គណ:កម្មការទន្លេមេគង្គ ឬហៅកាត់ថា MRC នាពេលថ្មីៗនេះ បានចេញផ្សាយគេហទំព័រថ្មីមួយដែលផ្តល់ព័ត៌មានព្យាករណ៍ស្ថានភាពទឹកទន្លេមេគង្គចំនួន៥ថ្ងៃ និងផ្សាយជាប្រចាំ ដើម្បីកាត់បន្ថយហានិភ័យប្រឈមនឹងទឹកជំនន់សម្រាប់ពលរដ្ឋរស់នៅតាមដងទន្លេនេះ។ គេហទំព័រដ៏ថ្មីថ្មោងនេះ ផ្តល់ព័ត៌មានជាប្រាំភាសា រួមមាន ខ្មែរ ថៃ ឡាវ វៀតណាម និង អង់គ្លេស។
លោក Pham Tuan Phan នាយកប្រតិបត្តិនៃគណៈកម្មការទន្លេមេគង្គបាននិយាយថា ដំបូងឡើយ គេហទំព័រនេះមានជាភាសាអង់គ្លេសតែប៉ុណ្ណោះ ប៉ុន្តែក្រុមការងារក៏សម្រេចចិត្តបកប្រែជាបួនភាសាបន្ថែមទៀតគឺដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនដែលរស់នៅតាមទន្លេមេគង្គ។
គេហទំព័រថ្មីនេះរបស់គណៈកម្មការទន្លេមេគង្គផ្តល់ព័ត៌មានស្ថានភាពទឹកពីស្ថានីយចំនួន២២នៅក្នុងប្រទេសចិន ឡាវ ថៃ កម្ពុជា និងវៀតណាម។ ស្ថានីយទាំងនេះទទួលបានបច្ចុប្បន្នភាពព័ត៌មានផ្តោតទៅលើកម្រិតទឹក និងទិន្នន័យពីកម្រិតភ្លៀងធ្លាក់ប្រចាំថ្ងៃ។
លោក Pham Tuan Phan នាយកប្រតិបត្តិនៃគណៈកម្មាការទន្លេមេគង្គជឿជាក់ថា ភាសាចំនួន៤បន្ថែមនេះនឹងជួយដល់សាធារណជន ជាពិសេសអ្នករស់នៅតាមតំបន់ទន្លេមេគង្គ ឲ្យយល់ដឹងអំពីស្ថានភាពទឹកជំនន់ឲ្យបានទូលំទូលាយ តាមរយ:ប្រព័ន្ធផ្សព្វផ្សាយជាតិនៅតាមប្រទេសនីមួយៗ ។
លោកបានថ្លែងប្រាប់ VOA ថា៖
«មានមនុស្សជាច្រើនបានចូលមើលគេហទំព័រនេះ ដោយសារតែរដូវនេះជារដូវទឹកជំនន់។ ហើយយើងច្បាស់ថា ព័ត៌មាននៅលើគេហទំព័រ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសថៃ ត្រូវយកទៅផ្សាយបន្ត ព្រោះយើងបានឃើញវានៅលើទូរទស្សន៍។ ដូច្នេះបានជាយើងបង្កើតឲ្យមានជា ៥ភាសា ដើម្បីឲ្យសាធារណជនកាន់តែច្រើនបានឃើញ»។
ទោះបីជាមានគេហទំព័រក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មានពីស្ថានភាពទឹកទៅដល់ពលរដ្ឋរស់នៅតាមដងទន្លេក៏ដោយ ក៏ពលរដ្ឋជាច្រើននៅមិនទាន់ដឹងអំពីគេហទំព័រនេះនៅឡើយ ដោយសារតែកង្វះខាតចំណេះដឹងក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ឬការប្រើប្រាស់អ៊ិនធឺណិត។
លោក អ៊ាង ណាម ជាមេដឹកនាំសហគមន៍នេសាទមួយ ដែលតែងតែជូនដំណឹងដល់អ្នកនេសាទ ប្រសិនបើមានគ្រោះមហន្តរាយ ឬទឹកជំនន់កើតឡើងនៅក្នុងតំបន់របស់គាត់។ អាស្រ័យដូចនេះលោកត្រូវតាមដានពីកម្រិតទឹកទន្លេមេគង្គឲ្យបានញឹកញាប់។ យ៉ាងណាក្តី លោកបានលើកឡើងថា គាត់មិនដែលឮពីគេហទំព័រនោះទេ។
«អត់ អត់ដែលផង។ ខ្ញុំនៅក្នុងសហគមន៍ ដូច្នេះខ្ញុំមិនមានវេបសាយទេ។ ខ្ញុំប្រើហ្វេសប៊ុក។ ជាធម្មតានៅក្នុងសហគមន៍មួយ យើងមិនមានវេបសាយទេ។ យើងប្រើតែ អ៊ីនធឺណិត ហ្វេសប៊ុក»។
ចំណែក លោក ស្រេង ចិន្តា អាយុ ៣៥ឆ្នាំ ពលរដ្ឋរស់នៅតាមដងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែងនាំបាននិយាយថា លោកបានដឹងអំពីគេហទំព័រតាមដានស្ថានភាពទឹកទន្លេមេគង្គរបស់គណ:កម្មការទន្លេមេគង្គ ព្រោះមិត្តភក្ដិរបស់លោកបានចែករំលែកវានៅតាមបណ្តោញសង្គមហ្វេសប៊ុក។ ទោះជាយ៉ាងណាក៏ដោយ លោកមិនដែលចូលមើលគេហទំព័រនោះដោយខ្លួនផ្ទាល់ទេ ព្រោះគាត់មិនដឹងថាត្រូវធ្វើវាដោយរបៀបណា។
«ខ្ញុំមិនដឹងគេយកពីណា ខ្ញុំអត់ដឹង។ វេបសាយអីគេ? ប្រសិនបើខ្ញុំដឹងអំពីរឿងនេះ ខ្ញុំនឹងមើលព្រោះខ្ញុំកំពុងធ្វើការលើវិស័យជលផល។ វាជួយគាត់ឱ្យតាមដានកម្រិតទឹកនិងទិន្នផលត្រី»។
លោកបានបន្ថែមទៀតថា រាល់ដងលោកទទួលបានព័ត៌មានទាក់ទងនឹងកម្រិតទឹកតាមរយៈទំព័រហ្វេសប៊ុកខុសៗគ្នា។
លោក ស៊ុម លីម អ្នកនេសាទម្នាក់អាយុ ៦៣ឆ្នាំ មកពីសហគមន៍នេសាទមូស្លីម«ស្រលាញ់សន្តិភាព» ដែលមានពលរដ្ឋប្រហែល ២៥០ គ្រួសាររស់នៅតាមមាត់ទន្លេទល់មុខព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ បាននិយាយថា លោកមិនមានទូរទស្សន៍ ឬវិទ្យុ ដើម្បីស្ដាប់ព័ត៌មានទាក់ទងនឹងទឹកជំនន់ទេ។
លោក ស៊ុម លីម ដែលជាអ្នកនេសាទអស់រយៈពេលជាង ៣០ឆ្នាំមកនេះ បានប្រាប់VOA ថា លោកពឹងផ្អែកលើការសង្កេតដោយភ្នែកផ្ទាល់ទៅលើកម្រិតទឹក និងទឹកជំនន់របស់ទន្លេមេគង្គ។
លោកបាននិយាយថា៖
«ខ្ញុំអត់មានទូរទស្សន៍ អត់បានមើលស្អីសោះឥឡូវហ្នឹង។ អត់ដឹង ដឹងមើលម៉េចទៅ។ មើលមេឃហ្នឹងហើយ។ មើលខ្យល់មកថា ខ្យល់មកហើយ បើភ្លៀងថា ភ្លៀង។ មើលតាមដំណើរទឹកថា ទឹកឡើង ទឹកឡើង ទឹកចុះទឹកចុះ»។
លោក អ៊ី យូ ប្រធានសហគមន៍ «ស្រលាញ់សន្តិភាព» ដែលបានបង្កើតឡើងកាលពី ២ ឆ្នាំមុននៅក្នុងស្រុកជ្រោយចង្វារ បាននិយាយថា លោកមើលទូរទស្សន៍ និងស្តាប់វិទ្យុ ដើម្បីដឹងពីស្ថានភាពអាកាសធាតុ និងទឹកជំនន់។
លោកបានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឲ្យជូនដំណឹងដល់ប្រជាជនជាពិសេសអ្នកនេសាទឱ្យដឹងពីព័ត៌មានអាកាសធាតុ និងកម្រិតទឹកជំនន់ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។
លោក អ៊ី យូបាននិយាយថា៖
«ចំពោះឧតុនិយម ខ្ញុំមើលទូរទស្សន៍។ បើកសឹងរាល់ថ្ងៃ។ ហើយខ្ញុំចំណាំថា រដូវនេះ រដូវទឹកឡើង រដូវនេះទឹកស្រក។ ស្រកប៉ុន្មានខែ ឡើងប៉ុន្មានខែ ខ្ញុំដឹងពីហ្នឹង។ យើងអាចមើលមេឃ មើលខ្យល់អញ្ចឹងទៅ យើងអាចដឹងខ្លះ។ មេឃខ្យល់ មេឃស្ងាត់អញ្ចឹងអត់អីទេ។ បើមេឃស្រទុំអីអញ្ចឹងមក ខ្ញុំមិនហ៊ានឲ្យចេញទេ។ ខ្លាចគ្រោះថ្នាក់គាត់។ ប៉ុន្តែសូមសំណូមពរដល់ព័ត៌មានទាំងអស់លៃយ៉ាងម៉េចឲ្យពលរដ្ឋដឹងរហ័សៗ ខ្ញុំចង់ដឹងតែប៉ុណ្ណឹងទេ»។
ក្រៅពីជំរុញឲ្យបណ្តាញផ្សព្វផ្សាយក្នុងស្រុកជួយផ្សព្វផ្សាយព័ត៌មានពីស្ថានភាពទឹកពីគេហទំព័ររបស់គណៈកម្មការទន្លេមេគង្គ លោក Pham Tuan Phan ប្រធានគណៈកម្មការនេះបានលើកឡើងថា គោលដៅបន្ទាប់របស់គណ:កម្មការទន្លេមេគង្គគឺ បង្កើតកម្មវិធីទូរស័ព្ទស្មាតហ្វូន ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការស្វែងរក និងតាមដានព័ត៌មានស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដើម្បីទប់ទល់នឹងបញ្ហាគ្រោះមហន្តរាយនានា ជាពិសេសដូចការបាក់ទំនប់នៅក្នុងប្រទេសឡាវ។
«មានការស្នើឱ្យមានកម្មវិធីទូរស័ព្ទ។ នេះជាអ្វីដែលយើងគ្រោងធ្វើ ហើយយើងចង់ធ្វើហើយ យើងកំពុងធ្វើការនេះ»។
យោងតាមរបាយការណ៍តួលេខរបស់គណៈកម្មការទន្លេមេគង្គ គេហទំព័រនេះមានអ្នកទស្សនាចំនួនប្រមាណ ២.៩០០នាក់ប៉ុណ្ណោះចាប់តាំងពីឆ្នាំ២០១០មក។
គណៈកម្មការទន្លេមេគង្គ បានលើកឡើងថា គ្រោះទឹកជំនន់បណ្តាលឱ្យមានការបាត់បង់ជីវិត ការខូចខាតដល់កសិកម្ម បញ្ហាភាពក្រីក្រ និងការខូតខាតហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នោះផងដែរ។
កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ទំនប់វារីអគ្គិសនី Xepian-Xe Nam Noy បានបាក់នៅក្នុងខេត្ត Attapeu ប្រទេសឡាវ។ ប៉ុន្មានម៉ោងមុនពេលគ្រោះមហន្តរាយ មានលិខិតព្រមានមួយច្បាប់ថា ទឹករាប់លានតោននឹងហូរចាក់ចូលក្នុងទន្លេ Xe-Pia ដែលអាចប៉ះពាល់ដល់ទំនប់នោះ។ យ៉ាងណាមិញ ព័ត៌មាននេះមិនបានផ្សព្វផ្សាយទៅដល់ប្រជាជន ដែលរស់នៅតំបន់នោះឲ្យបានដឹងទាន់ពេលវេលានោះទេ។
ពលរដ្ឋរស់នៅខាងក្រោមទំនប់វារីអគ្គិសនីនេះ រួមទាំងពលរដ្ឋខ្មែររស់នៅខេត្តស្ទឹងត្រែង មិនបានទទួលព័ត៌មាន ឬត្រៀមរៀបចំខ្លួនទប់ទល់នឹងទឹកជំនន់ដែលហូរប្រសាចចេញពីការបាក់ទំនប់ដ៏គួរឱ្យរន្ធត់នោះទេ។ កង្វះខាតការចែកចាយព័ត៌មានស្តីពីទឹកជំនន់នឹងគ្រោះមហន្តរាយនេះ ត្រូវបានគេស្តីបន្ទោសថា បានធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់។
នៅក្នុងហេតុការណ៍បាក់ទំនប់នៅប្រទេសឡាវ កាលពីខែកក្កដាកន្លងទៅ យ៉ាងហោចណាស់មានមនុស្សជាង ១៣.០០០នាក់ រងការប៉ះពាល់ និងបានធ្វើឲ្យប្រជាជនជាង៧០០០នាក់បាត់បង់ទីលំនៅ។ ទឹកជំនន់ពីការបាក់ទំនប់នេះផងដែរបានធ្វើឲ្យពលរដ្ឋខ្មែរជិត៥០០០នាក់ ក្នុងឃុំចំនួនបួននៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ត្រូវបានជម្លៀសចេញពីលំនៅស្ថាន។
គណៈកម្មការទន្លេមេគង្គបាននិយាយថា ហានិភ័យនៃទឹកជំនន់អាចត្រូវបានកាត់បន្ថយ បើសិនមានការប្រើប្រាស់ដីឲ្យបានល្អ ការអភិវឌ្ឍ និងការគ្រប់គ្រងការសំណង់អាគារឲ្យបានត្រឹមត្រូវ ការរៀបចំផែនការដោះស្រាយ ពេលមានគ្រោះអាសន្នទឹកជំនន់ និងការត្រៀមលក្ខណៈឲ្យបានពេញលេញ។
ទោះបីយ៉ាងណាក៏ដោយ ដោយសារធនធាននៅមានកម្រិត និងភាពស្មុគស្មាញផ្នែកការិយាធិបតេយ្យ សំណួរចោទផ្សេងៗនៅតែមានទៅលើភាពរហ័សរហួននិងប្រសិទ្ធភាពរបស់រដ្ឋាភិបាលនៃបណ្តាប្រទេសតាមដងទន្លេមេគង្គនៅក្នុងការដោះស្រាយបញ្ហា នៅពេលគ្រោះអាសន្នទឹកជំនន់មានស្ថានភាពធ្ងន់ធ្ងរ៕