លោកនាយឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ គ្រោងនឹងដាក់លិខិតមួយច្បាប់ទៅលោក ប្រេដ អាដាម៍ (Brad Adams) នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី ដើម្បីទាមទារឱ្យធ្វើការ«សុំទោស»ដល់សពលោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា ទាក់ទងនិងអត្ថបទរបស់លោក ដែលនិយាយអំពីតួនាទីរបស់លោក ជា ស៊ីម នៅក្នុងរបបខ្មែរក្រហម។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានប្រាប់វីអូអេខេមរភាសាថា លោកនឹងសរសេរលិខិតដោយផ្ទាល់ទៅលោក Brad Adams ដើម្បីឲ្យលោកសុំទោសនូវអ្វីដែលលោកបកស្រាយខុសពីជីវិតពិតរបស់លោក ជា ស៊ីម ក្នុងសម័យខ្មែរក្រហម។
«ធម្មតាក្នុងនាមជាអ្នកដែលបានប្រព្រឹត្តអ្វីខុសមួយ គេតែងតែមានការសុំទោស ជាពាក្យសុំទោស ជាពាក្យអរគុណ ពាក្យអរគុណគឺជាមនុស្ស។ ហើយប្រសិនបើលោក Adams លោកមិនបានប្រើពាក្យអីអរគុណ ឬសុំទោសទេ គាត់ចាត់ទុកថា ជាមនុស្សដែលមិនសមដឹកនាំនៃអង្គការ ដែលមានឈ្មោះល្បី Human Rights Watch ហ្នឹងទេ»។
ការត្រៀមដាក់លិខិតរបស់លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានធ្វើឡើងបន្ទាប់ពីកាសែតភ្នំពេញប៉ុស្តិ៍ បានចេញផ្សាយអត្ថបទមួយដែលមានចំណងជើងថា «Sim's KR Role Scrutinized» ដោយបានដកស្រង់តាមប្រភពអង្គការ Human Rights Watch។
អត្ថបទនោះបានលើកឡើងថា អង្គការ Human Rights Watch បានរកឃើញភស្តុតាងដែលថា លោក ជា ស៊ីម មានជាប់ពាក់ព័ន្ធនៅក្នុងឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរក្នុងតួនាទីរបស់លោកជាលេខាបក្សស្រុកពញាក្រែកសម័យខ្មែរក្រហម ដែលនៅតំបន់២០នៃភូមិភាគបូព៌ា និងជាសមាជិកនៃបក្សនោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៨។
អង្គការនោះបានបន្តថា ការទទួលខុសត្រូវរបស់លោក ជា ស៊ីម រួមមានការចាប់ឃុំឃាំងខ្លួន ការធ្វើទារុណកម្ម និងការកាប់សម្លាប់ប្រព្រឹត្តមកលើមន្ត្រីនៃរបបសាធារណរដ្ឋខ្មែរ ពលរដ្ឋអ្នកមានក្នុងរបបចាស់ សមាជិកក្រុមខ្មែរក្រហម និងជនជាតិវៀតណាម ចាម និងខ្មែរកាត់ចិន។
ឆ្លើយតបទៅនឹងការរកឃើញរបស់អង្គការ Human Rights Watch នេះ លោកនាយឧត្តមសេនីយ៍ក៏បានអះអាងនៅក្នុងលិខិតរបស់លោកចុះថ្ងៃទី១១ ខែមិថុនាថា អត្ថបទរបស់អង្គការ Human Rights Watch គឺជាអត្ថបទដែលបានរៀបចំគ្រោងទុកជាមុនរបស់លោក Brad Adams ដែលមានចេតនា «មួលបង្កាច់ និងបង្កប់នូវគំនុំគុំកួនបុគ្គល»មកលើថ្នាក់ដឹនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា ហើយថា លោកជា ស៊ីមគ្រាន់តែជាមន្ត្រីមូលដ្ឋានមួយរូបតែប៉ុណ្ណោះដែលមិនអាចត្រូវបាននាំខ្លួនទៅកាន់សាលាក្តីខ្មែរក្រហមនោះទេ។
នៅក្នុងលិខិតដដែលនោះ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឲ្យដឹងថា លោក Brad Adams មន្រ្តីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានធ្វើការវិភាគ និងវាយតម្លៃបែប«មនុស្សមានភ្នែកតែគ្មានប្រស្រី» ឬបែប«មនុស្សភ្នែកភ្លឺតែធ្វើជាខ្វាក់»នៅក្នុងការសរសេរអត្ថបទរបស់ខ្លួន។
ដោយឡែក កាលពីថ្ងៃ១១មិថុនានេះដែរ ក្រសួងព័ត៌មានបានចាត់ទុកថា កាសែតភ្នំពេញប៉ុស្តិ៍«ខ្វះមនសិការ និងពិតជាខ្វះសីលធម៌ និងមានភាពជំលើយយ៉ាងហួសហេតុ» ដោយសារបានដកស្រង់តាមសេចក្តីរាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលលើកឡើងថា វាជា«ការចំអកចំពោះយុត្តិធម៌មួយ» ព្រោះគាត់រួចខ្លួនពីការកាត់ទោសពីបទ«ឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ»។
លោក ជា ស៊ីម អាយុ៨២ឆ្នាំ អតីតប្រធានព្រឹទ្ធសភា ដែលបានទទួលមរណភាពដោយរោគាពាធកាលពីដើមសប្តាហ៍នេះ ត្រូវបានអ្នកវិភាគនយោបាយ និងសង្គមកម្ពុជាមើលឃើញថា ជាអ្នកបង្រួបបង្រួមជាតិ និងជាអ្នកនយោបាយនិយមកណ្តាល។
លោកក៏ពុំបានចុះហត្ថលេខាលើធម្មនុញ្ញបន្ថែមក្នុងឆ្នាំ២០០៤ ដែលអ្នកតាមដាននយោបាយមើលឃើញថា ជាការរំលោភរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ រដ្ឋធម្មនុញ្ញបន្ថែមនោះកែប្រែច្បាប់រដ្ឋធម្មនុញ្ញ ឲ្យមានការបោះឆ្នោតកញ្ចប់ ដើម្បីធ្វើការតែងតាំងរួមនៃថ្នាក់ដឹកនាំអង្គនីតិបញ្ញត្តិ និងអង្គនីតិប្រតិបត្តិ។
នាពេលនោះ លោក ហុក ឡងឌី អគ្គមេបញ្ជាការប៉ូលិសជាតិបាននាំ ឬឆ្គកលោក ជា ស៊ីម ចេញពីប្រទេស ក្រោយពេលលោកមិនចុះហត្ថលេខាលើរដ្ឋធម្មនុញ្ញបន្ថែម ដែលក្នុងនោះមានការតែងតាំងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតកញ្ចប់នោះ។ ក្រោយមក លោក ញ៉ឹក ប៊ុនឆៃ ដែលជាអនុប្រធាន បន្ទាប់ពីលោក ជា ស៊ីម បានចុះហត្ថលេខាលើរដ្ឋធម្មនុញ្ញបន្ថែមនោះ៕