ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្លាប់​ក្នុង​វ័យ​៨២ឆ្នាំ


លោក ជា ស៊ីម​ ប្រធាន​គណបក្ស​​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ព្រឹទ្ធសភា​​ (រូប​កណ្តាល) អញ្ជើញ​​​ចេញ​ពី​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​​នៅ​ក្រោយ​ពិធី​ខួប​ទី​៣៤​នៃ​ការ​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម ដែល​បាន​ប្រពឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៣។ REUTERS/Samrang Pring
លោក ជា ស៊ីម​ ប្រធាន​គណបក្ស​​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ព្រឹទ្ធសភា​​ (រូប​កណ្តាល) អញ្ជើញ​​​ចេញ​ពី​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​​នៅ​ក្រោយ​ពិធី​ខួប​ទី​៣៤​នៃ​ការ​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម ដែល​បាន​ប្រពឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៣។ REUTERS/Samrang Pring

លោក ជា​ ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ព្រឹទ្ធសភា​បាន​ទទួល​មរណ​ភាព​ក្នុង​អាយុ៨២ឆ្នាំ នៅ​រសៀល​ថ្ងៃ​ច័ន្ទនេះ​ ដោយ​ជំងឺរ៉ាំរ៉ៃ​ប្រចាំ​កាយ។​ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​ សុខ​ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​បាន​បញ្ជាក់​ប្រាប់​វីអូអេ នៅ​ថ្ងៃនេះ​ថា​ លោក ជា ស៊ីម បាន​ទទួល​មរណភាព​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម ដែល​ញាំញី​សុខភាព​ចាស់ជរា​របស់​លោក​យូរឆ្នាំ​មក​ហើយ។​

«បាទ​ ជា​ការពិត​ហើយ​ មុន​នេះ​ប្រហែល​ជាមួយ​ម៉ោង​។ បាទ​នេះជា​ឥទ្ធិ​ពលនៃ​ជំងឺ​ទឹក​នោម​ផ្អែម​របស់​សម្តេច​ ហើយ​គួប​ផ្សំ​នឹង​វ័យ​របស់​សម្តេច​ដែល​ជាង​៨០​ឆ្នាំ​ហើយ»។​

លោក សុខ ឥសាន ដែល​ជា​អ្នក​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជាផងនេះ​ បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការ​បាត់​បង់​លោក ជា ស៊ីម​ ដែល​បាន​ចូលរួម​រំដោះ​ប្រទេស​កម្ពុជា​ពី​របប​ខ្មែរ​ក្រហម។​

«អញ្ចឹង​ទៅ​វា​ជា​ការគួរ​ឲ្យ​សោក​ស្តាយ​ណាស់​ ដែល​សម្តេច​បាន​លា​ចាក​លោក​ទៅ​ទាំង​មាន​ការ​សោក​ស្តាយ​របស់​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស»។

លោក ជា ស៊ីម​ អាយុ​ ៨២​ ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។ លោក​ជា​អតីត​ប្រធាន​រដ្ឋសភា​ពី​ឆ្នាំ​១៩៨១​ ដល់​ឆ្នាំ​១៩៩៨។ ​លោក​ត្រូវ​បាន​ផ្លាស់​តួនាទី​ឱ្យ​ទៅ​កាន់​ប្រធាន​ព្រឹទ្ធសភា​វិញ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។

លោក សុខ ឥសាន ​ពុំអាច​បញ្ជាក់​ប្រាប់​វីអូអេ បាន​ទេ​ថា តើ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ដែល​ជា​ប្រធាន​ស្តីទី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ឡើង​ជា​ប្រធាន​គណបក្ស​ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ជាង​៣០​ឆ្នាំ​មកនេះ​ឬ​យ៉ាង​ណា​នោះ​ទេ។

លោក​ពន្យល់​ថា៖​ «យើង​មិន​ទាន់​អាច​សន្មត់​បាន​ទេ​បាទ​ តែ​ជា​ធម្មតា​ចំពោះ​ការ​ដឹក​នាំ​គណបក្ស​ បើ​ប្រធាន​អវត្តមាន​ជា​អចិន្រ្តៃយ៍​ហើយ​ មាន​តែ​អនុ​ប្រធាន​ទទួល​ជំនួស​ការងារ​ហ្នឹង​ វា​ជា​ក្រឹត្យ​ក្រម​ធម្មតា​ទេ​បាទ‍»។

នៅ​ក្នុង​ឆ្នាំ​នេះ​ជា​ខួប​លើក​ទី​៣៦​ឆ្នាំ​នៃ​ថ្ងៃទី​៧ ​ខែមករា​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់​ទុក​ថា​ជា​ថ្ងៃ​រំដោះ​ប្រទេស​ចេញពី​របប​ខ្មែរ​ក្រហម​ តែ​គណបក្ស​ប្រឆាំង​វិញ​បាន​ ចាត់​ទុក​ថា​ជា​ថ្ងៃ​កង​ទ័ព​វៀតណាម​បាន​ចូល​ឈ្លាន​ពាន​ប្រទេស​កម្ពុជា​នោះ។​ លោក​ ជា ស៊ីម​ មិន​មាន​វត្តមាន​មក​ចូល​រួម​ដូច​លើក​មុនៗ​ទេ។​

លោក អ៊ូ វីរៈ ប្រធានវេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​គោលនយោបាយ​ក្នុងស្រុក​មួយ មើល​ឃើញ​ថា ការ​ស្លាប់​របស់​លោក​ ជា ស៊ីម​ គឺជា​ការ​ខាត​បង់​ដ៏ធំ​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​នឹង​អាច​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។​ លោក​បាន​ឲ្យ​ដឹង​ទៀត​ដែរ​ថា នឹង​មាន​ការ​កែទម្រង់​ក្នុង​គណបក្ស​នយោបាយ​មួយ​នេះ។​

«ចំពោះ​គណបក្ស​ប្រជាជន​ ខ្ញុំ​មើល​ទៅ​នឹង​មាន​ការ​ផ្លាស់​ប្តូរ​មួយ​ចំនួន​។ ទីមួួយសម្តេចតែង​តែ​ជា​អ្នក​សម្រប​សម្រួល​បង្រួប​ង្រួម​ក្នុង​គណបក្ស។​ ហើយ​មាន​ការ​បាត់​បង់​សម្តេច​អញ្ចឹង​ គឺ​ជា​រឿង​មួយ​ដែល​ខាតបង់​សម្រាប់​គណបក្ស​ប្រជាជន​ធំ។ ទីពីរ ការ​ដូរ​មួយ​គឺ​ដូរប្រធាន​ បាន​ន័យថា​ ប្រហែល​លោក​ ហ៊ុន សែន​ ​នឹង​ទៅ​ជា​ប្រធាន​គណបក្ស​ប្រជាជន​តែ​ម្តង​ អញ្ចឹង​បាន​ន័យ​ថា​ អ្នក​ដែល​មាន​អំណាច​គឺ​ជា​ប្រធាន​ចេញ​មុខ​ ខ្ញុំ​មើល​នឹង​អាច​ធ្វើ​ឲ្យ​បក្ស​អាច​នឹង​មាន​ដំណើរ​ការ​ច្បាស់​លាស់​ជាង​មុន»។​ ​

លោក បដិសេធ​មិន​អធិប្បាយ​លើ​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​របស់​លោក​ ជា ស៊ីម​ ព្រោះ​ជា​ពេល​នៃ​ការ​កាន់ទុក្ខ​របស់​គ្រួសារ​លោក​ ជា ស៊ីម។​ លោក បន្ថែម​ថា៖

«គាត់​ជា​អ្នក​ដែល​បាន​ធ្វើ​នយោបាយ​ រឿង​ជាតិ​អស់​រយៈពេល​ច្រើន​ទសវត្សរ៍​ជា​មនុស្ស​ម្នាក់​ក្នុង​ប្រវត្តិសាស្រ្ត​ប្រទេស​កម្ពុជា​ដែល​ចង​ចាំ​ សំណួរ​សួរ​តើវិជ្ជមាន ​ឬ​មួយ​អវិជ្ជមាន​ ខ្ញុំ​ថា​ពេល​ឥឡូវ​នេះ​មិន​មែន​ជា​ពេល​ដែល​យើង​គួរ​ជជែក​គ្នា​ទេ ជា​ពេល​កាន់​ទុក្ខ​ក្រុម​គ្រួសារ​របស់​គាត់​កាន់​ទុក្ខ​ អញ្ចឹងខ្ញុំ​អត់​មាន​យោបល់​ទេ​បាទ​»។

លោក ជា ស៊ីម បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​លោក​ស្រី​ ញ៉ែម សឿន​ កាលពី​អំឡុង​ឆ្នាំ​១៩៥៥​ និង​មាន​កូន​ចំនួន​៧នាក់​ ក្នុង​នោះ​កូន​ប្រុស​ចំនួន​៤នាក់​ និង​កូន​ស្រី​ ចំនួន​៣នាក់។

លោក​ទទួល​បាន​គោរម្យងារ​ពី​ព្រះមហាក្សត្រ​សម្តេច​ព្រះបរមនាថ​ នរោត្តម សីហមុនី​ ជា​សម្តេច​អគ្គ​មហាធម្ម​ពោធិ៍សាល​ ជា ស៊ីម ​កាល​ពី​អំឡុង​ឆ្នាំ​២០០៧​ និង​បាន​តែង​តាំង​ជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស៥​កាលពី​ខែធ្នូ​ ​ឆ្នាំ​២០០៩៕​

XS
SM
MD
LG