យោធាមីយ៉ាន់ម៉ាបានកាត់បន្ថយទោសចំនួន៦ឆ្នាំពីការជាប់ពន្ធនាគាររយៈពេល៣៣ឆ្នាំរបស់លោកស្រី Aung San Suu Kyi ដែលជាមេដឹកនាំស៊ីវិលនៅក្នុងការលើកលែងទោសមួយផ្នែកនៅថ្ងៃអង្គារនេះ។ ការបន្ថយទោសនេះធ្វើឡើងនៅពេលដែលពួកមេដឹកនាំយោធាខិតខំបង្ក្រាបការតស៊ូបង្ហូរឈាម ប្រឆាំងការគ្រប់គ្រងរបស់ខ្លួន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រទេសនេះពោពេញទៅដោយអំពើហិង្សានៅក្នុងរយៈពេល២ឆ្នាំនេះ ចាប់តាំងពីលោកស្រី Suu Kyi បានត្រូវទម្លាក់ចេញពីតំណែងនៅក្នុងរដ្ឋប្រហារមួយ ហើយលោកស្រីបានរងការចោទប្រកាន់ព្រហ្មទណ្ឌចំនួន១៩ករណីចាប់តាំងពីអំពើពុករលួយរហូតដល់ការរំលោភច្បាប់កូវីដ១៩។
មានការព្រួយកង្វល់អំពីសុខភាពរបស់ជ័យលាភីណូបែលសន្តិភាពដែលមានអាយុ ៧៨ឆ្នាំរូបនេះ ហើយពួកមេដឹកនាំយោធាបានយកលោកស្រីចេញពីពន្ធនាគារទៅដាក់នៅអគាររដ្ឋាភិបាលកាលពីសប្តាហ៍មុន។
«ការជាប់ពន្ធនាគារ៦ឆ្នាំនឹងត្រូវកាត់បន្ថយ»។ នេះបើតាមអ្នកនាំពាក្យយោធាលោក Zaw Min Tun ដែលបានប្រាប់ពួកអ្នកយកព័ត៌មានបន្ទាប់ពីបានប្រកាសថា លោកស្រីត្រូវបានលើកលែងទោសក្នុង៥ករណី។
លោកស្រី Suu Kyi នៅប្រឈមការចោទប្រកាន់១៤ករណីទៀត ថ្វីបើមានការលើកលែងទោស។ ក្រុមសិទ្ធិមនុស្សបានថ្កោលទោសការប្រយុទ្ធតាមផ្លូវច្បាប់ប្រឆាំងនឹងលោកស្រីថាជាការរៀបចំដ៏ខ្មាស់អៀនដើម្បីដកមេដឹកនាំប្រជាធិបតេយ្យដ៏មានប្រជាប្រិយ៍ភាពរូបនេះចេញពីក្រសែភ្នែកសាធារណជន។
អ្នកនាំពាក្យយោធាបាននិយាយទៀតថា អតីតប្រធានាធិបតីមីយ៉ាន់ម៉ាលោក Win Myint ដែលត្រូវបានគេដកចេញពីតំណែងនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ដែរនោះបានត្រូវកាត់បន្ថយទោសចំនួន៤ឆ្នាំទាក់ទិននឹង២ករណី។
ប្រភពច្បាប់មួយដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា៖ «លោកស្រីមិនអាចមានសេរីភាពពេញលេញទេ ថ្វីបើការកាត់ទោសខ្លះប្រឆាំងនឹងលោកស្រីបានត្រូវលើកលែងទោសក៏ដោយ។ លោកស្រីនៅតែត្រូវតែប្រឈម១៤ករណីទៀត។ មានតែ៥ករណីនៃ១៩ករណីត្រូវបានលើកលែងទោស»។
ការប្រកាសនៅថ្ងៃអង្គារនេះជាផ្នែកមួយនៃការលើកលែងទោសពួកអ្នកទោសជាង៧ ពាន់នាក់ដើម្បីប្រារព្ធពិធីចូលវស្សា រួមទាំងជនបរទេស១២៥នាក់ដែលត្រូវបានដោះលែងនិងលើកលែងទោស៕
យោធាមីយ៉ាន់ម៉ាកាត់បន្ថយទោស៦ឆ្នាំពីការជាប់ពន្ធនាគារ៣៣ឆ្នាំរបស់លោកស្រី Suu Kyi
ទីក្រុងរ៉ង់ហ្គូន —