ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​ប៉ូលិស​នៃ​ប្រទេស​លីបេរីយ៉ា​ត្រៀម​ខ្លួន​សម្រាប់​ការ​ផ្ទេរ​ការ​ការពារ​សន្តិសុខ​ហើយ​ឬ​នៅ?


កង​កម្លាំង​ប៉ូលិស​របស់​លីបេរីយ៉ា​ឈរ​ជើង​នៅ​ក្នុង​ក្រុង​ម៉ុងរ៉ូវីយ៉ា (Monrovia) ប្រទេស​លីបេរីយ៉ា កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤។
កង​កម្លាំង​ប៉ូលិស​របស់​លីបេរីយ៉ា​ឈរ​ជើង​នៅ​ក្នុង​ក្រុង​ម៉ុងរ៉ូវីយ៉ា (Monrovia) ប្រទេស​លីបេរីយ៉ា កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤។

រដ្ឋាភិបាល​លីបេរីយ៉ា​​នឹង​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ទៅ​លើ​បញ្ហា​ផ្នែក​សន្តិសុខ​ ចាប់ពី​ថ្ងៃ​ទី៣០ ​ខែ​មិថុនា​ ដែល​ជា​ថ្ងៃ​កំណត់​នៃ​ការ​ដក​កង​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជាជាតិ​ចេញ​ពី​ប្រទេស​នេះ។​

គណៈប្រតិភូ​អង្គការ​សហ​ប្រជាជាតិ​ នៅ​ក្នុង​ប្រទេស​លីបេរីយ៉ា​និយាយ​ថា ​អ្វីៗ​គ្រប់​យ៉ាង​ត្រូវ​បាន​រៀបចំ​រួច​រាល់​ដើម្បី​ការ​ប្រគល់​សិទ្ធិ​ផ្នែក​សន្តិសុខ​ទៅ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​លីបេរីយ៉ា។​ រដ្ឋាភិបាល​ប្រទេស​នេះ​នឹង​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ទៅ​លើ​បញ្ហា​ផ្នែក​សន្តិសុខ​ ចាប់ពី​ថ្ងៃ​ទី៣០ ​ខែ​មិថុនា​ ដែល​ជា​ថ្ងៃ​កំណត់​នៃ​ការ​ដក​កង​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជាជាតិ​ចេញ​ពី​ប្រទេស​នេះ។​

ចាប់​តាំង​ពី​សង្រ្គាម​ស៊ីវិល​ត្រូវ​បាន​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០០៣​មក​ នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​ប្រទេស​លីបេរីយ៉ា​នឹង​ត្រូវ​គ្រប់គ្រង​បញ្ហា​សន្តិសុខ​ដោយ​ខ្លួន​ឯង​ទាំង​ស្រុង។

កង​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​ ហៅ​កាត់​ថា​ UNMIL បាន​និយាយ​ថា​ ខ្លួន​ជឿជាក់​ថា​រដ្ឋាភិបាល​លីបេរីយ៉ា​អាច​ទទួល​កិច្ចការ​នេះ​បាន​ បន្ទាប់​ពី​កង​សន្តិសុខ​ត្រូវ​បាន​ដក​ចេញ។​ ប៉ុន្តែ​ មាន​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ ត្រូវ​ដោះ​ស្រាយ​ក្នុង​រយៈពេល​ប្រាំ​ខែ​ចុង​ក្រោយ​នេះ។​

លោក​ Russell Geekie ជា​ប្រធាន​ផ្នែក​ព័ត៌មាន​សាធារណៈ​របស់​ UNMIL និយាយ​ថា ​ដើម្បី​ឲ្យ​គម្រោង​ផ្ទេរ​ការ​ទទួល​ខុស​ត្រូវ​នេះ​ទទួល​បាន​ជោគ​ជ័យ​ រដ្ឋាភិបាល​លីបេរីយ៉ា​ត្រូវ​យក​បញ្ហា​សន្តិសុខ​ជា​អាទិភាព​ និង​ត្រូវ​បង្កើត​ និង​កំណែ​ទម្រង់​និតិវិធី​ច្បាប់​មួយ​ចំនួន​ ឲ្យ​បាន​មុនថ្ងៃ​កំណត់​ដក​ចេញ​នៃ​កង​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ។

«ខ្ញុំ​កំពុង​គិត​ពី​កិច្ច​ព្រមព្រៀង​ទៅ​លើ​ច្បាប់​ស្តី​ពី​អាវុធ​ (Fire Arms and Ammunition Act) ច្បាប់​បង្កើត​ការិយាល័យ​អន្តោប្រវេសន៍ និងសញ្ជាតូបនីយកម្ម (Bureau of Immigration and Naturalization Act)។​ ខ្ញុំ​និយាយ​បាន​ថា​ច្បាប់​ទាំង​នេះ​ត្រូវ​បាន​ព្រាង​ហើយ។​ ហើយ​និង​ច្បាប់​ស្តី​ពី​ប៉ូលិស​ ច្បាប់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ក៏​ដូច​គ្នា​ដែរ។​ នេះ​ជា​ផ្នែក​សំខាន់​មួយ​នៃ​បញ្ហា​សន្តិសុខដែល​យើង​ចង់​ឃើញ។ យើង​សង្ឃឹម​ថា​នឹង​មាន​ការ​រីកចម្រើន​នេះ​ក្នុង​ពេល​ឆាប់​បំផុត។​ ហើយ​ម្យ៉ាង​ទៀត​ សន្តិសុខ​ជាបែប​ផែន​មួយ​ដែល​មាន​ការ​ពាក់ព័ន្ធ​ច្រើន។​ យើង​កំពុង​តែ​គិត​អំពី​ការ​ធ្វើ​វិមជ្ឈការ។​ យើង​គិត​អំពី​ការ​ធ្វើ​ឲ្យ​មាន​ការ​ផ្សះផ្សា​កាន់​តែ​ច្រើន»។

ទីភ្នាក់ងារ​ប៉ូលិស​ជាតិ​លីបេរីយ៉ា​និយាយ​ថា ​ពួកគេ​មាន​ផែនការ​បណ្តុះបណ្តាល​មន្រ្តី​ប៉ូលិស​៥.០០០​នាក់​បន្ថែម​ទៀត។​ ប៉ុន្តែ​ ក្រៅ​ពី​វិធានការ​ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​ និង​កង​ប៉ូលិស​នោះ​ ការ​គាំ​ទ្រ​ពី​សហគមន៍​ក៏​មាន​សារៈសំខាន់​ចំពោះ​ផែនការ​ផ្ទេរ​នេះ​ដែរ។

ប្រជាពលរដ្ឋ​លីបេរីយ៉ា​ជាច្រើន​និយាយ​ថា​ ពួកគេ​មិន​មាន​ការ​ជឿជាក់​លើ​កង​ប៉ូលិស​ជាតិ​ឡើយ​ ហើយ​ទំនាក់ទំនង​រវាង​កង​កម្លាំង​សន្តិសុខ​ និង​ជន​ស៊ីវិល​នៅ​តែ​តឹងតែង។

ស្រ្តី​អ្នក​ជំនួញ​ក្នុង​តំបន់​ម្នាក់​ ដែល​សំណូមពរ​មិន​ឲ្យ​បញ្ចេញ​អត្តសញ្ញាណ​បាន​ប្រាប់​VOA ​ថា៖​

«តើ​នៅ​ថ្ងៃ​មុខ​ យើង​នឹង​ទៅ​កន្លែង​ណា?​ នៅ​ពេល​មាន​អ្នក​មាន​រឿង​អី​កើត​ឡើង​ ហើយ​អ្នក​ទៅ​ប្តឹង​នៅ​ប៉ុស្តិ៍​ប៉ូលិស​ ប្រសិនបើ​យើង​គ្មាន​លុយ​ ពួក​ប៉ូលិស​នឹង​ដោះលែង​អ្នក​ដែល​ធ្វើ​ខុស​ចំពោះ​អ្នក​ទោះ​បី​ជា​យើង​ដឹង​ថា​យើង​ជា​អ្នក​ត្រូវ​ក៏​ដោយ។ ​ប្រជាជន​នឹង​មាន​ការ​បារម្ភ។​ ប៉ូលិស​ទាំង​នោះ​នឹង​មិន​ជួយ​យើង​ឡើយ»។

អ្នក​នាំ​ពាក្យ​របស់​ប៉ូលិស​ លោក​ Sam Collins បាន​និយាយ​ថា​ ប៉ូលិស​នៅ​ពេល​កន្លង​មក​ ត្រូវ​បាន​សម្គាល់​ថា​ «មិន​រាក់ទាក់»​ ប៉ុន្តែ​ កងកម្លាំង​ប៉ូលិស​ កំពុង​តែ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង។

«យើង​ចង់​ឲ្យ​អ្នក​ជឿជាក់​លើ​កង​ប៉ូលិស​ជាតិ​លីបេរីយ៉ា។​ តើ​យើង​មាន​ភ្នាក់ងារ​ប៉ូលិស​អាក្រក់​មែន​ទេ?​ បាទ​មែន! ​ យើង​ពិត​ជា​មាន​ភ្នាក់ងារ​ប៉ូលិស​អាក្រក់ៗ​ ប៉ុន្តែ​ យើង​កំពុង​កំចាត់​ពួក​គាត់​ចេញជា​រៀងរាល់​ថ្ងៃ។ យើង​ព្យួរ​មនុស្ស​ទាំង​នោះ។ យើង​បាន​ដេញ​ពួក​គេ​ចេញ។​ យើង​បាន​បញ្ជូន​មន្ត្រី​ទាំង​នោះ​ទៅ​កាត់​ទោស។ ពួក​ប៉ូលិស​ទាំង​នោះ​ជាប់​នៅ​ក្នុង​ពន្ធនាគារ​រយៈ​ពេល​ពី​១០​ទៅ​១៥​ឆ្នាំ​ ដោយ​សារ​តែ​ពូក​គេ​បាន​ចូល​រួម​ពាក់​ព័ន្ធ​ក្នុង​សកម្មភាព​មិន​សម​ជា​ភា្នក់ងារ​ប៉ូលិស។​ រឿង​ដែល​យើង​កំពុង​ធ្វើ​ទាំង​នេះ​ គឺ​ដើម្បី​ស្តារ​មុខ​មាត់​របស់​ប៉ូលិស​ឡើងវិញ។

លោក​ Collins បន្ថែម​ថា​ មាន​លេខ​ទូរស័ព្ទ​អនាមិក​មួយ​ខ្សែ​ដែល​ប្រជាពលរដ្ឋ​លីបេរីយ៉ា​ អាច​ទូរស័ព្ទ​ ឬ​ផ្ញើ​សារ​ មក​រាយការណ៍​អំពី​រឿង​ខុស​ឆ្គង​ ឬ​អំពើ​ពុក​រលួយ​របស់​ប៉ូលិស។​ លោក​បាន​ឲ្យ​ដឹង​ថា​នឹង​មាន​ការ​ស៊ើប​អង្កេត​ «ភ្លាមៗ»​ បន្ទាប់ពី​ទទួល​បាន​ការ​ប្តឹង​តវ៉ា​ណា​មួយ។

កង​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​ UNMIL និយាយ​ថា​ ខ្លួន​នឹង​រក្សា​កង​កម្លាំង​ដែល​មាន​ប៉ូលិស​ប្រហែល​១.២០០​នាក់​ និង​កង​សន្តិសុខ​ប្រហែល​៦០០​នាក់។​ ភ្នាក់ងារ​ទាំង​នេះ​ នឹង​ជួយ​គាំទ្រ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​ ចំពោះ​តែ​នៅ​ក្នុង​ស្ថានការណ៍​ធ្ងន់ធ្ងរ​ណាមួយ​ដែល​គំរាម​កំហែង​ដល់​ការ​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​នៃ​ជំហាន​អភិវឌ្ឍ​ដ៏​សំខាន់​ ដែល​លីបេរីយ៉ា​ និង​ដៃគូ​របស់​ខ្លួន​បាន​ធ្វើក្នុង​រយៈពេល​១២​ឆ្នាំ​កន្លង​មក​ ដើម្បី​រក្សា​សន្តិភាព​និង​សន្តិសុខ។

ប៉ុន្តែ​ រាល់​កិច្ចការ​ផ្នែក​សន្តិសុខ​ផ្សេងៗ​ទៀត​ ដូចជា​ភារកិច្ច​យាម​ការពារ​ នៅ​គេហដ្ឋាន​របស់​ប្រធានាធិបតី​ ដែល​អនុវត្ត​ដោយ​ UNMIL ក៏​នឹង​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​ភ្នាក់ងារ​លីបេរីយ៉ា​ដែរ៕

ប្រែសម្រួល​ដោយ៖​ សើ​ សាយ្យាណា​

XS
SM
MD
LG