ក្រុមអ្នកវិភាគនិយាយថា ការវិវត្តចុងក្រោយរបស់ក្រុមចលនាតស៊ូនៅភាគខាងកើតនៃប្រទេសមីយ៉ាន់ម៉ា ដើម្បីបង្កើតរដ្ឋាភិបាលឯករាជ្យក្នុងស្រុកនោះ បង្ហាញពីទំនោរនៃការកកើតក្រុមចលនាតស៊ូប្រឆាំងបែបនេះកាន់តែច្រើន ហើយវាអាចជំរុញឲ្យមានសកម្មភាពស្រដៀងគ្នានេះនៅកន្លែងផ្សេងទៀតក្នុងប្រទេស។
ក្រុមអ្នកវិភាគក៏បានលើកឡើងដែរថា ការកកើតនេះក៏ឆ្លុះបញ្ចាំងអំពីការខ្វែងគំនិតគ្នាមិនចេះចប់ នៅក្នុងចំណោមចលនាតស៊ូដែលកាន់តែរីកធំឡើងនេះដែរ។
ការអត្ថាធិប្បាយបែបនេះ មានឡើងបន្ទាប់ពីការប្រកាសបង្កើតក្រុមប្រឹក្សាប្រតិបត្តិអន្តរកាលនៃរដ្ឋ Karenni កាលពីថ្ងៃទី១២ ខែមិថុនា ដោយក្រុមសម្ពន្ធប្រដាប់អាវុធ ក្រុមនយោបាយ និង សង្គមស៊ីវិល ដើម្បីដឹកនាំដំណើរការរដ្ឋាភិបាលដោយឯករាជ្យ ពីរបបយោធាដែលបានក្ដោបក្ដាប់ប្រទេសមីយ៉ាន់ម៉ា តាមរយៈរដ្ឋប្រហារកាលពីឆ្នាំ២០២១។
ក្រុមប្រឹក្សានេះ មានគោលដៅការពារជីវិត និង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ផ្ដល់សេវាសាធារណៈ និង បំពេញតម្រូវការចាំបាច់របស់ពលរដ្ឋ រួមមានការអប់រំ សុខភាព អាហារ និង តម្រូវការចាំបាច់ជាមូលដ្ឋានផ្សេងទៀត។ នេះបើតាមសេចក្ដីថ្លែងការណ៍ជាសាធារណៈរបស់ក្រុមប្រឹក្សានេះប្រកាសនៅថ្ងៃដដែលនោះ។
ក្រុមប្រដាប់អាវុធតូចៗជាច្រើននៅទូទាំងប្រទេសមីយ៉ាន់ម៉ា បានបន្តប្រយុទ្ធជាមួយរបបយោធា ចាប់តាំងពីពួកយោធាបានទម្លាក់រដ្ឋាភិបាលកើតចេញពីការបោះឆ្នោត និងបានវាយកម្ទេចបាតុកម្មនានាដោយមានទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធផ្តាច់ផ្តិលជីវិតមនុស្សផងដែរ។ ខណៈពេលដែលក្រុមយោធា នៅតែកាន់កាប់ទីក្រុងសំខាន់ៗ និងក្រុងតូចៗជាច្រើន ក្រុមចលនាតស៊ូត្រូវគេជឿថា បានកាន់កាប់ ឬ ដណ្ដើមយកបានតំបន់ជនបទសឹងពាក់កណ្ដាល។
ក្រុមទាំងនោះត្រូវបានរបបយោធាចាត់ទុកថាជាក្រុមភេរវករ។ ពួកគេធ្វើប្រតិបត្តិការជំនួសកិច្ចការ រដ្ឋាភិបាលជាមូលដ្ឋានក្នុងទ្រង់ទ្រាយតូច ប៉ុន្តែមានតែក្រុមចលនាតស៊ូនៅរដ្ឋ Karenni ទេ ដែលជាក្រុមដំបូងគេ ធ្វើកិច្ចការនេះនៅទូទាំងរដ្ឋ។ នេះជារដ្ឋមួយក្នុងចំណោមរដ្ឋទាំង ១៤ របស់មីយ៉ាន់ម៉ា។
របៀបរបបថ្មី
លោក Khu Plu Reh គឺជាអគ្គលេខាធិការនៃក្រុមប្រឹក្សានេះ។ លោកបានថ្លែងប្រាប់វីអូអេកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា ការបង្កើតក្រុមប្រឹក្សាថ្មីនេះ មានភាពចាំបាច់ដើម្បីបំពេញចន្លោះប្រហោងនៃការផ្ដល់សេវាសាធារណៈមូលដ្ឋាន ដែលបន្សល់ទុកពីការដួលរលំនៃរដ្ឋាភិបាលចាស់នៅរដ្ឋនេះបន្ទាប់ពីរដ្ឋប្រហារ។
លោកបន្តថា ក្រុមប្រឹក្សានេះបានតែងតាំងមនុស្សដើម្បីដឹកនាំនាយកដ្ឋានខ្លះហើយ ក្នុងចំណោមនាយកដ្ឋានទាំង ១២ ដែលត្រូវបានបង្កើតឡើង ដើម្បីដំណើរការសាលារៀន មន្ទីរពេទ្យ និងសេវាផ្សេងៗទៀត។ លោកថា នាយកដ្ឋានទាំងនោះ កំពុងទាក់ទាញមន្ត្រីរដ្ឋការស៊ីវិលដែលបដិសេធមិនចូលធ្វើការជាមួយរបបយោធា ដែលមានឈ្មោះផ្លូវការថា ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ។ នាយកដ្ឋានទាំងនោះក៏បានបង្កើតរបៀបរបបនានាដើម្បីផ្ដល់មូលនិធិដល់ប្រតិបត្តិការរបស់ពួកគេ ដូចជាតាមរយៈពន្ធដារ ការបរិច្ចាគ និង វិធីផ្សេងៗទៀត។
លោក Khu Plu Reh បានបន្តថា លើសពីនេះទៀត ក្រុមប្រឹក្សានេះក៏បោះជំហានមួយឆ្ពោះទៅរកការបង្កើត «សហភាពប្រជាធិបតេយ្យសហព័ន្ធ» ដែលមិនត្រឹមតែជំនួសរបបយោធាប៉ុណ្ណោះទេ ថែមទាំងជំនួសរដ្ឋាភិបាលកណ្ដាលមីយ៉ាន់ម៉ា ដែលបង្កើតឡើងចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យពីចក្រភពអង់គ្លេសនៅពីឆ្នាំ ១៩៤៨ផងដែរ។
លោកនិយាយថា៖ «ការបង្កើតក្រុមប្រឹក្សាប្រតិបត្តិអន្តរកាលនេះ គឺជាជំហានដំបូងដែលពួកយើងចង់បាន។ យើងបង្កើតស្ថាប័នរដ្ឋបាលរបស់យើង យើងនឹងបង្កើតភាពស្មើគ្នា ហើយយើងនឹងបំបាត់អំណាចប្រមូលផ្តុំទាំងស្រុង រួមទាំងក្នុងក្រុមប្រឹក្សារដ្ឋបាលរដ្ឋផងដែរ។ នេះជារបៀបធ្វើការថ្មីមួយ»។
ប៉ុន្មានខែបន្ទាប់ពីរដ្ឋប្រហារ ក្រុមជាច្រើនទូទាំងប្រទេសដែលប្រឆាំងទៅនឹងរបបយោធា បានធ្វើសេចក្ដីព្រាងមួយហៅថា «ធម្មនុញ្ញប្រជាធិបតេយ្យសហព័ន្ធ» ដែលជាទម្រង់សម្រាប់ធ្វើជារដ្ឋធម្មនុញ្ញនាពេលអនាគត ដែលនឹងធ្វើឲ្យរដ្ឋ Karenni និង តំបន់ដទៃទៀតគ្រប់គ្រងដោយជនជាតិដើមភាគតិច អាចមានស្វ័យភាពកាន់តែខ្លាំង។
លោក David Mathieson អ្នកវិភាគអំពីបញ្ហាមីយ៉ាន់ម៉ា មានមូលដ្ឋាននៅប្រទេសថៃ បានថ្លែងថា ការចាប់ផ្តើមបង្កើតក្រុមប្រឹក្សារដ្ឋ Karenni បង្ហាញថា ក្រុមចលនាតស៊ូកំពុងរីកកាន់តែធំ ទោះជាមិនកាន់កាប់ទាំងស្រុងមែន តែក្រុមចលនាតស៊ូជាច្រើនដែលគ្រប់គ្រងតំបន់យ៉ាងច្រើននៅទូទាំងប្រទេស។
លោកថ្លែងប្រាប់វីអូអេ ដូច្នេះថា៖ «វាដូចអ្វីដែលខ្ញុំគិត គឺថា ផ្នត់គំនិតធ្វើបដិវត្តន៍ដ៏ស្មុគស្មាញជាច្រើនកំពុងផុសឡើងកាន់តែខ្លាំង»។ លោកថ្លែងដូច្នេះ សំដៅទៅលើការរួមបញ្ចូលគ្នានៃក្រុមប្រឆាំងប្រដាប់អាវុធ ក្រុមនយោបាយ និង ក្រុមអង្គការក្រៅរដ្ឋាភិបាល ដែលរួមកម្លាំងដោយលក្ខខណ្ឌសមភាពក្នុងការពង្រីកតំបន់គ្រប់គ្រងនៅជុំវិញប្រទេសមីយ៉ាន់ម៉ា។
ការជំរុញទឹកចិត្តជាផ្នែក
លោក Mathieson បន្តថា ក្រុមប្រឹក្សារដ្ឋ Karenni នឹងជំរុញទឹកចិត្តដល់ក្រុមផ្សេងទៀតដែលកំពុងរង់ចាំរដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា ឬជាមេដឹកនាំរដ្ឋបាលស្រមោល កំពុងលាក់ខ្លួននិងនិរទេសខ្លួនដើម្បីបណ្ដេញរបបយោធាដល់ទីបំផុតនោះ បង្ហាញផ្លូវដល់ពួកគេក្នុងការធ្វើដំណើរទៅមុខទៀត។
លោក Mathieson បានលើកឡើងអំពីឥទ្ធិពលនៃក្រុមប្រឹក្សានេះ ដោយលោកថ្លែងថា៖ «វាក៏ជាការលើកទឹកចិត្តមួយផ្នែកដែរ។ វាដូចជាថា មើលនែ! អ្នកអាចរិះរកវិធីផ្សេងៗនៅក្នុងស្រុក ហើយធ្វើវាដោយខ្លួនឯងបាន។ អ្នកមិនចាំបាច់រង់ចាំឲ្យរដ្ឋាភិបាលរួបរួមជាតិ មកដាក់បញ្ជាឲ្យធ្វើនេះធ្វើនោះទេ។ បើនិយាយឲ្យខ្លីនិងងាយស្រួលយល់នោះគឺថា វាជារដ្ឋបាលដែលកើតចេញពីថ្នាក់ក្រោម វាជាអភិបាលកិច្ចស្វ័យភាពចេញពីក្រោមឡើងទៅលើ»។
ក្រុមចលនាតស៊ូប្រឆាំងជាច្រើននៅក្នុងរដ្ឋ និង តំបន់មួយចំនួនផ្សេងទៀត ហាក់ដូចជាកំពុងចាប់ផ្ដើមមានចលនាបង្កើតរដ្ឋាភិបាលអន្តរកាលដោយខ្លួនឯង។ នេះបើតាមការលើកឡើងរបស់លោក Mathieson ក៏ដូចជាការលើកឡើងរបស់លោក Aung Tun អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន ISEAS-Yusof Ishak Institute មានមូលដ្ឋាននៅប្រទេសសិង្ហបុរី។
លោក Aung Tun បានថ្លែងថា មានចលនាស្រដៀងគ្នានេះហាក់ដូចជាកំពុងកើតឡើងនៅរដ្ឋ Rakhine ដែលស្ថិតនៅភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា។
លោកថ្លែងប្រាប់វីអូអេថា៖ «សម្រាប់រដ្ឋ Rakhine ពួកគេមិនហៅចលនានេះចំៗថាជា ក្រុមប្រឹក្សាប្រតិបត្តិអន្តរកាលនោះទេ ប៉ុន្តែជាក់ស្ដែង ពួកគេធ្វើសកម្មភាពស្រដៀងគ្នារួចហើយ។ ពួកគេគ្រប់គ្រងលើតំបន់មួយចំនួន ដោយដាក់ឲ្យដំណើរការនូវប្រព័ន្ធរដ្ឋបាល និង ប្រព័ន្ធយុត្តិធម៌ដោយខ្លួនឯង ហើយនៅតំបន់ខ្លះ ពួកគេមានទាំងការយកពន្ធដារទៀតផង»។
យ៉ាងណាក៏ដោយ លោក Mathieson និយាយថា អ្វីដែលក្រុមចលនាតស៊ូនៅរដ្ឋ Karenni បានធ្វើ ពិបាកនឹងធ្វើតាមនៅកន្លែងផ្សេងណាស់។ យ៉ាងណា លោកថា ការបង្កើតអង្គភាពគ្រប់គ្រងថ្មីលាតសន្ធឹងទៅកាន់រដ្ឋ ឬ តំបន់ផ្សេង ឬ ទៅកាន់ផ្នែកធំៗដទៃនៃតំបន់ទាំងនោះ អាចកើតមានក្នុងទម្រង់ផ្សេង។
រដ្ឋ Karenni មានផ្ទៃដីប្រហាក់ប្រហែលទៅនឹងប្រទេសកាតា។ រដ្ឋនេះគឺជារដ្ឋតូចជាងគេ មានប្រជាជនរស់នៅតិចជាងគេនៅក្នុងចំណោមរដ្ឋទាំងអស់នៅមីយ៉ាន់ម៉ា និង មានការរួបរួមផ្នែកជាតិសាសន៍ខ្លាំងជាងគេផងដែរ។ ក្រុមចលនាប្រឆាំងនានាបានយកបទពិសោធន៍ជាច្រើនពីគណបក្សរីកចម្រើនជាតិរដ្ឋ Karenni (Karenni National Progressive Party) ដែលបានប្រយុទ្ធទាមទារស្វ័យភាពពីរបបយោធា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ បច្ចុប្បន្ននេះ លោក Khu Oo Reh ជាប្រធានគណបក្សនេះក៏កាន់តួនាទីជាប្រធានក្រុមប្រឹក្សាថ្មីនេះដែរ។
ការធុញថប់រយៈពេលវែង
ការកកើតក្រុមប្រឹក្សារដ្ឋ Karenni ក៏បង្ហាញឲ្យឃើញពីបញ្ហាប្រឈមសម្រាប់រដ្ឋាភិបាលស្រមោល NUG ផងដែរ ដែលកំពុងព្យាយាមបញ្ចូលក្រុមចលនាតស៊ូប្រឆាំងទាំងអស់នៅក្នុងប្រទេសនេះឲ្យរួមគ្នា។
ក្រុមប្រឹក្សារដ្ឋ Karenni ថ្មីនេះ បានប្ដេជ្ញាធ្វើការជាមួយរដ្ឋាភិបាលស្រមោល NUG។ លោក Khu Plu Reh បានប្រាប់វីអូអេថា ភាគីទាំងពីរមានទំនាក់ទំនងគ្នាល្អ។ រដ្ឋាភិបាលស្រមោល NUG ក៏បានអបអរសាទរជាសាធារណៈចំពោះការដាក់ឲ្យដំណើរការក្រុមប្រឹក្សានេះផងដែរ។
កាលពីខែមេសា មន្ត្រីគណបក្សរីកចម្រើនជាតិនៃរដ្ឋ Karenni បានចេញសេចក្ដីថ្លែងការណ៍សាធារណៈមួយ ដោយស្ដីបន្ទោសរដ្ឋាភិបាលស្រមោល NUG និងក្រុមតំណាងរាស្ត្រដែលត្រូវបណ្ដេញចេញតាមរយៈរដ្ឋប្រហារ ដោយសារតែពួកគេបានលើកតម្កើងដល់ការបង្កើត «រដ្ឋបាលពលរដ្ឋ» នៅក្នុងតំបន់ខ្លះនៃរដ្ឋ Karenni ដោយមិនបានសហការជាមួយគណបក្សនេះ។
លោក Mathieson បានបន្តថា ជម្លោះបែបនេះ បង្ហាញពីកម្រិតនៃការប្រកួតប្រជែងក្នុងចំណោមក្រុមចលនាតស៊ូនានា ក៏ដូចជា ភាពតានតឹងអូសបន្លាយរវាងក្រុមជនជាតិដើមភាគតិចនានាជាមួយនឹងគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ។ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ដែលសមាជិកភាគច្រើនជាជនជាតិដើមភាគតិចភូមា បានដឹកនាំរដ្ឋាភិបាលថ្នាក់ជាតិ ហើយត្រូវបានទម្លាក់នៅឆ្នាំ ២០២១។ មនុស្សមួយចំនួនមើលឃើញគណបក្សនេះថា កំពុងបំពេញតួនាទីរបស់ខ្លួនធំហួសប្រមាណ តាមរយៈការបង្កើតរដ្ឋាភិបាលស្រមោល NUG។
អ្នកវិភាគនិយាយថា៖ «មានការធុញថប់ក្នុងរយៈពេលដ៏វែង ទៅលើទង្វើដែលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យបានប្រព្រឹត្តចំពោះសហគមន៍ជនជាតិដើមភាគតិចជាច្រើន កាលពីពួកគេឡើងកាន់អំណាច ក៏ដូចជាបន្ទាប់ពីមានរដ្ឋប្រហារដែរគឺថា ការប្រមូលផ្តុំអំណាចក្នុងរដ្ឋាភិបាលស្រមោល NUG និងផ្នត់គំនិតអភិជនាធិបតេយ្យ ឬការប្រកាន់ឫកត្រួតត្រាជាអភិជននោះ ពិតជាធ្វើឲ្យប្រជាជនមិនសប្បាយចិត្ត»។
លោក Aung Tun ថ្លែងថា ក្រៅពីនេះក៏មានចន្លោះប្រហោងក្នុងការសន្ទនាគ្នាក្នុងចំណោមក្រុមចលនាតស៊ូប្រឆាំងនានា ក៏ដូចជាតម្រូវការចាំបាច់ដទៃទៀតក្នុងចំណោមពួកគេដែរ។
លោកថ្លែងដូច្នេះថា៖ «អ្នកត្រូវតែមានកិច្ចព្រមព្រៀងមួយ ទាក់ទិនទៅនឹងអំណាចរដ្ឋបាល អំណាចនីតិប្រតិបត្តិ អំណាចតុលាការ អំណាចហិរញ្ញវត្ថុ ការបែងចែកធនធាន និងរឿងដទៃផ្សេងទៀត។ វានឹងក្លាយជាដំណើរការនយោបាយដ៏ស្មុគស្មាញ ប្រសិនបើពួកគេមិនអង្គុយចរចាជាមួយគ្នា ហើយយល់ព្រមទៅលើកិច្ចព្រមព្រៀងក្នុងការបែងចែកអំណាច»៕
ប្រែសម្រួលដោយ នៀម ឆេង