ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​បញ្ជា​ឱ្យ​ពិនិត្យ​លើ​ការ​ច្រាន​ចោល​ករណី​អំពើ​ពុករលួយ​របស់​លោក​ Zuma


លោក​ប្រធានាធិបតី Jacob Zuma ឆ្លើយ​សំណួរ​នៅ​ក្នុង​រដ្ឋ​សភា​ក្នុង​ក្រុងCape Town ប្រទេស​អាហ្វ្រិក​ខាង​ត្បូង កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី Jacob Zuma ឆ្លើយ​សំណួរ​នៅ​ក្នុង​រដ្ឋ​សភា​ក្នុង​ក្រុងCape Town ប្រទេស​អាហ្វ្រិក​ខាង​ត្បូង កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។

តុលាការ​កំពូល​របស់​អាហ្វ្រិក​ខាង​ត្បូង ​បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី​ ២៩ ខែ​មេសា​ថា​ រដ្ឋអាជ្ញា​ត្រូវ​តែ​ពិនិត្យ​មើល​ឡើង​វិញ ពី​ការ​សម្រេច​ចិត្ត​នៅ​ក្នុង​ឆ្នាំ​២០០៩​ ក្នុង​ការ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ប្រមាណ​៨០០​ករណី​​ទៅ​លើ​​ប្រធានាធិបតី​លោក​ Jacob Zuma។ ការ​សម្រេច​ចិត្ត​នេះ​បាន​ធ្វើ​ឲ្យ​កម្តៅ​នយោបាយ​កើន​ឡើង​ ចំ​ពេល​ លោក ​Zuma កំពុង​មាន​រឿង​អាស្រូវ​ពុករលួយ​ផ្សេងៗ​ទៀត។

សេចក្តី​សម្រេច​របស់​តុលាការ​កំពូល ​អាច​នឹង​ធ្វើ​ឲ្យ​ប្រធានាធិបតី​លោក​ Jacob Zuma ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ជាមួយ​នឹង​៧៨៣​ករណី​នៃ​បទល្មើស​ព្រហ្មទណ្ឌ​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ស៊ី​សំណូក​លើ​កិច្ច​ព្រមព្រៀង​ដោះដូរ​អាវុធ​របស់​រដ្ឋ ​នៅ​ឆ្នាំ១៩៩៩។

សេចក្តី​សម្រេច​នេះ​ដែល​ត្រូវ​បាន​គេ​ប្រកាស​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ​បាន​បង្ក​ឱ្យ​មាន​ការ​សប្បាយ​រីករាយ​ ពី​គណបក្ស​ប្រឆាំង​របស់​ប្រទេស​នេះ។
លោក Mmusi Maimane​ គឺ​ជា​មេ​ដឹកនាំ​នៃ​សម្ព័ន្ធ​ប្រជាធិបតេយ្យ ​ជា​គណបក្ស​មួយ​ដែល​ ប្តឹងតុលាការ​កំពូល​អំពី​ករណី​នេះ។
លោក​បាន​និយាយ​ថា «យើង​ស្វាគមន៍​ចំពោះ​ការ​ពិត​ដែល​ថា​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ត្រូវ​តែ​បន្ត ​ហើយ​លោក​ Jacob Zuma​ ប្រាកដ​ជា​មាន​អ្វី​ដែល​គាត់​តែង​ចង់​បាន ​នៅ​ក្នុង​តុលាការ​ ដើម្បី​ទាមទារ​ឲ្យ​មាន​គណនេយ្យភាព ​និង​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង»។

ស្ថាប័ន​រដ្ឋអាជ្ញា​ថ្នាក់​ជាតិ​បាន​ប្រកាស​ការ​ចោទ​ប្រកាន់​នេះ ជា​លើកដំបូង​នៅក្នុង​ឆ្នាំ ២០០៩។

ប៉ុន្តែ​ប្រធាន​ស្ថាប័ន​នេះ​ គឹ​លោក​ Mukotedi Mpshe​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ភ្លាមៗ​ដោយ​និយាយ​ថា​ ការ​ថត​សម្លេង​សម្ងាត់​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ពេល​វេលា​នៃ​ការ​ចោទ​ប្រកាន់​ទាំង​នោះ ​មាន​ន័យ​ថា​ បញ្ឈប់​លោក ​Zuma ​ពី​ការ​កាន់​តំណែង​ក្នុង​ឆ្នាំ​នោះ។

តុលាការ​កំពូល​បាន​ថ្លែង​ឱ្យ​ដឹង​ កាល​ពី​ថ្ងៃទី២៩​ ខែ​មេសា​ ថា​ការ​សម្រេច​ចិត្ត​នៅ​ក្នុង​ឆ្នាំ​ ២០០៩ ​គឺ «មិន​សម​ហេតុផល»។

អ្នក​នាំ​ពាក្យ​របស់​គណបក្ស​កាន់​អំណាច​ គឺ​គណបក្ស​សមាជ​ជាតិ​អាហ្រ្វិក​ ឬ​ African National Congress លោក​ Zizi ​Kodwa​និយាយ​ថា​សេចក្តី​សម្រេច​កាល​ពី​ថ្ងៃទី២៩​ខែមេសា មិន​មាន​ផល​ប៉ះ​ពាល់ ​លើ​តំណែង​របស់​លោក ​Zuma នោះ​ទេ។

លោក Zizi ​Kodwa និយាយ​ថា «តុលាការ​បាន​ពិនិត្យ​សេចក្តី​សម្រេច​របស់​ស្ថាប័ន​រដ្ឋអាជ្ញា​ថា​តើ​លោក​ប្រធានាធិបតី​ Zuma ​មាន​ទោស​ឬ​អត់។ ​មិន​ទាន់​មាន​ការចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី ​Zuma​ នៅ​ឡើយ​ទេ។ គាត់​នៅតែ​គ្មាន​ទោស ​ដោយ​យោង​ទៅ​តាម​ច្បាប់​សិទ្ធិ​មនុស្ស ​និង​រដ្ឋ​ធម្មនុញ្ញ​របស់​យើង»។

ទោះ​ជា​យ៉ាង​ណា​ការ​សម្រេច​ចិត្ត​នេះ​បាន​ធ្វើ​ឲ្យ​សំឡេង​អ្នក​ដែល​បាន​អំពាវនាវ​ឱ្យ​លោក ​Zuma ​លាលែង​ពី​តំណែង កាន់​តែ​កើន​ឡើង ​ទាំង​ក្នុង ​និង​ក្រៅ​គណបក្ស​កាន់​អំណាច។

ខុទ្ទកាល័យ​របស់​ លោក ​Zuma ​ មិន​បាន​ចង្អុល​បង្ហាញ​ថា​តើ​លោក​នឹង​ប្តឹង​តប​លើ​ការ​សម្រេច​ចិត្ត​របស់​តុលាការ​កំពូល​ឬ​យ៉ាង​ណា​នោះ​ទេ។ អ្នក​ជំនាញ​និយាយ​ថា ​ការ​លើកការចោទ​ប្រកាន់​នេះ​ឡើង​វិញ​ជា​ដំណើរការ​ច្បាប់​រយៈពេល​យូរ​ដែល​អាច​បន្ត​រហូត​ដល់​ ​លោកZuma ​ចាក​ចេញ​ពី​តំណែង​ប្រធានាធិបតី។​

បច្ចុប្បន្ន​នេះ ​លោក​កំពុង​នៅ​ក្នុង​អាណត្តិ​ទី​ពីរ​ បើ​តាម​ច្បាប់ អាណត្តិ​ចុង​ក្រោយ​របស់​លោកនឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៩៕

ប្រែ​សម្រួល​ដោយ៖ ឆាយ​ គីម​ហ៊ង

XS
SM
MD
LG