អង្គការឃ្លាំមើលអន្តរជាតិ Global Witness ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏បានបញ្ចេញរបាយការណ៍ថ្មីមួយអំពីប្រទេសលីបេរីយ៉ា ដែលស្ថិតនៅតំបន់អាហ្វ្រិកខាងលិច។ របាយការណ៍នោះបានធ្វើការចោទប្រកាន់ថា មានការសូកប៉ាន់ និងការបង់ប្រាក់ដ៏គួរសង្ស័យជាង ៩៥០.០០០ដុល្លារ ទៅឲ្យមន្ត្រីលីបេរីយ៉ាដោយក្រុមហ៊ុនរ៉ែ Sable Mining ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និងមេធាវីជនជាតិលីបេរីយ៉ា គឺលោក Varney Sherman។
យោងតាមរបាយការណ៍ ដែលមានចំណងជើងថា «អ្នកបោកបញ្ឆោត» ក្រុមហ៊ុន Sable ចង់ទទួលបានសិទ្ធិធ្វើសម្បទានដើម្បីជីករ៉ែដែកនៅជួរភ្នំ Wologizi ក្នុងប្រទេសលីបេរីយ៉ា។
អង្គការ Global Witness បានចេញរបាយការណ៍ថា លោកមេធាវី Varney Sherman ដែលលោកក៏ជាប្រធានគណបក្សបង្រួបបង្រួមដែលជាគណបក្សកាន់អំណាចរបស់លោកស្រីប្រធានាធិបតី Ellen Johnson Sirleaf ត្រូវបានគេចោទប្រកាន់ថា បានប្រាប់ទៅក្រុមហ៊ុន Sable Mining ថា ដើម្បីទទួលបានកិច្ចសន្យា ក្រុមហ៊ុននេះត្រូវបង់ប្រាក់សំណូកទៅឲ្យមន្ត្រីជាន់ខ្ពស់ ដើម្បីផ្លាស់ប្តូរច្បាប់សម្បទានដីនៅប្រទេសលីបេរីយ៉ាជាមុនសិន។
លោក Sherman មិនបានផ្តល់ការអធិប្បាយភ្លាមៗពាក់ព័ន្ធនឹងបញ្ហានេះទេ។ ប៉ុន្តែមានការរាយការណ៍ថា លោកបានប្រាប់ទៅកាសែតបោះពុម្ពផ្សាយនៅក្នុងស្រុកថា របាយការណ៍នោះមិនពិតទេ។
លោក Sherman ក៏បាននិយាយថា លោកនិងក្រុមហ៊ុនច្បាប់របស់លោកត្រូវបានច្បាប់និងរដ្ឋធម្មនុញ្ញប្រទេសលីបេរីយ៉ាហាមឃាត់មិនឲ្យលាតត្រដាងពីអ្វីដែលបុគ្គលនោះបានធ្វើឲ្យក្រុមហ៊ុន Sable Mining ដល់នរណាម្នាក់នោះទេ នៅពេលដែលបុគ្គលនោះបម្រើការជាមេធាវីឲ្យក្រុមហ៊ុននេះនៅក្នុងប្រទេសលីបេរីយ៉ាកាលពីឆ្នាំ២០១០។
លោក Sherman បានមានប្រសាសន៍ថា «ក្រមសីលធម៌ការងាររបស់ពួកយើងនិងច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសលីបេរីយ៉ាហាមប្រាមពួកយើងមិនឲ្យលាតត្រដាងអ្វីមួយនោះទេ ហើយយើងត្រូវប្រតិបត្តិតាមក្រមសីលធម៌នោះ ទោះបីជាយើងត្រូវគេយកទៅចងព្យួរកក៏ដោយ»។
អង្គការ Global Witness ការពាររបាយការណ៍របស់ខ្លួន
ទោះបីជាយ៉ាងណាក៏ដោយ ក៏លោក Jonathan Gant អ្នកដឹកនាំយុទ្ធនាការជាន់ខ្ពស់របស់អង្គការ Global Witness នៅប្រទេសលីបេរីយ៉ា បានមានប្រសាសន៍ថា អង្គការរបស់លោកប្រកាន់ជំហររបស់ខ្លួននៅក្នុងរបាយការណ៍នោះ។
លោកបានថ្លែងថា «យើងមានភស្តុតាងបញ្ជាក់ថា ពិតជាមានការបង់ប្រាក់ពិតប្រាកដមែន។ យើងមានភស្តុតាងបង្ហាញថា គោលបំណងនៃការបង់ប្រាក់នោះត្រូវបានធ្វើឡើងដើម្បីឲ្យមានការកែប្រែច្បាប់ជាមុនសិន មុននឹងទទួលបានកិច្ចព្រមព្រៀងជីករ៉ែដែក។ ហើយនោះគឺជាដំបូន្មានរបស់លោក Sherman ឲ្យទៅក្រុមហ៊ុននោះ ក្នុងនាមលោកជាមេធាវីរបស់ក្រុមហ៊ុននោះ ដែលថា ក្រុមហ៊ុននោះគួរតែធ្វើឲ្យមានការកែប្រែច្បាប់ជាមុនសិន ដើម្បីទទួលបានកិច្ចសន្យា»។
លោក Gant បាននិយាយថា របាយការណ៍នោះគឺជាកម្រងភស្តុតាង ដោយផ្អែកលើអ៊ីម៉ែលដែលបានបែកធ្លាយពីក្រុមហ៊ុននោះ និងពីមេធាវីរបស់ក្រុមហ៊ុននោះដោយផ្ទាល់ ដែលមានភ្ជាប់ជាមួយនូវបញ្ជីបង្ហាញពីការផ្តល់ប្រាក់សំណូក និងការបង់ប្រាក់ផងដែរ។
លោក Gant បានបន្តថា នៅមុនពេលបោះពុម្ពផ្សាយរបាយការណ៍នោះ អង្គការ Global Witness បានទាក់ទងទៅលោក Sherman ពីរទៅបីដងដែរ ប៉ុន្តែលោក Sherman តែងតែបដិសេធមិនព្រមផ្តល់ការអត្ថាធិប្បាយអ្វីពាក់ព័ន្ធនឹងបញ្ហាសូកប៉ាន់នោះទេ។
របាយការណ៍នោះក៏រាយនាមមន្ត្រីផងដែរ
របាយការណ៍នោះបានឲ្យដឹងថា មន្រ្តីដែលត្រូវបានចោទប្រកាន់ថា ទទួលសំណូក រួមមាន ប្រធានសភានៃប្រទេសលីបេរីយ៉ា គឺលោក Alex Tyler ក្នុងទឹកប្រាក់ចំនួន ៧៥.០០០ដុល្លារជា «ថ្លៃប្រឹក្សាយោបល់» និងលោក Richard Tolbert ប្រធានគណៈកម្មាធិការវិនិយោគជាតិ ក្នុងទឹកប្រាក់ចំនួន ៥០.០០០ដុល្លារជា «ថ្លៃប្រឹក្សាយោបល់» ដូចគ្នា។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សេដ្ឋកិច្ច និងកិច្ចការច្បាប់ គឺលោក Morris Saytumah ដែលឥឡូវនេះលោកជាសមាជិកព្រឹទ្ធសភា ក៏ត្រូវបានចោទប្រកាន់ថា បានទទួលបាន ប្រាក់ចំនួន ៥០.០០០ដុល្លារជា «ថ្លៃប្រឹក្សាយោបល់» និងលោក Willie Belleh ប្រធានគណៈកម្មាធិការផ្គត់ផ្គង់សាធារណៈនិងសម្បទាន ក៏រងការចោទប្រកាន់ថាបានទទួលប្រាក់ចំនួន ១០.០០០ដុល្លារជា «ថ្លៃប្រឹក្សាយោបល់» ផងដែរ។
ទឹកប្រាក់ច្រើនបំផុតត្រូវបានផ្តល់ឲ្យជនពីរនាក់ ដែលមានឈ្មោះនៅក្នុងរបាយការណ៍នោះថា «Bigboy ០១» និង «Bigboy ០២» ដោយម្នាក់ៗទទួលបានប្រាក់ចំនួន ២៥០.០០០ដុល្លារ ដោយមិនមានការបញ្ជាក់ពីហេតុផលនៅពីក្រោយការបង់ប្រាក់នោះទេ។
លោក Gant បាននិយាយថា អង្គការ Global Witness ដឹងថា ពិតជាមានការបង់ប្រាក់ប្រាកដមែន ប៉ុន្តែអង្គការនេះមិនអាចនិយាយថា ជនទាំងពីរនាក់នោះជានរណាបានទេ។
លោកបានថ្លែងថា «យើងមិនបានដាក់ឈ្មោះជនទាំងពីរនាក់នោះទេ យើងគ្រាន់តែដាក់ឈ្មោះតាមដែលមាននៅលើបញ្ជីបង់ប្រាក់នោះតែប៉ុណ្ណោះ ដែលត្រូវបានហៅថា «Bigboy ០១ និង Bigboy ០២» ដោយសារតែពេលឥឡូវនេះ យើងមិនទាន់មានភស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញថា ជនទាំងពីរនាក់នោះជានរណាឲ្យពិតប្រាកដ។ ប៉ុន្តែយើងដឹងថា ពិតជាមានការបង់ប្រាក់ទៅឲ្យជនទាំងពីរនាក់នោះប្រាកដមែន»។
លោកបាននិយាយថា អង្គការ Global Witness កំពុងតែពិនិត្យមើលភស្តុតាងរបស់ខ្លួនដើម្បីមើលថាតើ ឈ្មោះរបស់បុគ្គលទាំងពីរនាក់នោះអាចចុះផ្សាយបានឬយ៉ាងណា។
កូនប្រុសរបស់លោកស្រីប្រធានាធិបតីស្ថិតក្នុងចំណោមឈ្មោះទាំងនោះ
របាយការណ៍នោះក៏បានចោទប្រកាន់ថា កូនប្រុសរបស់លោកស្រីប្រធានាធិបតី Sirleaf គឺលោក Fombah Sirleaf ដែលជាប្រធានទីភ្នាក់ងារសន្តិសុខជាតិរបស់ប្រទេសលីបេរីយ៉ា ក៏ទទួលបានប្រាក់ចំនួន ៧.៥៩៨ដុល្លារ សម្រាប់ដំណើរបរបាញ់សត្វទៅកាន់តំបន់អាហ្វ្រិកខាងត្បូង ពីក្រុមហ៊ុន Sable ផងដែរ»។
បុគ្គលដទៃទៀតដែលត្រូវបានរាយនាមនៅក្នុងរបាយការណ៍នោះ ក៏រួមមានសមាជិកព្រឹទ្ធសភា គឺលោក Sumo Kupee និងលោក Cletus Wotorson ដែលម្នាក់ៗត្រូវចោទប្រកាន់ថា បានទទួលប្រាក់ចំនួន ៥.០០០ដុល្លារជា «ថ្លៃប្រឹក្សាយោបល់»។
មន្រ្តីយ៉ាងហោចណាស់បីនាក់បានច្រានចោលការចោទប្រកាន់នេះ
របាយការណ៍នេះបានឲ្យដឹងថា លោក Tolbert លោក Belleh លោក Kupee និងលោក Wotorsonបានបដិសេធថាមិនបានទទួលប្រាក់សំណូកពីក្រុមហ៊ុន Sable ទេ។
រដ្ឋាភិបាលលីបេរីយ៉ាបានឲ្យដឹងថា ខ្លួនបានស្នើអង្គការ Global Witness ឲ្យបង្ហាញភស្តុតាងទាំងអស់ដែលពាក់ព័ន្ធនឹងរបាយការណ៍នោះ។
រដ្ឋាភិបាលអះអាងថានឹងស៊ើបអង្កេតនិងកាត់ទោស
លោក Eugene Nagbe រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា រាល់ការចោទប្រកាន់នៅក្នុងរបាយការណ៍នោះបង្ហាញពីរូបភាពអាក្រក់របស់ប្រទេសលីបេរីយ៉ា ហើយរដ្ឋាភិបាលចង់ធ្វើការស៊ើបអង្កេត និងចាប់បុគ្គលដែលរកឃើញថា មានកំហុសមកដាក់ទោស។
លោក Gant បាននិយាយថា អង្គការ Global Witness បានសរសេរលិខិតទៅកាន់រដ្ឋាភិបាលប្រទេសលីបេរីយ៉ា នៅមុនពេលបោះពុម្ពផ្សាយរបាយការណ៍នោះ និងមានផែនការសហការជាមួយនឹងសហការនឹងរដ្ឋាភិបាលយ៉ាងពេញលេញថែមទៀតផង។
លោកបានបន្តថា អង្គការរបស់លោកមានជំនឿជឿជាក់ថា រដ្ឋាភិបាលលីបេរីយ៉ានឹងធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ទៅលើក្រុមហ៊ុន Sable ទៅលើលោក Sherman និងទៅលើមន្រ្តីលីបេរីយ៉ាដែលត្រូវបានរាយនាមនៅក្នុងរបាយការណ៍នោះ។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា «ប្រសិនបើរកឃើញថា ពួកគេពិតជាបានបំពានច្បាប់ មន្រ្តីរដ្ឋាភិបាលលីបេរីយ៉ាគួរតែត្រូវដកចេញពីតំណែង និងយកមកកាត់ទោស ស្របពេលដែលលោក Sherman គួរតែត្រូវបានលុបឈ្មោះចេញពីគណៈមេធាវី និងប្រឈមនឹងបទចោទប្រកាន់ផ្នែកព្រហ្មទណ្ឌ»៕
ប្រែសម្រួលដោយ ស៊ូ រ៉ូហ្សានិច