ដើម្បីការពារដីវាលបញ្ចុះសពនៅក្នុងភូមិរបស់ខ្លួន អ្នកស្រី Bawm Lawm អាយុ៥៧ឆ្នាំ បានចាប់ផ្តើមធ្វើការតវ៉ាមិនព្រមចាកចេញពីទីបញ្ចុះសព លុះត្រាតែមានដំណោះស្រាយ។
«ពេលនោះពួកយើងជាស្រ្តីប្រហែលជិត៨០នាក់បានរត់ចេញពីផ្ទះរបស់ពួកយើង។ ប៉ុន្តែយើងចេញមកវាយឺតពេលបាត់ទៅហើយ ពួកពាណិជ្ជករកំពុងជីកឈូសឆាយផ្នូរ និងឃើញមានសាកសពផងដែរ»។
ស្រ្តីនៅភូមិ Man Wein បានបដិសេធមិនចុះចាញ់ នៅពេលដែលឡានចូកដីមកដល់ទាំងយប់។ ពួកគេបានធ្វើបាតុកម្មមិនចាកចេញពីដីវាលបញ្ចុះសពលុះត្រាតែមានដំណោះស្រាយ។ បន្ទាប់មក ដោយមានមេក្រូជាប់នឹងខ្លួនផង ពួកគេបានមកអង្គុយនៅខាងមុខផ្ទះរបស់លោកអភិបាលក្រុង។ បួនថ្ងៃបន្ទាប់មក មេកងជីវពលមួយរូបតំណាងឲ្យម្ចាស់ចំការនានាបានមកជួបជាមួយក្រុមបាតុករ ហើយបានព្រមព្រៀងលើដីទំហំជាង៨ហិចតា គឺមិនដល់ពាក់កណ្តាលនៃទំហំដីបញ្ចុះសពនោះផង។
អ្នកស្រី Bawm Lawm គិតថា វាជាសមរភូមិចុងក្រោយដែលអ្នកស្រីត្រូវតែប្រយុទ្ធដើម្បីការពារទឹកដីកំណើតសហគមន៍របស់អ្នកស្រី។
ប៉ុន្តែច្បាប់ថ្មីមួយបានធ្វើឲ្យប្រជាជនព្រួយបារម្ភសាជាថ្មី។
អ្នកឈ្លានពានដីរបស់ខ្លួនឯង
កាលពីខែកញ្ញា វិសោធនកម្មច្បាប់គ្រប់គ្រងដីធ្លីដែលនៅទំនេរនិងមិនទាន់ត្រូវបានប៉ះពាល់ឬហៅកាត់ថា VFV នោះ ត្រូវបានអនុម័ត ដែលច្បាប់ថ្មីនេះតម្រូវឲ្យប្រជាពលរដ្ឋទាំងអស់ដែលរស់នៅលើដីនៅទំនេរនិងមិនទាន់ត្រូវបានប៉ះពាល់នោះ ស្នើសុំការអនុញ្ញាត។ ប្រសិនបើពួកគេមិនធ្វើដូច្នោះទេ ពួកគេនឹងត្រូវចាប់ខ្លួនពីបទរំលោភបំពានចូលដីខ្លួនឯង ហើយប្រឈមនឹងការជាប់ពន្ធនាគារ២ឆ្នាំ។
លោក Tang Gun អ្នកតំណាងសមាគមកសិកររដ្ឋកាជីន(Kachin State Farmers Association) បានព្រមានថា៖«វិសោធនកម្មច្បាប់នេះនឹងបង្កឲ្យជម្លោះដីធ្លីមានសភាពកាន់តែធ្ងន់ធ្ងរឡើង។ បញ្ហាដីធ្លីក្នុងប្រទេសមីយ៉ាន់ម៉ាគឺមានភាពស្មុគស្មាញរួចទៅហើយ។ កសិករកំពុងតែរង់ចាំដីកាសម្រេចរបស់តុលាការថាតើក្រុមយោធានឹងត្រូវប្រគល់ដីឲ្យពួកគេវិញឬយ៉ាងណា ហើយសំណុំរឿងជម្លោះដីធ្លីជាច្រើនមិនទាន់មានដំណោះស្រាយនៅឡើយក្នុងរយៈពេលមួយឆ្នាំនេះ»។
ប្រជាពលរដ្ឋមានពេលមិនដល់ពីរខែផងសម្រាប់ការដាក់ពាក្យសុំការអនុញ្ញាតរស់នៅ លើដីនោះ ដែលថ្ងៃផុតកំណត់គឺនៅខែមីនាឆ្នាំ២០១៩នេះ។
ដីជិតមួយភាគបីក្នុងប្រទេសមីយ៉ាន់ម៉ាដែលស្មើនឹងប្រមាណជាង១៨លានហិចតា ត្រូវបានរដ្ឋាភិបាលចាត់ទុកថាជាដីទំនេរគ្មានម្ចាស់កាន់កាប់ ដីទំនេរទុកចោល ឬដីមិនទាន់មានត្រូវបានប៉ះពាល់។ ៧៥ភាគរយនៃផ្ទៃដីទាំងនោះគឺស្ថិតនៅរដ្ឋជនជាតិដើមភាគតិច។ ហើយរដ្ឋភាគច្រើនមានប្រជាជនរាប់ពាន់នាក់ដែលត្រូវបានផ្លាស់ទីលំនៅដោយសារតែជម្លោះ មិនអាចត្រឡប់ទៅស្រុកកំណើតដើម្បីដាក់ពាក្យស្នើសុំការអនុញ្ញាតរស់នៅលើដីនោះទៀត។
កសិករស់នៅជនបទជាច្រើនដែល VOA បានសម្ភាសបាននិយាយថា ពួកគេមិនបានដឹងថាវិសោធនកម្មច្បាប់នេះត្រូវបានគេអនុម័តរួចទៅហើយទេ។ បណ្តាញកសិករនានាព្រួយបារម្ភថា សហគមន៍ភាគច្រើនក្នុងតំបន់ដាច់ស្រយាលក៏មិនបានដឹងឮពីព័ត៌មាននេះដែរ។
លោក Tang Gun បានបញ្ជាក់ថា វាស្ទើរតែមិនអាចទៅរួចដែលរដ្ឋាភិបាលដឹងថាដីណាជាដីនៅទំនេរគ្មានម្ចាស់ នៅពេលដែលគ្មានកំណត់ត្រាសាធារណផង។
ក្រសួងកសិកម្មរបស់មីយ៉ាន់ម៉ា ដែលត្រួតពិនិត្យបញ្ហាគ្រប់គ្រងដីធ្លី មិនបានឆ្លើយតបទៅនឹងសំណើសុំការអធិប្បាយទាំងឡាយ។
រដ្ឋមន្រ្តីសហព័ន្ធកសិកម្ម បសុសត្វ និងធារាសាស្រ្ត លោក Aung Thu បានប្រាប់កាសែត Myanmar Times កាលពីប៉ុន្មានខែមុនថា ច្បាប់ VFVនេះ អាចនឹងត្រូវបានកែពិនិត្យឡើងវិញដើម្បីធ្វើច្បាប់នានាទាក់ទងនឹងដីធ្លីនប្រសិទ្ធិភាព ហើយត្រូវតែធានាថា «ត្រូវប្រើប្រាស់វិធីសាស្រ្តដែលប្រកបដោយសន្តិភាព»។
ក្រុមជនជាតិដើមភាគតិចថា ដីរបស់ពួកគេមិនមែនសម្រាប់ការរំលោភយកនោះទេ
អង្គការក្រៅរដ្ឋាភិបាលទាំងក្នុងប្រទេសមីយ៉ាន់ម៉ានិងអន្តរជាតិបានផ្ញើលិខិតចំហដោយមានស្នាមហត្ថលេខាចំនួន៤១ទៅកាន់គណៈកម្មាធិការកណ្តាលគ្រប់គ្រងដីធ្លី VFV អំពាវនាវសុំឲ្យផ្អាកការអនុម័តច្បាប់នេះ ដើម្បី «ទប់ស្កាត់ការដាក់ទោសទណ្ឌនិងការជម្លៀសបុគ្គលគ្មានទោសជាបន្តបន្ថែមទៀត»។
អ្នកផ្សេងទៀតចង់ឲ្យលុបចោលច្បាប់នេះទាំងស្រុង។
លោក Ye Lin Myint អ្នកសម្របសម្រួលប្រចាំប្រទេសនៅសម្ព័ន្ធមីយ៉ាន់ម៉ាសម្រាប់តម្លាភាពនិងការទទួលខុសត្រូវ (MATA) ដែលរួមចំណែកក្នុងលិខិតមួយផ្សេងទៀតដែលត្រូវបានផ្ញើដោយក្រុមដីធ្លី Land in our Hands បាននិយាយថា៖«និយមន័យតាមផ្លូវច្បាប់នៃដីទំនេរគ្មានម្ចាស់កាន់កាប់គឺជាការប្រមាថ ពីព្រោះរដ្ឋាភិបាលកំពុងប្រងើយកន្តើយពីការពិតដែលមានជនជាតិភាគតិចជាច្រើននិងអ្នកដែលមានវប្បធម៌ខុសគ្នា កំពុងប្រើប្រាស់ដីខុសៗគ្នា»។
ប្រទេសមីយ៉ាន់ម៉ា មានជនជាតិដើមភាគតិចចំនួន១៣៤ជាតិសាសន៍ផ្សេងៗគ្នា។ ជនជាតិទាំងនោះភាគច្រើន មានប្រពៃណីប្រើប្រាស់ដីផ្សេងៗគ្នា ដូចជាការបរបាញ់សត្វ ស្វែងរកអាហារក្នុងព្រៃនិងធ្វើស្រែចម្ការនៅតំបន់ខ្ពង់រាប។ សហគមន៍ជនជាតិដើមភាគតិចជារឿយៗគ្រប់គ្រងដីធ្លីដោយប្រើច្បាប់ប្រពៃណីរបស់ខ្លួន។
លោក Ye Lin Myint បាននិយាយបន្ថែមដោយក្តាប់ដៃទាំងពីរលើទ្រូងថា៖
«អ្នកមិនអាចបំបែកដីពីមនុស្សបានទេ ការដែលយកដីចេញពីមនុស្សវាមានន័យថា អ្នកនោះបាត់បង់អត្តសញ្ញាណខ្លួនឯង»។
លោកជឿថា ភាពមិនប្រក្រតីនៃវិសោធនកម្មច្បាប់ដីប្រពៃណី គឺត្រង់ថា វាមិនច្បាស់លាស់និងមិនបានផ្តល់និយមន័យជាក់លាក់។
នាយកប្រចាំប្រទេសមីយ៉ាន់ម៉ានៃអង្គការ Land Core Group លោកShwe Thein ក៏បានបង្វែរចំណាប់អារម្មណ៍ទៅសំណួរថាតើអ្នកណានឹងកំណត់និយមន័យនៃដីប្រពៃណី។
«ការកំណត់និយមន័យរបស់ដីប្រពៃណីអាចជាចំណុចសំខាន់នៃការធ្វើវិសោធនកម្មច្បាប់ ប្រសិនបើរដ្ឋាភិបាលនិងមេដឹកនាំក្រុមជនជាតិដើមភាគតិចធ្វើការសម្រេចចិត្តជាមួយគ្នា ដូច្នេះវាអាចនឹងមើលឃើញថាជាចំណុចខ្លាំងមួយ មិនមែនជាការគំរាមកំហែង»។
បំភ្លេចជម្លោះអតីតកាលដើម្បីផ្ទេរមរតកដីដល់កូនចៅជំនាន់ក្រោយ
ចំណុចខ្សោយសំខាន់ៗនៃច្បាប់នេះកំពុងធ្វើឲ្យភ្លើងឆេះកាន់តែខ្លាំងឡើងៗ។
បញ្ហាដែលគួរឲ្យបារម្ភខ្លាំងនោះគឺប័ណ្ណអនុញ្ញាតឲ្យរស់នៅលើដីនោះ មានសុពលភាពត្រឹមតែ៣០ឆ្នាំប៉ុណ្ណោះ។
លោក Ben Hardman អនុប្រធានផ្នែកច្បាប់នៃអង្គការសិទ្ធិផែនដីអន្តរជាតិ (Earth Rights International) បាននិយាយថា៖
«ពួកគេកំពុងត្រូវបានគេបង្ខំឲ្យជ្រើសរើសរវាងការបោះបង់ចោលសិទ្ធិកាន់កាន់ដីប្រពៃណីដើម្បីទទួលបានឱកាសស្នើសុំសិទ្ធិអ្នកប្រើប្រាស់ដីដ៏រឹតត្បិត ប៉ុន្តែប្រឈមនឹងការរឹបអូសយកដីនិងជាប់ពន្ធនាការយូរឆ្នាំ»។
ចំណុចដែលខ្វះខាតនៃយន្តការដោះស្រាយជម្លោះក៏មានន័យថា ជនឆ្លៀតឱកាសអាចនឹងព្យាយាមចាប់យកដីដែលមិនមែនជាកម្មសិទ្ធិរបស់ពួកគេ។
លោក Ye Lin Myint បាននិយាយថា៖«វាដូចជាការធ្វើអត្តឃាតសម្រាប់ពួកយើង ជនជាតិភាគតិចកាជីន ការ៉ែន និងណាហ្គា បើសិនជាពួកគេសម្រេចចិត្តថា មិនចុះបញ្ជីដីរបស់ខ្លួន។ ប៉ុន្តែពួកគេនៅតែបាត់បង់ដីបើសិនជាពួកគេចុះបញ្ជីដោយសារតែពួកគេទទួលបានសិទ្ធិកាន់កាប់តែ៣០ឆ្នាំ»។
កំណែទម្រង់ដីធ្លីរបស់លោកស្រី អង់សាន ស៊ូជី
ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលរបស់គណបក្សសម្ព័ន្ធជាតិលទ្ធិប្រជាធិបតេយ្យរបស់អ្នកស្រីអង់សាន ស៊ូជី ការសន្យាមួយរបស់ពួកគេគឺប្រគល់ដីធ្លីវិញឲ្យកសិករដែលគ្មានដី។
គោលនយោបាយជាតិស្តីពីការប្រើប្រាស់ដីថ្មីមួយដើម្បីជំនួសឲ្យច្បាប់ទាក់ទងនឹងដីធ្លីចំនួន៦០ ត្រូវបានគាំទ្រដោយអ្នកស្រីអង់សាន ស៊ូជី នៅពេលដែលអ្នកស្រីទើបចូលកាន់តំណែងដំបូង។
លោក Tim Millar នាយកនៃអង្គការសិទ្ធិដីធ្លី Namati ក្នុងប្រទេសមីយ៉ាន់ម៉ា ជឿថាគណៈកម្មាធិការដែលធ្វើការស៊ើបអង្កេតឡើងវិញលើករណីការរំលោភយកដីធ្លីបានឈានមួយជំហានទៅមុខក្នុងការផ្លាស់ប្តូរសិទ្ធិអំណាចមកថ្នាក់ក្រោមនិង«បង្កើនការចូលរួមរបស់សហគមន៍ក្នុងប្រព័ន្ធអភិបាលកិច្ចដីធ្លីនិងបង្កើតឱកាសឲ្យសង្គមស៊ីវិល»។
ប៉ុន្តែភាគច្រើនគេយល់ស្របថាវិសោធនកម្មច្បាប់ VFV ផ្ទុយពីគោលនយោបាយជាតិក្នុងប្រើប្រាស់ដី។
លោក Sean Bain ទីប្រឹក្សាច្បាប់នៃគណៈកម្មការអ្នកច្បាប់អន្តរជាតិ(International Commission of Jurists) បាននិយាយថា៖ «ការអនុម័តច្បាប់នេះក្នុងទម្រង់សព្វថ្ងៃអាចនឹងបង្កឲ្យមានការជម្លៀសដោយបង្ខំក្នុងលក្ខណៈទ្រង់ទ្រាយធំ ទៅកាន់តំបន់ជនបទ ដែលជាលទ្ធផលមួយត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងក្នុងច្បាប់អន្តរជាតិ រួមមានកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌ដែលត្រូវបានផ្តល់សច្ចាប័នដោយមីយ៉ាន់ម៉ាកាលពីឆ្នាំមុន»។
នៅពេលដែលរដ្ឋាភិបាលបានបញ្ជាក់ថា វិសោធនកម្មច្បាប់នេះត្រូវបានធ្វើឡើងដើម្បីដោះស្រាយជម្លោះដីធ្លី ក្រុមសិទ្ធិដីធ្លីជាច្រើនចោទសួរនៅគោលបំណងនេះ។
លោក Hardman បាននិយាយថា៖«វិសោធនកម្មច្បាប់នេះត្រូវបានគេជឿថាទទួលបានការគាំទ្រពីមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ ហើយប្រជាជនបារម្ភថា វាគឺជាការប៉ុនប៉ងក្នុងការលុបបំបាត់ជម្លោះអតីតកាលនិងបង្កើតដីទំនេរសម្រាប់ការវិនិយោគ»។
អ្នកស្រី Bawm Lawm ដែលជាថ្នាក់ដឹកនាំក្នុងភូមិ បារម្ភថាច្បាប់នេះនឹងបញ្ឈប់អ្នកស្រីក្នុងការផ្ទេរកេរមរតកឲ្យចៅៗរបស់អ្នកស្រី។ អ្នកស្រីបានចោទសួរថា៖ «ចុះប្រសិនបើពួកគេត្រូវបានហាមឃាត់មិនឲ្យចូលព្រៃនិងប្រើប្រាស់ទឹកដោយសេរី តើពួកគេនឹងរស់នៅយ៉ាងដូចម្តេចទៅ»?
ប្រែសម្រួលដោយ ទុំ ម្លិះ