ឧក្រិដ្ឋកម្មសង្គ្រាមដែលប្រព្រឹត្តដោយពួកយោធាមីយ៉ាន់ម៉ា រួមមានការទម្លាក់គ្រាប់បែកលើជនស៊ីវិលបានកើតមានឡើង«ជារឿយៗនិងគឃ្លើនឡើង»។ នេះបើតាមអ្នកស៊ើបអង្កេតមួយក្រុមរបស់អង្គការសហប្រជាជាតិដែលបានបញ្ជាក់នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
របាយការណ៍ដោយយន្តការស៊ើបអង្កេតឯករាជ្យសម្រាប់មីយ៉ាន់ម៉ាឬ (IIMMM) ដែលគ្របដណ្តប់រយៈពេលរវាងខែកក្កដា ឆ្នាំ២០២២និងខែមិថុនា ឆ្នាំ២០២៣បានប្រាប់ឱ្យដឹងថាមានភស្តុតាងយ៉ាងច្បាស់ថា«ពួកយោធាមីយ៉ាន់ម៉ានិងកងជីវពលស្និទ្ធនឹងពួកយោធាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម៣ប្រភេទដែលទាក់ទិននឹងការប្រយុទ្ធដោយមានការកើនឡើងជារឿយៗនិងកាន់តែគឃ្លើនឡើង»។
របាយការណ៍នោះបានបញ្ជាក់ទៀតថាឧក្រិដ្ឋកម្មទាំងនោះរួមមានការវាយប្រហារលើជនស៊ីវិលដោយគ្មានរើសមុខឬវិសមាមាត្រដោយការទម្លាក់គ្រាប់បែកនិងដុតផ្ទះនិងអគារជនស៊ីវិលដោយបានបំផ្លាញភូមិទាំងមូល។
របាយការណ៍នោះក៏បានលើកហេតុផល«នៃការសម្លាប់ជនស៊ីវិលឬពួកអ្នកប្រយុទ្ធដែលចាប់បានក្នុងអំឡុងនៃកិច្ចប្រតិបត្តិការដែរ»។
លោក Nicholas Koumjian នាយក IIMM បាននិយាយថា៖ «ភ័ស្តុតាងរបស់យើងចង្អុលដល់ការកើនឡើងយ៉ាងខ្លាំងនៅក្នុងឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅក្នុងប្រទេស ដោយមានការវាយប្រហាររីករាលដាលនិងជាប្រព័ន្ធប្រឆាំងនឹងជនស៊ីវិល ហើយយើងកំពុងកសាងសំណុំរឿងដែលអាចត្រូវប្រើប្រាស់ដោយតុលាការដើម្បីឱ្យជនដៃដល់ទាំងនោះទទួលខុសត្រូវ»។
ចាប់តាំងពីពួកយោធារឹបអូសអំណាច២ឆ្នាំកន្លងមក មីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពច្របូកច្របល់ ដោយមានចលនាតស៊ូប្រយុទ្ធនឹងពួកយោធានៅសមរភូមិមុខជាច្រើនបន្ទាប់ពីការបង្ក្រាបបង្ហូរឈាមលើពួកប្រឆាំងដែលបាននាំឲ្យប្រទេសលោកខាងលិចដាក់ទណ្ឌកម្មប្រទេសនោះឡើងវិញ។
អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាមិនអាចសុំការធ្វើអត្ថាធិប្បាយស្តីពីការរកឃើញដែលធ្វើឡើងដោយពួកអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិនោះទេ។
ពួកយោធាកាលពីពេលមុនបានច្រានចោលការចោទប្រកាន់ពីការប្រព្រឹត្តិអំពើព្រៃផ្សៃ ដោយនិយាយថាខ្លួនកំពុងធ្វើយុទ្ធនាការស្របច្បាប់ប្រឆាំងនឹងពួកភេរវជន៕
អ.ស.ប.រកឃើញថាឧក្រិដ្ឋកម្មសង្គ្រាមដោយយោធាមីយ៉ាន់ម៉ាកើតមានឡើង«ជារឿយៗនិងគឃ្លើន»
- Reuters
ក្រុងហ្សឺណែវ ប្រទេសស្វ៊ីស —