ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​អំពាវនាវ​ឱ្យ​មាន​ឯកភាព ហើយ​ថា​យោធា​កាន់​អំណាច​ជា​«បណ្តោះអាសន្ន‍»


 ឧត្ដមសេនីយ៍ជាន់ខ្ពស់លោក Min Aung Hlaing ចូលរួមក្បួនព្យុហយាត្រា​ក្នុងខួបទិវាកងយោធពលលើកទី៧៩ ក្នុងរដ្ឋធានីនៃពិដោ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។
ឧត្ដមសេនីយ៍ជាន់ខ្ពស់លោក Min Aung Hlaing ចូលរួមក្បួនព្យុហយាត្រា​ក្នុងខួបទិវាកងយោធពលលើកទី៧៩ ក្នុងរដ្ឋធានីនៃពិដោ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

កាល​ពី​ថ្ងៃ​ទី២៧ ខែ​មីនា ​ឧត្ដមសេនីយ៍​គ្រប់គ្រង​ប្រទេស​មីយ៉ាន់ម៉ាបាន​និយាយ​ថា ​របប​យោធា​គ្រាន់​តែកាន់អំណាចជា​បណ្ដោះអាសន្ន ​ដោយ​មាន​គោលដៅ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ ហើយ​លោកបាន​អំពាវនាវ​ឱ្យ​មាន​ឯកភាព​រវាងប្រជារាស្ត្រនិង​កង​យោធា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ក្រុម​ប្រដាប់​អាវុធ​ដែលប្រឹងប្រែង​បំផ្លាញ​ផែនការ​បោះឆ្នោត។

នៅ​ពេលថ្លែង​សុន្ទរកថា ​ទៅ​កាន់​ក្បួន​ព្យុហយាត្រា​ប្រចាំ​ឆ្នាំនៅ​ទិវា​កង​យោធពល​ ឧត្ដមសេនីយ៍​ជាន់ខ្ពស់​លោក Min Aung Hlaing ដែល​បាន​ដឹកនាំ​រដ្ឋប្រហារមួយ​កាល​ពី​ឆ្នាំ​ ២០២១ បាន​និយាយថា ពួក​ប្រឆាំង​នឹង​លោក​បាន​ទទួល​ការ​គាំទ្រ​ពី​បរទេស​ហើយ​បាន​ប្រឹងប្រែង​បំផ្លាញប្រទេស​និង​ផែនការនាំ​ឱ្យ​មាន​ការ​គ្រប់គ្រងបែប​ប្រជាធិបតេយ្យ​ឡើងវិញ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។

លោក​បានថ្លែងប្រាប់ទាហានរាប់​រយ​នាក់​នៅក្នុង​រដ្ឋធានីណៃពិដោថា៖ «កងយោធា​ កងកម្លាំង​ប៉ូលិស​ និង​កងជីវពល​ប្រជារាស្ត្រ​ កំពុង​ធ្វើការដើម្បី​ធ្វើ​ឱ្យ​មាន​សន្តិភាព​និងស្ថិរភាពឡើងវិញ។ យើង​ត្រូវការ​ឱ្យ​មាន​ឯកភាពរវាង​កងយោធា​និង​ប្រជារាស្ត្រ»។

កងយោធាមីយ៉ាន់ម៉ា​កំពុង​ប្រឈម​នឹងឧបសគ្គ​ធំបំផុត​ចាប់តាំងពី​ពួកគេ​បាន​ក្តាប់​អំណាចលើកដំបូងនៅក្នុង​ប្រទេស​ជា​អតីត​អាណានិគមអង់គ្លេស​នេះកាល​ពី​ឆ្នាំ១ ៩៦២ ​មក ដោយប្រយុទ្ធ​នឹង​រណសិរ្សជា​ច្រើនដើម្បី​ទប់ទល់​នឹងការបះបោរ​ក្នុង​ផ្នែក​ជា​ច្រើន​របស់​ប្រទេសនិង​ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មាន​ស្ថិរភាព​តាំង​ពី​វា​ធ្លាក់ចុះខ្លាំងចាប់​ពី​មាន​រដ្ឋប្រហារ​មក។

ប្រទេស​មីយ៉ាន់ម៉ា​បាន​ជាប់​ផុង​ក្នុងសង្គ្រាម​ស៊ីវិលរវាង​កង​យោធា​និងសម្ពន្ធភាព​មិន​រឹងមាំ​មួយនៃ​ក្រុម​ឧទ្ទាមជន​អំបូរភាគតិចនិង​ចលនា​តស៊ូ​ប្រដាប់​អាវុធកើត​ចេញ​ពីការ​បង្ក្រាប​ដ៏​បង្ហូរ​ឈាមរបស់ក្រុមប្រឹក្សាយោធា​លើ​បាតុកម្មប្រឆាំង​រដ្ឋប្រហារ។

ក្រុម​សកម្មជន​និង​ប្រទេស​លោក​ខាង​លិច​ខ្លះបាន​ចោទ​ប្រកាន់​ក្រុម​យោធា​ថា​ បាន​ប្រព្រឹត្តអំពើ​ឃោរឃៅ​ជាប្រព័ន្ធ​ក្នុង​ការ​ប្រឹងប្រែង​បង្ក្រាប​ការ​បះបោរ ដោយ​ធ្វើ​ការ​វាយប្រហារតាម​អាកាសយ៉ាង​ទូលំទូលាយ​និងបាញ់​កាំភ្លើង​ធំដាក់​តំបន់​ស៊ីវិល ហើយ​ក៏​មានការ​ចោទ​ប្រកាន់​អំពី​ការចាប់ខ្លួនដោយ​បំពាន ការធ្វើទារុណកម្ម​និង​ការប្រហារ​ជីវិត​ផង​ដែរ។

ក្រុម​ប្រឹក្សា​យោធា​បាន​បដិសេធការ​ចោទ​ប្រកាន់​ទាំង​នោះ​ថា​ មិន​ពិត​ទេ។

លោក Min Aung Hlaing បាន​និយាយ​កាល​ពី​ថ្ងៃពុធ ទី២៧ ខែ​មីនា ​ថា​ ក្រុមប្រឆាំង​បាន​ប្រព្រឹត្តអំពើ​ហិង្សា លួច​ប្លន់និងផ្សព្វផ្សាយ​សម្អប់ ហើយថា ក្រុម​យោធា​ត្រូវ​បានយក​ធ្វើជា​ទីដៅដោយ​ព័ត៌មាន​ក្លែងក្លាយ​ពី​ពួក​អ្នក​កាសែត​អន្តរជាតិនិង​ក្រុម​អ្នក​ប្រើ​បណ្តាញ​ព័ត៌មានសង្គម។

លោក​បាន​បន្ថែម​ថា «ប្រទេសមានអំណាចខ្លាំង​ខ្លះ»​បានប្រឹងប្រែងជ្រៀតជ្រែកក្នុង​កិច្ចការ​ផ្ទៃក្នុងនៃ​ប្រទេស​មីយ៉ាន់ម៉ា​ដោយ​ជួយក្រុម​ជនប្រដាប់​អាវុធ​ឱ្យប្រយុទ្ធ​ប្រឆាំង​នឹងក្រុម​យោធា។ លោកមិនបានបង្ហាញ​ភស្តុតាង​ទេ។

លោកក៏​បានសុំ​ដល់​ក្រុម​ទាហានជើង​ចាស់​ឱ្យ​ចុះ​ឈ្មោះ​ចូល​ធ្វើ​ទាហាន​ជាថ្មី ជា​ផ្នែក​មួយ​នៃការ​ប្រឹងប្រែង​កេណ្ឌ​ទាហាន​ថ្មី។

លោក​បាន​ថ្លែង​ថា៖ «ពួកគេ​បាន​ផ្តល់ជំនួយ​ដល់​អង្គការ​ទាំង​នោះ​តាម​វិធី​ផ្សេងៗ។ ពួក​គេ​ប្រឹងប្រែង​បំផ្លាញ​និង​ធ្វើ​ឱ្យ​ខ្សោយដល់​អង្គការ​នានាដែល​ការពារផលប្រយោជន៍ប្រជាជន...ដូច្នេះ កង​កម្លាំង​សន្តិសុខ​ត្រូវតែរួបរួម​គ្នា»។

លោក Min Aung Hlaing​ បាន​និយាយ​ជាថ្មី​ថា​ ក្រុម​យោធាបាន​ក្តាប់​អំណាចពីព្រោះការបោះឆ្នោតកាល​ពី​ឆ្នាំ​២០២០​មាន​ការ​លួច​បន្លំ ដោយមានសន្លឹកឆ្នោត​ជិត​៣០%​យក​ជាការ​មិនកើត។ គណបក្សរបស់​លោកស្រី Aung San Suu Kyi ដែល​បាន​ឈ្នះ​ការបោះឆ្នោត​នោះ​ភ្លូកទឹកភ្លូកដី បាន​បដិសេធការចោទប្រកាន់​នោះ។ បច្ចុប្បន្ននេះ​លោកស្រី Suu Kyi​ កំពុងជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ ដោយ​ត្រូវ​កាត់​ក្តីឱ្យ​មាន​ទោស​២៧ឆ្នាំពី​បទ​ចោទប្រកាន់​ច្រើន​ករណី។

លោក Min Aung Hlaing បាន​ពោល​ថា​ ការ​បោះឆ្នោត​លើក​ក្រោយ ដែល​លោក​មិន​បាន​ប្រាប់​អំពីពេលវេលា​ នឹង​មាន​ធ្វើ​តាម​ប្រព័ន្ធ​ភាព​តំណាងជា​សមាមាត្រនៃសមាជិក​ចម្រុះ​ដែលមាន​បរិយាប័ន្ន​ជាង​មុន។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយដើម្បី​កត់​សម្គាល់ទិវា​កង​យោធពល រដ្ឋមន្ត្រីចក្រភព​អង់គ្លេស​ទទួលបន្ទុក​កិច្ចការ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​លោកស្រី Anne-Marie Trevelyan បាន​មាន​ប្រសាសន៍​ថា ប្រជារាស្ត្ររង​ទុក្ខ​វេទនា​ដោយ​សារ​«សកម្មភាពឃោរឃៅសែន​អាក្រក់​ក្នុង​កណ្តាប់​ដៃនៃរបបគ្រប់គ្រងយោធា»។ ​ស្ថានទូត​កាណាដាបាន​និយាយ​ថា​ខ្លួន​«ថ្កោលទោសខ្លាំង​ក្លាបំផុតដល់​អំពើ​ឃោរឃៅ»​ដែល​កំពុង​ធ្វើ​ដោយ​កងយោធា៕

ប្រែសម្រួល​ដោយ លោក ឈឹម​ សុមេធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG