ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន មោះមុត​ជាងមុន​នៅក្នុង​ការ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន


រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុងតូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។
រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុងតូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

កាលពី​ដើម​ខែ​នេះ យោធា​ជប៉ុន​បាន​បញ្ជូន​ឧបករណ៍​យោធា​ជាច្រើន​តាម​យន្តហោះ​ទៅកាន់​ប្រទេស​អ៊ុយក្រែន។ ឧបករណ៍​យោធា​ទាំងនោះ ​មាន​ដូចជា​អាវក្រោះ មួក​ការពារ និង​ឧបករណ៍​យោធា​មិន​ប្រល័យ​ផ្សេងៗ​ទៀត។

ឧបករណ៍​យោធា​ទាំងនេះ ​គឺ​ខុស​ពី​មីស៊ីល​បាញ់​ពី​លើ​ស្មា យន្តហោះ​ដ្រូន និង​សព្វាវុធ​ផ្សេងៗ​ទៀត​ដែល​បស្ចិម​ប្រទេស​ជាច្រើន​បាន​បញ្ជូន​ទៅ​ឱ្យ​ពលរដ្ឋ​អ៊ុយក្រែន​ដែល​ប្រយុទ្ធ​ជាមួយ​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

ប៉ុន្តែ ទោះជា​យ៉ាងណា​ក៏ដោយ ចំណាត់ការ​នេះ​នៅតែ​ជា​ជំហាន​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​ជប៉ុន ដែល​មាន​រដ្ឋធម្មនុញ្ញ​បែប​សន្តិភាព​និយម។ រដ្ឋធម្មនុញ្ញ​នេះ ​បាន​ជួយ​ធ្វើ​ឱ្យ​ប្រទេស​ជប៉ុន​រួច​ផុត​ពី​ជម្លោះ​យោធា​បរទេស​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ។

ទោះបីជា​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​បាន​និយាយ​ថា ពួកគេ​គ្មាន​ផែនការ​បញ្ជូន​សព្វាវុធ​ទៅកាន់​ប្រទេស​អ៊ុយក្រែន​ក៏ដោយ ក៏​ជប៉ុន​បាន​ស្ថិត​នៅ​ជួរមុខ​នៃ​កិច្ច​ប្រឹងប្រែង​ដែល​ដឹកនាំ​ដោយ​ក្រុម​បស្ចិម​ប្រទេស​នៅក្នុង​ការ​ដាក់​សម្ពាធ​លើ​រុស្ស៊ី តាមរយៈ​មធ្យោបាយ​ការទូត​និង​សេដ្ឋកិច្ច។

វិធានការ​របស់​ជប៉ុន​នេះ ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពី​ការ​ងាក​ខ្លាំង​ជាង​មុន​របស់​ប្រទេស​ជប៉ុន​ទៅរក​គោល​នយោបាយ​ការបរទេស​មោះមុត​ជាងមុន។ នេះ​ បើ​តាម​ការ​បញ្ជាក់​របស់​លោក Corey Wallace អ្នក​ជំនាញ​ផ្នែក​ការពារ​នៃ​សាកលវិទ្យាល័យ Kanagawa ក្នុង​ទីក្រុង Yokohama នៃ​អាណាខេត្ត Kanagawa ប្រទេស​ជប៉ុន។

លោក Wallace ថ្លែង​ដូច្នេះ​ថា៖ «សម្រាប់​ប្រទេស​ជប៉ុន ការ​ផ្ដល់​ឧបករណ៍​យោធា​ទៅ​ឱ្យ​ប្រទេស​មួយ​នៅ​ពេល​កំពុង​មាន​សង្គ្រាម បើ​ទោះបីជា​ឧបករណ៍​ទាំងនោះ​មិន​មាន​លក្ខណៈ​ប្រល័យ​ក៏ដោយ គឺ​ជា​រឿង​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត»។

ជាង​នេះ​ទៀត ប្រទេស​ជប៉ុន​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​អប្បជន​មាន​ឥទ្ធិពល​របស់​រុស្ស៊ី បង្កក​ទ្រព្យ​សម្បត្តិ​របស់​ធនាគារ​រុស្ស៊ី និង​ដក​រុស្ស៊ី​ចេញ​ពី​ឋានៈ​អនុគ្រោះ​បំផុត​ផ្នែក​ពាណិជ្ជកម្ម។

ប៉ុន្តែ​អ្វី​ដែល​ប្រហែលជា​គួរ​ឱ្យ​កត់​សម្គាល់​បំផុត​នោះ​ គឺ​ជប៉ុន​បាន​ចាប់ផ្ដើម​ទទួល​យក​ជន​ភៀសខ្លួន​អ៊ុយក្រែន។ ការ​ស្ទង់មតិ​បាន​បង្ហាញ​ថា គោល​នយោបាយ​នេះ​ ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ។

លោក Wallace បាន​បញ្ជាក់​ថា៖ «ចំណុច​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​គិត ដោយសារតែ​រឿង​នេះ​មិន​មែន​ជា​រឿង​ដែល​សាធារណជន​ជប៉ុន​តែង​គាំទ្រ​នោះទេ។ ចូរ​អ្នក​មើល​ស្ថានការណ៍​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​និង​ប្រទេស​ស៊ីរី សាធារណជន​ជប៉ុន​ពិតជា​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទទួល​យក​ជន​ភៀសខ្លួន​ទាំងនោះ»។

ទោះជា​យ៉ាងណា​ក៏ដោយ ក៏​មាន​ហានិភ័យ​ផងដែរ​ចំពោះ​វិធានការ​មោះមុត​ជាងមុន​នេះ​របស់​ប្រទេស​ជប៉ុន។ ជប៉ុន​នាំចូល​ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​ក្នុង​បរិមាណ​យ៉ាង​ច្រើន​ពី​ប្រទេស​រុស្ស៊ី។ ការ​នាំចូល​ទាំងនេះ​ ទំនងជា​នឹង​កាន់តែ​មាន​ការ​ចំណាយ​ច្រើន​ជាងមុន។

លោក Artyom Lukin សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​សហព័ន្ធ​ចុង​បូព៌ា (Far Eastern Federal University) ក្នុង​ទីក្រុង Vladivostok ប្រទេស​រុស្ស៊ី បាន​និយាយ​ថា៖ «ជា​ការពិត ទំនាក់ទំនង [រវាង​ជប៉ុន​និង​រុស្ស៊ី] បាន​រង​ការ​ប៉ះពាល់​យ៉ាង​អាក្រក់​បំផុត ហើយ​ការ​ខូចខាត​នេះ​នឹង​មាន​រយៈពេល​យូរ។ ជារួម ទំនាក់ទំនង [រវាង​ប្រទេស​ទាំងពីរ] នឹង​ធ្លាក់ចុះ​ខ្លាំង​ផ្នែក​សេដ្ឋកិច្ច»។

លោក Lukin បាន​និយាយ​ថា ជប៉ុន​នឹង​ប្រហែលជា​នៅ​រក្សា​ការ​ធ្វើ​ពាណិជ្ជកម្ម​សំខាន់ៗ​ខ្លះ [ជាមួយ​រុស្ស៊ី] ប៉ុន្តែ​នឹង​មិនមាន​គម្រោង ​ឬ​ក៏​ការ​វិនិយោគ​ថ្មី​នោះទេ។ លោក​បាន​បន្ថែម​ថា រុស្ស៊ី​ប្រហែលជា​នឹង​មាន​ឥរិយាបថ​គឃ្លើន​ជាងមុន​ចំពោះ​ជប៉ុន។

លោក​លើកឡើង​ដូច្នេះ​ថា៖ «ជា​ឧទាហរណ៍ យើង​នឹង​ឃើញ​មាន​ការ​បង្ហាញ​បែប​យោធា​ច្រើន​ជាង​មុន​នៅ​ជិត​ជប៉ុន ដូចជា​ការ​ធ្វើ​ដំណើរ​របស់​នាវា​ទាហាន​ជើង​ទឹក​រុស្ស៊ី​នៅ​តាម​បណ្ដោយ​សមុទ្រ​របស់​ប្រទេស​ជប៉ុន ការ​ហោះហើរ​របស់​យន្តហោះ​រុស្ស៊ី​ជិត​ដែន​អាកាស​របស់​ជប៉ុន​ជាដើម»។

លោក Lukin បាន​បញ្ជាក់​ថា រុស្ស៊ី​អាច​ងាក​កាន់តែ​ជិត​ទៅរក​ប្រទេស​ចិន ដែល​នេះ ​គឺ​ជា​ក្ដី​បារម្ភ​ដ៏​ខ្លាំងក្លា​សម្រាប់​មនុស្ស​ជាច្រើន​នៅក្នុង​ប្រទេស​ជប៉ុន។

ប៉ុន្តែ រដ្ឋាភិបាល​ជប៉ុន​បាន​ទទូច​ថា ការ​ប្រថុយប្រថាន​ទាំងនេះ ​គឺជា​រឿង​ដែល​គួរ​ហ៊ាន​ធ្វើ។

លោក Matsumoto Koichiro អ្នក​នាំពាក្យ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ជប៉ុន បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ប្រទេស​នីមួយៗ​នៅលើ​ពិភពលោក​មាន​ជម្រើស​មួយ ដែល​នោះ​គឺថា​តើ​អ្នក​នឹង​ប្រយុទ្ធ​ដើម្បី​គុណ​តម្លៃ​ជា​សាកល​ដែល​នាំ​ឱ្យ​មាន​ពិភពលោក​ដូច​ពេល​សព្វថ្ងៃ​នេះ ឬ​ក៏​អ្នក​បដិសេធ​គុណតម្លៃ​ទាំង​នេះ ឬ​ក៏​អ្នក​ធ្វើ​ជា​មើល​មិន​ឃើញ​អំពី​ព្រឹត្តិការណ៍​ដែល​កំពុង​កើតឡើង។ ប្រទេស​ជប៉ុន​ជ្រើស​យក​ជម្រើស​ទីមួយ ហើយ​នឹង​ឈរ​យ៉ាង​រឹងមាំ​ជាមួយ​ប្រទេស​អ៊ុយក្រែន។ ខ្ញុំ​លើក​ទឹកចិត្ត​ខ្លាំងក្លា​ឱ្យ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ជ្រើស​យក​ជម្រើស​ទីមួយ»។

ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា សាធារណជន​ជប៉ុន​មាន​ការ​គាំទ្រ​ភ្លូកទឹក​ភ្លូកដី​លើ​វិធានការ​ម៉ឺងម៉ាត់​ជាង​មុន​របស់​ជប៉ុន​នេះ។

លោក Matsumoto បាន​បញ្ជាក់​ថា វា​ជា​រឿង​ធម្មតា ដោយសារតែ​ប្រទេស​ជប៉ុន​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​ប្រព័ន្ធ​រៀបរយ​អន្តរជាតិ​នៅពេល​បច្ចុប្បន្ន៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG