង​ពាក់​កណ្តាល​នៃ​អ្នក​ចូលរួម​ស្ទង់​មតិ​ចំនួន​៥០.១%​ ​មិនមានទំនុក​ចិត្ត​ថា​ចិន​នឹង​ «ធ្វើ​រឿង​ត្រឹម​ត្រូវ»​រួម​ចំណែក​ដល់​សន្តិភាព​ សន្តិសុខ​ វិបុលភាព និង​អភិបាល​កិច្ចសកល​ឡើយ​ ខណៈ​មាន​តែ​មួយ​ភាគ​បួន​ប៉ុណ្ណោះ​(២៤.៨%) «​ជឿ​ជាក់​» ​ថា​ចិន​នឹង​រួម​ចំណែក​ជា​វិជ្ជមាន។

អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក​ Wesley Holzer មិន​បាន​ឆ្លើយ​ចំៗ​ទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​វីអូអេពាក់​ព័ន្ធ​ការជ្រើស​រើស​មហា​អំណាច​ទាំងពីរ​ទេ​ ប៉ុន្តែ​លោក​ថា​សហរដ្ឋអាមេរិក គឺជា​ដៃគូអ​ភិវឌ្ឍន៍​ដ៏​រឹងមាំ និង​ជាប់​លាប់​សម្រាប់​ប្រទេស​កម្ពុជា​ ដោយ​បានផ្តល់​ជំនួយ​ជាង ៣ពាន់លានដុល្លារ ​ដើម្បី​គាំទ្រ​ដល់​ប្រជាជន​កម្ពុជា​ក្នុងរយៈ​ពេល​ ៣០​ឆ្នាំ​ចុង​ក្រោយ​នេះ​។

លោក​បន្ថែមថា​ជំនួយ​បរទេស​របស់អាមេរិក​ឆ្លុះបញ្ចាំង​ពីការប្តេជ្ញា​ចិត្តរបស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​ប្រជាជន​កម្ពុជា​ និង​គាំទ្រគំរូ​នៃការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ តម្លា​ភាព ​និង​បរិយាប័ន្ន​។

អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា​៖«​ក្នុងចំណោម​សូចនា​ករ​ជា​ច្រើនទៀត ទំនាក់​ទំនងដ៏រឹង​មាំរវាង​ប្រទេសរ​បស់​យើង​ត្រូវបាន​ឆ្លុះបញ្ចាំ​ងនៅក្នុង​ការកើនឡើង​ដ៏ធំនៃ​ប្រជាជន​កម្ពុ​ជា​ដែល​កំពុង​សិក្សា​នៅ​សហរដ្ឋអាមេរិក ដែល​បានកើនឡើង​ ២១​% ពី​ឆ្នាំ​សិក្សា​២០២២ ដល់ឆ្នាំ ២០២៣​»​។

​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក ជុំ​ សុន្ទរី​បាន​ទទួល​ស្គាល់​សារ:​ប្រយោ​ជន៍​នៃ​ការស្ទង់​មតិ​របស់វិទ្យាស្ថាន​សិក្សា​អាស៊ី​អាគ្នេយ៍​ ​Yusof Ishak នៅពេល​ដែល​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​នៅ​ក្នុង​តំបន់​មាន​ការ​ប្រែប្រួល​កាន់​តែ​ច្រើន​ឡើង​។

​លោក​លើកឡើង​ជាភាសា​អង់គ្លេស​ហើយ​ត្រូវបាន​ប្រែសម្រួល​ជាខេមរភាសា​ថា៖ «សម្រាប់​ខ្លួនខ្ញុំផ្ទាល់ ខ្ញុំ​មាន​ទស្សនៈថា កម្ពុជា​មិនគួរ​ត្រូវបាន​បង្ខំ​ឱ្យភ្ជាប់ខ្លួនជា​មួយនឹ​ង​គូប្រកួត​ប្រជែង​ណា​មួយ ក្នុង​ចំណោម​គូប្រកួត​ប្រជែង​យុទ្ធសាស្ត្រ​សំ​ខាន់​ទាំង​ពីរនេះ ​ដែល​មាន​សារៈ​សំខា​ន់​សម្រាប់​សន្តិភាព​ ស្ថិរភាព​ និងការ​អភិវឌ្ឍន៍​នៅកម្ពុជា និង​ក្នុង​តំបន់​ផងដែរ»។

អ្នកតាមដាន​ភូមិសាស្ត្រនយោបាយ​អន្តរជាតិ​ លោក រ៉ឹម សុខ​វី​ លើក​ឡើងថា​ចិនបាន​ពង្រីក​ឥទ្ធិពល​របស់​ខ្លួននៅ​ក្នុង​សមាគម​អាស៊ាន​ដែល​ស្ថិត​ក្នុតំបន់​ឥណ្ឌប៉ាស៊ីហ្វិក​ ព្រោះ​ប្រទេស​កុម្មុយនិស្ត​បាន​ដាក់​ទុន​លើគម្រោង​ហេដ្ឋា​រចនា​សម្ពន្ធ និង​ការ​វិនិយោគ​របស់​ចិន​ជា​ច្រើន​ប្រទេស​ដែល​ជាសមាជិក​អាស៊ាន​ ដែល​ផ្ទុយ​ពី​សហរដ្ឋ​អាមេរិក។

លោក​ថ្លែង​ថា​៖«​សហរដ្ឋអាមេរិក​ផ្តោតតែ​លើ​សម្ពន្ធមិត្ត និង​ប្រទេស​ដែលខ្លួន​ចាត់​ទុក​ថា​មាន​សារៈ​សំខាន់​ចំពោះ​គោល​នយោបា​យការ​បរទេស​របស់​ខ្លួន។ ផ្ទុយ​ទៅវិញ ប្រទេស​ចិនតែង​តែផ្តល់ជំ​នួយដ​ល់​តំប​ន់នៅ​ពេល​ជួបវិបត្តិ ឧទាហរណ៍ក្នុ​ងអំឡុង​ពេល​កូវីដ​១៩។ ខ្ញុំគិតថា​ជំងឺរាតត្បាត​គឺជាចំណុច​សំខាន់​ដែល​នាំឱ្យ​មានការ​កើន​ឡើង​នៃ​ប្រជា​ប្រិយភាព​រប​ស់ប្រទេស​ចិននៅ​ក្នុង​តំបន់​។ អាមេរិក​មិន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ច្រើន​ចំពោះ​តំបន់​នេះ​ទេ»​។

វីអូអេ​មិនទាន់​អាច​សុំការ​អត្ថា​ធិប្បាយ​ពី​ស្ថាន​ទូត​ប្រទេស​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ទេ​តាម​សារ​អ៊ីឡិចត្រូនិក​អ៊ីមែល​។

សមាគម​អាស៊ាន​មា​នចំនួន​ប្រជាជន​ជាង​៦០០​លាននាក់​ ហើយ​សមាគម​នេះ​មាន​ដៃ​គូ​សន្ទនា និង​យុទ្ធសាស្ត្រ​ជាច្រើន​រួមមាន​ចិន​ សហរដ្ឋ​អាមេរិក​ អូស្រ្តាលី​ កាណាដា និង​ជប៉ុន​។ កាល​ពីឆ្នាំ​២០២២​ នៅពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ប្តូរវេន​ ​ទំនាក់​ទំនង​អាស៊ាន និង​អាមេរិក​បាន​ឈាន​ដល់​កម្រិតជាដៃគូយុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ ដែល​ក្រោយចិន​មួយ​ឆ្នាំ​ ព្រោះ​ចិនបាន​ក្លាយ​ជា​ដៃ​គូយុទ្ធសាស្ត្រគ្រប់​ជ្រុងជ្រោយ​ជាមួយ​អាស៊ាន​កាលពី​ឆ្នាំ​២០២១​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG