ក្នុងរយៈពេល៣សប្ដាហ៍កន្លងមកនេះ ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិនិយាយថា មនុស្សជាង ៣.២ លាននាក់បានភៀសខ្លួនចេញពីអ៊ុយក្រែនដើម្បីស្វែងរកទីមានសុវត្ថិភាពនៅបណ្តាប្រទេសជិតខាង។ មនុស្សជាង២លាននាក់ត្រូវបានផ្លាស់ទីលំនៅក្នុងប្រទេសអ៊ុយក្រែន ហើយមនុស្សប្រមាណ ១៣ លាននាក់បានរងផលប៉ះពាល់នៅក្នុងតំបន់នានាដែលរងការវាយប្រហារខ្លាំងបំផុត។
តំបន់ដែលរងការវាយប្រហារខ្លាំងបំផុតទាំងនោះរួមមានទីក្រុងនានា ដូចជាទីក្រុង Mariupol និង ទីក្រុងSumy ដែលរុស្ស៊ីបានទម្លាក់គ្រាប់បែកឥតឈប់ឈរទៅលើតំបន់ដែលមានអ្នកស្រុករស់នៅ ហើយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដូចជារោងសម្ដែងល្ខោននៅទីក្រុង Mariupol ជាដើម។ លោក Matthew Saltmarshអ្នកនាំពាក្យទីភ្នាក់ងារUNHCR បានថ្លែងក្នុងវីដេអូមួយពីទីក្រុង Rzesow ប្រទេសប៉ូឡូញថា មនុស្សជាច្រើនកំពុងជាប់ក្នុងតំបន់ទាំងនោះ និងគ្មានសេវាចាំបាច់សំខាន់ៗនៅក្នុងតំបន់ដែលជម្លោះកំពុងតែរីករាលដាលកាន់តែខ្លាំងទាំងនោះ។ លោកថ្លែងថា ពួកគេកំពុងខ្វះស្បៀងអាហារ ទឹក និងថ្នាំសង្កូវ។
លោក Saltmarsh ថ្លែងថា៖«បើតាមសេចក្តីរាយការណ៍ស្ដីពីជំនួយមនុស្សធម៌ដែលយើងបានទទួលពីតំបន់ទាំងនោះ គឺគួរឲ្យរន្ធត់ណាស់ ហើយយើងនៅតែបន្តអំពាវនាវឲ្យមានការការពារដល់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងអំពាវនាវឲ្យប្រទេសជិតខាងនានាបន្តបើកចំហរព្រំដែនរបស់ពួកគេ ដើម្បីឲ្យជនភៀសខ្លួនអាចគេចចេញ និងអាចស្វែងរកទីកន្លែងមានសុវត្ថិភាពនោះទីនោះ»។
នៅក្នុងរបាយការណ៍ចុងក្រោយ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានកត់ត្រាចំនួនមនុស្សរងគ្រោះ ២.១៤៩ នាក់ ដែលក្នុងនោះ ៨១៦ ត្រូវបានសម្លាប់។ ទីភ្នាក់ងារនេះបានឲ្យដឹងទៀតថា ខ្លួនជឿថាតួលេខពិតប្រាកដអាចមានច្រើនជាងនេះ ហើយតួលេខនេះនឹងកើនឡើងបន្តទៀត ខណៈដែលអ៊ុយក្រែនបានបាត់បង់អ្វីដែលហៅថា ទីជម្រកមានសុវត្ថិភាព។
ទីក្រុង Lviv ដែលស្ថិតនៅភាគខាងលិចនៃប្រទេសអ៊ុយក្រែន ក៏រងការវាយប្រហារផងដែរ។ ការគំរាមកំហែងកំពុងកើនឡើងខ្លាំងនៅទីក្រុង Odesa ដែលជាទីក្រុងកំពង់ផែមួយ ហើយត្រូវការជំនួយមនុស្សធម៌កាន់តែបន្ទាន់ជាងមុនផងដែរ ទាំងនៅតំបន់ផ្ដាច់ខ្លួន Donbas គាំទ្ររុស្ស៊ី ដែលស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ លោក Saltmarsh និយាយថា ជនភៀសខ្លួនដែលបានមកដល់ប្រទេសប៉ូឡូញ ក្នុងរយៈពេល ៥ ទៅ ៦ ថ្ងៃចុងក្រោយនេះ មានការភ័យរន្ធត់ និង តក់ស្លុត ជាងអ្នកដែលបានមកដល់កាលពីដំណាក់កាលដំបូងនៃការភៀសខ្លួនទ្រង់ទ្រាយធំ។
លោក Saltmarsh ថ្លែងថា៖ «មនុស្សដែលបានភៀសខ្លួនចេញពីអ៊ុយក្រែន ទៅប្រទេសជិតខាង ៩០ ភាគរយជាស្ត្រី និងកុមារ។ ទីភ្នាក់ងារ UNHCR និងទីភ្នាក់ងារដទៃទៀត បានព្រមានពីហានិភ័យកាន់តែខ្លាំងពាក់ព័ន្ធនឹងការជួយដូរមនុស្សនិងការកេងប្រវ័ញ្ច។ ដោយសារតែមានហានិភ័យខ្ពស់ទៅលើកិច្ចការពារនានា ទីភ្នាក់ងារ UNHCR និងដៃគូនានា កំពុងចែករំលែកព័ត៌មាន និងលើកកម្ពស់ការយល់ដឹង តាមរយៈការផ្សព្វផ្សាយសារនានា ដើម្បីដាស់តឿនដល់ជនភៀសខ្លួនពីហានិភ័យនៃការជូញដូរ ការកេងប្រវ័ញ្ច និងរំលោភបំពាន»។
លោក Saltmarsh និយាយថា ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR កំពុងធ្វើការជាមួយមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ដើម្បីពង្រីកសេវាការពារសម្រាប់កុមារនៅប្រទេសចំនួន ៦ រួមមាន សាធារណរដ្ឋឆែក ហុងគ្រី ម៉ុលដាវី ប៉ូឡូញ រូម៉ានី និង សាធារណរដ្ឋស្លូវ៉ាគី។ លោកបន្តថា ទីភ្នាក់ងារនានាក៏កំពុងផ្ដល់កន្លែងមានសុវត្ថិភាព និងសេវាការពារដល់កុមារ ក្រុមគ្រួសារ និងមនុស្សដទៃទៀតដែលកំពុងត្រូវការជំនួយជាក់លាក់៕
ប្រែសម្រួលដោយលោក នៀម ឆេង