យន្តហោះធុន Boeing 777 នៃក្រុមហ៊ុនអាកសចរណ៍ Malaysia Airlines ជើងហោះ MH370 បានបាត់ពីកញ្ចក់រ៉ាដាកាលពីថ្ងៃទី៨ មីនា ឆ្នាំ២០១៤ នៅពេលធ្វើដំណើរពីក្រុងគូឡាឡាំពួ ទៅកាន់ក្រុងប៉េកាំង។
ទោះជាមានការស្វែងរកធំបំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ក៏ដោយ ក៏គេមិនបានរកឃើញយន្តហោះនេះទេ។
ញាតិសន្តាននិងអ្នកគាំទ្រពួកគេប្រមាណ ៥០០នាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យនៅឯមជ្ឈមណ្ឌលលក់ដូរទំនិញមួយ នៅជិតរាជធានីគូឡាឡាំពួរបស់ប្រទេសម៉ាឡេស៊ី ដើម្បីរម្លឹក«ទិវានៃការចងចាំ»ដោយមានជនច្រើននាក់មានទុក្ខសោកយ៉ាងខ្លាំង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP កាលពីថ្ងៃទី៣ ខែមីនា។
ពួកគេបានដុតទៀន ២៣៩ដើម ដែលទៀននីមួយៗតំណាងអ្នកដំណើរម្នាក់ដែលបានបាត់បង់ជីវិតក្នុងយន្តហោះនោះ។
ញាតិសន្តានខ្លះមកពីប្រទេសចិន ដែលជិតពីរភាគបីនៃអ្នកដំណើរទាំងអស់មកពីទីនោះ។
អ្នកស្រី Grace Nathan ដែលជាមេធាវីម៉ាឡេស៊ីអាយុ ៣៦ ឆ្នាំ ដែលម្តាយអ្នកស្រីគឺអ្នកស្រី Anne Daisy អាយុ ៥៦ ឆ្នាំស្ថិតក្នុងយន្តហោះនោះ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា៖ «រយៈពេល ១០ឆ្នាំ ចុងក្រោយនេះមានការរំជួលចិត្តឡើងចុះគ្មានឈប់ឈរសម្រាប់រូបខ្ញុំ»។
ថ្លែងទៅកាន់ហ្វូងមនុស្ស អ្នកស្រីបានអំពាវនាវដល់រដ្ឋាភិបាលម៉ាឡេស៊ីឱ្យស្វែងរកជាថ្មី។
អ្នកស្រីបានថ្លែងថា៖ «ជើងហោះ MH370 មិនមែនជាប្រវត្តិសាស្ត្រទេ»។
អ្នកស្រី Liu Shuang Fong អាយុ ៦៧ ឆ្នាំ មកពីខេត្ត Hebei នៃប្រទេសចិន បានបាត់បង់កូនប្រុសអាយុ ២៨ ឆ្នាំឈ្មោះ Li Yan Lin ដែលជាអ្នកដំណើរម្នាក់ក្នុងយន្តហោះនោះដែរ។
អ្នកស្រី Liu ដែលបានធ្វើដំណើរតាមយន្តហោះទៅប្រទេសម៉ាឡេស៊ីដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះបាននិយាយថា៖ «ខ្ញុំទាមទារយុត្តិធម៌ឱ្យកូនប្រុសខ្ញុំ។ តើយន្តហោះនោះនៅឯណា?»
អ្នកស្រីបានបន្ថែមថា៖ «ការស្វែងរកត្រូវមានធ្វើតទៅទៀត»។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក Anthony Loke បាននិយាយប្រាប់ពួកអ្នកកាសែតថា៖ «ប្រទេសម៉ាឡេស៊ីប្តេជ្ញាក្នុងការស្វែងរកយន្តហោះនោះ ... សោហ៊ុយមិនមែនជាបញ្ហាទេ»។
លោកបានថ្លែងប្រាប់ញាតិសន្តានក្រុមអ្នកដំណើរនៅក្នុងការប្រមូលផ្តុំគ្នានោះថាលោកនឹងជួបជាមួយក្រុមមន្ត្រីនៃក្រុមហ៊ុន Ocean Infinity ដែលជាក្រុមហ៊ុនរុករកក្នុងសមុទ្រមានមូលដ្ឋាននៅរដ្ឋ Texas ដែលបានស្វែងរកគ្មានជោគជ័យកាលពីពេលមុនដើម្បីពិភាក្សាអំពីកិច្ចប្រតិបត្តិការថ្មី។
លោកថា៖ «នៅពេលនេះយើងរង់ចាំពួកគេផ្តល់ថ្ងៃខែសមស្រប ហើយខ្ញុំសង្ឃឹមថានឹងជួបជាមួយពួកគេក្នុងពេលឆាប់ៗនេះ»។
ការស្វែងរកកាលពីឆ្នាំ ២០១៨ របស់ក្រុមហ៊ុន Ocean Infinity បានបញ្ចប់ក្រោយការពិនិត្យមើលបាតសមុទ្រអស់រាប់ខែដោយគ្មានជោគជ័យ។
ការស្វែងរកមួយមុននោះដែលដឹកនាំដោយប្រទេសអូស្ត្រាលីក្នុងផ្នែកនៃមហាសមុទ្រឥណ្ឌាទំហំ ១សែន ២ម៉ឹនគីឡូម៉ែត្រក្រឡា មិនបានរកឃើញដានយន្តហោះនោះទេ ដោយគ្រាន់តែបានស្រង់កម្ទេចកម្ទីខ្លះតែប៉ុណ្ណោះ។
ដោយត្រូវចាត់ទុកថាជាការស្វែងរកធំបំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ កិច្ចប្រតិបត្តិការនោះត្រូវបានផ្អាកកាលពីខែមករា ឆ្នាំ ២០១៧។
ការបាត់យន្តហោះនោះជាប្រធានបទនៃទ្រឹស្តីមួយចំនួនរួមមានតាំងពីទ្រឹស្តីដែលគួរឱ្យជឿបានរហូតដល់ទ្រឹស្តីចម្លែកហួស រួមទាំងការនិយាយថាអ្នកបើកយន្តហោះជើងចាស់លោក Zaharie Ahmad Shah បានប្រព្រឹត្តអំពើទុច្ចរិត។
របាយការណ៍ចុងក្រោយបង្អស់អំពីសោកនាដកម្មនេះកាលពីឆ្នាំ ២០១៨ ចង្អុលបង្ហាញការមានបញ្ហានៅប៉មត្រួតពិនិត្យចរាចរណ៍អាកាស ហើយបានចែងថា យន្តហោះនោះបានប្តូរទិសដោយដៃ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
វេទិកាបញ្ចេញមតិ