រដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូណេស៊ីមានសភាពណែនណាន់តាន់តាប់ ខ្យល់អាកាសមិនល្អ ងាយរងគ្រោះដោយសារការរញ្ជួយដី និងជារឿយៗត្រូវបានគេហៅថាជាទីក្រុងដែលលិចលង់លឿនជាងគេបំផុតនៅលើពិភពលោកដោយសារការទាញយកទឹកពីក្រោមដីនិងការប្រែប្រួលអាកាសធាតុ។
បញ្ហាអស់ទាំងនេះបូករួមនឹងចំណាប់អារម្មណ៍របស់រដ្ឋាភិបាលឥណ្ឌូណេស៊ីក្នុងការបែងចែកឱកាសនិងទ្រព្យសម្បត្តិដោយសមធម៌ក្នុងចំណោមកោះទាំង ១៧.០០០ របស់ប្រទេសឥណ្ឌូណេស៊ី បានធ្វើឱ្យប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ប្រកាសកាលពីខែសីហា ឆ្នាំ ២០១៩ អំពីផែនការនៅក្នុងការផ្លាស់ប្ដូររដ្ឋធានីពីកោះជ្វាទៅកាន់កោះ Borneo និងបង្កើតនូវ «ទីក្រុងដែលមានព្រៃឈើប្រកបដោយចីរភាព» Nusantara បែបបច្ចេកវិទ្យាជឿនលឿន។
តាំងពីពេលនោះមក អាជ្ញាធរឥណ្ឌូណេស៊ីចង់ឃើញវិនិយោគិនបរទេសវិនិយោគលើគម្រោងសាងសង់ទីក្រុង Nusantara នេះដែលមានទឹកប្រាក់ ៣២ ពាន់លានដុល្លារ។
ឥឡូវនេះ ក្នុងរយៈពេលជាច្រើនខែមុនពេលដំណាក់កាលទីមួយនៃគម្រោងសាងសង់ទីក្រុងនេះត្រូវបានបង្ហាញឡើងនៅថ្ងៃទី ១៧ ខែសីហាខាងមុខ ក្រុមហ៊ុនចិននានាកំពុងលេចឡើងជាក្រុមវិនិយោគិនដ៏ធំមួយនៅក្នុងគម្រោងនេះ។
គម្រោងដែលគេមើលឃើញជាទូទៅថាជាកេរដំណែលរបស់លោក Widodo នេះបានចាប់ផ្ដើមជាផ្លូវការដំបូងកាលពីខែសីហា ឆ្នាំ ២០២២។ ប្រទេសសិង្ហបុរីបានបង្ហាញចំណាប់អារម្មណ៍ខ្លាំងជាងគេបំផុត ហើយបន្ទាប់មកគឺប្រទេសជប៉ុន។ រីឯប្រទេសម៉ាឡេស៊ីនិងប្រទេសចិនវិញគឺស្ថិតនៅលំដាប់ទី ៣។
ប៉ុន្តែ ការដាក់ពាក្យបង្ហាញចំណាប់អារម្មណ៍លើគម្រោងនេះគឺគ្រាន់តែជាជំហានដំបូងនៅក្នុងដំណើរការមួយដែលចំណាយពេលយូរតែប៉ុណ្ណោះ។ ការសាងសង់ទីក្រុងដែលមានទំហំ ២៦០.០០០ ហិកតានេះគ្រោងនឹងបញ្ចប់ទាំងស្រុងនៅខែសីហា ឆ្នាំ ២០៤៥ ខាងមុខ ដែលជាខួប ១០០ ឆ្នាំនៃការទទួលបានឯករាជ្យរបស់ប្រទេសឥណ្ឌូណេស៊ីពីអាណានិគមហូឡង់។
អាជ្ញាធររដ្ឋធានី Nusantara (NCA) បានប្រឹងប្រែងទាក់ទាញវិនិយោគិននានានៅក្នុងវេទិកានិងការប្រជុំផ្សេងៗអំពីការវិនិយោគនៅក្នុងទីក្រុងប៉េកាំង ទីក្រុងសៀងហៃ និងទីក្រុង Shenzhen នៃប្រទេសចិន។ កាលពីខែតុលាឆ្នាំមុន លោក Widodo បាននិយាយថា ចិនគ្រោងនឹងក្លាយជាអ្នកវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុតនៅក្នុងប្រទេសឥណ្ឌូណេស៊ីនៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ដោយវ៉ាដាច់ប្រទេសសិង្ហបុរី។
ចិនបានវិនិយោគរួចហើយលើទីក្រុងបច្ចេកវិទ្យាជឿនលឿននានាដូចទីក្រុង Nusantara នេះនៅក្នុងប្រទេសផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍ដូចជាម៉ាឡេស៊ី ហ្វីលីពីន ថៃ និងមីយ៉ាន់ម៉ាជាដើម។ នេះបើយោងតាមការសិក្សាស្រាវជ្រាវឆ្នាំ ២០២១ របស់សាកលវិទ្យាល័យ Kentucky។
នៅក្នុងប្រទេសឥណ្ឌូណេស៊ី វិនិយោគរបស់ចិនជាទូទៅបានហូរចូលទៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធឬគម្រោងឧស្សាហកម្មធំៗ ដូចជាគម្រោងផ្លូវរថភ្លើងល្បឿនលឿនរវាងទីក្រុងហ្សាការតានិងទីក្រុងបានឌុង (Bandung) ក្នុងទឹកប្រាក់ ៧,៣ ពាន់លានដុល្លារ គម្រោងថាមពលវារីអគ្គិសនី Mentarang Induk (MIHEP) ដែលភ្ជាប់សម្ព័ន្ធភាពជាមួយនឹងសហគ្រាស PowerChina របស់រដ្ឋាភិបាលចិនហើយនឹងផ្គត់ផ្គង់ថាមពលដល់រដ្ឋធានីថ្មីនេះ និងគម្រោងទឹកប្រាក់ ១១,៦ ពាន់លានដុល្លារដ៏ប្រទាំងប្រទើសដើម្បីសាងសង់រោងចក្រ Xinyi Glass ដែលជារោងចក្រផលិតផ្ទាំងកញ្ចក់និងបន្ទះស្រូបថាមពលព្រះអាទិត្យរបស់ចិន នៅលើកោះ Rempang ជាដើម។
ជម្លោះទាក់ទិននឹងកម្មសិទ្ធិដីធ្លីនៅលើកោះ Rempang នេះនៅមិនទាន់ដោះស្រាយនៅឡើយ។
នៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទមួយជាមួយ VOA ផ្នែកភាសាឥណ្ឌូណេស៊ី លោក Andry Satrio Nugroho សេដ្ឋវិទូនៃវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (Institute for Development of Economics and Finance) របស់ប្រទេសឥណ្ឌូណេស៊ី បានរំឭកថា រដ្ឋាភិបាលឥណ្ឌូណេស៊ីគួរតែអាចធានាចំពោះវិនិយោគិនថាមិនមានជម្លោះដីធ្លីស្រដៀងគ្នានេះកើតឡើងពាក់ព័ន្ធនឹងទីក្រុង Nusantara នេះ។
អាជ្ញាធររដ្ឋធានី Nusantara បានបញ្ជាក់ថា រដ្ឋាភិបាលកំពុងធ្វើការដើម្បីបញ្ចូលជនជាតិភាគតិចនិងពលរដ្ឋមូលដ្ឋានទៅក្នុងដំណើការទទួលបានកម្មសិទ្ធិដីធ្លីនិងអភិវឌ្ឍន៍នេះ។
លោក Agung Wicaksono អនុប្រធានអាជ្ញាធររដ្ឋធានី Nusantara ទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុនិងវិនិយោគ បាននិយាយថា ពួកគេបានទទួលលិខិតបង្ហាញចំណាប់អារម្មណ៍ចំនួន ៣៤៥ ច្បាប់ដែលវិនិយោគិននានាបានដាក់ជូន។
នៅក្នុងសន្និសីទមួយស្ដីពីចីរភាពដែលរៀបចំឡើងដោយក្រុមហ៊ុន Temasek Holdings របស់ប្រទេសសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ ២០២៣ លោក Widodo បានបង្ហាញឡើងនូវកញ្ចប់អភិវឌ្ឍន៍ចំនួន ៣០០ ដែលមានទឹកប្រាក់ ២,៦ ពាន់លានដុល្លារដល់វិនិយោគិននានាដែលចាប់អារម្មណ៍លើការសាងសង់ទីក្រុង Nusantara នេះ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានផ្ដល់នូវគ្រឿងលើកទឹកចិត្តផ្សេងៗដូចជាការមិនយកពន្ធបណ្ដោះអាសន្នជាដើមសម្រាប់ក្រុមហ៊ុនណាដែលវិនិយោគយ៉ាងតិច ៦៤៧.០០០ ដុល្លារលើគម្រោងនានាដូចជាអាកាសយានដ្ឋាន ផ្លូវបង់លុយ មន្ទីរពេទ្យ ផ្សារទំនើប និងសណ្ឋាគារជាដើម។
លោក Wicaksono បាននិយាយថា៖ «នៅក្រោមគម្រោងភាពជាដៃគូរវាងឯកជននិងសាធារណៈ (PPP) នេះ អាជ្ញាធររដ្ឋធានី Nusantara កំពុងជំរុញទៅមុខជាមួយនឹងសហគ្រាសចិនមួយដែលដឹកនាំដោយក្រុមហ៊ុន CITIC Ltd. ដើម្បីសាងសង់អគារស្នាក់នៅចំនួន ៦០ អគារនៅក្នុងរដ្ឋធានីនេះ»។
ភាគហ៊ុនចំនួន ៥៨% របស់ក្រុមហ៊ុន CITIC Ltd. ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំបំផុតមួយរបស់ចិន គឺគ្រប់គ្រងដោយក្រុមហ៊ុន CITIC Group។ សមាជិករដ្ឋសភាអាមេរិកខាងបក្សសាធារណរដ្ឋលោក Mike Gallagher ដែលជាប្រធានគណៈកម្មធិការពិសេសរដ្ឋសភាទទួលបន្ទុកកិច្ចការគណបក្សកុម្មុយនីស្តចិន បាននិយាយថា ក្រុមហ៊ុន CITIC Group គឺជា «សម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំបំផុតនិងសំខាន់បំផុតមួយដែលគ្រប់គ្រងដោយគណបក្សកុម្មុយនីស្តចិន»។
ក្រុមហ៊ុន Maxim និងក្រុមហ៊ុន IJM របស់ម៉ាឡេស៊ីក៏នឹងសាងសង់អគារស្នាក់នៅនៅក្នុងទីក្រុង Nusantara នេះផងដែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់កាសែត Indonesia Business Post។
ចំណាប់អារម្មណ៍ពីប្រទេសចិនក៏រួមមានផងដែរនូវសំណើរបស់ក្រុមហ៊ុន China Railways Construction Corporation ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនរបស់ទីក្រុង Nusantara នេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់កាសែត China Daily ដែលជាកាសែតផ្លូវការរបស់ចិន។ កាសែតនេះបានរាយការណ៍ថា «សហគ្រាសចិនកំពុងជួយរួចហើយក្នុងការធ្វើឱ្យផែនការរបស់លោក Widodo បានសម្រេច»។
ក្រុមហ៊ុន China Road and Bridge Corporation ក្រុមហ៊ុន China Communications Construction Indonesia និងក្រុមហ៊ុន China Construction Eighth Engineering Division Corporation កំពុងដេញថ្លៃសាងសង់ផ្នែកនៃផ្លូវល្បឿនលឿនបង់លុយភ្ជាប់កំពង់ផែស្ដុកប្រេងឥន្ធនៈ Balikpapan ជាមួយនឹងដែនសមត្ថកិច្ច Penajam Paser Utara ដែលជាទីតាំងសាងសង់រដ្ឋធានីថ្មីនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៣ របស់កាសែត China Daily។
បើតាមច្បាប់ លោក Widodo មិនអាចធ្វើជាប្រធានាធិបតីច្រើនជាងពីរអាណត្តិ ដែលមួយអាណត្តិមានរយៈពេល ៥ ឆ្នាំបានទេ។ លោក Prabowo Subianto ដែលឈ្នះការបោះឆ្នោតកាលពីខែកុម្ភៈ ត្រូវគេរំពឹងថានឹងកាន់តំណែងជាប្រធានាធិបតីឥណ្ឌូណេស៊ីបន្ទាប់ពីលោក Widodo។ លោក Subianto គឺជាអ្នកដែលគាំទ្រផែនការសាងសង់រដ្ឋធានីថ្មីនេះ។
លោក Widodo បានប្រាប់វិនិយោគិននានានៅក្នុងកិច្ចប្រជុំមួយនៅប្រទេសសិង្ហបុរីកាលពីឆ្នាំមុនថា៖ «អ្វីៗនឹងគ្មានបញ្ហាឡើយ។ មិនបាច់បារម្ភទេ។ ការវិនិយោគរបស់អ្នកនៅឥណ្ឌូណេស៊ីនឹងបន្តមានសុវត្ថិភាព ហើយនឹងមាននិរន្តរភាពនៅក្នុងការអភិវឌ្ឍរដ្ឋធានី Nusantara នេះ»៕
ប្រែសម្រួលដោយលោក ភី សុភាដា